Paris Peace Accords 23 Oct. 1991

Tuesday, September 30, 2014

សមត្ថកិច្ច​ ចាប់ខ្លួន ​សមាជិក ​ក្រុមប្រឹក្សា​ បក្ស​សង្គ្រោះជាតិ ​ម្នាក់ទៀត​ ដាក់គុក | Security detained another CNRP council member, sent to Prey Sar prison

សមត្ថកិច្ច​ ចាប់ខ្លួន ​សមាជិក ​ក្រុមប្រឹក្សា​ បក្ស​សង្គ្រោះជាតិ ​ម្នាក់ទៀត​ ដាក់គុក

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៩ កញ្ញា ២០១៤

មន្ត្រី​ជាន់ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង ថា, ​សមត្ថកិច្ច​ បាន​ចាប់ខ្លួន សមាជិក ​ក្រុមប្រឹក្សា ខណ្ឌ​ ច្បារអំពៅ របស់ ​ខ្លួន​ម្នាក់​ ឈ្មោះ លោក ស៊ុំ ពុទ្ធី បញ្ជូន ​ទៅ​កាន់ ​តុលាការ នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កញ្ញា។

ភរិយា ​ជនសង្ស័យ និង​ក្រុមការងារ​ បក្ស​សង្គ្រោះ​ជាតិ បាន​អះអាង ​ថា, លោក ស៊ុំ ពុទ្ធី ត្រូវ​ តុលាការ បញ្ជូន​ ទៅ​ឃុំខ្លួន​ បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ ព្រៃ​ ស នៅ​ល្ងាច​ ថ្ងៃ​ចន្ទ​នេះ។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក សភា ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ឲ្យ ​វិទ្យុ ​អាស៊ី សេរី ដឹង​ថា, ​កម្លាំង​សមត្ថកិច្ច ពិតជា​បាន​ ចាប់ខ្លួន ​សមាជិក ​ក្រុមប្រឹក្សា​ ខណ្ឌ​ ច្បារអំពៅ គឺ ​លោក ស៊ុំ ពុទ្ធី​ពិត មែន​។  ប៉ុន្តែ ​លោក ​មិនទាន់​ ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ ការ​ចាប់​ខ្លួន​ នេះ​ទេ។


លោក យឹម សុវណ្ណ បន្ត​ថា​រហូតមកដល់​ពេលនេះ ក្រុមការងារ របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិនិត្យ​ទៅលើ​ការ​ចាប់​ខ្លួន លោក ស៊ុំ ពុទ្ធី ដោយ​យកចិត្តទុកដាក់​៖ «ខ្ញុំ​មិនទាន់​ធ្វើ​ អត្ថាធិប្បាយ​ថា​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​រង​ចាំ​ស៊ើបអង្កេត ឲ្យ​ដឹង​ពី​ហេតុផល ថា​ហេតុអ្វី​គេ​ចាប់ខ្លួន​គាត់​សិន។ ដរាបណា​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ យើង​ធ្វើ​អត្ថាធិប្បាយ​ទៅ វា​អត់​សុ​ក្រឹត្យ ។ អ៊ីចឹង​ចង់​ប្រមែ​ប្រមូល​ព័ត៌មាន​ឲ្យ​អស់ ថា​តើ​គាត់​ជាប់​ពាក់ព័ន្ធ​រឿង​អី​ឲ្យ​ពិតប្រាកដ។»

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អង្គការ​ពារ​សិទ្ធិមនុស្ស​មួយ​ចំនួន មាន​សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ជាដើម ក៏​មិនទាន់​ដឹង​មូលហេតុ​នៃ​ការ ចាប់ខ្លួន​លោក ស៊ុំ ពុទ្ធី នេះ​ដែរ​ដោយ​គ្រាន់តែ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​តុលាការ​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​ទាំងនេះ អះអាង​ថា​កំពុង​តាមដាន ជុំវិញ​ករណី​ចាប់ខ្លួន​នេះ។ ព្រោះ​យល់ថា​ការ​ចាប់ និង​ការ​ឃុំ​ខ្លួន មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើឡើង​ឆាប់រហ័ស​។

ភរិយា លោក ស៊ុំ ពុទ្ធី គឺ​អ្នកស្រី ម៉ាក ចន្ទ មានប្រសាសន៍ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កញ្ញា ទើប​មាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា​ស្វាមី​គាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស។ អ្នកស្រី​មិន​ដឹង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ទេ៖ «គេ​ឲ្យ​ដំណឹង​ថា​គេ​ចាប់ខ្លួន​គាត់ ក៏​ផ្អើល​ឆោឡោ​ឡើង​ទៅ »

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា​លោក ស៊ុំ ពុទ្ធី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ជាប់​ពាក់ព័ន្ធ ការ​ប្រើ​អំពើ​ហិង្សា ក្នុង​ពេល​ធ្វើបាតុកម្ម នៅ​ក្បែរ​ស្ពាន​នាគ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​ថា លោក ស៊ុំ ពុទ្ឋី ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៩ ខែ​កញ្ញា។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ទៅតាម​ដីកា របស់​តុលាការ​សាលាដំបូង ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០១៤ នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នាំ​ឲ្យ​មាន​សន្តិសុខ​របួស​ជាច្រើន​នាក់៕



No comments:

Post a Comment