Paris Peace Accords 23 Oct. 1991

Thursday, September 18, 2014

តំណាង ​ពលរដ្ឋ​ តវ៉ា ​ដីធ្លី​ នៅ​ក្រចេះ ​ថា, ​ការ​កោះ​ហៅ ​ចូល​បំភ្លឺ​ ជា​ការ​បំបាក់ ​ស្មារតី | Rep of villagers in land conflict said, the court summons is to break spirit

តំណាង ​ពលរដ្ឋ​ តវ៉ា ​ដីធ្លី​ នៅ​ក្រចេះ ​ថា, ​ការ​កោះ​ហៅ ​ចូល​បំភ្លឺ​ ជា​ការ​បំបាក់ ​ស្មារតី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ កញ្ញា ២០១៤

តុលាការ​ខេត្ត​ក្រចេះ ៦២០
ប្រជាពលរដ្ឋ ​នៅ​ឃុំ​ ឃ្សឹម, ស្រុក ​ស្នួល, ខេត្ត​ ក្រចេះ ឡើង​ទៅ​ស្តាប់​ ការ​សាកសួរ​ តំណាង ​ពួក​គាត់​ តាម​ដីកា ​កោះ​ហៅ ​របស់ ​តុលាការ​ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។  Photo Provided

តំណាង ​ពលរដ្ឋ​ម្នាក់ ​នៅ​ឃុំ​ ឃ្សឹម, ស្រុក ​ស្នួល, ខេត្ត​ ក្រចេះ ដែល​បាន ​ដឹកនាំ ​ប្រជាពលរដ្ឋ ​តវ៉ា ​រឿង​ដីធ្លី​ នៅ​ភ្នំពេញ​ រហូត ​បាន​សម្រេច​នោះ ពេល​នេះ ​ត្រូវ​ បាន​សាលា​ដំបូង ​ខេត្ត កោះ​ហៅ​ ដើម្បី​ ចូល​បំភ្លឺ​ ជុំវិញ​រឿង ​ឆបោក។

ចំណែក​ តំណាង ​ពលរដ្ឋ​ អះអាង​ ថា, លោក​ មិន​បាន ពាក់ព័ន្ធ​ នឹង​រឿង ​ឆបោក​ឡើយ។  ផ្ទុយ​ទៅ​វិញ, លោក ​យល់​ថា, ការ​កោះ​ហៅ​នោះ គឺ ​ដើម្បី​ បំបាក់​ស្មារតី​ នរណា ​ដែល​ចេញ​មុខ​ តវ៉ា ​រឿង​ដីធ្លី​ តែ​ប៉ុណ្ណោះ។

ដីកា​កោះ​ហៅ​ តំណាង ​ប្រជាពលរដ្ឋ​ មាន​បញ្ហា​ដីធ្លី​ នៅ​ឃុំ​ ឃ្សឹម, ស្រុក ​ស្នួល, ខេត្ត​ ក្រចេះ កើត​ឡើង​ បន្ទាប់ ​ពី​តំណាង ​រូប​នោះ បាន​ចេញ​ សកម្មភាព ​តវ៉ា​ រឿង​ដីធ្លី​ កាល​ពី​ពេល ​កន្លង​ទៅ, ហើយ​ ថែម​ទាំង​ ដឹក​នាំ ​ប្រជាពលរដ្ឋ ​ដែល​មាន​បញ្ហា ឡើង​ទៅ ​រាជធានី​ ភ្នំពេញ ​នៅ​ពេល ​ថ្មីៗ​នេះ​ ទៀត​ផង។

តំណាង ​ពលរដ្ឋ​ ប្រមាណ ៣០០​គ្រួសារ ដែល​ត្រូវ​ សាលា​ដំបូង​ ខេត្ត​ក្រចេះ កោះ​ហៅ​ ចូល​បំភ្លឺ​ នៅ​ម៉ោង ​ជាង២ ​រសៀល​នោះ លោក ងួន វិបុល មាន​ប្រសាសន៍ ថា, ការ​កោះ​ហៅ ​រូប​លោក​ ដោយ​ឱ្យ​ចូល​បំភ្លឺ​ បទ​ឆបោក, លោក ​បញ្ជាក់​ថា, ​វា ​ជា​រឿង ​មិន​ត្រឹមត្រូវ និង​មិន​មាន​ ភាព​ច្បាស់​លាស់។  លោក ​បន្ត​ថា តាម​ពិត​ នៃ​ការ​កោះ​ហៅ អាច​ជា​លេស​ ដើម្បី ​ឱ្យ​តំណាង ​ពលរដ្ឋ​ ផ្សេងៗ​ បាក់​ស្បាត, មិន​ហ៊ាន ​ចេញ​មុខ ​តវ៉ា​ រឿង​ដីធ្លី ​របស់​ខ្លួន។

លោក ងួន វិបុល «ខ្ញុំ​ បាន​ពឹង​ មេធាវី​ អាដហុក (Adhoc) និង​មេធាវី​ អប់រំ​ច្បាប់។  គាត់​ បាន​ឆ្លើយ ​ថា, គាត់​ បាន​ទៅ​ បើក​មើល​ សំណុំ​រឿង​ នៅ​ក្នុង​ ព្រះរាជ​អាជ្ញា, បាន​ឆ្លើយ​ ថា ​មាន​គេ ​ប្ដឹង​ពាក់ព័ន្ធ​ នឹង​តំណាង​ចាស់។  ប៉ុន្តែ​ មិន​មាន ​អ្នក​ដឹង​ពិត​ ប្រាកដ​ទេ។  តែ​ អាជ្ញាធរ​ ខេត្ត, អាជ្ញាធរ​ ស្រុក​ហ្នឹង បាន​សរសេរ​ របាយការណ៍​ បញ្ជូន​ទៅ​ ព្រះរាជ​អាជ្ញា, ហើយ​ ព្រះរាជ​អាជ្ញា​ ក៏​កោះ​ខ្ញុំ​ ក្នុង​លក្ខណៈ ​ដែល​មិន ​ច្បាស់​លាស់។  ក្នុង​នោះ ខ្ញុំ​ មាន​ការ​បារម្ភ​ ថា​, ជា​លេស​ អ្វី​មួយ ដើម្បី​ ទម្លាក់​មក​លើ​ខ្ញុំ ឬ​ក៏​ក្រង​ សំណុំ​រឿង ​អ្វី​មួយ ដើម្បី​ ចោទ​ប្រកាន់ ​មក​លើ​រូប​ខ្ញុំ ដើម្បី ​ឱ្យ​មាន​គំនាប។»

ទិដ្ឋភាព​នៅ​ខាង​ក្រៅ និង​ខាង​ក្នុង​បរិវេណ​សាលា​ដំបូង​ខេត្ត​ក្រចេះ វិញ មាន​ប្រជាពលរដ្ឋ​ជិត ៤០០​នាក់ នៅ​រង់ចាំ​ទទួល​ដំណឹង​ជុំវិញ​ការ​ចូល​បំភ្លឺ​របស់​តំណាង​ពួក​គាត់ រហូត​ធ្វើ​ឱ្យ​ខាង​តុលាការ​ផ្អាក​ដំណើរ​ការ ហើយ​ប្រកាស​ពន្យារ​ពេល​ឲ្យ​ចូល​បំភ្លឺ​ពេល​ក្រោយ ប៉ុន្តែ​ក្រោយ​ពេល​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ខ្លាំង ទើប​មាន​ការ​ព្រមព្រៀង​គ្នា​ឱ្យ​តំណាង​រូប​នោះ ចូល​បំភ្លឺ​វិញ​នៅ​ម៉ោង​ប្រមាណ​ជាង ៣​រសៀល។

ទាក់ទង​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ធុច បញ្ចសន្តិភាព ដែល​កាន់​សំណុំ​រឿង​នេះ​មាន​ប្រសាសន៍​ថា ខាង​លោក​កំពុង​ធ្វើ​ការ​សាកសួរ​ដោយ​មិន​មាន​ការ​ផ្អាក​ទេ ហើយ​ការ​សាកសួរ​នោះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី​កាល​ពី​ពេល​កន្លង​ទៅ មិន​មែន​រឿង​ឆបោក​ឡើយ។ ដីកា​លើក​ទី​ពីរ ដែល​ចេញ​ដោយ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ដែល​មាន​ឈ្មោះ លោក ធុច បញ្ចសន្តិភាព កាល​ពី​ថ្ងៃ​ទី​២៤ សីហា គឺ​បាន​អញ្ជើញ លោក ងួន វិបុល ជា​ជន​សង្ស័យ​រស់នៅ​ភូមិ​ស្រែថ្មី ឃុំ​ឃ្សឹម ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា វេលា​ម៉ោង ២​កន្លះ ជុំវិញ​រឿង​ឆបោក​នៅ​ក្នុង​ភូមិ​ស្រែថ្មី កាល​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៣។

ចំណែក​ឯ​មេធាវី​ការពារ​ក្តី​ឱ្យ លោក ងួន វិបុល គឺ​លោក ចាន់ សុជាតិ មាន​ប្រសាសន៍​នៅ​ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ​ថា នេះ​គ្រាន់​តែ​ជា​ការ​បំពេញ​តាម​នីតិវិធី​របស់​តុលាការ​តែ​ប៉ុណ្ណោះ ព្រោះ​កាល​ពី​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ប្ដឹង​ទៅ​ថ្នាក់​ស្រុក​ពី​រឿង​មិន​ទទួល​បាន​ ដីធ្លី ប៉ុន្តែ​រឿង​ដី​នោះ​ក៏​បាន​ចប់​សព្វគ្រប់​ទៅ​ហើយ។ បន្ថែម​ពី​នេះ ប្រជាពលរដ្ឋ​ទាំង​នោះ​ក៏​មិន​បាន​ប្ដឹង​មក​តុលាការ​ដែរ តែ​ខាង​សមត្ថកិច្ច​ទេ​ដែល​បញ្ជូន​សំណុំ​រឿង​នេះ​មក​តុលាការ។

លោក​ យល់​ថា ព្រះរាជ​អាជ្ញា​ គប្បី​តម្កល់​រឿង​មួយ​នេះ​មិន​ចាត់​ការ ពីព្រោះ​សំណុំ​រឿង​នេះ គឺ​គ្មាន​អង្គ​ហេតុ និង​ភស្តុតាង​ច្បាស់​លាស់​ឡើយ៖ «ជា ​គំនិត​ខ្ញុំ។  ខ្ញុំ​ យល់​ថា, បើ​ តុលាការ​ រក​មិន​ឃើញ​ ថា​ មាន​ពិរុទ្ធ​ទេ, តុលាការ​ គប្បី​ តម្កល់​សំណុំ​រឿង ​ទុក,​ មិន​ចាត់​ការ​ អ៊ីចឹង។  ដំណាក់​កាល​ ព្រះរាជ​អាជ្ញា​, គាត់​ មាន​សិទ្ធិ​ ត្រឹម​តែ​ តម្កល់​រឿ​, មិន​ចាត់​ ការ​ទេ ដោយសារ​ មិន​មាន​ បទល្មើស​ អ៊ីចឹង​ណា៎។»

មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ យល់​ថា ប្រសិន​បើ​ការ​កោះ​ហៅ​នេះ​អាច​ជា​ការ​បំបាក់​ស្មារតី​តំណាង ឬ​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី​នោះ គឺ​មិន​អាច​សម្រេច​ទេ។ ផ្ទុយ​ទៅ​វិញ នឹង​រឹត​តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ពុះ​កញ្ជ្រោល​ឡើង ជាក់ស្តែង​គ្រាន់​តែ​នៅ​ពេល​តំណាង​ពួក​គាត់​បញ្ចប់​ការ​សាកសួរ​នៅ​ម៉ោង ៥​ល្ងាច ដោយ​មិន​មាន​អ្វី​នោះ ក្រុម​ពលរដ្ឋ​ទាំងអស់​នាំ​គ្នា​ហ៊ោ​កញ្ជ្រៀវ​បញ្ជាក់​ថា ពួក​គាត់​គ្មាន​ការ​ខ្លាច​រអា​ចំពោះ​ការ​កោះ​ហៅ​នោះ​ឡើយ៕


No comments:

Post a Comment