ពលរដ្ឋ ឡើងមក តវ៉ា រឿងដី នៅភ្នំពេញ, មិនត្រឡប់ ទៅធ្វើបុណ្យ នៅស្រុក
RFA / វិទ្យុ អាស៊ី សេរី | ២៣ កញ្ញា ២០១៤
រដូវភ្ជុំបិណ្ឌ ឆ្នាំនេះ ប្រជាពលរដ្ឋ ជាច្រើន បានចាកចេញ ពីទីក្រុង ភ្នំពេញ ទៅកាន់ស្រុក កំណើត ដើម្បី ជួបជុំគ្រួសារ ធ្វើបុណ្យ, ធ្វើទាន ឧទ្ទិសកុសល ជូនបុព្វការីជន រៀងៗខ្លួន។ ក៏ប៉ុន្តែ យោធិន ពិការ និងអតីត យោធិន កាត់រំសាយ នៅខេត្ត បន្ទាយមានជ័យ ដែលមក ស្នាក់នៅ ក្នុងវត្ត ស្ទឹងមានជ័យ ដើម្បី ដាក់ញត្តិ ទាមទារ ដីធ្លីនោះ នៅក្រាញននៀល, មិនព្រមត្រឡប់ ទៅផ្ទះវិញ ដើម្បី ធ្វើបុណ្យទាន នៅស្រុកខ្លួន ដូចគេឯងទេ ដ៏រាបណា មិនមានដំណោះស្រាយ សមរម្យ ជូនពួកគាត់។
ប្រជាពលរដ្ឋ ដែលជាអតីត យោធាខ្មែរ ក្រហម ប្រមាណ ជាង៦០គ្រួសារ ស្មើ នឹងជាង ៨០នាក់ សុខចិត្ត ធ្វើបុណ្យភ្ជុំ ក្នុងវត្ត ស្ទឹងមានជ័យ ឆ្ងាយ ពីផ្ទះសំបែង, ឆ្ងាយ ពីកូន, ប្រពន្ធ, ប្តី សី ក៏ព្រោះតែ រង់ចាំ ដំណោះស្រាយ បញ្ហាដីធ្លី ពីសំណាក់ អាជ្ញាធរ។ ពលរដ្ឋ ទាំងនោះ ប្រាប់ថា, ទោះ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យ ធំ យ៉ាងណាក្តី ក៏ពួកគាត់ មិនហ៊ាន ត្រឡប់ ទៅផ្ទះ វិញដែរ ព្រោះតែ ខ្លាច ទៅផ្ទះហើយ ពិបាកត្រឡប់ មកតវ៉ាវិញ។
តំណាង ប្រជាពលរដ្ឋ លោក លី ខ្លី មានប្រសាសន៍ថា ពលរដ្ឋទាំងអស់ចង់ទៅរស់នៅផ្ទះសំបែងវិញណាស់ ជាពិសេសចង់ធ្វើបុណ្យភ្ជុំបិណ្ឌជួបជុំគ្រួសារ។ ប៉ុន្តែពួកគាត់មិនមានសោហ៊ុយសំរាប់ធ្វើដំណើរទៅទេ ហើយបើប្រថុយទៅផ្ទះវិញ ពួកគាត់ខ្លាចអាជ្ញាធរខេត្តរាំងខ្ទប់មិនឲ្យមកតវ៉ារឿងដីធ្លីជា ថ្មីទៀត។
លោកបន្តថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រឹមតែសន្យាថា នឹងដោះស្រាយ ប៉ុន្តែផ្លែផ្កានៃដំណោះស្រាយនោះមិនទាន់មាននៅឡើយ៖ «ភ្ជុំហ្នឹង ធំណាស់, ពេលជួបជុំ គ្រួសារ, ពេលភ្ជុំបិណ្ឌនោះ, តែ មិនដឹងធ្វើ យ៉ាងម៉េច, មានតែ នៅតវ៉ា អ៊ីចឹងទៅ។ បើ មិនបាន ដីធ្លីទេ, មានតែ ទៅរស់នៅ ស្រុកគេហើយ។»
ប្រជាពលរដ្ឋទាំងជាង ៦០គ្រួសារ កំពុងស្នាក់នៅវត្តស្ទឹងមានជ័យ ដោយក្រាលតង់កៅស៊ូសម្រាកនៅខាងក្រោយកុដិលេខ១៩ ជាប់មាត់ស្រះវត្តស្ទឹងមានជ័យ។ អ្នកខ្លះពិការជើង១ខាង អ្នកខ្លះពិការជើងទាំងសងខាង ខ្លះទៀតពិការភ្នែកក៏មាន។ ពលរដ្ឋដែលឡើងមកតវ៉ានេះ តំណាងឲ្យយោធិនកាត់រំសាយយោធិនពិការ គ្រួសារយោធិនពលីទាំង ២៣០គ្រួសារ ជាអតីតកងកម្លាំងទាហានខ្មែរក្រហមក្រោមបញ្ជារបស់អតីតមេខ្មែរក្រហម លោក សុខ ភាព នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អតីតទាហានខ្មែរក្រហមទាំងនោះឲ្យដឹងថា ពួកគាត់បានទទួលដីធ្លីជារបបគោលនយោបាយពីលោក ហ៊ុន សែន ក្នុង១គ្រួសារ ៥ហិកតារតាំងពីឆ្នាំ១៩៩៧។ ពលរដ្ឋរស់នៅនិងបង្កបង្កើនផលរហូតដល់ឆ្នាំ២០០៦ ទើបដឹងថា អាជ្ញាធរមូលដ្ឋានបានសហការគ្នាជាមួយមេទាហានសក្ដិធំពីរនាក់ យកដីធ្លីនោះទៅលក់ឲ្យឈ្មួញបាត់ទៅហើយ។ ពលរដ្ឋទាំងនោះធ្លាប់ដាក់ពាក្យបណ្ដឹង ដាក់ញត្តិទៅស្ថាប័នសំខាន់ៗមួយចំនួន ដូចជាក្រសួងការពារជាតិ ទីស្ដីការគណៈរដ្ឋមន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី សាលដំបូងខេត្តបន្ទាយមានជ័យ និងសាលាខេត្តបន្ទាយមានជ័យជាដើម។
ទាក់ទងនឹងដំណោះស្រាយបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឱម ចន្ថា កាលពីថ្ងៃទី១៤ ខែកញ្ញា បានធ្វើដំណើរតាំងពីខេត្តបន្ទាយមានជ័យ មកជួបពលរដ្ឋនៅវត្តស្ទឹងមានជ័យ ដើម្បីដោះស្រាយបញ្ហានេះ។ លោកក៏សន្យាថា នឹងនាំយកក្តីកង្វល់របស់ពលរដ្ឋទៅជូនថ្នាក់លើបន្តទៀត។
យ៉ាងណាមិញ ព្រះតេជព្រះគុណ សឺន ហាយ ដែលទទួលឲ្យពលរដ្ឋទាំងនោះស្នាក់នៅវត្តស្ទឹងមានជ័យ មានថេរដីកាថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានទាក់ទងមកព្រះអង្គជាច្រើនដងច្រើនសា ដើម្បីស្នើឲ្យពលរដ្ឋត្រឡប់ទៅផ្ទះវិញ។ ព្រះអង្គបន្តថា មន្ត្រីរូបនោះអះអាងថា ញត្តិរបស់ពលរដ្ឋបានទៅដល់ដៃលោក ហ៊ុន សែន និងអភិបាលខេត្តបន្ទាយមានជ័យ រួចហើយ។ តែមិនទាន់មានផ្លែផ្កានោះទេ ហើយបើសិនជាមានដំណោះស្រាយសមរម្យពេលណា ពលរដ្ឋទាំងនោះនឹងត្រឡប់ទៅផ្ទះវិញភ្លាម។
នៅថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ក៏បានចុះទៅសួរសុខទុក្ខអតីតយោធាខ្មែរក្រហមទាំងនោះក្នុងវត្ត ស្ទឹងមានជ័យដែរ។ លោកស្នើឲ្យពលរដ្ឋតស៊ូដោយភាពអត់ធ្មត់និងអហិង្សា។ លោកសន្យាថា នឹងជំរុញឲ្យមានដំណោះស្រាយចំពោះបញ្ហានេះឲ្យបានឆាប់។
ផ្ទុយគ្នាពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកឱកាសភ្ជុំបិណ្ឌនេះ ទៅធ្វើបុណ្យនៅវត្តវាំងចាស់ អតីតរាជធានីឧត្តុង្គ។ នៅទីនោះ លោក ហ៊ុន សែន បានប្រគេនបច្ច័យបួនដល់ព្រះសង្ឃ និងធ្វើទានចំពោះដូនជី តាជី ទៀតផង៕
No comments:
Post a Comment