សិស្ស ប្រឡងជាប់ និទ្ទេស អេ ("A") ចែករំលែក បទពិសោធន៍ សិក្សា
RFA / វិទ្យុ អាស៊ី សេរី | ៧ កញ្ញា ២០១៤
ការរឹតបន្តឹង ថ្ងៃប្រឡង មធ្យមសិក្សា ទុតិយភូមិ ឬប្រឡង បាក់ឌុប នៅឆ្នាំនេះ ត្រូវ បានមជ្ឈដ្ឋាន ជាច្រើន មើលឃើញ ថា, អ្នក ដែលប្រឡងជាប់ គឺជាសិស្ស ដែលមាន សមត្ថភាព ពិតៗ, ហើយ ក៏នាំ ឲ្យគេ គិតទៅដល់ សមត្ថភាព របស់ យុវជនកម្ពុជា នៅក្នុងការ ចូលរួម ប្រកួតប្រជែង ទីផ្សារសេរី នៅពេលចូល សមាហរណកម្ម សេដ្ឋកិច្ច អាស៊ាន នៅឆ្នាំក្រោយនេះ។
ការប្រឡង បាក់ឌុប ដែលរាល់ឆ្នាំ មានអ្នកជាប់ និទ្ទេស អេ ("A") រាប់រយនាក់, ប៉ុន្តែ ខុសប្លែកឆ្នាំនេះ មានអ្នកជាប់ និទ្ទេស អេ តែ ១១នាក់ ប៉ុណ្ណោះ។
សម្បុរស ភ្នែក តឹងៗ ទឹកមុខ ម៉ឺងមាត់ ជាកូនចៅ ចិន រស់នៅ ខេត្ត កំពង់ឆ្នាំង ក្នុងវ័យ ១៨ឆ្នាំ ចាន់ ពិចិត្រ គឺ ជាយុវជន តែ មួយរូបគត់ ដែលទើប ប្រឡងជាប់ សញ្ញាប័ត្រ មធ្យមសិក្សា ទុតិយភូមិ នាឆ្នាំនេះ បានជាប់និទ្ទេស អេ លំដាប់ លេខ១ ពោលគឺ ពិន្ទុ របស់ ពិចិត្រ បាន ១០០ពេញ ដែលពុំ មានបេក្ខជន ណាមួយ បានពិន្ទុ ស្មើឡើយ។
នៅពេលសួរថាតើធ្វើដូចម្ដេចដើម្បីឲ្យប្រឡងបានពិន្ទុខ្ពស់បែប នេះ? ចម្លើយមិនមែនខំសរសេរនៅថ្ងៃប្រឡងនោះទេ ពិចិត្រ ចាប់ផ្ដើមខិតខំរៀនសូត្រខ្លាំង តាំងពីថ្នាក់ទី១១មក ដើម្បីត្រៀមខ្លួនប្រឡងដ៏តឹងតែងមួយនេះ។
ចាន់ ពិចិត្រ ជាសិស្សរៀននៅវិទ្យាល័យព្រះបាទ សុរាមឫទ្ធិ ខេត្តកំពង់ឆ្នាំង ជាកូនទោល មានឪពុកម្ដាយជាអ្នកលក់ចាប់ហួយ។ ពិចិត្រ បានរំលឹកថា គាត់មិនមានពេលជួយការងារលក់ឪពុកម្ដាយប៉ុន្មានទេ ក្រៅពីរៀននៅសាលារដ្ឋ គាត់ត្រូវទៅរៀនគួរបំប៉ន និងរៀនខ្លួនឯងនៅផ្ទះមួយថ្ងៃយ៉ាងហោចណាស់ ៣ ទៅ ៤ម៉ោងដែរ៖ «ខ្ញុំ អត់សូវបានបែងចែកពេលវេលារៀនច្បាស់លាស់ប៉ុន្មានទេ។ បើមុខវិជ្ជាណាខ្ញុំអត់សូវចេះ ខ្ញុំដឹងខ្លួនថាខ្ញុំអត់សូវចេះមុខវិជ្ជាហ្នឹង ខ្ញុំខំរៀនតែមុខវិជ្ជាហ្នឹងទេ បើសល់ពីហ្នឹងខ្ញុំរៀនអាណាខ្ញុំចូលចិត្ត។ ដូចជីវៈខ្ញុំងើបទន្ទិញមេរៀនពេលព្រឹកឡើងតាមកម្លាំងដែលយើងរៀន បាន បើរៀនយូរពេកអស់កម្លាំង អ៊ីចឹងយើងត្រូវសម្រាក។ គន្លឹះសំខាន់ខ្ញុំមានតែផ្ដោតអារម្មណ៍ឲ្យខ្លាំងក្នុងមេរៀនហ្នឹង អារម្មណ៍យើងដាក់ចូលក្នុងមេរៀនហ្នឹង។ បើមានអារម្មណ៍រៀន រៀនយ៉ាងម៉េចក៏ពូកែដែរ រៀនអីក៏ចូលដែរ...។»
ក្រៅអំពីការខិតខំរៀនបន្ថែមដោយខ្លួនឯង ពិចិត្រ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនគាត់ និងឪពុកម្ដាយដែលតែងតែដាស់តឿនឲ្យខិតខំរៀន ហើយតាមដានការរៀនសូត្ររបស់គាត់ជានិច្ច៖ «គាត់ពន្យល់ពី ជីវភាពគ្រួសារខ្ញុំ ប្រៀបធៀបជាមួយគេ ហើយគាត់ឲ្យខ្ញុំមើលសិស្សនៅសាលា ថាគេមានអី យើងអត់អី ឲ្យខំប្រឹងរៀនខ្លួនឯង ដើម្បីអនាគតខ្លួនឯងផ្ទាល់។ ខំរៀនទៅដើម្បីលើកមុខមាត់កិត្តិយសគ្រួសារយើង ក្រែងលោមានមុខមាត់នឹងគេ។ គាត់និយាយរាល់ថ្ងៃ និយាយដដែលៗឲ្យខ្ញុំខំរៀន។ គាត់តាមដានសៀវភៅខ្ញុំរាល់ខែ...។»
ចំណែកនៅឯខេត្តកំពង់ស្ពឺ បេក្ខជនប្រឡងធ្លាក់មានចំនួនច្រើន តែផ្ទុយទៅវិញខុសប្លែកពីខេត្តដទៃមានបេក្ខជនដែលឈ្នះដាច់គេ ប្រឡងជាប់ហើយបាននិទ្ទេសល្អទៀត។
យុវតី ចាន់ កិត្យាភារ៉ា វ័យ ១៧ឆ្នាំ ជាបេក្ខជននិទ្ទេសអេ ពិន្ទុ ៩៩,៩៩៦ មានរូបរាងស្គម ការនិយាយរបស់នាងលាយឡំជាមួយស្នាមញញឹមជាប់ជានិច្ច យុវតីរូបនេះ ក៏បានចូលរួមចែករំលែកបទពិសោធន៍ដល់សិស្សផ្សេងៗឲ្យក្លាយជាសិស្ស ពូកែដូច្នេះ៖ «រាល់ថ្ងៃខ្ញុំងើបម៉ោង ៥ (ទៀបភ្លឺ) ដើម្បី មើលមេរៀនដែលនឹងត្រូវរៀននៅថ្ងៃហ្នឹង បន្ទាប់មកម៉ោង ៦ ខ្ញុំត្រូវទៅរៀនគួរបន្ថែមនៅសាលា ហើយចូលរៀនរដ្ឋម៉ោង ៧ ចូលផ្ទះវិញម៉ោង ១១។ ខ្ញុំអត់សូវមានពេលជួយធ្វើការប៉ាម៉ាក់ប៉ុន្មានទេ។ ម៉ោង ១២ ខ្ញុំត្រូវរៀនគួរបន្ថែមទៀត ដល់ម៉ោង ៥។ បន្ទាប់មកខ្ញុំត្រូវមានកាលវិភាគសិក្សាខ្លួនឯងនៅផ្ទះ ពីម៉ោង ៧ ដល់ម៉ោង ១០ (យប់)។ អត់ទៀងដែរ មានពេលខ្លះខ្ញុំចង់មើលទូរទស្សន៍អីបន្ទាប់ពីការធុញថប់។ បន្ទាប់ពីការយកចិត្តទុកដាក់រៀននៅសាលា គួរតែមានកាលវិភាគផ្ទាល់ខ្លួន ស្វ័យសិក្សាខ្លួនឯងនៅផ្ទះ។ ព្រោះថា នៅសាលា យើងក៏រៀន គេក៏រៀន អ៊ីចឹងអ្វីដែលយើងអាចធ្វើឲ្យបានលើសគេ គឺយើងត្រូវខំប្រឹងប្រែងរៀនបន្ថែមខ្លួនឯងនៅផ្ទះ។»
បេក្ខជនប្រឡងដែលបានជាប់និទ្ទេសអេទាំង ១១នាក់ នៅឆ្នាំ២០១៣នេះ មានក្ដីប្រាថ្នាទៅថ្ងៃអនាគតខុសៗគ្នា។
ចាន់ ពិចិត្រ បានថ្លែងថា មុខវិជ្ជាដែលខ្លួនស្រលាញ់ជាងគេគឺមុខវិជ្ជា គណិតវិទ្យា។ ជាលទ្ធផលមុខវិជ្ជានេះគាត់ប្រឡងបាននិទ្ទេសអេ ក្រៅពីនេះមុខវិជ្ជាជីវៈ រូបវិទ្យ និងគីមីវិទ្យា ក៏មិនចាញ់ប៉ុន្មានដែរ។ ដោយសារតែចំណង់ចំណូលចិត្តនឹងមុខវិជ្ជាទាំងនេះ បានតោងឲ្យ ពិចិត្រ ចង់រៀនបន្តនៅក្រៅប្រទេសលើមុខវិជ្ជាវិទ្យាសាស្ត្រសុខាភិបាល ដែលក្ដីប្រាថ្នានៅថ្ងៃអនាគតចង់ក្លាយជាគ្រូពេទ្យ ដែលអាចសម្រេចគោលដៅធំរបស់គេមួយទៀត គឺចង់លើកស្ទួយវិស័យសុខាភិបាលនៅប្រទេសកំណើត។
ថ្វីត្បិតតែពួកគេមានក្ដីប្រាថ្នារៀងៗខ្លួន ប៉ុន្តែនាពេលនេះ ពួកគេហាក់បីដូចជាទេវបុត្រ ឬម្ចាស់ក្សត្រី។ ពួកគេជាកូនក្រមុំដែលមានអ្នកចូលចែចូវស្ដីដណ្ដឹង។ សាកលវិទ្យាល័យក្នុងស្រុកមួយចំនួនរង់ចាំតែផ្ដល់អាហារូបករណ៍ ឲ្យតែពួកគេហារមាត់ថាចង់។ ប៉ុន្តែពួកគេទាំង ១១នាក់នាពេលនេះ រាងឫកបន្តិចហើយ ដោយមានភាពអល់អែកគិតពិចារណាក្នុងពេលដែលពួកគេមានមហិច្ឆតាចង់ទៅ រៀននៅក្រៅស្រុកដើម្បីវិលមកធ្វើការជួយប្រទេសជាតិវិញនោះ។
បេក្ខជនប្រឡងជាប់និទ្ទេសអេ ទាំង ១១រូប មានស្រី ៥រូប និងប្រុស ៦រូប ត្រូវបានគេផ្ដួចផ្ដើមគំនិតហៅមកជួបជុំគ្នានៅសាកលវិទ្យាល័យ អាម៉េរិកាំងភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ដើម្បីធ្វើតេស្តសមត្ថភាពផ្នែកភាសាវិញម្ដង ដែលសាលាអន្តរជាតិមួយនេះនឹងផ្ដល់អាហារូបករណ៍ឲ្យពួកគេរយៈពេល ៤ឆ្នាំ។ មានអ្នកចូលរួមត្រេកអរកោតសរសើរ មានសប្បុរសជនផ្ដល់កាដូលើកទឹកចិត្ត ហើយសូម្បីតែនាយករដ្ឋមន្ត្រី និងបក្សប្រឆាំងជួបហើយថែមទាំងផ្ដល់កាដូថវិកាលើកទឹកចិត្តដែរ។
ការប្រឡងជាប់បាក់ឌុបក្រោមកំណែទម្រង់របស់ក្រសួងអប់រំឆ្នាំនេះ គេមើលឃើញថា បេក្ខជនដែលប្រឡងជាប់ជាបេក្ខជនដ៏កម្រក្នុងប្រព័ន្ធអប់រំកម្ពុជា ដែលគេរិះគន់ថាមានភាពទន់ខ្សោយ៕
No comments:
Post a Comment