មេដឹកនាំ បក្សប្រឆាំង សន្យាជាថ្មី ថា, នឹងទាមទារយុត្តិធម៌ ឲ្យអ្នកស្លាប់ ក្នុងព្រឹត្តិការណ៍ ឆ្នាំ១៩៩៧
RFA / វិទ្យុ អាស៊ី សេរី | ២១ កញ្ញា ២០១៤
មេដឹកនាំ បក្សប្រឆាំង សន្យាជាថ្មី ថា នឹងទាមទារយុត្តិធម៌ ឲ្យវិញ្ញាណក្ខន្ធ បាតុករ ដែលស្លាប់ កាលពីឆ្នាំ ១៩៩៧។ ការអះអាងនេះ ធ្វើឡើង ដោយប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៉ី ក្នុងពិធីបុណ្យ បង្សុកូល ឧទ្ទិសកុសល ជូនបាតុករ ដែលបានស្លាប់ នៅជិតទីតាំង រដ្ឋសភាចាស់ នៅព្រឹកថ្ងៃ ទី២១ ខែកញ្ញា ត្រូវ នឹងថ្ងៃ កាន់បិណ្ឌ ទី១៣។
គណបក្ស សង្គ្រោះជាតិ ចាត់ទុក ថា, បាតុករ ដែលបានស្លាប់ ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក កាលពីថ្ងៃ ទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជាអ្នក ដែលលះបង់ ជីវិត ដើម្បី សេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ប្រធាន គណបក្ស ប្រឆាំង លោក សម រង្ស៉ី ឡើងថ្លែងការណ៍ រំឭកពីប្រវត្តិ នៃបាតុកម្ម នៅខាងមុខ រដ្ឋសភាចាស់ ក្នុងបុព្វហេតុ ទាមទារ ដំឡើងប្រាក់ខែ កម្មករ។ លោក បន្តថា, បើ គ្មាន ការងើបឡើង តវ៉ា តាំងពីថ្ងៃ ទី៣០ ខែមីនា ឆ្នាំ១៩៩៧ ទេនោះ ក៏មិនមាន ចលនារួមគ្នា ដើម្បី កម្លាំងលទ្ធិប្រជាធិបតេយ្យ ដូចពេលនេះដែរ។
លោក បញ្ជាក់ថា គណបក្ស សង្គ្រោះជាតិ នៅតែ មិនប្ដូរជំហរ ក្នុងការទាមទារ យុត្តិធម៌ ជូនជនរងគ្រោះ នោះឡើយ៖ «បាតុករ ទាំងអស់ហ្នឹង, គាត់ បានលះបង់ អាយុជីវិត, ប្ដេជ្ញាតស៊ូ ជាមួយគ្នា ដោយសន្តិវិធី ដើម្បី បុព្វហេតុ សេរីភាព បញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ។»
ចំណែក អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន ទី១ រដ្ឋសភា លោក កឹម សុខា ថ្លែងទៅកាន់ អ្នកចូលរួម ក្នុងពិធីបង្សុកូលនេះ ថា, បាតុករ ដែលបានស្លាប់ កាលពីឆ្នាំ ១៩៩៧ ជាវរជន ដែលបានត្រួសត្រាយ ផ្លូវប្រជាធិបតេយ្យ រហូត មកដល់ពេលនេះ។ លោក ថែមទាំង អំពាវនាវ ឲ្យអ្នកនយោបាយ ទាំងអស់ ដើរផ្លូវព្រះ, ជៀសវាង ដើរតាមគន្លងមារ។ កាលពីឆ្នាំ ១៩៩៧ លោក សម រង្ស៉ី ធ្វើជាប្រធាន គណបក្ស ជាតិ ខ្មែរ។ លោក បានដឹកនាំ កម្មករ ធ្វើបាតុកម្ម, ទាមទារ ដំឡើងប្រាក់ខែ និងកែទម្រង់ ប្រព័ន្ធតុលាការ។ បាតុកម្ម ត្រូវ បានបញ្ចប់ នៅពេល ជនមិនស្គាល់មុខ គប់គ្រាប់បែក, បណ្ដាល ឲ្យមនុស្ស ជាង ១០នាក់ និងរងរបួស រាប់សិបនាក់ ផ្សេងទៀត។ មកទល់បច្ចុប្បន្ននេះ, ឃាតក គប់គ្រាប់នេះ ស្ថិតនៅក្រៅ សំណាញ់ច្បាប់ នៅឡើយ។ មន្ត្រី ក្រសួង មហាផ្ទៃ ធ្លាប់ថ្លែងប្រាប់ អ្នកកាសែត ជាច្រើនដង ច្រើនសា ថា, កំពុងដំណើរការ ស្រាវជ្រាវ ស្វែងរក ចាប់ខ្លួន ឃាតក នៅឡើយ។
យ៉ាងណាមិញ លោក សម រង្ស៉ី និងលោក ហ៊ុន សែន បានថ្លែងក្នុងរដ្ឋសភាកាលពីខែសីហា ថា ប្ដេជ្ញាលុបបំបាត់វប្បធម៌សងសឹក ឬវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីឲ្យអស់ពីសង្គមខ្មែរ។ លោក ហ៊ុន សែន ក៏អំពាវនាវឲ្យពលរដ្ឋកត់ត្រាសម្ដីរបស់អ្នកទាំងពីរឲ្យបានច្បាស់ ថែមទៀតផង។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច លើកឡើងថា លោក សម រង្ស៉ី មិនអាចមានលទ្ធភាពឆាប់ក្នុងការចាប់ឃាតកគប់គ្រាប់បែកតាំងពី ឆ្នាំ១៩៩៧ មកដាក់ទោសបានទេ។ លោក បន្តថា បក្សប្រឆាំងអាចដេញដោលអាជ្ញាធរក្នុងរឿងសម្លាប់មនុស្សនៅផ្លូវ វ៉េងស្រេង បាន ព្រោះវានៅក្តៅៗនៅឡើយ។ ម្យ៉ាង ក៏មានខ្សែវីដេអូឯកសារច្រើនដែរ ជាជាងធ្វើរឿងចាស់ដែលស្ទើរតែគ្មានពន្លឺសោះនោះ៕
No comments:
Post a Comment