សមត្ថកិច្ច បិទផ្លូវ ម្តុំស្ថានទូត អូស្ត្រាលី, រារាំង ការតវ៉ា ប្រឆាំង នឹងកិច្ចព្រមព្រៀង ទទួល ជនភៀសខ្លួន
VOD | 26 កញ្ញា 2014
កម្លាំងសមត្ថកិច្ច រាប់សិបនាក់ នៅព្រឹក ថ្ងៃសុក្រនេះ បិទផ្លូវ ចេញចូល ទាំងអស់ នៅម្តុំ រដ្ឋសភា ជាតិ, ក្រសួង ការបរទេស, និងស្ថានទូត អូស្ត្រាលី ដើម្បី រារាំង ការតវ៉ា របស់ ប្រជាពលរដ្ឋ មានជម្លោះដីធ្លី ប្រឆាំង នឹងកិច្ចព្រមព្រៀង រវាង រដ្ឋាភិបាល កម្ពុជា និងអូស្ត្រាលី ក្នុងការ ទទួលយក ជនភៀសខ្លួន មកពីអូស្ត្រាលី។
រដ្ឋាភិបាល កម្ពុជា និងអូស្ត្រាលី សម្រេច ចុងក្រោយ ក្នុងការចុះ ហត្ថលេខា លើអនុស្សរណៈ ទទួលយក ជនភៀសខ្លួន ពីប្រទេស អូស្ត្រាលី មកតាំង ទីលំនៅ ក្នុងប្រទេស កម្ពុជា នៅថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៣រសៀល នៅទីស្តីការ ក្រសួង មហាផ្ទៃ។
តាមគម្រោង អ្នករងគ្រោះ ដីធ្លី, និស្សិត បញ្ញវន្ត, និងបណ្តាញ ព្រះសង្ឃ ឯករាជ្យ នៅព្រឹកនេះ នឹងតវ៉ា នៅមុខ ស្ថានទូត អូស្ត្រាលី, រដ្ឋសភា, និងក្រសួង មហាផ្ទៃ ឲ្យបញ្ឈប់ ជាបន្ទាន់ នូវកិច្ចព្រមព្រៀង បញ្ជូន ជនភៀសខ្លួន អូស្រា្តលី មកកម្ពុជា ដោយសំអាង ថា, កម្ពុជា ត្រូវ ដោះស្រាយ ជម្លោះដីធ្លី ក្នុងប្រទេស ជាមុនសិន។
អ្នកមានជម្លោះ ដីធី្ល ទាំងនោះ មកពីសហគមន៍ បុរីកីឡា, អ្នកបឹកកក់, អ្នកឡពាង, និងអ្នកភូមិ គាស់ក្រឡ។ ពួកគេ នឹងហែញត្តិ ទៅស្ថានទូត អូស្ត្រាលី បន្ទាប់មក ទៅរដ្ឋសភា និងក្រសួង មហាផ្ទៃ។
តំណាង អ្នកភូមិ ឡពាង អ្នកស្រី អ៊ុំ សុភី មានប្រសាសន៍ ថា, ពួកគេ តវ៉ា ដាច់ខាត ចំពោះ ការទទួល ជនភៀសខ្លួននេះ ដោយអះអាង ថា, រដ្ឋាភិបាល ត្រូវ ទទួលខុសត្រូវ លើពលរដ្ឋ រងគ្រោះ របស់ខ្លួន សិន។ អ្នកស្រី បន្តថា, ពលរដ្ឋ ជាតិសាសន៍ ខ្លួនឯង កំពុង រងគ្រោះ ដោយសារ ជម្លោះដីធ្លី មិនទាន់ ដោះស្រាយ បានផង បែរទៅ ជាទទួលយក ជនភៀសខ្លួន ខុសច្បាប់ ឲ្យចូលមក ក្នុងប្រទេស ខ្លួនទៅវិញ។ អ្នកស្រី បន្តថា, គាត់ ព្រួយបារម្ភ ថា ជនភៀសខ្លួន ទាំងនោះ នឹងរងគ្រោះ ដូចពួកគាត់ដែរ ដោយសារ កម្ពុជា កំពុងរំលោភ សិទ្ធមនុស្ស យ៉ាងធ្ងន់ធ្ងរ។
រហូត មកដល់ ពេលនេះ, សង្គមស៊ីវិល ជាតិ និងអន្តរជាតិ បានរិះគន់ ទៅលើ គម្រោង នៃការចុះ កិច្ចព្រមព្រៀង ទទួលយក ជនភៀសខ្លួននេះ ដោយសារ ពួកគេ យល់ថា, កម្ពុជា មិនមាន សមត្ថភាព គ្រប់គ្រាន់ និងមិនមាន ហេដ្ឋារចនាសម្ព័ន្ធ ក្នុងការទទួលយក ជនភៀសខ្លួន ពីអូស្ត្រាលី មកស្នាក់នៅ នៅពេលនេះ។ ចំណុចខ្វះខាត មួយចំនួនទៀត ដែលកម្ពុជា មិនអាច បំពេញ តម្រូវការ ជនភៀសខ្លួនបាន រួមមាន៖ អត្រា មិនមាន ការងារធ្វើខ្ពស់, ប្រព័ន្ធអប់រំ នៅមានកម្សោយ, ប្រព័ន្ធសុខាភិបាល មិនគ្រប់គ្រាន់, បញ្ហា អំពើ ពុករលួយ, ការគោរព សិទ្ធិមនុស្ស នៅមានកម្រិត, និងបញ្ហាដីធ្លី។
កាលពីថ្ងៃ ព្រហស្បតិ៍ រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ ថា, កម្ពុជា នឹងទទួលយក ជនភៀសខ្លួន តិចតួចសិន ក្នុងដំណាក់កាល សាកល្បង មុន នឹងឈាន ទៅយក រាប់រយនាក់។ លោក បន្តថា, រដ្ឋាភិបាល នឹងបន្ត ធ្វើការងារនេះ ដើម្បី ធានា ថា, កិច្ចព្រមព្រៀង ស្ថិតក្នុង អត្ថប្រយោជន៍ របស់ កម្ពុជា។
លោក ស្កុត ម៉ូរីសុន(Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី ប្រាប់សារព័ត៌មាននៅទីក្រុងកង់បេរ៉ា កាលពីថ្ងៃព្រហស្បតិ៍ថា នឹងមិនមានការកំណត់អំពីចំនួនជនភៀសខ្លួនដែលអនុញ្ញាតឲ្យតាំងទីលំនៅ ក្នុងប្រទេសកម្ពុជាទេ។លោកបន្តថា ការរៀបចំនេះជាការស្ម័គ្រចិត្ត ហើយអ្នកណាដែលជ្រើសរើសទៅកម្ពុជា សម្រេចដោយខ្លួនឯង។លោកបញ្ជាក់ថាការតាំងទីលំនៅនឹងមានលក្ខណៈ អចិន្ត្រៃយ៍សម្រាប់អ្នកដែលជ្រើសរើសយកការរៀបចំនេះដោយមិនកំណត់ ចំនួន។
រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ទេរជនភៀសខ្លួនចំនួន១០០០នាក់ ចេញពីមណ្ឌលឃុំឃាំង Nauru ដើម្បីធ្វើឲ្យមណ្ឌលនេះទូលាយជាងមុន ដោយសារតែបច្ចុប្បន្នមានមនុស្សជាប់ឃុំនៅក្នុងនោះ រហូតដល់ទៅ១១៤៦ នាក់៕
No comments:
Post a Comment