នាយករដ្ឋមន្ត្រី ព្រមាន បោះឆ្នោត ទម្លាក់លោក កឹម សុខា បើ មានការ ទាមទារ ទម្លាក់រដ្ឋមន្ត្រី
VOD | ៩ កញ្ញា ២០១៤
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក ថ្ងៃអង្គារនេះ ប្រកាសប្រឆាំង នឹងគណបក្ស សង្គ្រោះជាតិ ប្រសិនបើ គណបក្ស ប្រឆាំង មួយនេះ ប្រកាស ទាមទារ ទម្លាក់រដ្ឋមន្ត្រី របស់ រដ្ឋាភិបាល។
ក្នុងពិធី បើកការដ្ឋាន សាងសង់ ស្ពានអាកាស និងផ្លូវក្រោមដី តិចណូ, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង មិនចំឈ្មោះ តែ សំដៅ ទៅលោក កឹម សុខា អនុប្រធាន ទី១ នៃរដ្ឋសភា ថា, ប៉ុន្មានថ្ងៃនេះ អនុប្រធាន គណបក្ស សង្គ្រោះជាតិ បានចុះទៅ ខេត្ត កំពត, តាកែវ, និងសៀមរាប ដើម្បី ជួបប្រជាពលរដ្ឋ និងបានប្រើ ពាក្យសម្តី មិនសមរម្យ ទៅលើ គណបក្ស ប្រជាជនកម្ពុជា គឺ ទាមទារ ទម្លាក់រដ្ឋមន្ត្រី។ លោក ព្រមានបោះឆ្នោត ទម្លាក់អនុប្រធាន សភាវិញ ប្រសិនបើ មានការទាមទារ ទម្លាក់រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រី ក៏បាន ស្នើកុំ ឲ្យមានការប្រើពាក្យសម្តីជេរគេជេរឯង ដោយសារលោកធ្លាប់ប្រកាសបទឈប់បាញ់ក្នុងសភាដែរ។លោកបញ្ជាក់ថា៖ «សូមផ្តាំ កាំភ្លើងធំផ្អាកបាញ់ ឈប់បាញ់។...ចៀសវាងមានបញ្ហា កម្រិតសមរម្យ សូមកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។» លោកនាយករដ្ឋមន្ត្រីបន្តថា គណបក្សកាន់អំណាចនៅតែមានឥទ្ធិពលក្នុងសភា។
លោក កឹម សុខា មានប្រសាសន៍ថាអ្វីដែលលោកបានលើកឡើងនោះ គឺគ្រាន់តែចង់ឲ្យសាធារណជន និងម្ចាស់ឆ្នោតដឹងថាតើគណបក្សសង្គ្រោះជាតិចូលសភាអាចធ្វើអ្វីបាន ខ្លះ។ លោកយល់ថា បើលោកនាយករដ្ឋមន្ត្រីចង់បោះឆ្នោតទម្លាក់លោកមែននោះ គឺមានន័យថា គណបក្សប្រជាជនកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងនៃការបញ្ចាប់ជម្លោះ នយោបាយ កាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច យល់ថាការថ្លែងរបស់នាយករដ្ឋមន្ត្រី បង្ហាញថាគណបក្សសង្គ្រោះជាតិ មិនអាចធ្វើអ្វីបានទេ បើគ្មានការយល់ព្រមពីលោក ហ៊ុន សែន។
ថ្មីៗនេះ ប្រធាន ស្តីទី គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន ទី១ នៃរដ្ឋសភា លោក កឹម សុខា បានចុះទៅជួបប្រជាពលរដ្ឋ និងអះអាងថាបក្សរបស់លោកនឹងចូលទៅបោសសម្អាតអំពើពុករលួយ នៅក្នុងរដ្ឋាភិបាល។ចំណែកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រកាស កោះហៅ រដ្ឋមន្រ្តី មួយចំនួន មកសាកសួរ ក្នុងសភា ជាបន្តបន្ទាប់៕
No comments:
Post a Comment