នយោបាយ «ទំពាំង ស្នងឫស្សី» ត្រូវការ គំនិត ថ្មី ពីយុវជន
ស្តាប់ (05:04) | RFI | ១៨ កញ្ញា ២០១៤
កិច្ច
ពិភាក្សា រវាង យុវជន និងតំណាងរាស្ត្រ នាពេលកន្លងមក
ជាឱកាស ឲ្យយុវជន បានចូលរួម ផ្តល់មតិ អំពី បញ្ហាសង្គម និងនយោបាយ (KYA)
រយៈពេល ចុងក្រោយនេះ
គណបក្ស នយោបាយ ធំៗ នៅកម្ពុជា ហាក់ដូច ជាយកចិត្ត ទុកដាក់ខ្លាំង
ចំពោះ ការបន្តវេន របស់ យុវជន។ ជាក់ស្តែង
ទាំងគណបក្ស កាន់អំណាច
ទាំងគណបក្ស ប្រឆាំង បានផ្តើម បញ្ចេញតួអង្គ យុវជន មួយចំនួន ទៅក្នុងឆាក នយោបាយ ជួរមុខ របស់ខ្លួន។ ប៉ុន្តែ
អ្វី ដែលគួរ ឲ្យកត់សម្គាល់ នោះ គឺ មានតែ កូនមន្ត្រី ធំៗ
ក្នុងបក្សទេ ដែលមាន ឱកាស ចេញមុខ មុនគេ។ ម្យ៉ាងទៀត
យុវជន ជួរមុខ ទាំងនោះ មួយចំនួន មិនបានបង្ហាញ អ្វីប្លែក ពីរាមច្បង របស់ខ្លួន នៅឡើយ
ខណៈ ដែលនយោបាយ «ទំពាំង ស្នងឫស្សី» ត្រូវការគំនិត ថ្មី ពីយុវជន។
តើ ពេលណា ទើប គណបក្ស ប្រជាជន កម្ពុជា ផ្លាស់ប្តូរ តួអង្គ នយោបាយ សំខាន់ៗ របស់ខ្លួន ដែលមាន វ័យចំណាស់ អស់ទៅហើយនោះ? សំណួរ ដែលគេ ទន្ទឹងរង់ចាំ ជាយូរ មកហើយនេះហាក់បានផ្តល់ចម្លើយ ជាបណ្តើរៗហើយ។ គណបក្ស កាន់អំណាច ដែលមាន កាលប្រវត្តិ ដ៏ចំណាស់ និងដែលសម្បូរ ដោយមន្ត្រី វ័យចំណាស់ កាន់មុខ តំណែង ចាស់ ជាយូរឆ្នាំ មកហើយនោះ បានផ្តើម បញ្ចេញ តួអង្គ យុវជន មួយចំនួន ទៅក្នុងឆាក នយោបាយ។ រីឯ មន្ត្រី វ័យចំណាស់ មួយចំនួន ត្រូវ បានដាក់ ឲ្យចូលនិវត្តន៍។
ចំណែក គណបក្ស សង្គ្រោះជាតិ ដែលជាគូ ប្រជែង ប្រកៀកប្រកិត ឯណោះវិញ ក៏ហាក់ដូច ជាបានផ្តល់ សារសំខាន់ ដល់យុវជន ខ្លាំងណាស់ដែរ។ យុវជន ជាតំណាងរាស្ត្រ, យុវជន ជាសកម្មជន, និងយុវជន ដែលកាន់តួនាទី សំខាន់ៗ ក្នុងជួរបក្ស មានកាន់តែ ច្រើនឡើង។ យ៉ាងណា ក៏ដោយ ទាំងក្នុងឆាក នយោបាយ និងក្នុងរដ្ឋបាល សាធារណៈ, មនុស្ស វ័យចំណាស់ នៅតែ មានវត្តមាន ច្រើននៅឡើយ។ ចាស់ ដែលនៅមាន ថាមពល គ្រប់គ្រាន់ ជារឿងមួយ, តែ ចាស់ជ្រុល ដែលធ្វើការ លែងកើត ជារឿងមួយទៀត។
ជាការពិតណាស់ សុភាសិត បុរាណមួយ បានពោល ថា, «ខ្ញីចាស់ កាន់តែ ហិរ» មានន័យ ថា, មនុស្ស កាន់តែ ចាស់ កាន់តែ មានបទពិសោធ ប្រកប ដោយភាព ចាស់ទុំ ដែលឆាក នយោបាយ ត្រូវការ ជាចាំបាច់។ ប៉ុន្តែ វ័យចំណាស់ ខ្លាំងពេក ក៏មិនអាច ឲ្យពួកគេ បំពេញតួនាទី របស់ខ្លួន បានល្អដែរ។ ក្នុងបណ្តាប្រទេស ជឿនលឿន នៅលោក ខាងលិច ទន្ទឹម នឹងសមត្ថភាព, គេ ក៏ផ្តល់តម្លៃ យ៉ាងខ្លាំង ដល់សុខភាព និងថាមពល របស់ តួអង្គ នយោបាយដែរ ពីព្រោះ ភាពទ្រុឌទ្រោម នៃសុខភាព, រាងកាយ, និងបញ្ញាស្មារតី មិនអាច ឲ្យពួកគេ បំពេញតួនាទី របស់ខ្លួន បានពេញលេញ ឡើយ។ ហេតុនេះហើយ បានជាមន្ត្រី វ័យចំណាស់ តែងប្រញាប់ លាឈប់ ពីមុខនាទី ដើម្បី ទុកឲ្យយុវជន ដែលមាន កម្លាំងពលំ មាំមួន បន្តវេនម្តង។
ប៉ុន្តែ នៅកម្ពុជា អ្នកដែលមាន តួនាទី សំខាន់ៗ ច្រើន តែ ព្យាយាម ពន្យារអាយុ តាមគ្រប់ រូបភាព ដែលអាច ធ្វើទៅបានបើ ទោះបី ជាខ្លួន មានវ័យចាស់ ជរា និងសុខភាព មិនសូវ មាំទាំ ក៏ដោយ។ មន្ត្រីខ្លះ មានវ័យចំណាស់ និងថែមទាំង មានជំងឺ ប្រចាំកាយ ទៀត ក៏នៅតែ តោងមុខតំណែង មិនព្រម លាឈប់។ វា មិនមែន ជារឿង អាថ៌កំបាំងទេ ដែលតំណាងរាស្ត្រ វ័យចំណាស់ ជាច្រើន អង្គុយ ងក់ ក្នុងរដ្ឋសភា, ហើយ មួយឆ្នាំ ទល់មួយឆ្នាំ សុំច្បាប់ សម្រាក ព្យាបាលជំងឺ ជាច្រើនដង។
យ៉ាងណា ក៏ដោយចុះ, ឥឡូវនេះ ការបន្តវេន បានបង្ហាញ សញ្ញា បណ្តើរៗ ហើយ, ប៉ុន្តែ អ្នក ដែលចេញមុខ បន្តវេន មុនគេ គឺ ជាយុវជន ដែលចេញ ពីក្រុមគ្រួសារ មន្ត្រីជាន់ខ្ពស់។ នេះ សបញ្ជាក់ ឲ្យឃើញ ថា, នយោបាយ «ទំពាំង ស្នងឫស្សី» កំពុង ប្រព្រឹត្តទៅ ដោយចង្អៀត និងប្រយ័ត្នប្រយែង នៅឡើយ។ ប្រយ័ត្ន ពីព្រោះ ថា, ការតភ្ជាប់ ជំនាន់មនុស្ស ពីវ័យចំណាស់ ទៅយុវជន គឺ ជាបញ្ហា ធំធេងមួយ សម្រាប់ ប្រទេសកម្ពុជា។
ធំធេង នៅត្រង់ ថា, នៅក្នុង រដ្ឋបាល សាធារណៈ ក៏ដូចក្នុងឆាក នយោបាយដែរ, មនុស្ស វ័យចំណាស់ និងយុវជ នជំនាន់ក្រោយ តែងតែ មើលបំណាំគ្នា ច្រើនជាង ការរៀនសូត្រ ពីគ្នា។ ហេតុដូច្នេះហើយ បានជាអ្នក នយោបាយ បញ្ចេញយុវជន ដែលជាកូនចៅ របស់ខ្លួន មុន ពីព្រោះ ពួកគេ អាចទុកចិត្តបាន ជាងអ្នកដទៃ។ ប៉ុន្តែ នយោបាយ «ទំពាំង ស្នងឫស្សី» អាចទទួលបាន ជោគជ័យ លុះត្រាតែ យុវជន ដែលជាអ្នក បន្តវេននោះ មានគំនិត ថ្មី និងធ្វើសកម្មភាព ថ្មី ខុសពីរាមច្បង របស់ខ្លួន។ វត្តមាន របស់ តួអង្គថ្មី វ័យក្មេង មួយចំនួន បានបង្ហាញ ពីការប្រែប្រួល ខុសពីមុន គួរឲ្យ លើកទឹកចិត្ត។
ប៉ុន្តែ ដោយសារតែ ការបន្តវេន ធ្វើឡើង ដោយប្រយ័ត្ន ប្រយែងពេក ទើប យុវជន ជួរមុខ មួយចំនួន មិនហ៊ាន ធ្វើអ្វី ខុសប្លែក ពីមនុស្សចាស់ ជំនាន់មុន នោះឡើយ។ មិនហ៊ាន ពីព្រោះ តែ ម្យ៉ាង ពួកគេ ស្ថិតក្រោម សម្ពាធ ខ្លាំងពេក ពីមន្ត្រី ចាស់ៗ ដែលធ្វើ ឲ្យខ្លួន ពិបាក បញ្ចេញគំនិត និងសកម្មភាព ថ្មី និងម្យ៉ាងទៀត អាចមក ពីយុវជនខ្លះ ទទួលមនោគមន៍ វិជ្ជា ក្រាសពេក ពីត្រកូល រាមច្បង ទើប គ្មានគំនិតថ្មី អ្វី មកបង្ហាញ ក្រៅពីការ ដើរតាម គន្លងចាស់ នោះឡើយ។
ជាក់ស្តែង មន្ត្រី វ័យក្មេង មួយចំនួន នៅតែ ចង្អៀតចង្អល់ ក្នុងការផ្តល់ ព័ត៌មាន, នៅតែ មិនបើក បេះដូង ឲ្យទូលាយ ក្នុងការពិភាក្សា បញ្ហា ជាសាធារណៈ និងនៅតែ ប្រកាន់ខ្លួន ជាអ្នកធំ, ហើយ ខ្វះភាព សាមញ្ញ ជាមួយ មនុស្សទូទៅ។ល។ រីឯ សកម្មភាព ការងារ របស់ ពួកគេទៀត សោត ក៏មិនខុស ពីមនុស្សចាស់ ជំនាន់មុនដែរ។ ក្នុងបរិបទនេះ នយោបាយ «ទំពាំង ស្នងឫស្សី» មិនសូវ មានន័យអ្វីឡើយ ទាំងសម្រាប់ គណបក្ស ខ្លួនឯង ក៏ដូចជាសម្រាប់ បរិបទជាតិ ទាំងមូល៕
No comments:
Post a Comment