Paris Peace Accords 23 Oct. 1991

Sunday, September 21, 2014

លោក កឹម សុខា ថា​, តំណាង​រាស្ត្រ ​មិន​មែន​ មាន​តួនាទី ​តែ ​ក្នុង​រដ្ឋសភា​ទេ | Kem Sokha: Parliamentarians do not only work in the NatAss

លោក កឹម សុខា ថា​, តំណាង​រាស្ត្រ ​មិន​មែន​ មាន​តួនាទី ​តែ ​ក្នុង​រដ្ឋសភា​ទេ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ កញ្ញា ២០១៤

កឹម សុខា ៦២០
អនុប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កឹម សុខា សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ចូលរួម​កាន់​បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ពោធិ៍អណ្ដែត ឃុំ​ស៊ាងឃ្វាង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៤។  RFA/Hum Chamroeun

អនុប្រធាន ​ទី​១ ​នៃ​រដ្ឋសភា ថ្លែង​ខណៈ​ សំណេះ​សំណាល ​ជាមួយ​ ប្រជាពលរដ្ឋ​ នៅ​ខេត្ត ​ព្រៃវែង ថា, សមាជិក​ សភា, តំណាង​រាស្ត្រ​ គ្រប់​រូប, មាន​តួនាទី​ សំខាន់​ណាស់​ ក្នុង​ការ​ជួយ ​ដោះស្រាយ​ ពី​ទុក្ខ​កង្វល់ ​របស់​ ប្រជាពលរដ្ឋ, មិន​ថា​ ខាង​ក្នុង ឬ​នៅ​ក្រៅ ​របង​រដ្ឋសភា​ នោះ​ទេ, គឺ​ មាន​កាតព្វកិច្ច​ ពន្យល់ និង​បកស្រាយ ​គ្រប់​ទីកន្លែង​ ទាំងអស់។

ការ​លើក​ឡើង​ របស់ លោក កឹម សុខា ទំនង​ឆ្លើយ​តប ​នឹង​ប្រសាសន៍​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង ​ថា, តំណាង​រាស្ត្រ​ អង្គុយ​នៅ​កៅ អី​ណា ធ្វើ​ការ ​នៅ​ទីនោះ និង​មិន​គួរ​ ដើរ​រិះគន់ ​ក្រៅ​សភា។


លោក កឹម សុខា ថ្លែង​បែប​នេះ ​ក្នុង​ឱកាស ​ដឹក​នាំ​ សមាជិក​ សភា​ តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ កាន់​បិណ្ឌ​វេន​ ទី​១២ នៅ​វត្ត​ ពោធិ៍អណ្ដែត, ឃុំ​ ស៊ាងឃ្វាង, ស្រុក ​កំចាយមារ, ខេត្ត ​ព្រៃវែង នា​ព្រឹក​ថ្ងៃ ​ទី​២០ ខែ​កញ្ញា។

លោក កឹម សុខា និយាយ ​ក្នុង​ទឹក​មុខ ​ញញឹមញញែម ​ទៅ​កាន់​ប្រជាពលរដ្ឋ ​ម្ចាស់​ឆ្នោត ក្នុង​ឱកាស​ កាន់​បិណ្ឌ​នោះ ​ថា, លោក​ នឹង​មិន​ថ្លែង​សារ ​នយោបាយ ​ក្នុង​រដូវ​ បុណ្យភ្ជុំបិណ្ឌ​ នេះ​ទេ ដើម្បី​ ឲ្យ​ប្រជាពលរដ្ឋ​ ធ្វើ​បុណ្យ​ ឧទ្ទិស​កុសល ​ជូន​ទៅ​ដល់ ​ជីដូន​ជីតា និង​បុព្វការី​ ជន​ទាំង ៧​សន្ដាន។  ឆ្លៀត ​ក្នុង​ឱកាស​ នោះ​ដែរ, លោក កឹម សុខា បាន​ពន្យល់ ​ប្រជាពលរដ្ឋ ​ទំនង​បែប​ ឆ្លើយ​តប​ ទៅ​នឹង ​ប្រសាសន៍ ​របស់ ​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​ លើក​ឡើង ថា, សមាជិក ​សភា, ​តំណាង​រាស្ត្រ​ គ្រប់​រូប, មាន​តួនាទី ​សំខាន់, មិន​មែន​ នៅ​តែ ​ក្នុង​បន្ទប់​ ម៉ាស៊ីន​ត្រជាក់  ដែល​មាន​ កម្រាល​ព្រំ​ស្អាត ​នោះ​ទេ, គឺ ​សមាជិក​សភា ​តំណាង​រាស្ត្រ មាន​នាទី​ ចុះ​ទៅ​សួរ សុខ​ទុក្ខ និង​ជួយ​ ដោះស្រាយ​ ទុក្ខ​កង្វល់ ​របស់ ​ប្រជាពលរដ្ឋ​ គ្រប់​ទីកន្លែង ​ទាំងអស់។

កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា ​ផ្លូវ​ការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤-២០១៨ នា​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូកេត្រា (SOFITEL PHNOM PENH PHOKEETHRA) នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ្មាន​អ្នក​បាញ់​កាំភ្លើង​ធំ​ដាក់​លោក​ទេ គឺ​លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​លើ លោក កឹម សុខា មិន​បាន​រិះគន់​ដល់​លោក​នៅ​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​ជិត​មក​ដល់​នេះ។ លោក ហ៊ុន សែន អះអាង​ថា តំណាង​រាស្ត្រ​ទាំងអស់​អង្គុយ​លើ​កៅអី​ណា ត្រូវ​ធ្វើ​ការ​នៅ​កៅអី​នោះ​នៅ​ក្នុង​សភា មិន​ត្រូវ​ដើរ​រិះគន់​នៅ​ក្រៅ​សភា​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សមាជិក​សភា​តំណាង​រាស្ត្រ មាន​សិទ្ធិ​សម្ដែង​មតិ​គ្រប់​ទីកន្លែង ទាំង​នៅ​ក្នុង និង​ខាង​ក្រៅ​រដ្ឋសភា លើក​លែង​តែ​ការ​ទៅ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ ដើម្បី​ប្រជាប្រិយ​ភាព​គណបក្ស​របស់​ខ្លួន ព្រោះ​មាន​តួនាទី​ក្នុង​ការ​បង្កើត​ច្បាប់ និង​មាន​តួនាទី​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត។ លោក​បណ្ឌិត សុខ ទូច ចាត់​ទុក​ការ​ឌឺដង​ដាក់​គ្នា​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ធំៗ​ទាំង​ពីរ ថា​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ​ហើយ ដើម្បី​បង្កើត​សកម្មភាព​មិន​ឲ្យ​ស្ងប់ស្ងាត់​ក្នុង​សង្គម។

កន្លង​មក លោក ហ៊ុន សែន ធ្លាប់​គំរាម​ដក​តួនាទី​អនុប្រធាន​ទី​១​រដ្ឋសភា គឺ​លោក កឹម សុខា។ ការ​គំរាម​ដក​នេះ ដោយសារ​តែ លោក កឹម សុខា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ថា គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា មន្ត្រី​ពុក​រលួយ​មួយ​ចំនួន កំពុង​សម្ងំ​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ចង់​មិន​ចង់ គឺ​អាច​បោះ​ឆ្នោត​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល ឬ​ក៏​រដ្ឋមន្ត្រី​ណា​មួយ​ចេញ​ពី​តំណែង​ទៀត​ផង បើ​រក​ឃើញ​ថា មន្ត្រី​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕


No comments:

Post a Comment