ជនជាតិដើម ភាគតិច ធ្វើបាតុកម្ម ទាមទារ ឲ្យបញ្ឈប់ ក្រុមហ៊ុនសម្បទាន ដីសេដ្ឋកិច្ច នៅប៊ូស្រា ខេត្ត មណ្ឌលគិរី
RFI | ១៥ កញ្ញា ២០១៤
ជនជាតិ ភាគតិច កំពុងជួប នឹងបញ្ហាបាត់បង់ ដីធ្លី ព្រៃឈើ និងរ៉ែ (រូបថតឯកសារ), RFI
ក្រុមជនជាតិដើម ភាគតិច ព្នង ជាង២០០នាក់ បានជួបជុំ
ធ្វើបាតុកម្ម លើកបដា
ទាមទារ ឲ្យបញ្ឈប់ ក្រុមហ៊ុន សម្បទាន ដីសេដ្ឋកិច្ច នៅឃុំ ប៊ូស្រា,
ស្រុក ពេជ្រាដា, ខេត្ត មណ្ឌលគិរី។ បាតុកម្មអហិង្សា
នៅសាលា ឃុំប៊ូស្រា នាព្រឹក ថ្ងៃចន្ទ ទី១៥ កញ្ញានេះ,
អ្នកភូមិ ក៏បានតវ៉ា នឹងនយោបាយ ផ្តល់ដីសម្បទាន សង្គមកិច្ច ផងដែរ។
បាតុកម្ម របស់ ជនជាតិដើម ភាគតិច នៅខេត្ត មណ្ឌលគិរី បានធ្វើឡើង
ដោយមិនមាន ការរារាំង អ្វីទេ។ អភិបាលស្រុក ពេជ្រាដា លោក នួន សារ៉ន
បានជួបអ្នកភូមិ និងបើកវេទិកា ឆ្លងឆ្លើយ តាមមេក្រូ
ជាមួយ ក្រុមអ្នកភូមិ ជនជាតិដើម ភាគតិច ទាំងនោះ។
ការតវ៉ា របស់ សហគមន៍ ជនជាតិដើម ភាគតិច ព្នង នៅព្រឹក ថ្ងៃចន្ទនេះ ក៏ទាមទារ ឲ្យក្រុមហ៊ុន សម្បទាន ដីសេដ្ឋកិច្ច សុខហ្វីន និងដាក់ឡាក់ បើកផ្លូវ និងស្ពាន ឡើងវិញ។ ក្រុមហ៊ុន ទាំងពីរនោះ បានបិទផ្លូវស្ពាន តាមរយៈការ ជីកប្រឡាយ កាយដី ធ្វើព្រំ ជាដើម។
អ្នកស្រី បិ ដេង បានបញ្ជាក់ថា នៅប៊ូស្រា ពេលនេះ ក៏កើតមានបញ្ហាដីធ្លីរវាងជនជាតិដើមភាគតិចព្នង នឹងជនជាតិខ្មែរឥស្លាម ដែលចូលរស់នៅលើដីសហគមន៍ជនជាតិដើមភាគតិច តាមរយៈដីសម្បទានសង្គមកិច្ច ៣០០០ ហិចតា។
អ្នកស្រី បិ ដេង បានព្រមានថា បើនៅតែមិនមានដំណោះស្រាយ អ្នកភូមិនឹងបន្តការតវ៉ា រហូតដល់ថ្ងៃទី៣០កញ្ញា ហើយអ្នកភូមិនឹងលើកគ្នាទៅតវ៉ាដល់ទីតាំងដីរបស់ក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច ដើម្បីបង្ខំឲ្យក្រុមហ៊ុនទាំងនោះ ដកចេញពីដីសហគមន៍ នៅប៊ូស្រា។
អ្នកស្រី យុន ម៉ាណេ ប្រធានអង្គការជនជាតិដើមភាគតិចកម្ពុជា បានជំរុញឲ្យអាជ្ញាធរ ពិសេសមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ ត្រូវដោះស្រាយជម្លោះដីធ្លីរវាងជនជាតិដើមភាគតិច និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងនោះ ដើម្បីកុំឲ្យមានបញ្ហាធ្ងន់ធ្ងរជាងនេះ។
ក្នុងពេលអ្នកភូមិ ប្រមូលផ្តុំតវ៉ានោះ លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដា បានទៅជួបអ្នកតវ៉ា ហើយបើកវេទិកា ដោះស្រាយតាមមេក្រូ នៅសាលាឃុំប៊ូស្រា នាព្រឹកថ្ងៃចន្ទនេះ។ លោកអភិបាលស្រុក បានលើកឡើងថា លោកបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលអ្នកភូមិតវ៉ាទាំងនោះ។ ក្រុមហ៊ុនបានព្រមលុបប្រឡាយ និងបើកផ្លូវឲ្យអ្នកស្រុក ធ្វើដំណើរឡើងវិញហើយ។ អាជ្ញាធរសមត្ថកិច្ច ក៏កំពុងតាមចាប់អ្នកបាញ់អ្នកភូមិឲ្យរបួសផងដែរ។
ប៉ុន្តែចំពោះការទាមទារឲ្យលុបចោលកិច្ចព្រមព្រៀងដីសម្បទាន សេដ្ឋកិច្ចពីក្រុមហ៊ុន នៅប៊ូស្រា ត្រូវបានលោកអភិបាលស្រុក អះអាងថា ជាការសម្រេចរបស់ថ្នាក់លើ៕
No comments:
Post a Comment