Paris Peace Accords 23 Oct. 1991

Thursday, September 18, 2014

សកម្មជន ​បក្ស​ប្រឆាំង ​ដែល​រង​ការចោទ​ ថា​ គំរាម​ប្រជា​ការពារ ​នៅ​ពោធិ៍សាត់ ​ពន្យារ​ពេល​ ចូល​បំភ្លឺ | Opposition activist in Pursat accused of making threats has delayed court appearance for questioning

សកម្មជន ​បក្ស​ប្រឆាំង ​ដែល​រង​ការចោទ​ ថា​ គំរាម​ប្រជា​ការពារ ​នៅ​ពោធិ៍សាត់ ​ពន្យារ​ពេល​ ចូល​បំភ្លឺ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ កញ្ញា ២០១៤

កេង កប សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ៦២០
សកម្មជន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កេង កប ផ្ដល់​បទសម្ភាសន៍​ ដល់​មន្ត្រី​ សមាគម​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ ពោធិ៍សាត់ កាល​ពី​ថ្ងៃ ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤។  Photo Adhoc

ចៅក្រម​ស៊ើបសួរ​ សាលា​ដំបូង ​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ដីកា​ បង្គាប់​ ឲ្យ​សកម្មជន ​គណបក្ស ​សង្គ្រោះ​ជាតិ ម្នាក់ ចូល​ខ្លួន ​បំភ្លឺ​ ជុំវិញ ករណី ​គំរាម​កំហែង ​ប្រជា​ការពារ ​ភូមិ​ ចំនួន ៤​នាក់ នៅ​ព្រឹក​ ថ្ងៃ ទី​១៧ ខែ​កញ្ញា។

មន្ត្រី​ សិទ្ធិ​មនុស្ស ចាត់​ទុក​ ការ​ចេញ​ដីកា ​របស់ ​តុលាការ​នា​ ពេល​នេះ ថា​ គឺ​ ជា​ចេតនា​ នយោបាយ និង​ជា​ការ ​គំរាម​កំហែង ​បក្ស​ប្រឆាំង។

ជន​សង្ស័យ ​ដែល​ជា​សកម្មជន ​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ឃុំ​ មេទឹក, ស្រុក ​បាកាន, ខេត្ត​ ពោធិ៍សាត់ មិន​បាន ​ចូល​ខ្លួន​បំភ្លឺ​ តាម​កាល​កំណត់ ​របស់ ​ចៅក្រម នៅ​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី​១៧ ខែ​កញ្ញា នោះ​ទេ ក្រោយ​ដាក់​ពាក្យ​សុំ ​ពន្យារ​ពេល ​ចូល​ខ្លួន​បំភ្លឺ ដោយ​សំអាង​ ថា, មិន​ទាន់​មាន​ មេធាវី ​ការពារ​សិទ្ធិ, ហើយ ​គាប់​ជួន ​នឹង​ការ​រវល់ ​ធ្វើ​បុណ្យ​ទាន ​ក្នុង​រដូវ​ ភ្ជុំបិណ្ឌ​ផង។

ពលរដ្ឋ​រស់នៅ​ភូមិ​តាមុំ និង​ជា​អតីត​ភ្នាក់ងារ​សង្កេតការណ៍​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក កេង កប មាន​ប្រសាសន៍​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល និង​មិន​គួរ​ឲ្យ​ជឿ​ថា មាន​ដីកា​ពី​តុលាការ​ប្រឆាំង​នឹង​រូប​លោក​ដូច្នេះ​ឡើយ ពីព្រោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​អំឡុង​ពេល នៃ​ការ​បោះ​ឆ្នោត​ជាតិ​តាំង​ពី​មួយ​ឆ្នាំ​មុន​នោះ ខាង​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត (CEC) និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មេទឹក បាន​ហៅ​លោក​ទៅ​បំភ្លឺ​អំពី​ដំណើរ​រឿង​ចប់​សព្វគ្រប់ និង​ពុំ​មាន​បញ្ហា​អ្វី​ទាំងអស់​តាំង​ពី​ពេល​នោះ​មក៖ «ខ្ញុំ​មិន​បាន​ទៅ​ គំរាម​កំហែង​អ្នក​ទាំង ៤​នាក់​ហ្នឹង​ទេ ព្រោះ​ខ្ញុំ​ម្នាក់​ឯង​ទៅ​គំរាម​កំហែង​ឯណា​ឈ្នះ​គេ។ ខ្ញុំ​ឃើញ​វា​ធ្វើ​ស៊ីញ៉ូ​ដៃ​ជើង​បោះ​ឆ្នោត​ឲ្យ​លេខ​៤ (គណបក្ស​ប្រជាជន​កម្ពុជា) ទៅ ហើយ​អង្គុយ​កត់​នឹង​សៀវភៅ ហើយ​អង្គុយ​ហូប​ស្រា គឺ​ថ្ងៃ​ហ្នឹង គឺ​ថ្ងៃ​គេ​បិទ​មិន​ឲ្យ​មាន​ការ​ហូប​ចុក ហើយ​ធ្វើ​អ៊ីចឹង​ទេ។»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ រូប​លោក​បាន​ចេញ​ពី​សង្កេតការណ៍​នៅ​ការិយាល័យ​បោះ​ឆ្នោត​វត្ត​កោះខ្សាច់ ហើយ​ចេញ​មក​បោះ​ឆ្នោត​ខ្លួន​ឯង​នៅ​ការិយាល័យ​បោះ​ឆ្នោត​ទួល​លៀប។ ពេល​ធ្វើ​ដំណើរ​មក​ដល់​ការិយាល័យ​នេះ ស្រាប់​តែ​ឃើញ​ប្រជា​ការពារ​ភូមិ​តាមុំ ចំនួន ៤​នាក់ កំពុង​អង្គុយ​ផឹក​ស្រា​ស​ក្នុង​តូប​មួយ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២០០​ម៉ែត្រ​ពី​ការិយាល័យ​បោះ​ឆ្នោត ហើយ​បាន​ស្រែក​លើក​ដៃ​ជា​សញ្ញា​លេខ​៤ ព្រម​ទាំង​យក​ប៊ិច និង​សៀវភៅ​អង្គុយ​ចាំ​កត់​ឈ្មោះ​ពលរដ្ឋ​ដើរ​ទៅ​បោះ​ឆ្នោត​ទៀត​ផង។ ឃើញ​បែប​នេះ លោក​ក៏​ស្រែក​ទៅ​អ្នក​ទាំង​បួន​ថា ខ្លួន​ជា​ប្រជា​ការពារ​ភូមិ ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ក៏​ដើរ​ចេញ​ពី​ហ្នឹង​ទៅ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​ប្រជា​ការពារ​ភូមិ​តាមុំ នៃ​ឃុំ​មេទឹក ទាំង​បួន​នាក់ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​ករណី​គំរាម​កំហែង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

ទាក់ទង​ករណី​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា នៅ​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ម្ដងៗ គណបក្ស​កាន់​អំណាច​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បី​កៀរគរ​សំឡេង​ឆ្នោត​របស់​ខ្លួន ហើយ​បើ​មាន​អ្នក​សង្កេតការណ៍ ឬ​សកម្មជន​ណា​ហ៊ាន​ចង្អុល​បង្ហាញ​នូវ​ភាព​មិន​ប្រក្រតី​អ្វី​មួយ ពួក​គាត់​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង ឬ​បរិហារ​កេរ្តិ៍​ជាដើម។ លោក​ថា ករណី​នេះ គឺ​ជា​ការ​គំរាម​កំហែង​បំបាក់​ស្មារតី​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង៖ «វា ​មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ធម្មតា​ទេ វា​ជា​ចេតនា​មួយ​ផ្នែក​នយោបាយ​ហើយ ពីព្រោះ​អី​រឿង​ទាំងអស់​ហ្នឹង​បាន​ស្ងប់ស្ងាត់​ហើយ បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​ចូល​ក្នុង (សភា)។ ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​មាន​សង្គ្រាម​ពាក្យ​សម្ដី​មួយ​រវាង​នាយក​ រដ្ឋមន្ត្រី ហើយ​និង​អនុប្រធាន​របស់​បក្ស​សង្គ្រោះ​ជាតិ។ អ៊ីចឹង​រឿង​ទាំងអស់​ហ្នឹង​វា​អាច​រសើប​ឡើង​វិញ​ផង​ដែរ។»

នៅ​ក្នុង​ដីកា​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ថោង ផល្លារង្សី ចុះ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ព្រមាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​តាម​នីតិវិធី ក្នុង​ករណី​ជន​សង្ស័យ​មិន​បាន​ចូល​បង្ហាញ​ខ្លួន​ដោយ​គ្មាន​មូលហេតុ។ ចៅក្រម​បើក​ការ​ស៊ើប​អង្កេត​លើ​អង្គហេតុ​បទល្មើស​គំរាម​កំហែង ដែល​មាន​ចែង និង​ផ្ដន្ទាទោស​តាម​មាត្រា​២៣១ នៃ​ក្រម​ព្រហ្មទណ្ឌ។ ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​នោះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក កេង កប ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល ទៅ​ដល់​មួយ​លាន​រៀល៕


No comments:

Post a Comment