Paris Peace Accords 23 Oct. 1991

Tuesday, September 23, 2014

​ប្រវត្តិ​ មិន​ច្បាស់លាស់ ​នៃ​ពិធី​ បោះ​បាយ ​បិណ្ឌ និង​ការយល់ឃើញ ​របស់ ​ប្រជាពលរដ្ឋ​​ | Unclear history re rice throwing and understanding of people

​ប្រវត្តិ​ មិន​ច្បាស់លាស់ ​នៃ​ពិធី​ បោះ​បាយ ​បិណ្ឌ និង​ការយល់ឃើញ ​របស់ ​ប្រជាពលរដ្ឋ​​

VOD | ២៣ កញ្ញា ២០១៤

ស្តាប់សំឡេង៖

ចម្លងទុក

រូបភាព នៃបាយបិណ្ឌ (រូបថត៖ Krishan)

ពិធីបុណ្យ កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ជា​ប្រពៃណី​ ទំនៀមទម្លាប់ ​របស់​ ប្រជាជន​ខ្មែរ​ អស់​រយៈពេល​ ជា​យូរ​ មក​ហើយ ដែល​ប្រព្រឹត្ត​ទៅ​ រយៈពេល ១៥​ថ្ងៃ គឺ ​ពី​ថ្ងៃ​០១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភទ្របទ រៀងរាល់ឆ្នាំ​។  ពិធីបុណ្យ​នេះ ត្រូវ បាន​ប្រារព្ធ​ឡើង ​ក្នុង​គោលបំណង ដើម្បី ​ឧទ្ទិស​កុសល​ ដល់​ដួងព្រលឹង ដូនតា ឪពុកម្តាយ ឬ​សាច់ញាតិ ដែល​បាន ​ចែក​ឋាន ​ទៅហើយ ក្នុង​ជំនឿ​ ថា, ​ញាតិសន្តាន ​ទាំងនោះ នឹង​អាច ​ទទួលបាន ​នូវ​កុសលផល​ បុណ្យ ដើម្បី​ ចៀសផុត ​ពី​ទុក្ខវេទនា និង​ឆាប់​បាន​ ចាប់ជាតិ​ជាថ្មី​។​ 
​ជា​ផ្នែក​មួយ ​ក្នុងការ​ប្រារព្ធ​ ពិធីបុណ្យ​ ភ្ជុំបិណ្ឌ​នេះ ជា​រៀងរាល់ថ្ងៃ​ នៅវេលា​ម៉ោង ​៤​ទៀប​ភ្លឺ ពុទ្ធបរិស័ទ​ នាំគ្នា​ ដាំ​បាយដំណើប រួច​ពូត​ជា​ដុំ​ សម្រាប់ ​ចូលរួម ​ក្នុង​ពិធី​មួយ ​ហៅថា, បោះ​បាយ បិណ្ឌ​។  ការបោះ​បាយបិណ្ឌ​ ធ្វើឡើង​ ដោយ​ការដើរ ​ប្រទក្សិណ ​ជុំវិញ​ ព្រះវិហារ រួច​បោះ​ដុំ​បាយ ​ទាំងនោះ ​ទៅ​ទិស​ ទាំង​៨ ក្នុង​ជំនឿ​ ថា, ដើម្បី​ ឧទ្ទិស​ជូន​ញាតិ​ការ ​ទាំងឡាយណា ​ដែល​ភ្លាត់ភ្លាំង​ ទៅ​កើត​ ជា​ប្រេត​។​


​ក្នុង​សំលៀក​បំពាក់​ អាវប៉ាក់ ​ពណ៌​ស, សំពត់​បត់ ដោយ​មាន​ កូនតូច​ អាយុ​ ប្រមាណ ​៣​ឆ្នាំ ​នៅ​ក្បែរ​ខ្លួន ​ផង​នោះ, អ្នកស្រី ផន សា​វ៉េ​ត រៀបរាប់​ ប្រាប់​VOD​ ទាំង​ទឹកមុខ​ ស្រស់ស្រាយ​ ថា, កាលពីមុន អ្នកស្រី​ តែងតែ ដាំបាយ ​ពូត​ជា​ដុំ មាន​ដាក់​ល្ង​ ចេក​ដូង ដើម្បី​ មក​ចូលរួម ​បោះ​បាយបិណ្ឌ​ ដង្ហែ​ប្រទក្សិណ​ ជុំវិញ​ ព្រះវិហារ​ ជា​ប្រចាំ។  តែ​ ដល់​ពេល ​អ្នកស្រី​ មាន​ស្វាមី, មានកូន​, អ្នកស្រី​ មិន​ដែល​ មាន​ពេលវេលា ដើម្បី​ មក​បោះ​បាយ បិណ្ឌ​នោះទេ។​

​ស្ត្រី​វ័យ​៣២​ឆ្នាំ​រូប​នេះ​បន្តថា កាល​ដែល​អ្នក​ស្រី​មក​បោះ​បាយបិណ្ឌ​នេះ ក៏​មិនដឹង​ច្បាស់​ពី​អត្ត​ន័យ​របស់​វា​ដែរ​គឺ​គ្រាន់តែ​ឮ​ចាស់ៗ បាន​និយាយ​ប្រាប់តៗ​គ្នា​ថា ការបោះ​បាយបិណ្ឌ​នេះ គឺ​សម្រាប់​ឧទ្ទិស​ជូន​ដល់​បងប្អូន​ញាតិមិត្ត ដែល​បាន​ភ្លាត់​កើត​ទៅជា​ប្រេត ហើយ​នៅ​រដូវ​ភ្ជុំបិណ្ឌ​ត្រូវបាន​យម​បាល ដោះ​លែងឲ្យ​មក​ជួបជុំ​បងប្អូន ដើម្បី​ទទួល​បាយ​នំ​ចំណី​ពី​អ្នក​នៅ​រស់ ដែល​បាន​យក​មក​បោះ​នៅតាម​វត្ត​អារាម​។

​ស្ថិត​ក្នុងវ័ណ​២០​ឆ្នាំ និស្សិត​ឆ្នាំ​ទី​២​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ យុវជន ចាន់ សុផល និយាយថា ខ្លួន​ក៏​មិន​បាន​ដឹង​ច្បាស់​អំពី​អត្ថន័យ​នៃ​ការបោះ​បាយបិណ្ឌ​នេះដែរ គឺ​គ្រាន់តែ​ដឹងថា នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរតៗ​គ្នា តាំងពី​សម័យ​ដើម​មក​។​

​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​រូបនេះ​យល់ឃើញថា វា​ជា​ការល្អ​បើ​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​ប្រតិបត្តិ​តាម​ទម្លោប់​នេះ ព្រោះ​វា​ជា​ប្រពៃណី ហើយ​មិន​មាន​ផលប៉ះពាល់​ដល់​សង្គម​នោះទេ​។


ពិធីបោះបាយបិណ្ឌ


ព្រះ​ភិក្ខុ ជុតិ​បាលោ សេង សា​រុំ គង់នៅ​វត្ត​សន្សំ​កុសល ក្នុង​រាជធានី​ភ្នំពេញ មាន​ថេរ​ដីកា​ថា ពិធី​បោះ​បាយបិណ្ឌ​ដែល​ប្រជា​ពុទ្ធរិស័ទ្ធ​នាំគ្នា​ប្រារ​ព្វ​ធ្វើ​ជា​ រៀងរាល់ឆ្នាំ មិនមាន​កំណត់​នៅក្នុង​ចំណុច​ណាមួយ​នៃ​ក្បួនច្បាប់ ឬ​គម្ពីរ​ព្រះពុទ្ធ​សាសនា​នោះ​ទេ គឺ​គ្រាន់តែ​ជា​ទំនៀមទម្លាប់​តៗ​គ្នា​ប៉ុណ្ណោះ​។​

ព្រះ​ភិក្ខុ សេង សា​រុំ រៀបរាប់​តាម​តំណាល​រឿង ដែល​មាន​ចារ​នៅក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​របស់​ព្រះពុទ្ធសាសនា​ថា ពពួក​ញាតិ​របស់​ក្សត្រ​មួយអង្គ​ព្រះនាម​ព្រះបាទ​ពិម្ពិសារ ជំនាន់​ព្រះ​កុក​សន្ធោរ  បាន​ធ្វើ​ទាន​មិន​បរិសុទ្ធ​ស្អាត​ល្អ ដោយ​បាន​បរិភោគ​បាយ​មុន​ព្រះសង្ឃ លុះ​ដល់​មរណៈកាល​ទៅ ក៏​ចាប់កំណើត​ជា​ប្រេត សោយទុក្ខ​វេទនា​ដ៏​យូរអង្វែង​។ លុះ​ក្នុង​សម័យ​ព្រះពុទ្ធ​សមណគោតម  ព្រះបាទ​ពិម្ពិសារ​បាន​ធ្វើ​បុណ្យ​មួយ​យ៉ាង​ធំ ដោយ​មិន​បាន​ឧទ្ទិស​បុណ្យ​កុសល​ឲ្យចំ​ឈ្មោះ​ពពួក​ញាតិ​ដែល​ស្លាប់​ទៅ​។  ញាតិ​ការ​ទាំងនោះ​បាន​មក​ស្រែក​ទ្រហោយំ​ដោយ​សេចក្ដីស្រេកឃ្លាន ជុំវិញ​ព្រះ​បម​រាជវាំង​របស់​ព្រះអង្គ​។

​ក្រោយពី​មាន​ហេតុ​បែបនេះ ព្រះបាទ​ពិម្ពិសារ ក៏​បាន​ទៅ​ទូល​ព្រះ​ពុទ្ធអង្គ ពី​ដំណាល​ហេតុ​នោះ​។ ព្រះសមណគោតម​មាន​ពុទ្ធដីកា​ថា មក​ពី​ព្រះបាទ​ពិម្ពិសារ​ធ្វើ​ទាន​មិនបាន​ត្រឹមត្រូវ ទើប​ញាតិ​ការ​របស់​ព្រះអង្គ​មិន​បាន​ទទួល​នូវ​កុសលផល​បុណ្យ​។ ក្រោយពី​បាន​យល់ដឹង​ពី​បញ្ហា​នេះ ព្រះបាទ​ពិម្ពិសារ​ក៏​បាន​ប្រារព្ធ​ធ្វើ​បុណ្យ​ម្ដង​ទៀត​ឲ្យ​ត្រូវ​ទៅ​តាម​ ពុទ្ធដីកា ដើម្បី​ឧទ្ទិស​ជូន​ទៅ​ពពួក​ញាតិ​របស់​ព្រះអង្គ​ដែល​បាន​ទៅ​កើត​ជា​ប្រេត​។ ទម្លាប់​នៃ​ការ​ធ្វើ​បុណ្យ​នេះ ត្រូវបាន​ប្រតិបត្តិ​តាម​ក្នុង​រាជ្យ​ព្រះបាទ​អង្គឌួង ទើប​បង្កើត​បាន​ជា​ពី​ធី​កាន់បិណ្ឌ និង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ដល់​សព្វថ្ងៃ តែ​មិន​បាន​បញ្ជាក់​ឲ្យបាន​ច្បាស់​ពី ទម្លាប់​នៃ​ការបោះ​បាយបិណ្ឌ​នោះទេ​។​

​ព្រះ​តេជគុណ មាន​ថេរ​ដីកា​បន្តទៀតថា បើ​ទោះ​ជា​ទម្លាប់​នៃ​ការបោះ​បាយបិណ្ឌ​នេះ​មិន​មាន​ចារ​នៅក្នុង​គម្ពី​ព្រះ​ ពុទ្ធសាសនាក្តី ក៏​ពិធី​នេះ​មិន​ប៉ះពាល់​ទៅដល់​វិន័យ​នៃ​ព្រះពុទ្ធសាសនា​ដែរ​។

​សម្រាប់​អ្នកស្រី គង់ សុគន្ធា ដែល​ជា​ពុទ្ធ​បរិស័ទ្ធ​ដែល​មាន​ជំនឿ​លើ​ការបោះ​បាយបិណ្ឌ​នេះ យល់ឃើញថា នៅលើ​លោក​យើង​នេះ​ពិតជា​មាន​ប្រេត​មែន ហើយ​ការបោះ​បាយបិណ្ឌ​របស់​អ្នកស្រី​កន្លងមក ទោះជា​មើល​មិន​ឃើញ​ថា​មាន​ប្រេត​មក​រើស​បាយបិណ្ឌ​ដើម្បី​បរិភោគ​ក៏ដោយ ក៏​នេះ​គឺជា​រឿង​ល្អ ព្រោះ​វា​ជា​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូន​ពី​តាម​ក​។ អ្នកស្រី​បន្ថែមថា បើ​តាម​ដឹង​ពី​ចាស់ៗ​បាន​និយាយថា មក​ពី​ប្រេត​មិន​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បាន ទើប​អ្នក​ដែល​នៅ​រស់​បោះ​ជា​បាយបិណ្ឌ​ឲ្យ​ពួកគាត់ ដែល​ជា​ប្រេត​អាច​រើស​ហូប​នៅ​ខាងក្រៅ​ព្រះវិហារ​បាន​។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម​លោក ប៉ូ សំណាង មានប្រសាសន៍ថា ពី​ធី​នេះ ធ្វើឡើង​មាន​គោលបំណង​ជួយ​រំដោះគ្រោះ និង​ឧទ្ទិស​ដល់​សព​(​ប្រេត​) ដែល​គ្មាន​ញាតិមិត្ត ព្រមទាំង​សម្រាប់​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​របស់​ខ្លួន​ ឲ្យ​រួចផុត​ពី​ទុក្ខទោស​។ លោក​បន្តថា ពិធី​បោះ​បាយ​បិណ្ឌ កាល​ដែល​តែងតែ​ធ្វើ​នៅ​ពេល​ព្រលឹម​ម៉ោង​៤​នោះ គឺ​ដោយសារ​ខ្លួន​ពពួក​ប្រេត​មាន​ក្លិនស្អុយ អ​សោច អាក្រាតខ្លួន​ទទេ ហើយ​ត្រូវ​ពន្លឺ​ថ្ងៃ​មិន​បាន​ទេ នឹង​ត្រូវ​រលាយ ទើប​គេ​នាំគ្នា​ធ្វើ​ពេល​ងងឹត​បែប​នេះ​។​

​បើ​តាម​របាយការណ៍រ​បស់​ក្រសួង​ធម្មការ និង​សាសនា វត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជាង ៤០០០​វត្ត នៅ​ទូទាំង​ប្រទេស​។ ព្រះ​តេជគុណ សេង សា​រុំ មាន​សង្ឃដីកា​ឲ្យដឹងថា ដោយសារ​មិន​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ច្បាស់​ថា ប្រពៃណី​នៃ​ការបោះ​បាយបិណ្ឌ​នេះ​ជា​ពិធី​បែប​ព្រះពុទ្ធសាសនា ឬ​មិនមែន ទើប​មាន​វត្ត​មួយចំនួន​មិន​មាន​ធ្វើ​ពិធី​បោះ​បាយបិណ្ឌ​នេះ​ទេ គឺ​គ្រាន់តែ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ប៉ុណ្ណោះ​៕




No comments:

Post a Comment