ជនជាតិដើម ភាគតិច កួយ នៅខេត្ត ព្រះវិហារ បារម្ភខ្លាច បាត់បង់ បរិស្ថានធម្មជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៣០ សីហា ២០១៤
៧-សីហា-២០១៤៖ គំនរ ដើមឈើ ជាច្រើនប្រភេទ ដែលក្រុមហ៊ុនចិន
ឡាន ហ្វេង បានឈូសផ្ដួល ដើម្បី យកដី ដាំអំពៅ នៅភូមិ សាស្ត្រ, ឃុំ ប្រមេរ,
ស្រុក ត្បែងមានជ័យ ជាប់ នឹងព្រំប្រទល់ ស្រុកឆែប ខេត្ត ព្រះវិហារ។ RFA/Hang Savyouth
ជនជាតិដើម ភាគតិច ជាច្រើនអំបូរ នៅប្រទេស កម្ពុជា ដែលមិនងាយ ទទួលយក វប្បធម៌ និងប្រពៃណី ពីសង្គមស៊ីវិល័យ, គឺ ពួកគេ តែង រស់នៅ ពឹងផ្នែក លើតំបន់ភ្នំ និងព្រៃឈើ សម្រាប់ ប្រកបរបរ ចិញ្ចឹមជីវិត ប្រចាំថ្ងៃ។ ក៏ប៉ុន្តែ រយៈពេល ប្រហែល ៣ឆ្នាំមកនេះ, ក្រុម ជនជាតិដើម ភាគតិច កួយ នៅស្រុក ត្បែងមានជ័យ, ខេត្ត ព្រះវិហារ កំពុងប្រឈមមុខ នឹងក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ច មកពីបរទេស ឈូសបំផ្លាញ ព្រៃដែល ជាកន្លែងពួកគេ ធ្លាប់ប្រកបរបរ ចិញ្ចឹមជីវិត។
បញ្ហានេះ មិនត្រឹមតែ ធ្វើឱ្យប៉ះពាល់ ដល់បរិស្ថាន ប៉ុណ្ណោះទេ, គឺ វា ថែមទាំង ធ្វើឱ្យ បាត់បង់កន្លែង ដែលក្រុម ជនជាតិដើម ភាគតិច ប្រកបរបរ ចិញ្ចឹមជីវិត ផង។
ក្រុម ជនជាតិដើម ភាគតិច កួយ នៅឃុំ ប្រមេរ ជាង៥០០ គ្រួសារ និងអង្គការ ក្រៅរដ្ឋាភិបាលខ្លះ កំពុងព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ ការបាត់បង់ បរិស្ថាន ធម្មជាតិ និងព្រៃឈើ យ៉ាងគំហុក ចាប់តាំង ពីមានក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ច ចូលទៅវិនិយោគ នៅជិត តំបន់ ពួកគេ រស់នៅ។
ទាំងក្រុម ជនជាតិដើម ភាគតិច និងអង្គការ ផ្នែកការពារ ព្រៃឈើ ឱ្យដឹង ថា, រយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ព្រៃឈើ ដែលជាប្រភេទ ព្រៃស្រោង និងពាក់កណ្ដាល ស្រោង រាប់ពាន់ហិកតារ នៅក្នុងឃុំប្រមេរ ត្រូវ ក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ច ចិន ឈូសបំផ្លាញ។
តំណាងសហគមន៍ ជនជាតិដើម ភាគតិច កួយម្នាក់ ក្នុងចំណោម ជាច្រើនទៀត, គឺ លោក សិទ្ធិ សាវន។ លោក មានប្រសាសន៍ ថា, ជនជាតិដើម ភាគតិច របស់លោក គឺ រស់នៅ ពឹងផ្នែក ទៅលើ ការចូលព្រៃ រកអនុផល ដើម្បី ប្រកបរបរ ចិញ្ចឹមជីវិត ប្រចាំថ្ងៃ។ ក៏ប៉ុន្តែ នៅពេល ដែលក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ចចិន ឈ្មោះ ឡាន ហ្វេង ទៅឈូសឆាយ ព្រៃចោលអស់, ហើយ យកដី ទៅដាំអំពៅ គឺ ធ្វើឱ្យក្រុម របស់លោក អស់សង្ឃឹម ជាខ្លាំង។
បុរសដដែល បញ្ជាក់ថា, លោក ព្រួយបារម្ភ នៅពេល ដែលព្រៃឈើ ចេះតែ បាត់បង់ទៅៗ, គឺ ធ្វើឱ្យសត្វព្រៃ ជាច្រើនប្រភេទ បាត់បង់ ទីជម្រក។ ចំណែក ឯជនជាតិដើម ភាគតិច ក៏គ្មានទីកន្លែង ប្រកបរបរ ប្រចាំថ្ងៃ ដែលធ្វើ ឱ្យបាត់បង់ ប្រាក់ចំណូល៖ «ដូចជាដើម ច្បោះជ័រ ជាដើម, កាលពីមុន ពួកក្រុមហ៊ុន មិនទាន់ ឈូសឆាយហ្នឹង, បងប្អូន អាចដងជ័រច្បោះ ក្នុង១ដើម កន្លះលីត្រ។ បងប្អូនខ្លះ មានដល់ទៅ ១០០ដើម, ៥០ដើម។ ក្នុង១អាទិត្យ គាត់ មកដង, ហើយ គាត់ ដង១ជើងៗ បាន២កាន, ៣កាន ទៅ៤កាន។ រកកម្រៃ បាន១អាទិត្យ ពី ៣០ទៅ ៤០ម៉ឺន រៀល។ ការបាត់បង់ ព្រៃឈើហ្នឹង, វា ប៉ះពាល់ ទៅដល់ អារម្មណ៍, ទៅដល់ស្មារតី របស់ បងប្អូន នៅក្នុងឃុំ ប្រមេរណាស់។»
៧-សីហា-២០១៤៖ ចម្ការអំពៅ របស់ ក្រុមហ៊ុនចិន ឡាន ហ្វេង។ RFA/Hang Savyouth
អ្នកស្រី នួន រ៉េត គឺជាជនជាតិដើមភាគតិចនៅភូមិប្រមេរ ម្នាក់ទៀត មានប្រសាសន៍ថា ក្រុមគ្រួសាររបស់គាត់ ក៏ដូចជាគ្រួសារជាច្រើនទៀត តែងចូលព្រៃដើម្បីបោចវល្លិ ផ្ដៅ យកទៅធ្វើទ្រូ ឬក៏ដងជ័រ ដើម្បីយកទៅលក់បានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ក៏ប៉ុន្តែបច្ចុប្បន្ន ព្រៃនៅជុំវិញកន្លែងពួកគាត់រស់នៅ គឺបាត់បង់បន្តិចម្ដងៗ ដោយសារតែក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ឈូសបំផ្លាញនិងយកដីដាំអំពៅ។
អ្នកស្រី នួន រ៉េត មានប្រសាសន៍ទៀតថា គ្រួសាររបស់គាត់ដែលកំពុងស្ថិតក្នុងស្ថានភាពក្រីក្រស្រាប់ ប្រសិនបើអស់ព្រៃឈើនៅជិតៗកន្លែងរស់នៅ គឺពិតជាប្រឈមមុខនឹងបញ្ហាជាច្រើនមុនគេ៖ «ដើមឈើនៅតែម្ដុំ នេះទេ ពីដើមព្រៃបេះផ្សិតបាន ត្រពាំងបឹងបួ បាច ១គ្រលុកស្មើក្បាលជង្គង់ បានត្រី ១ឡាំង។ ឈើឥឡូវនេះវាអស់ហើយ ឃើញតែអំពៅ ល្ហល្ហេវ! ខ្ញុំភ័យ ព្រួយបារម្ភទៅមុខទៀតបានអីដុតអុសដាំបាយ? គេថាប្រើចង្ក្រានហ្គាស បើខ្ញុំអត់ចេះដាំផង បើយើងគ្មានលុយគ្មានអីធ្វើយ៉ាងម៉េច? ខ្ញុំនឹកឃើញថា ចង់ការពារថាចង់បានដីធ្លី ធ្វើយ៉ាងណាឱ្យលោកឪ លោកយាយ លោកតា ជួយផង ឱ្យបាននៅសល់។»
អាជ្ញាធរមូលដ្ឋានក៏សំដែងក្ដីព្រួយបារម្ភដូចគ្នានឹងក្រុម ជនជាតិដើមភាគតិចទាំងនោះដែរ ក៏ប៉ុន្តែគេមិនមានគោលការណ៍ឱ្យប្រសើរណាមួយដែលអាចបញ្ឈប់ការ បាត់បង់ព្រៃដ៏ធំធេងនោះទេ។
មេឃុំប្រមេរ លោក ណែម ថាំង មានប្រសាសន៍ថា បច្ចុប្បន្នលោកមានការព្រួយបារម្ភជាខ្លាំង ដោយសារការបាត់បង់ព្រៃឈើនេះ ក្រៅតែពីប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃ ក៏វាកំពុងតែធ្វើឱ្យតំបន់របស់លោកជួបប្រទះនឹងការប្រែប្រួល អាកាសធាតុទៀតផង។
លោកមេឃុំបញ្ជាក់ថា ការបាត់បង់ព្រៃឈើដ៏ធំនៅតំបន់របស់លោក កំពុងធ្វើឱ្យជនជាតិដើមភាគតិចកួយ ជាង ៥០០គ្រួសារ ប្រឈមមុខនឹងភាពខ្វះមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដោយសារតែពួកគេភាគច្រើនជាអ្នកមិនចេះអក្សរជ្រៅជ្រះ និងមិនចេះប្រកបរបរលក់ដូរនៅទីផ្សារទេ។
លោក ណែម ថាំង៖ «ការបាត់បង់ព្រៃឈើនេះ ជាទំហំដ៏ធំនៅក្នុងតំបន់ឃុំប្រមេរ មានតាំងពីអនាធិបតេយ្យព្រៃឈើទ្រង់ទ្រាយធំ ហើយមានទាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចម្ការអំពៅឈូសឆាយព្រៃឈើ។ ឥឡូវនេះនៅក្នុងឃុំប្រមេរនេះ វាទទួលរង បើបានជារាំង គឺរាំងមិនងាយភ្លៀង។ ធ្លាប់តែទៅរកអុសតាមភូមិជិតផ្ទះ ឥឡូវនេះទាល់តែទៅឆ្ងាយទើបបានអុសមកដុត។ ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ហើយមានអារម្មណ៍ភ័យខ្លាចថា ថ្ងៃមុខថ្ងៃក្រោយប្រជាពលរដ្ឋខ្វះជីវភាព ខ្វះមុខរបរអីសម្រាប់ចិញ្ចឹមជីវិតហ្នឹង ព្រោះជនជាតិភាគតិច ខ្វះបទពិសោធន៍ក្នុងការជួញដូរផ្សេងៗគាត់អត់មានទេ។»
ចាប់តាំងពីខែកក្កដា ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៩.០១៥ហិកតារទៅឱ្យក្រុមហ៊ុន ចិនមួយឈ្មោះ ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល (Lan Feng [Cambodia] International) ដើម្បីដាំអំពៅ និងកៅស៊ូ។
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដ៏ធំធេងនេះ ធ្វើឱ្យមានការឈូសបំផ្លាញព្រៃឈើដែលធ្លាប់តែមានពណ៌បៃតងស្រស់ ប្រែក្លាយទៅជាស្រឡះស្លេវ និងធាតុអាកាសក្ដៅហែង។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរដែលធ្វើការពាក់ព័ន្ធ និងកិច្ចការពារព្រៃឈើក្នុងខេត្តព្រះវិហារ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា កាលពី ៤-៥ឆ្នាំមុន ព្រៃឈើនៅឃុំប្រមេរ គឺក្រាស់ឃ្មឹក ក៏ប៉ុន្តែរយៈពេល ៣ឆ្នាំចុងក្រោយ ក្រុមហ៊ុនបានឈូសបំផ្លាញព្រៃឈើទាំងនោះអស់ប្រមាណជា ៣០%។
លោក ប៉ិក សោភ័ណ បញ្ជាក់ថា ចាប់តាំងពីព្រៃជាច្រើនពាន់ហិកតារនៅឃុំប្រមេរ បាត់បង់ គឺធ្វើឱ្យជនជាតិដើមភាគតិចដែលមិនធ្លាប់ជួបប្រទះគ្រោះធម្មជាតិ អ្វីទាល់តែសោះនោះ ចាប់ផ្ដើមរងគ្រោះធម្មជាតិជាច្រើនប្រភេទជាបន្តបន្ទាប់៖ «គឺគាត់បានជួបប្រទះឃើញអស់ហើយ មានតាំងពីខ្យល់ព្យុះ រន្ទះបាញ់ មានតាំងពីគ្រោះរាំងស្ងួត ហើយនិងទឹកជំនន់ជាដើម។ ទាំងអស់នេះ គឺគាត់បានគិតនិងវិភាគខ្លួនគាត់ថា គឺជាការហិនហោច ការបំផ្លាញព្រៃឈើ ដោយសារតែក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលចូលមករាប់សិបក្រុមហ៊ុននេះឯង។ ដូច្នេះ អានេះវាជះឥទ្ធិពលដល់ជីវភាព និងការរស់នៅរបស់គាត់ដែរ។
អង្គការពន្លកខ្មែរឱ្យដឹងថា នៅឃុំប្រមេរ ព្រៃឈើរាប់ពាន់ហិកតារ ដែលជនជាតិដើមភាគតិចតែងប្រើប្រាស់នោះ គឺជាប្រភេទព្រៃស្រោង និងពាក់កណ្ដាលស្រោង ហើយជាគោលការណ៍រដ្ឋាភិបាលមិនត្រូវផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យ ក្រុមហ៊ុនវិនិយោគ នៅតំបន់ព្រៃស្រោង និងពាក់កណ្ដាលស្រោងទាំងនោះទេ៕
No comments:
Post a Comment