Paris Peace Accords 23 Oct. 1991

Monday, September 29, 2014

រដ្ឋាភិបាល​៖​ ការ​ទទួល​យក​ ជន​ភៀស​ខ្លួន​ អូស្ត្រាលី​ មក​រស់នៅ​ កម្ពុជា ​ធ្វើ​ឡើង ​ដោយ​គោលការណ៍​ ស្ម័គ្រ​ចិត្ត,​ ស្រប​តាម​ច្បាប់, ​និង​អនុសញ្ញា​ អន្តរជាតិ | Govt: Agreement to accept refugees from Australlia to Cambodia in accordance with voluntary policy, law, and international conventions

រដ្ឋាភិបាល​៖​ ការ​ទទួល​យក​ ជន​ភៀស​ខ្លួន​ អូស្ត្រាលី​ មក​រស់នៅ​ កម្ពុជា ​ធ្វើ​ឡើង ​ដោយ​គោលការណ៍​ ស្ម័គ្រ​ចិត្ត,​ ស្រប​តាម​ច្បាប់, ​និង​អនុសញ្ញា​ អន្តរជាតិ 

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២៩ កញ្ញា ២០១៤

សន្និសីទកាសែតស្តីពីការទទួលយកជនភៀសខ្លួនពីអូស្រ្តាលីមកកម្ពុជា។
សន្និសីទកាសែត ស្តីពី ការទទួលយក ជនភៀសខ្លួន ពីអូស្រ្តាលី មកកម្ពុជា។
RFI/ Siv Channa

ក្រោយ​ ពី​មាន​ប្រតិកម្ម​ ជា​បន្ត​បន្ទាប់ ​រួច​មក​ គឺ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៩​ កញ្ញា​នេះ, ​ប្រមុខ​រដ្ឋាភិបាល ​និង​មន្ត្រី​ ជាន់​ខ្ពស់ ​រដ្ឋាភិបាល​ កម្ពុជា ​ទទួល​បន្ទុក ​កិច្ចការ​ ជន​ភៀស​ខ្លួន ​បាន​ចេញ​មុខ​ បកស្រាយ ​និង​ធ្វើ​ សន្និសីទកាសែត។ ​ នោះ ​គឺ​រដ្ឋាភិបាល​ កម្ពុជា ​ព្រម​ព្រៀង ​ទទួល​យក​ ជន​ភៀស​ខ្លួន​ ពី​ប្រទេស ​អូស្ត្រាលី ​មក​រស់​នៅ​ កម្ពុជា ​ត្រូវ​ ធ្វើ​ឡើង​ តាម​គោល​ការណ៍ ​ស្ម័គ្រ​ចិត្ត, ​ស្រប​តាម​ច្បាប់,​ និង​អនុសញ្ញា ​អន្តរជាតិ​ ដែល​កម្ពុជា ​ជា​ហត្ថលេខី។ ​ ចំពោះ ​ចំនួន, ​ពេល​វេលា, ​និង​ទី​កន្លែង​ រស់​នៅ​ របស់​ ជន​ភៀស​ខ្លួន​ ទាំង​នោះ ​មិន​ត្រូវ​ បាន​មន្ត្រី​ ជាន់​ខ្ពស់​ កម្ពុជា ​ប្រកាស​ នៅ​ឡើយ​ទេ។

ការ​សម្រេច ​របស់​ រាជ​រដ្ឋាភិបាល ​កម្ពុជា ​ក្នុង​ការ​ ទទួល​យក​ ជន​ភៀស​ខ្លួន​ ពី​ប្រទេស​ អូស្ត្រាលី ​ឲ្យ​មក​ រស់​នៅ​ ក្នុង​ប្រទេស​ កម្ពុជា ​គឺ​ ធ្វើ​ឡើង ​តាម​កាតព្វកិច្ច​ ដែល​កំណត់ ​ក្នុង​អនុសញ្ញា​ អន្តរជាតិ, ​ព្រម​ទាំង ​ស្រប​តាម​ច្បាប់។  ​មួយ​វិញ​ទៀត, ​ការ​បញ្ជូន​ និង​ការ​ ទទួល​យក​ ជន​ភៀស​ខ្លួន ​ទាំង​នោះ ​ក៏​ត្រូវ​ ធ្វើ​ឡើង​ តាម​គោល​ការណ៍​ ស្ម័គ្រ​ចិត្ត​, គឺ ​ស្ម័គ្រ​ចិត្ត​ ទាំង​ជន​ភៀស​ខ្លួន​ និង​ស្ម័គ្រ​ចិត្ត​ ទាំង​កម្ពុជា​ ដែល​ជា​អ្នក​ទទួល។ ​ ទាំង​នេះ ​គឺ​ ជា​ការ​អះអាង ​ផ្ទាល់​មាត់ ​នៅ​ព្រឹក ​ថ្ងៃ​ចន្ទ​នេះ​ របស់​លោក ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​និង​មន្ត្រី​ ជាន់​ខ្ពស់ ​រាជ​រដ្ឋាភិបាល​ ទទួល​បន្ទុក​ កិច្ចការ ​ជន​អន្តោប្រវេសន៍។


លោក​ នាយក​រដ្ឋ​មន្ត្រី ​បាន​ប្រកាស ​ដូច្នេះ ​នៅ​ក្នុង​ពិធី​ ចែក​សញ្ញាប័ត្រ​ ដល់​និស្សិត​ បញ្ចប់​ការ​សិក្សា ​នៅ​កោះ​ពេជ្រ ​នា​ព្រឹក​ ថ្ងៃ​ចន្ទ។ ​ រីឯ​ មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋា​ភិបាល ​មួយ​ក្រុម​ បាន​ធ្វើ​ សន្និសីទ​កាសែត​ នៅ​ក្រសួង ​មហាផ្ទៃ។

ក្នុង​សន្និសីទ ​កាសែត​ លោក​ ឡុង វិសាលោ​ រដ្ឋលេខាធិការ​ ក្រសួង​ ការ​បរទេស ​និង​ជា​ប្រធាន ​ក្រុម​ការងារ​ របស់ ​រដ្ឋាភិបាល ​ទទួល​បន្ទុក ​ជន​ភៀស​ខ្លួន ​ពី​ប្រទេស ​អូស្ត្រាលី ​មិន​បាន​បញ្ជាក់ ​ពី​ពេល​វេលា, ​ចំនួន,​ និង​ទីតាំង​ សម្រាប់ ​ជន​ភៀស​ខ្លួន​ រស់​នៅ ​ក្នុង​ប្រទេស ​កម្ពុជា​ទេ។ ​ តែ​ លោក ​បាន​អះ​អាង ​ថា, ​នៅ​ពេល​ មក​ដល់​ដំបូង​ ជន​ភៀស​ខ្លួន ​ទាំង​នោះ ​អាច​រស់​នៅ​ ក្នុង​ជំរុំ​ បណ្តោះ​អាសន្ន​ នៅ​ភ្នំពេញ ​មុន​ នឹង​បញ្ជូន​ ទៅ​កាន់​មណ្ឌល ​រស់​នៅ ​នៅ​ក្រៅ ​រាជធានី ​ភ្នំពេញ។ ​ ក្នុង​ជំរុំ​ បណ្តោះ​អាសន្ន​ នៅ​ភ្នំពេញ ​កម្ពុជា​ ត្រូវ​ តាមដាន​ ពី​សុខភាព ​និង​ព័ត៌មាន ​ផ្ទាល់​ខ្លួន​ ដើម្បី​ ធានា​ថា ជន​ភៀស​ខ្លួន​ ទាំង​នោះ ​មិន​មាន​ ជំងឺ ​ប្លែក​ៗ​ ដូចជា ​អេ​បូ​ឡា ​និង​មិន​មែន ​ជា​ភេរវករ​ ជា​ដើម។

លោក​ ឡុង​ វិសាលោ ​បាន​បន្ថែម​ថា ​ពេល​នេះ ​រដ្ឋាភិបាល​កំពុង​រៀប​ចំ​ឯកសារ ​មុន​នឹង​បញ្ជូន​មន្ត្រី ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ​ទៅ​ជំរុំ​ ណេរុ​ ដើម្បី​ពន្យល់​ជន​ភៀស​ខ្លួន ​អំពី​ស្ថាន​ភាព​ នៅ​កម្ពុជា​។​ កម្ពុជា​ ដែល​តាម​លោក ​ឡុង ​វិសាលោ ​មាន​លទ្ធភាព​ទទួល​យក​ជន​ភៀស​ខ្លួន​ ក្នុង​សកម្មភាព​មនុស្ស​ធម៌​ផង​ និង​ជា​កាតព្វកិច្ច​អន្តរជាតិ​ផង ​ព្រម​ទាំង​បង្ហាញ​ពី​កិត្យានុភាព​ មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ​ដូច​អ្វី​ដែល​កម្ពុជា​បាន​បញ្ជូន​កងទ័ព​ ទៅ​ចូល​រួម​បេសក​កម្ម​មួក​ខៀវ​ របស់​អង្គការ​សហ​ប្រជាជាតិ។

តាម​មន្ត្រី​ដដែល ​អនុស្សារណៈ​យោគ​យល់​គ្នា ​ដែល​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​កម្ពុជា ​និង​រដ្ឋ​មន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី ​បាន​ចុះហត្ថ​លេខា ​កាល​ពី​ថ្ងៃ​សុក្រ ​ទី​២៦​កញ្ញា ​មាន​សុពលភាព​រយៈ​ពេល ៤​ ឆ្នាំ ​ហើយ​ភាគី​ទាំង​ពីរ​ អាច​កែប្រែ ​ឬ​រំលាយ​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ ដោយ​ជូន​ដំណឹង​មុន​ ៦ ​ខែ។ ​ក្នុង​នោះ ​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​អូស្ត្រាលី ​អាច​មក​រស់​នៅ​ ១​ ឆ្នាំ​ នៅ​កម្ពុជា​ ក្រោម​ការ​ទំនុក​បំរុង​ពី​រដ្ឋាភិបាល​កម្ពុជា​ និង​អូស្ត្រាលី ​មុន​នឹង​សម្រេច​ចិត្ត​ ចាក​ចេញ ​ឬ​រស់​នៅ​បន្ត​នៅ​កម្ពុជា។

ដោយ​ច្រាន​ចោល​ប្រតិកម្ម​រិះ​គន់​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​ទទួល​យក​ ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​បាន​គូស​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​ពេល​នេះ ​មិន​មែន​ជា​រឿង​ថ្មី​ទេ ​សម្រាប់​កម្ពុជា។​ ពោល​គឺ​កម្ពុជា ​គិត​មក​ដល់​ពេល​នេះ​ បាន​ទទួល​ជន​ភៀស​ខ្លួន​ និង​ជន​សុំ​សិទ្ធិ​ជ្រក​កោន​ ៩១ ​នាក់​ មក​ពី ​៨ ​ប្រទេស ​រស់​នៅ​ស្រប​ច្បាប់​ រួម​មាន ​ភូមា​ វៀតណាម ​ថៃ ​ប៉ា​គីស្ថាន​ សិរី​លង្កា ​អ៊ីរ៉ាក់ ​ប៉ាឡេស្ទីន​ និង​ឥណ្ឌា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​បដិសេធ​ថា​ ការ​សម្រេច​ទទួល​យក​ជន​ភៀស​ខ្លួន​អូស្ត្រាលី ​មក​រស់​នៅ​កម្ពុជា ​ពេល​នេះ ​មិន​មែន​ជា​ថ្នូរ​នឹង​លុយ​ ៣៥​ លាន​ដុល្លារ​អាមេរិក​ទេ។ ​តែ​លុយ​ ៣៥ ​លាន​ដុល្លារ​នោះ​ ត្រូវ​បាន​អូស្ត្រាលី​ បន្ថែម​លើ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ប្រចាំឆ្នាំ​ សម្រាប់​ជួយ​កម្ពុជា ​លើ​កំណែ​ទម្រង់​បោះ​ឆ្នោត ​ផលិត​កម្ម​ស្រូវ​អង្ករ​ និង​ការ​ដោះ​មីន៕



No comments:

Post a Comment