តុលាការ កំពូល បើកសវនាការ កាត់ទោស អតីត មន្ត្រី នគរបាល និងអាវុធហត្ថ ៥នាក់
RFA / វិទ្យុ អាស៊ី សេរី | ៣០ កញ្ញា ២០១៤
តុលាការ កំពូល បើកសវនាការ បីថ្ងៃ ជាប់គ្នា កាត់ទោស រឿងព្រហ្មទណ្ឌ ទាក់ទង អតីត មន្ត្រីន គរបាល រាជធានីភ្នំពេញ និងអតីត មន្ត្រី កងរាជអាវុធហត្ថ។
អតីត មន្ត្រីន គរបាល និងអតីត កងរាជអាវុធហត្ថ ដែលមាន វត្តមាន នៅក្នុងសវនាការ ថ្ងៃ ទី៣០ ខែកញ្ញា មានលោក ហេង ពៅ, លោក លី រ៉ាស៊ី, និងលោក ព្រំ សោភារិទ្ធ -- អ្នកទាំង៣ ជាមន្ត្រីន គរបាល ស្នងការដ្ឋាន រាជធានី ភ្នំពេញ -- និងលោក ហង្ស វុត្ថា មន្ត្រីអាវុធហត្ថ, ហើយ មិនមាន វត្តមាន លោក ហង្ស វុទ្ធី (ហៅ យមរាជ) ទេ។ ទោះជាយ៉ាងណា សវនាការនោះ មិនទាន់ប្រកាស សាលក្រម នៅឡើយ។
តុលាការកំពូល គ្រោងប្រកាស សាលក្រម ក្តីព្រហ្មទណ្ឌ ប៉ុនប៉ង មនុស្សឃាត គិតទុកជាមុន ទៅលើចៅក្រម សុក សេដ្ឋាមុន្នី នៅថ្ងៃ ទី២១ ខែតុលា ខាងមុខ។ ជនជាប់ចោទ រឿងក្តីនេះ មានទណ្ឌិត ហេង ពៅ, លី រ៉ាស៊ី, ហង្ស វុត្ថា, ព្រំ សោភារិទ្ធ, ហង្ស វុទ្ធី (ហៅ យមរាជ)។
នៅក្នុងសវនាការ តុលាការកំពូល ថ្ងៃទី៣០ ខែកញ្ញា មិនមាន វត្តមានទណ្ឌិត ហង្ស វុទ្ធី (ហៅ យមរាជ) ទេ។
ក្រុមទណ្ឌិត ដែលរង នូវការចោទ អំពាវនាវ សូម ឲ្យតុលាការ បង្ហាញភស្តុតាង ពួកគាត់ រៀបចំ គម្រោងសម្លាប់ លោកចៅក្រម សុក សេដ្ឋាមុន្នី, លោក អ៊ុក សាវុធ, លោក សៅ សុខា, ជាដើម។
ដំណើរ អូសជើង ចេញពីសវនាការ ទណ្ឌិត ហេង ពៅ ប្រាប់ក្រុម អ្នកសារព័ត៌មាន ថា, តុលាការ មិនស្តាប់ ការបកស្រាយ របស់ ពួកគាត់ឡើយ។ លោក បន្តថា សាលាដំបូង និងសាលាឧទ្ធរណ៍ កាត់ទោស ឲ្យគាត់ ជាប់ពន្ធនាគារ ជិត១០០ឆ្នាំ ព្រោះតែ លិខិតអនាមិក មួយច្បាប់ សរសេរ ថា, គាត់ ផ្សំគំនិត សម្លាប់មនុស្ស និងបង្ខាំងមនុស្ស ដែលមិនមាន ភស្តុតាង យកមកដាក់ បន្ទុកសោះ៖ «ឥឡូវ ហង្ស វុទ្ធី ហៅ យមរាជ ប្ដឹងទាស់ ក៏ ម៉ក់ ជីតូ ទៅខ្ទប់អត់ ឲ្យប្ដឹង ទាស់ទៀត។ វា ត្រឹមត្រូវ ទេ? អាហ្នឹង វា យុត្តិធម៌ ទេ? រឿងប្រឌិត ទាំងអស់។ គ្រាន់តែ ខ្ញុំ ជម្រាបថា, អ្នក ធ្វើបាបខ្ញុំ ស្លាប់ជិតអស់ហើយ, នៅតែ ម៉ក់ ជីតូ មួយទៀត ងាប់អស់ហើយ។ សវនាការ ថ្ងៃនេះ ចាំគេ ប្រកាសសិន។ តែ ខ្ញុំ អត់ព្រមទេ បើសិនជានេះ គឺ ខ្ញុំ នៅបន្តប្ដឹង សើរើ, ហើយ ខ្ញុំ នឹងប្ដឹង ឲ្យសភា ប្រតិកម្ម ដើម្បី ឲ្យតុលាការ បង្ហាញភស្តុតាង, តើ ខ្ញុំមានកំហុសអី។»
ចំណែក លោក លី រ៉ាស៊ី បញ្ជាក់ថា ទំនាស់កាច់កុងគ្នានៅថ្នាក់លើឯណោះទេ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ម្នាក់ទម្លាក់កំហុសលើពួកគាត់ ជាមន្ត្រីអនុវត្តន៍ច្បាប់។ លោកថា សាលាដំបូង និងសាលាឧទ្ធរណ៍ កាត់ក្តីឲ្យគាត់ជាប់ពន្ធនាគារជាង ៣០ឆ្នាំ ព្រោះតែការចោទទម្លាក់កំហុសនោះ៖ «លោក ម៉ក់ ជីតូ គឺជាអ្នកប្រឌិតឯកសារធ្វើទាំងអស់ មើលសំណុំរឿងនោះ គឺមានហើយមិនបាច់ខ្ញុំនិយាយ គឺសំណុំរឿងមានទាំងអស់។ ប្រឌិតរឿងដោយសារតែទំនាស់ថ្នាក់លើ ហើយបង្ខំខ្ញុំឲ្យឆ្លើយទៅដាក់លើ ហេង ពៅ ដើម្បីគេសុំគោលការណ៍ទៅថ្នាក់លើ ជាពិសេសសម្ដេចឲ្យដោះលែង ឲ្យខ្ញុំឆ្លើយយ៉ាងម៉េច បើអត់បានប្រព្រឹត្ត អត់បានដឹងរឿងទាំងអស់។»
ទណ្ឌិត ព្រំ សោភារិទ្ធ ថ្លែងថា គ្មានភស្តុតាងដាក់បន្ទុកថាគាត់ជាប់ពាក់ព័ន្ធរឿងឃាតកម្មនោះទេ ប៉ុន្តែគាត់បានជាប់ពន្ធនាគារជាក្រុមជាមួយ លោក ហេង ពៅ ចំនួន ៩ឆ្នាំហើយ។ លោកសុំឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ជូនគាត់៖ «ការកាត់ក្តីនេះ ក៏ខ្ញុំពុំអាចទទួលយកបាន ព្រោះកាត់ក្តីដោយអយុត្តិធម៌បំផុត។»
ទណ្ឌិត ហង្ស វុត្ថា ថ្លែងថា តុលាការមិនហៅគាត់ឲ្យបំភ្លឺគ្រប់សវនាការសាលាដំបូង និងឧទ្ធរណ៍ទេ ស្រាប់តែកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារជាង ៣០ឆ្នាំ ទើបគាត់ប្ដឹងទាស់សាលដីកាលេខ៧០ឈ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០ របស់សាលាឧទ្ធរណ៍៖ «មានតែសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវទេ សម្ដេចជួយខ្ញុំផង។»
លិខិតអនាមិកផ្ញើជូន លោក សៅ សុខា មេប៉េអិមលើផ្ទៃប្រទេស កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៣ បានសរសេរពីគម្រោងសម្លាប់ចៅក្រម សុក សេដ្ឋាមុន្នី ព្រះរាជអាជ្ញា អ៊ុក សាវុធ លោក សៅ សុខា មេអាវុធហត្ថលើផ្ទៃប្រទេស ដែលអ្នកផ្ដួចផ្ដើមគំនិតឈ្មោះ ហង្ស វុទ្ធី ហៅយមរាជ។ នៅក្នុងលិខិតនោះមិនបានបញ្ចេញឈ្មោះ លោក ហេង ពៅ និងលោក លី រ៉ាស៊ី ទេ ប៉ុន្តែឆ្នាំ២០០៦ លោក ហេង ពៅ ជាស្នងការរាជធានីភ្នំពេញ ត្រូវបានប៉ូលិសអាំងទែប៉ូល (Interpol) ចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ី មកប្រទេសកម្ពុជា វិញ ហើយបានអនុវត្តទោសតាំងពីឆ្នាំ២០០៦ មក ក្នុងបណ្ដឹងចោទថា ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាច្រើនករណី។
សវនាការនៅតុលាការកំពូល ថ្ងៃទី៣០ ខែកញ្ញា មិនឲ្យក្រុមអ្នកសារព័ត៌មានបានចូលស្តាប់ ឬកត់ត្រានោះទេ។ ប៉ុន្តែសាច់ញាតិអ្នកជាប់ចោទឲ្យដឹងថា សវនាការនោះចោទសួរទណ្ឌិតទាំង ៤នាក់ តែពីករណីឃាតកម្មលើចៅក្រម សុក សេដ្ឋាមុន្នី៕
No comments:
Post a Comment