លោក ហ៊ុន សែន ថា, មិនបាន ជ្រៀតជ្រែក កិច្ចការ រដ្ឋសភា
RFA / វិទ្យុ អាស៊ី សេរី | ១៨ កញ្ញា ២០១៤
មេដឹកនាំ គណបក្ស ដឹកនាំ រដ្ឋាភិបាល និងមេដឹកនាំ គណបក្ស ប្រឆាំង នៅបន្ត ឆ្លើយឆ្លង ឌឺដង ដាក់គ្នា ឥតឈប់ឈរ ទោះបី ជាគណបក្ស ទាំងពីរ បានបញ្ចប់ ជម្លោះ ចូលធ្វើការ នៅក្នុងសភាហើយ ក៏ដោយ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក សមាជិក សភា ធ្វើការ ក្នុងសភា គឺ ជាកាយវិការល្អ, តែ លោក មិនពេញចិត្ត ឲ្យសមាជិក សភា គណបក្ស ប្រឆាំង ដើរនិយាយ ឬរិះគន់ រដ្ឋាភិបាល នៅខាងក្រៅ សភា នោះឡើយ។ ការលើកឡើង ដូចនេះ ត្រូវ បានអ្នកវិភាគ ពន្យល់ថា, លោក ហ៊ុន សែន កំពុងបិទសិទ្ធិ អ្នកតំណាងរាស្ត្រ ក្នុងការសម្ដែងមតិ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ជាសាធារណៈ ថា, លោក មិនបាន ជ្រៀតជ្រែក កិច្ចការ របស់ រដ្ឋសភាទេ។ តែ លោក ព្រមាន មិនឲ្យ សមាជិក សភា ដោយសំដៅ លើតំណាងរាស្ត្រ គណបក្ស ប្រឆាំង មិនឲ្យ រិះគន់លោក នៅក្រៅសភា នោះឡើយ។
លោក ហ៊ុន សែន ថ្លែងនៅក្នុង ពិធីប្រកាស ផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ជាតិ ឆ្នាំ២០១៤-២០១៨ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូកេត្រា នៅព្រឹកថ្ងៃ ទី១៨ ខែកញ្ញា ថា, នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃ មកនេះ, គ្មាន អ្នកបាញ់ កាំភ្លើងធំ ដាក់លោកទេ, គឺ លោក ហ៊ុន សែន ចង់សំដៅ ទៅលើលោក កឹម សុខា មិនបានរិះគន់ ដល់លោក នៅឱកាស ពិធីភ្ជុំបិណ្ឌ ជិតមកដល់នេះ។
លោក ហ៊ុន សែន អះអាង ថា, តំណាងរាស្ត្រ ទាំងអស់ អង្គុយលើកៅអីណា ត្រូវ ធ្វើការ នៅកៅអីនោះ នៅក្នុងសភា, មិនត្រូវ ដើររិះគន់ នៅក្រៅសភាទេ។
ការថ្លែង របស់លោក ហ៊ុន សែន នេះ នៅស្របពេល លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានវិលត្រឡប់ ពីប្រទេស បារាំង នៅព្រឹកថ្ងៃ ទី១៨ កញ្ញា នេះ។ លោក សម រង្ស៊ី ថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ ថា, លោក គាំទ្រ និងជំរុញ ឲ្យសមាជិក សភា របស់លោក រិះគន់បន្ត ឲ្យតែ ការរិះគន់នោះ ជារឿងត្រឹមត្រូវ។
លោក សម រង្ស៊ី បញ្ជាក់ថា, សហគមន៍ ខ្មែរ នៅក្រៅប្រទេស គាំទ្រ សកម្មភាព តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ។
អ្នកឃ្លាំមើល ផ្នែកអភិវឌ្ឍន៍ សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ទោះជាលោក ហ៊ុន សែន ប្រកាសថា មិនជ្រៀតជ្រែកសភាក្ដី តែកាយវិការរបស់លោកជាការជ្រៀតជ្រែកកិច្ចការរដ្ឋសភា។ លោកបន្ថែមថា លោក ហ៊ុន សែន មិនអាចហាមតំណាងរាស្ត្រសំដែងមតិនៅខាងក្រៅសភាបាននោះឡើយ ព្រោះតំណាងរាស្ត្រមានតួនាទីតាក់តែងច្បាប់ក្នុងសភា និងមានតួនាទីចុះសួរសុខទុក្ខប្រជារាស្ត្រ ដូច្នេះតំណាងរាស្ត្រមានសិទ្ធិបញ្ចេញមតិរបស់ខ្លួនចំពោះម្ចាស់ ឆ្នោត។
កាលពីថ្ងៃទី៩ កញ្ញា លោក ហ៊ុន សែន គំរាមដកតួនាទីអនុប្រធានទី១សភា គឺលោក កឹម សុខា។ ការគំរាមដកនេះ ដោយសារតែលោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅខែត្រសៀមរាប កាលពីថ្ងៃទី៦ កញ្ញា ថា គណបក្សសង្គ្រោះជាតិ រកឃើញថា មន្ត្រីពុករលួយមួយចំនួនកំពុងសម្ងំកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល ចង់មិនចង់គឺអាចបោះឆ្នោតទម្លាក់មន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីណាមួយចេញពីតំណែងទៀតផង បើរកឃើញថា មន្ត្រីទាំងនោះប្រព្រឹត្តិពុករលួយ។
ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ហាក់ដូចជាផ្លាស់ប្ដូរជំហររបស់លោកវិញ ដោយលោកគាំទ្រឲ្យគណៈកម្មការជំនាញសភាកោះហៅរដ្ឋមន្ត្រីទៅសាកសួរ ហើយមិនអនុញ្ញាតឲ្យរដ្ឋមន្ត្រីសួរលោក ថាត្រូវទៅ ឬមិនទៅនោះទេ។
អ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន មានឥទ្ធិពលគ្រប់ស្ថាប័នទាំងអស់ មិនថា ស្ថាប័នសភានោះឡើយ។ បញ្ហាមិនបញ្ឈប់ការជ្រៀតជ្រៀតលើស្ថាប័ននីតិប្បញ្ញត្តិនេះ មិនអាចឲ្យសភាអនុវត្តការងាររបស់ខ្លួនបានដោយឯករាជ្យនោះឡើយ ហើយបញ្ហាចម្បងដែលលោក ហ៊ុន សែន នៅតែបន្តគ្រប់គ្រងសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជានេះ ដោយសារសមាជិកសភាគណបក្សសង្គ្រោះជាតិ នៅខ្វះសំឡេង ៧សំឡេងទេ ក្នុងការអនុម័តលើច្បាប់ផ្សេងៗ ដោយសំឡេង ៥០% បូក១នោះ ឬអាចបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីក៏ថាបាន ប្រសិនបើរកឃើញថា នាយករដ្ឋមន្ត្រីធ្វើខុសមានកំហុសនោះ៕
Denie , Denie, Denie, Ah Denie
ReplyDelete