UNHCR បញ្ជាក់ជំហរ មិនជាប់ ទាក់ទង នឹងគម្រោងបញ្ជូន ជនភៀសខ្លួន ពីអូស្ត្រាលី មកកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៤
អ្នកនាំពាក្យ ប្រចាំតំបន់ របស់ អង្គការ សហប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួន ហៅកាត់ ថា យូអេនអេចស៊ីអ (UNHCR) បញ្ជាក់ជំហរខ្លួន ពុំជាប់ទាក់ទង ឬជាភាគី នៃគម្រោងការ របស់ រដ្ឋាភិបាល អូស្ត្រាលី ដែលមាន បំណងបញ្ជូន ជនភៀសខ្លួន ដែលស្វែងរក សិទ្ធិជ្រកកោន នៅប្រទេស នេះ ឲ្យមកកម្ពុជា ទេ។
អ្នកនាំពាក្យ រូបនោះ បញ្ជាក់ថា, ជនភៀសខ្លួន គួរតែ ទទួលបានអ្វី ដែលពួកគេ ទាមទារចង់បាន និងបានឋិត នៅក្រោម កិច្ចការពារ, ព្រមទាំង រស់នៅ ដោយរីករាយ ក្នុងកន្លែង ដែលពួកគេ ទៅដល់។ មន្ត្រីកម្ពុជា អះអាងដែរ ថា, នឹងមិនមាន ការរំលោភសិទ្ធិ ជនភៀសខ្លួនឡើយ ប្រសិនបើ ភាគី ទាំង២ ឈានដល់ ការព្រមព្រៀង បញ្ជូនជនភៀសខ្លួន មែននោះ។
មន្ត្រីជាន់ខ្ពស់ កម្ពុជា នៅអះអាង ថា, ការទទួលយក អ្នកស្វែងរក សិទ្ធិជ្រកកោន នៅប្រទេស អូស្ត្រាលី ឲ្យមកកម្ពុជា ដោយឈរ លើគោលការណ៍ មនុស្សធម៌ និងស្ម័គ្រចិត្ត គឺ ជាប្រការត្រឹមត្រូវ ដែលមិនរំលោភ លើសិទ្ធិ អ្នកទាំងនោះ ឡើយ។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ការបរទេស មានប្រសាសន៍ នៅរសៀលថ្ងៃ ទី១៦ ខែកញ្ញា ថា, គម្រោង បង្កើតកិច្ចព្រមព្រៀង រវាង កម្ពុជា និងអូស្ត្រាលី នោះ គឺ នឹងធានា ថា, គ្មាន ការរំលោភ សិទ្ធិ របស់ ជនស្វែងរក សិទ្ធិជ្រកកោន ដោយប្រការ ណាមួយឡើយ។ យ៉ាងនេះក្ដី លោក កុយ គួង បានបដិសេធ ការអធិប្បាយ បន្ថែមទៀត ចំពោះ កិច្ចព្រមព្រៀងនោះ។
លោក កុយ គួង៖ «បើសិន ជាយើង បង្ខិតបង្ខំ គាត់ហ្នឹង, វា ប៉ះទៅលើសិទ្ធិ របស់គាត់។ គាត់ ចង់ទៅត្រង់នេះ, យើង បង្ខំឲ្យគាត់ ទៅទីនោះ ម៉េចបាន។ គាត់ ស្ម័គ្រចិត្ត ពិតប្រាកដ, គាត់ សុខចិត្ត, សុខកាយ សប្បាយចិត្ត ពិតប្រាកដ, យើង អាចទទួល គាត់បាន។ បើ គាត់ មិនសុខចិត្តទេ, គឺ គាត់ ទៅនៅ ប្រទេសផ្សេង, មិនមែន កម្ពុជា, គឺ យើង អត់ទទួល ដាច់ខាត។»
ការអះអាង របស់ អ្នកនាំពាក្យ ក្រសួង ការបរទេស នៅពេលនេះ គឺ បន្ទាប់ ពីអ្នកស្រី វីវីយ៉ាន តាន (Vivian Tan) អ្នកនាំពាក្យប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសខ្លួន បានបញ្ជាក់ជាថ្មីថា អង្គការនេះកំពុងព្រួយបារម្ភចំពោះផលប៉ះពាល់ ដែលអាចកើតមានចំពោះប្រព័ន្ធជនភៀសខ្លួនរបស់សកលលោក។ ក្នុងចម្លើយរបស់អ្នកស្រី ដែលផ្ញើមកវិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិក បញ្ជាក់ថា ជំហររបស់ យូអេនអេចស៊ីអ គឺអ្នកស្វែងរកសិទ្ធិជ្រកកោន គួរតែទទួលបាននូវអ្វីដែលពួកគេស្នើឡើង និងអាចរស់នៅដោយរីករាយក្នុងដែនដីដែលពួកគេបានទៅដល់។
ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយច្បាប់របស់សមាគមអាដហុក (Adhoc) លោក នី ចរិយា យល់ស្របចំពោះការបញ្ជាក់ជំហររបស់អ្នកនាំពាក្យប្រចាំតំបន់របស់ យូអេនអេចស៊ីអ។ លោក នី ចរិយា បញ្ជាក់ថា អ្នកស្វែងរកសិទ្ធិជ្រកកោន អាចនឹងជួបបញ្ហារំលោភសិទ្ធិមនុស្សបន្តទៀត នៅពេលដែលកម្ពុជា ជាប្រទេសក្រីក្រមួយនេះ ក៏ត្រូវចាត់ទុកថា មិនទាន់មានស្ថានភាពល្អក្នុងការគោរពសិទ្ធិមនុស្សនៅឡើយ។ លោក នី ចរិយា ស្នើរដ្ឋាភិបាលអូស្ត្រាលី ពិចារណាឡើងវិញក្នុងនាមជាប្រទេសដែលមានការរីកចម្រើន មិនគួរចូលរួមក្នុងការរំលោភសិទ្ធិជនស្វែងរកសិទ្ធិជ្រកកោននៅ ប្រទេសខ្លួន។
លោក នី ចរិយា៖ «ព្រោះថាគាត់បានសម្រេចចិត្តសុំសិទ្ធិជ្រកកោន នៅអូស្ត្រាលី មិនមែននៅកម្ពុជា ទេ ហើយយើងនៅមានការរំលោភសិទ្ធិមនុស្សច្រើន។ ដូចនេះហើយ ការទទួលយកជនភៀសខ្លួននោះ អាចធ្វើអោយជនភៀសខ្លួនដែលគាត់ទទួលរងការរំលោភសិទ្ធិមនុស្សនៅ ក្នុងប្រទេសគាត់ ហើយមកទទួលរងការរំលោភនៅប្រទេសដែលគេបញ្ជូនមកទៀត។»
គម្រោងការបញ្ជូនជនស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី ប្រមាណ ១.០០០នាក់ ដែលកំពុងរស់នៅក្នុងជំរំណាវរូ (Nauru) ត្រូវទម្លាយអោយដឹងកាលពីខែកុម្ភៈ ឆ្នាំ២០១៤។ មកដល់ពេលនេះ រដ្ឋាភិបាលទាំង២កំពុងបន្តកិច្ចពិភាក្សា ដើម្បីបង្កើតកិច្ចព្រមព្រៀងរវាងគ្នា បន្ទាប់ពីបានព្រមព្រៀងជាគោលការណ៍។ ការផ្សព្វផ្សាយពីបណ្ដាញព័ត៌មាននានា ឲ្យដឹងថា ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានទទួលស្គាល់ជាលើកដំបូងថា ការចរចាជុំវិញផែនការដ៏ចម្រូងចម្រាស ក្នុងការបញ្ជូនជនភៀសខ្លួនដែលព្យាយាមចូលដែនសមុទ្រអូស្ត្រាលី មកកាន់ប្រទេសកម្ពុជា ថាជាការខកចិត្ត។ បណ្ដាញ ព័ត៌មានខ្លះ ថា, ប្រទេស អូស្ត្រាលី នឹងផ្ដល់ប្រាក់ ដល់ប្រទេស កម្ពុជា ជាច្រើន លានដុល្លារ ក្នុងការទទួល យកជនភៀសខ្លួន ទាំងនោះ ខណៈ ប្រទេស ទាំងពីរ មិនចង់បញ្ចេញ ព័ត៌មានលម្អិត នៃផែនការនោះ៕
No comments:
Post a Comment