កត្តា ធ្វើឲ្យ វិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន នៅព្រៃវែង មានភាព ល្បីល្បាញ
RFA / វិទ្យុ អាស៊ី សេរី | ១៣ កញ្ញា ២០១៤
អតីត អ្នកធ្វើការ ឲ្យទីភ្នាក់ងារ សារព័ត៌មាន ជប៉ុន ខ្យូដូ (Kyodo) លោក គង់ វន បានបង្កើត វិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ស្ថិតនៅក្នុងឃុំ អង្គររាជ, ស្រុក ព្រះស្ដេច, ខេត្ត ព្រៃវែង។ រយៈពេល ១៥ឆ្នាំហើយ ដែលវិទ្យាល័យនេះ បានបង្កើត និងដំណើរការ ឡើង ក្រោមជំនួយ ឧបត្ថម្ភ ពីសប្បុរសជន និងអង្គការ ផ្សេងៗ មកពីប្រទេស ជប៉ុន។
វិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន កំពុងក្លាយ ជាវិទ្យាល័យ ល្បី ប្រចាំខេត្ត ព្រៃវែង, ហើយ ល្បី ឆ្លងខេត្ត ជិតៗខាង ទៀត, រួមមាន ខេត្ត ស្វាយរៀង, កណ្ដាល, កំពង់ចាម, ដោយមានសិស្ស មកពី តាមបណ្ដាខេត្ត ទាំងនោះ មកស្នាក់នៅ ក្បែរសាលារៀន ដើម្បី រៀនត្រៀមប្រឡង ចូលសិក្សា សាលានេះ។
តើ កត្តាអ្វីខ្លះ ដែលធ្វើ ឲ្យវិទ្យាល័យ មួយនេះ ល្បីល្បាញ និងធ្វើ ឲ្យសិស្ស ចង់ទៅសិក្សានោះ?
ដោយធ្លាប់ បម្រើការងារ ក្នុងសម័យសង្គ្រាម ជាអ្នករាយការណ៍ ព័ត៌មាន ឲ្យទីភ្នាក់ងារ សារព័ត៌មាន ជប៉ុន ខ្យូដូ ក្នុងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៩ លោក គង់ វន ត្រូវ បានជ្រើសរើស ឲ្យទៅរស់នៅ ប្រទេសជប៉ុន។ ក្រោយចូល និវត្តន៍, លោក បានបែកគំនិត ទិញដី ជិត ៤ហិកតារ នៅឃុំ អង្គររាជ ក្នុងស្រុក ព្រះស្ដេច, ខេត្ត ព្រៃវែង ដើម្បី សាងសង់ សាលារៀនមួយ សម្រាប់ ឲ្យក្មេងៗ ក្រីក្រ នៅតំបន់ ដាច់ស្រយាល មានឱកាស អាចចូលរៀនបាន។
ដូចការគ្រោងទុក វិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ត្រូវ បានបង្កើតឡើង នៅឆ្នាំ១៩៩៨ ក្រោមកិច្ចព្រមព្រៀង ជាមួយ ក្រសួងអប់រំ។ ប៉ុន្តែ ពេលនោះ ក្រសួង មិនបាន ផ្តល់អគារ សិក្សាទេ។ លុះឆ្នាំ១៩៩៩ ទើប មានអង្គការ ជប៉ុនមួយ បានបង្កើត ក្រុមមួយ សម្រាប់ ទ្រទ្រង់ មូលនិធិ របស់លោក គង់ វន ដោយបាន សង់អគារ សិក្សាមួយ ដំបូងគេ មាន៦បន្ទប់។
លោក គង់ វន សព្វថ្ងៃមានវ័យ ៧៧ឆ្នាំ លោកគឺជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យមិត្តភាពខ្មែរជប៉ុន និងជាប្រធានមូលនិធិខ្មែរជំនួយការសិក្សា។ លោក គង់ វន គឺជាស្ថាបនិកតែម្នាក់គត់ដែលបង្កើតសាលានេះឡើង។ លោកបានទំនាក់ទំនងទៅស្ថានទូតជប៉ុន ដើម្បីរកជំនួយ និងរកសប្បុរសជនជប៉ុន ឲ្យជួយទាំងថវិកា និងសម្ភារៈសិក្សា ដើម្បីទ្រទ្រង់សាលានេះ។
សព្វថ្ងៃ វិទ្យាល័យមិត្តភាពខ្មែរជប៉ុន លេចធ្លោខាងវិន័យតឹងរ៉ឹង និងនិយតភាពពេលវេលា ឬភាពត្រឹមត្រូវនៃការគោរពពេលសិក្សាបានល្អជាងសាលាដទៃទៀត។
ប្រធានការិយាល័យអប់រំស្រុកព្រះស្ដេច លោក ស៊ុត ស៊ា ទទួលស្គាល់ថា ការអប់រំនៅវិទ្យាល័យនេះប្រសើរជាងនៅវិទ្យាល័យដទៃទៀត។ ថ្វីត្បិតសាលានេះមានគ្រូរដ្ឋ និងមុខវិជ្ជាសិក្សាដូចសាលាដទៃទៀតក៏ពិតមែន ប៉ុន្តែគុណភាពអប់រំ និងសីលធម៌សិស្ស ល្អប្រសើរជាងសាលារដ្ឋដទៃទៀត។
វិទ្យាល័យមិត្តភាពខ្មែរជប៉ុន បច្ចុប្បន្នមានអគារសិក្សា ៤ខ្នង ប្រមាណជាង ២០បន្ទប់ មានបន្ទប់បណ្ណាល័យ១ បន្ទប់ស្នាក់នៅតូចៗចំនួន៤ សម្រាប់គ្រូបរទេស និងភ្ញៀវដែលជាម្ចាស់ជំនួយ មកស្នាក់បណ្ដោះអាសន្ន បន្ទប់រៀនកុំព្យូទ័រ បន្ទប់ពិសោធន៍សម្រាប់អនុវត្តសិក្សាគីមីវិទ្យា ជីវវិទ្យា និងមានបន្ទប់រៀនភ្លេងសម័យ។ ភាគច្រើន ឧបករណ៍ សម្ភារៈសិក្សាទាំងអស់នោះ សុទ្ធតែជាជំនួយឧបត្ថម្ភពីអង្គការនៅប្រទេសជប៉ុន។ វិទ្យាល័យនេះមានបង្រៀនភាសាអង់គ្លេស និងភាសាជប៉ុន ដោយជនជាតិជប៉ុន មកបង្រៀនផ្ទាល់។ តាមគម្រោង វិទ្យាល័យនេះគ្រោងសាងសង់អគារ ២ជាន់មាន ១០បន្ទប់បន្ថែមទៀត ដោយជំនួយឧបត្ថម្ភពីអង្គការជប៉ុន ដែលគ្រោងចំណាយប្រាក់ប្រមាណ ១៦ម៉ឺនដុល្លារ។
យុវតី សាំង សុធា វ័យ ១៨ឆ្នាំ សិក្សានៅវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ដែលទើបតែប្រឡងជាប់បាក់ឌុបថ្មីៗនេះឲ្យដឹងថា គ្រូបង្រៀនសាលានេះបង្រៀនសិស្សដោយយកចិត្តទុកដាក់ និងចប់កម្មវិធីសិក្សា ពិសេសទាំងគ្រូ និងសិស្ស មានទំនាក់ទំនងគ្នាល្អ និងគោរពគ្នាទៅវិញទៅមក។
លោក គង់ វន ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាល័យមិត្តភាពខ្មែរជប៉ុន និងជាប្រធានមូលនិធិខ្មែរទ្រទ្រង់វិទ្យាល័យនេះ ឲ្យដឹងថា គ្រូទាំង ៣៣នាក់ ដែលកំពុងបង្រៀន និងធ្វើការនៅសាលានេះ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមលើប្រាក់ខែរដ្ឋ។ ចំពោះនាយកសាលា ទទួលប្រាក់បន្ថែមចំនួន ១១៦ដុល្លារ នាយករងបាន ៨៧ដុល្លារ គ្រូបង្រៀនពីថ្នាក់ទី១០ ដល់ទី១២ ទទួលបាន ៧៥ដុល្លារ និងគ្រូបង្រៀនពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ទទួលបានប្រាក់បន្ថែម ៦៩ដុល្លារ។
លោកគ្រូ អ៊ុត ណង បង្រៀនមុខវិជ្ជារូបវិទ្យា ឲ្យដឹងថា ប្រាក់បន្ថែម ឬឧបត្ថម្ភពីមូលនិធិនេះ គឺគ្រប់គ្រាន់សម្រាប់លោកទ្រទ្រង់ជីវភាព និងមិនពិបាកទៅរកមុខរបរបន្ទាប់បន្សំផ្សេងទៀត។ លោកមានពេលគ្រប់គ្រាន់សិក្សា និងស្រាវជ្រាវបន្ថែម ដើម្បីយកមកបង្រៀនសិស្សឲ្យងាយយល់។
លក្ខខណ្ឌសំខាន់នៅក្នុងកិច្ចព្រមព្រៀងជាមួយមូលនិធិនោះ គឺលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវបង្រៀនឲ្យបានម៉ត់ចត់ និងគោរពពេលវេលាដែលក្រសួងតម្រូវ។ ចំពោះសិស្សត្រូវចូលរៀនឲ្យបានទាន់ពេល បើយឺតពេលគ្រូនឹងមិនឲ្យសិស្សចូលរៀនឡើយ។ លក្ខខណ្ឌមួយទៀត ចំពោះសិស្សដែលចង់ចូលរួមនៅវិទ្យាល័យនេះ ត្រូវប្រឡងចូល ហើយការប្រឡងនោះ ធ្វើឡើងចំពោះតែសិស្សថ្នាក់ទី៦ ដែលត្រូវចូលរៀនថ្នាក់ទី៧ ប៉ុណ្ណោះ។ សិស្សដែលប្រឡងជាប់ នឹងត្រូវអនុញ្ញាតឲ្យរៀនតាំងពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ នៅក្នុងវិទ្យាល័យ។
ក្នុងឆ្នាំសិក្សា២០១៤ នេះ មានសិស្សជាង ៧០០នាក់មកប្រឡងចូលរៀននៅសាលានេះ តែខាងសាលាជ្រើសរើសបានសិស្សជាង ៣០០នាក់។ នៅខាងមុខសាលា ឃើញមានសិស្សតូចៗច្រើនរយនាក់ទៀត កំពុងរៀនកួរត្រៀមសម្រាប់ប្រឡងចូលសាលានេះនៅឆ្នាំក្រោយ រហូតអ្នកខ្លះសង់ផ្ទះតូចៗប្រក់ស័ង្កសីស្នាក់នៅបណ្ដោះអាសន្នក្បែរ សាលាទៀតផង។ មុខវិជ្ជាដែលត្រូវប្រឡងនោះ គឺគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ។
លោក គង់ វន បញ្ជាក់ថា សាលានេះនឹងមិនបើកចំហឲ្យសិស្សពីសាលាដទៃចូលរួមទេ ប្រសិនបើមិនបានឆ្លងកាត់វគ្គប្រឡងជ្រើសរើសនោះ។ ការចម្រាញ់សិស្សតាមរយៈការប្រឡងជ្រើសរើសឲ្យចូលរៀននេះ គឺដោយសារតែខាងសាលាមិនមានលទ្ធភាពទទួលសិស្សឲ្យចូលរៀនគ្រប់ៗ គ្នា។
តាមរបាយការណ៍ពីការិយាល័យអប់រំស្រុកព្រះស្ដេច បង្ហាញថា សិស្សវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ប្រឡងបាក់ឌុបនៅឆ្នាំនេះជាប់រហូតដល់ ៥១នាក់ គឺ ៥០ភាគរយនៃចំនួនសិស្សប្រឡងសរុប។ តួលេខនេះខ្ពស់ជាងសិស្សនៅវិទ្យាល័យឯទៀតដែលនៅក្បែរនោះ ដូចជា វិទ្យាល័យប្រមូលព្រំ និងវិទ្យាល័យ ហ៊ុន សែន តាគោក ទាំងពីរវិទ្យាល័យនេះមានសិស្សជាប់បាក់ឌុបសរុប ៥៦នាក់។ ការប្រឡងបាក់ឌុបនៅឆ្នាំនេះ គឺជាការចម្រាញ់ធនធានមនុស្សក្នុងអំឡុងពេលជាង ២០ឆ្នាំចុងក្រោយ ក្រោមការកែទម្រង់វិស័យអប់រំ ដោយផ្ដើមពីការប្រឡងបាក់ឌុបនេះមុនគេ។ ក្នុងចំណោមសិស្សចូលរួមប្រឡងបាក់ឌុបទូទាំងប្រទេសជិត ៩ម៉ឺននាក់ មានតែជាង ២ម៉ឺននាក់ (២៣.១២៦នាក់) ប្រឡងជាប់ ឬស្មើនឹង ២៥,៧១ភាគរយ។ កាលពីមិនទាន់កែទម្រង់ និងរឹតបន្តឹងពេលប្រឡងនោះ កាលពីឆ្នាំមុន មានសិស្សប្រឡងជាប់បាក់ឌុបរហូតដល់ជិត ៨៧% (៨៦,៧៧%)។
លោក គង់ វន សម្ដែងការពេញចិត្តចំពោះការកែទម្រង់របស់ក្រសួងអប់រំ នៅពេលនេះ។ ថ្វីត្បិតចំនួនសិស្សប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន មានតិចជាងរាល់ឆ្នាំ តែលោកហាក់មានមោនភាពចំពោះសិស្សរបស់លោក ដែលនៅតែមានអត្រាជាប់ខ្ពស់ជាងសាលាដទៃ។
លោកបន្តថា មូលនិធិលោកមានអាហារូបករណ៍ដល់សិស្សជាប់បាក់ឌុបនៅឆ្នាំនេះចំនួន ១៣នាក់ ក្នុងនោះមាន ៣នាក់រៀនដុកទ័រ។
អ្នកទទួលអាហារូបករណ៍ទាំងនោះ ក៏មានលទ្ធភាពខ្ចីប្រាក់ពីអង្គការដែលសហការជាមួយមូលនិធិលើថ្លៃ ផ្គត់ផ្គង់អាហារ ការស្នាក់នៅ សម្ភារៈសិក្សាមានកុំព្យូទ័រ និងការចំណាយផ្សេងៗទៀតរហូតដល់ពួកគេរៀនចប់ នឹងមានការងារ។ ពួកគេអាចបង់រំលោះលុយជំពាក់នោះមកអង្គការវិញពី ១៥ ទៅ ២០ភាគរយ លើប្រាក់ខែដែលពួកគេទទួលបានប្រចាំខែ។
លោក គង់ វន មានបំណងសាងសង់អគារសិក្សាបន្ថែមទៀត ដើម្បីជាការឆ្លើយតបនឹងតម្រូវការសិស្សដែលចង់រៀននៅវិទ្យាល័យ។ លោកក៏អំពាវនាវឲ្យសប្បុរសជនទាំងអស់ ជួយផ្តល់ជាថវិកា ឬសម្ភារៈសិក្សាផ្សេងៗសម្រាប់សិស្ស ដើម្បីផ្តល់ឱកាសឲ្យសិស្សក្រីក្រ មានលទ្ធភាពរៀនចប់ចុងចប់ដើម និងអាចបន្តការសិក្សាទៅថ្នាក់មហាវិទ្យាល័យ ដូចសិស្សមានជីវភាពធូរធារដទៃទៀត៕
No comments:
Post a Comment