Paris Peace Accords 23 Oct. 1991

Thursday, September 18, 2014

គណៈ​កម្មការ​ ទី​៧​ នៃ​រដ្ឋសភា ​គាំទ្រ​កំណែ ​របស់​ ក្រសួង​អប់រំ​ | Parliamentary commission supports reform efforts of Education Ministry

គណៈ​កម្មការ​ ទី​៧​ នៃ​រដ្ឋសភា ​គាំទ្រ​កំណែ ​របស់​ ក្រសួង​អប់រំ​ 

RFI | ១៦ កញ្ញា ២០១៤

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា (RFI/ វណ្ណ សុគន្ធា)

ដូច​ការ​គ្រោង​ទុក​ នៅ​រសៀល​ ថ្ងៃ​ពុធ​នេះ, ​រដ្ឋមន្ត្រី​ ក្រសួង​ អប់រំ​, យុវជន,​ និង​កីឡា​ លោក​ ហង់ ជួនណារ៉ុន​ បាន​ចូល ​ទៅ​បំភ្លឺ​ ពី​កំណែ​ទម្រង់ ​របស់ ​ក្រសួង ​នៅ​មុខ​ គណៈ​កម្មការ​ អប់​រំ​,  យុវជន,​ កីឡា, ​ធម្មការ,​ កិច្ចការ​, សាសនា, ​វប្បធម៌,​ និង​ទេសចរណ៍ ​នៅ​វិមាន ​រដ្ឋសភា។ ​ ក្រោយ​ជំនួប​ សួរ​ឆ្លើយ​ ជិត​បី​ម៉ោង, ​គណៈ​កម្មការ​ ទី​៧​ នៃ​រដ្ឋសភា​នេះ ​បាន​គាំទ្រ​ ចំពោះ ​កំណែ​ទម្រង់​ ស៊ី​ជម្រៅ​ របស់ ​ក្រសួង​អប់​រំ។

ថ្លែង​ប្រាប់ ​អ្នក​កាសែត ​ក្រោយ​ជំនួប​ ជាមួយ ​រដ្ឋ​មន្ត្រី​ ក្រសួង​ អប់រំ​ លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ ប្រធាន​ គណៈ​កម្មការ ​ទី​៧ ​នៃ​រដ្ឋសភា​ បាន​គាំទ្រ​ ចំពោះ​ កំណែ​ទម្រង់ ​ប្រព័ន្ធ​អប់រំ​ ដែល​ផ្តើម​ចេញ​ ក្នុង​ឆ្នាំ ​ ២០១៤​នេះ។

ក៏​ប៉ុន្តែ ​ប្រធាន ​គណៈ​កម្មការ​ ទី​៧​ ក៏​បាន​ស្នើ ​ឲ្យ​រដ្ឋ​មន្ត្រី​ ក្រសួង​អប់​រំ ​ត្រួត​ពិនិត្យ ​បន្ថែម​ទៀត​ លើ​ចំណុច​ ចំនួន​ប្រាំ​ ដើម្បី ​ឲ្យ​ជម្រុញ ​ឲ្យ​កំណែ​ទម្រង់​ របស់ ​ក្រសួង​អប់​រំ​ ទទួល​បាន ​ជោគ​ជ័យ​នោះ, ​គុណ​ភាព ​គ្រូ​បង្រៀន,​ ​គុណ​ភាព​សិស្ស,​ មធ្យោបាយ,​ កម្មវិធី​សិក្សា,​ និង​សង្គម,​ រួម​ទាំង​ ពង្រឹង​វិន័យ​ ផង​ដែរ។​  ជាមួយ​គ្នា​នោះ ​បញ្ហា​ដំឡើង ​ប្រាក់​ខែ​ គ្រូ​បង្រៀន​ ក៏​ត្រូវ​ បាន​ស្នើ​ឡើង ​ផង​ដែរ។


ជា​ការ​ឆ្លើយ​តប​ លោក​ ហង់​ ជួនណារ៉ុន ​បាន​លើក​ឡើង​ ថា, ​រដ្ឋាភិបាល ​បាន​សម្រេច ​រួច​ហើយ​ លើ​គោល​នយោបាយ​ ដំឡើង​ប្រាក់​ខែ ​ដល់​គ្រូ​បង្រៀន​នេះ។ ​ នោះ ​គឺ ​មាន​បួន ​ដំណាក់​កាល ​ដែល​ដំណាក់​កាល ​ទី​១ ​គឺ ​នៅ​ចុង​ឆ្នាំ​នេះ, ​រដ្ឋាភិបាល​ នឹង​សម្រួល​ ប្រាក់​បំណាច់​ លើ​គ្រូ​បង្រៀន។  ដំណាក់ ​ទី​២, ​ចាប់​ពី​ឆ្នាំ ​២០១៥ ​ទៅ ​នឹង​ដំឡើង​ ប្រាក់​ខែ​បន្ថែម; ​ហើយ ​ដំណាក់ ​ទី​៣,​ ចាប់​ពី​ខែ​ ឧសភា ​ឆ្នាំ២០១៥​ រដ្ឋាភិបាល ​នឹង​បង្កើន​ ប្រាក់​ឧបត្ថម្ភ ​ដល់​គ្រូ​បង្រៀន ​នៅ​តំបន់ ​ជួប​ការ​លំបាក;​ និង​ដំណាក់​ កាល​ ទី​៤,​ ចាប់​ពី​ខែ​មេសា ​ឫឧសភា ​ក្នុង​ឆ្នាំ២០១៥,​ រដ្ឋាភិបាល​ នឹង​ដំឡើង​ ប្រាក់​ខែ ​មួយ​ដំណាក់​កាល ​ទៀត​ ដល់​គ្រូ​បង្រៀន,​ ជា​ពិសេស គ្រូ ​នៅ​សាលា ​បឋម​សិក្សា ​ដែល​មាន ​ប្រាក់​ខែ​ទាប។

ចំពោះ​ ការ​ប្រឡង​ បាក់​ឌុប​ ឡើង​វិញ​ ត្រូវ ​បាន​លោក​ ហង់​ ជួនណារ៉ុន​ បក​ស្រាយ​ ថា, ​វា​ ជា​ការ​ផ្តល់ ​ឪកាស​ ដល់​សិស្ស​ ដែល​បាន​ ប្រឡង​ធ្លាក់ ​ដើម្បី ​មាន​ឪកាស​ បាន​ប្រឡង​ជាប់​ ឡើង​វិញ។  ហើយ​ ចំណុច​នេះ ​ក៏​ត្រូវ បាន​គណៈ​កម្មករ ​ទី​៧ ​នៃ​រដ្ឋសភា​ គាំ​ទ្រ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ​រដ្ឋសភា​នឹង​រៀប​ចំ​សិក្ខា​សាលា​មួយ​នា​ពេល​ខាង​មុខ​ ដើម្បី​ឲ្យ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​បំភ្លឺ​បន្ថែម​ទៀត​អំពី​កំណែ​ ទម្រង់​ក្នុង​វិស័យ​អប់រំ​របស់​ក្រសួង​នេះ។ ​នេះ​បើ​តាម​លោក ​យ៉ែម បុញ្ញឫទ្ធិ​ដដែល៕



1 comment:

  1. Anonymous8:31 PM

    កាលពីសម័យមុន គេថា "ចេះមកពីរៀន មានមកពីរក" តែសម័យនេះគេថា "ចេះមកពីរៀន មានមកពីលួច" តើត្រូវទេ ? ។​ ​ ការដែលមេរដ្ឋាភិបាលស្នើឲមានការប្រឡងឡើងវិញនោះ វាមិនមែន
    មានចិត្តល្អអីទេ គឺដើម្បីឲពួកវារកលុយបានកាន់តែច្រើនថែមទៀតប៉ុណ្ណោះ ។ គេប្រើព្រួញមួយបាន
    ចាបពីរ គឺ បានការសរសើរពីមតិសាធារណៈផង រកលុយបានពីការប្រឡងឡើងវិញម្តងទៀតផង ។
    ប្រឡងលើកទីមួយសីុមិនទាន់គ្រប់ បង្កើតឲមានការប្រឡងលើកទីពីរ នឹងបានសីុម្តងទៀត ល្បិចពឹសពុលនេះបោកបានតែអ្នកមិនដឹងទេ មិនអាចបោកអ្នកដែលធ្លាប់ដឹងនោះទេ ។

    ReplyDelete