ប៉ូល
ឆ្លើយការពារខ្លួន នៅមុខ ព្រះបាទ អគ្រីប៉ា
ព្រះបាទ អគ្រីប៉ា
មានរាជឱង្ការ ទៅលោក ប៉ូល ថា៖ «អ្នក មានសិទ្ធិ និយាយការពារខ្លួន
នៅពេលនេះ បាន។»
លោក ប៉ូល លើកដៃឡើង,
មានប្រសាសន៍ ថា៖ «បពិត្រ ព្រះរាជា, ទូលបង្គំ មានកិត្តិយស ធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះ ព្រះភក្ត្រ
ព្រះករុណា ថ្ងៃនេះ អំពី ពាក្យបណ្ដឹង ទាំងប៉ុន្មាន ដែលសាសន៍ យូដា ចោទទូលបង្គំ,
ដ្បិត ព្រះករុណា ជ្រាបយ៉ាងច្បាស់ អំពី ទំនៀមទម្លាប់ ផ្សេងៗ របស់សាសន៍ យូដា និងអំពី សេចក្ដី ដែលគេ
និយមជជែក វែកញែក។ ហេតុនេះ សូម ទ្រង់ មេត្តាព្រះសណ្ដាប់
ទូលបង្គំ ដោយអនុគ្រោះផង។ ជនជាតិ យូដា ទាំងមូល ស្គាល់ប្រវត្តិ របស់ ទូលបង្គំ, តាំងពីក្មេង មកស្រាប់, ហើយ គេ ក៏ដឹង ថា, តាំងពីដើមមក ទូលបង្គំ រស់នៅ កណ្ដាលចំណោម ជនជាតិ របស់ ទូលបង្គំ
និងនៅក្រុង យេរូសាឡឹម របៀបណាដែរ។
គេ បានស្គាល់ ទូលបង្គំ តាំងពីយូរ មកហើយ។ ពីដើម ទូលបង្គំ ជាអ្នកខាង គណៈផារីស៊ី ដែលជាគណៈ
តឹងរ៉ឹងជាងគេ ក្នុងសាសនា របស់យើង។ ប្រសិនបើ ពួកគេចង់, ពួកគេ
អាចធ្វើជា សាក្សីបាន។ ប៉ុន្តែ ឥឡូវនេះ គេ យកទូលបង្គំ មកវិនិច្ឆ័យទោស, ព្រោះតែ សេចក្ដីសង្ឃឹម លើព្រះបន្ទូល ដែលព្រះជាម្ចាស់ បានសន្យា ជាមួយ
បុព្វបុរស របស់យើង។ កុលសម្ព័ន្ធទាំង ដប់ពីរ របស់យើង នាំគ្នា គោរពបំរើ ព្រះជាម្ចាស់, ទាំងយប់ ទាំងថ្ងៃ, ឥតឈប់ឈរ, ដោយសង្ឃឹម ថា, ព្រះបន្ទូល សន្យានោះ
នឹងបានសំរេច។ បពិត្រ ព្រះរាជា, ជនជាតិ យូដា បានចោទប្រកាន់ ទូលបង្គំ,
ព្រោះតែ សេចក្ដីសង្ឃឹម នេះហើយ។
ចុះ ហេតុដូចម្ដេច បានជាអស់លោក យល់ថា, ការដែល ព្រះជាម្ចាស់ ប្រោសមនុស្សស្លាប់ ឲ្យរស់ ឡើងវិញ
ជាការមួយ មិនគួរ ឲ្យជឿ ដូច្នេះ?
«
ចំណែក
ឯទូលបង្គំផ្ទាល់,
ពីដើម ទូលបង្គំ យល់ឃើញ ថា,
ត្រូវតែ ប្រឆាំង នឹងព្រះនាម ព្រះយេស៊ូ ជាអ្នកភូមិ ណាសារ៉ែត
គ្រប់យ៉ាង ទាំងអស់,
ហើយ ទូលបង្គំ បាន ប្រព្រឹត្ត ដូច្នេះ
នៅក្រុង យេរូសាឡឹម មែន។ គឺ ទូលបង្គំ បានទទួល
ច្បាប់អនុញ្ញាត ពីក្រុម នាយកបូជាចារ្យ ដើម្បី ចាប់អស់អ្នក ដែលជឿ លើព្រះអម្ចាស់
ជាច្រើននាក់ យកទៅឃុំឃាំង។ នៅពេលគេ
សម្លាប់ អ្នកទាំងនោះ,
ទូលបង្គំ ក៏យល់ស្រប ជាមួយដែរ។ ទូលបង្គំ តែងចូលទៅ ក្នុងសាលាប្រជុំនានា
ជាញឹកញាប់ ដើម្បី ធ្វើទុក្ខទោស អ្នកទាំងនោះ,
បង្ខំ
ឲ្យគេ លះបង់ចោល ជំនឿ របស់ខ្លួន។ ទូលបង្គំ
ខឹងគេ ជាខ្លាំង ពន់ពេក រហូត ដល់ទៅតាម បៀតបៀនគេ ក្នុងក្រុងនានា,
នៅបរទេសផង។
«ហេតុនេះហើយ
បានជាទូលបង្គំ ធ្វើដំណើរ ទៅក្រុង ដាម៉ាស, ទាំងទទួលអំណាច
និងការអនុញ្ញាត ពីក្រុម នាយកបូជាចារ្យ។ បពិត្រ ព្រះរាជា, នៅតាមផ្លូវ ប្រមាណ ជាថ្ងៃត្រង់, ទូលបង្គំ បានឃើញ
ពន្លឺមួយ ភ្លឺជាងពន្លឺថ្ងៃ ទៅទៀត, ចាំងពីលើមេឃមក
លើទូលបង្គំ និងលើអ្នក ដែលរួមដំណើរ ជាមួយ ទូលបង្គំ។ ពេលនោះ យើងខ្ញុំ ដួលទាំងអស់គ្នា,
ហើយ ទូលបង្គំ បានឮសំឡេង ពោលមកកាន់ ទូលបង្គំ ជាភាសាហេប្រឺ
ថា, “សូល! សូល, អើយ! ហេតុដូចម្ដេច បានជាអ្នក បៀតបៀនខ្ញុំ?
អ្នក ខំប្រឹងតយុទ្ធ នឹងខ្ញុំ
ដូចគោ ជល់នឹងជន្លួញ ដូច្នេះ មិនកើតទេ។”
«ទូលបង្គំ
បានតបទៅវិញ ថា, “លោកម្ចាស់ អើយ, តើ លោក ជានរណា?”
«ព្រះអម្ចាស់
មានព្រះបន្ទូល មកទូលបង្គំវិញ ថា, “ខ្ញុំ ជាយេស៊ូ ដែលអ្នក
កំពុងតែ បៀតបៀន។ ចូរ
ក្រោកឈរឡើង។ ខ្ញុំ
បង្ហាញខ្លួន ឲ្យអ្នកឃើញ, មកពីខ្ញុំ បានជ្រើសរើសអ្នក
ឲ្យបំរើ, ព្រមទាំង ធ្វើជាបន្ទាល់ អំពី ហេតុការណ៍ ដែលខ្ញុំ
បង្ហាញ ឲ្យអ្នកឃើញ នៅពេលនេះ និងហេតុការណ៍ ឯទៀតៗ ដែលខ្ញុំ នឹងបង្ហាញ ឲ្យអ្នកឃើញ
នៅពេលខាងមុខ។ ខ្ញុំ
បានរំដោះអ្នក ឲ្យរួច ពីសាសន៍ អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំ ចាត់អ្នក ឲ្យទៅរកសាសន៍ ទាំងនោះ ដើម្បី
បើកភ្នែកគេ ឲ្យភ្លឺ, ឲ្យគេ ងាកចេញពី សេចក្ដីងងឹត,
បែរ មករកពន្លឺ, និងងាកចេញ ពីអំណាច របស់
មារសាតាំង, បែរ មករក ព្រះជាម្ចាស់វិញ, ព្រមទាំង ទទួលការអត់ទោស ឲ្យរួច ពីបាប និងទទួលមត៌ក រួមជាមួយ អស់អ្នក
ដែលព្រះជាម្ចាស់ ប្រោស ឲ្យបានវិសុទ្ធ ដោយមាន ជំនឿ លើខ្ញុំ។”
«បពិត្រ
ព្រះរាជា, ទូលបង្គំ ពុំបានជំទាស់ នឹងការអស្ចារ្យ ដែលទូលបង្គំ
និមិត្តឃើញ នោះឡើយ។ ទូលបង្គំ បានប្រាប់ ប្រជាជន នៅក្រុង ដាម៉ាស មុនគេបង្អស់, បន្ទាប់មក ប្រាប់ប្រជាជន នៅក្រុង យេរូសាឡឹម, នៅស្រុក យូដា ទាំងមូល, ហើយ ប្រាប់សាសន៍ ដទៃ
ឲ្យកែប្រែ ចិត្តគំនិត និងបែរមករក ព្រះជាម្ចាស់ ដោយប្រព្រឹត្ត អំពើ ផ្សេងៗ
បញ្ជាក់ថា, គេ ពិតជាកែប្រែ ចិត្តគំនិតមែន។ មកពីហេតុ នេះហើយ បានជាសាសន៍
យូដា នាំគ្នា ចាប់ទូលបង្គំ នៅក្នុងព្រះវិហារ, ព្រមទាំង
ប៉ុនប៉ង ប្រហារជីវិត ទូលបង្គំផង។
ប៉ុន្តែ ដោយព្រះជាម្ចាស់ ការពារ ទូលបង្គំ រហូត មកទល់ថ្ងៃនេះ,
បានជាទូលបង្គំ នៅតែ ផ្ដល់សក្ខីភាព អំពី ព្រះអង្គ នៅចំពោះមុខ
អ្នកតូច អ្នកធំ។ ទូលបង្គំ ពុំបាន និយាយអ្វី
ក្រៅពីសេចក្ដី ដែលពួកព្យាការី និងលោក ម៉ូសេ បានថ្លែងទុក អំពី ហេតុការណ៍
ដែលត្រូវតែ កើតមាន នោះឡើយ, ពោល គឺ៖ ព្រះគ្រិស្ដ បានរងទុក្ខ
លំបាក, ហើយ មានព្រះជន្ម រស់ឡើងវិញ មុនគេបង្អស់,
ទ្រង់ នឹងប្រទាន ដំណឹង អំពីពន្លឺ នៃការសង្គ្រោះ ប្រាប់សាសន៍
អ៊ីស្រាអែល និងសាសន៍ ដទៃ។»
កាលលោក ប៉ូល កំពុង
មានប្រសាសន៍ ការពារខ្លួន ដូច្នេះ, លោក ភេស្ទុស ក៏បន្លឺសំឡេងឡើង
យ៉ាងខ្លាំង ថា៖ «ប៉ូល អើយ! អ្នក វង្វេងស្មារតី ហើយ! គឺ អ្នក រៀនសូត្រ ច្រើនពេក បានជាត្រឡប់ទៅ
ជាវង្វេងស្មារតី ដូច្នេះ!»
លោក ប៉ូល តបវិញ
ថា៖ «សូម
ជំរាប ឯកឧត្ដម ភេស្ទុស, ខ្ញុំបាទ មិនមែន វង្វេង ស្មារតីទេ។
ផ្ទុយទៅវិញ,
ខ្ញុំបាទ និយាយតែ ពាក្យពិត មានន័យ ត្រឹមត្រូវ។ ព្រះរាជា ក៏ជ្រាប អំពី ហេតុការណ៍
ទាំងនេះ រួចស្រេច ទៅហើយដែរ។ ខ្ញុំបាទ
ហ៊ាននិយាយ នៅចំពោះមុខ ព្រះអង្គ ដោយឥតភ័យខ្លាច ឡើយ, ដ្បិត ខ្ញុំបាទ ជឿជាក់ ថា, ព្រះរាជា ជ្រាបទាំងអស់,
ព្រោះ ហេតុការណ៍នេះ មិនមែន កើតឡើង ស្ងាត់ៗ នៅកៀនកោះ ណាមួយ
នោះទេ។ បពិត្រ ព្រះរាជា, តើ ព្រះអង្គ ជឿពួកព្យាការី ឬទេ? ទូលបង្គំ ដឹងថា, ព្រះអង្គ ពិតជាជឿមែន។»
ព្រះបាទ អគ្រីប៉ា
មានរាជឱង្ការ ទៅលោក ប៉ូល ថា៖ «នៅ
ក្នុងពេល បន្តិចនេះ,
អ្នក គិតថា នឹងធ្វើ ឲ្យខ្ញុំ
ទៅជា
គ្រិស្ដបរិស័ទ ឬ?»
លោក ប៉ូល ទូលតបវិញ
ថា៖ «ទោះបី
នៅតែ បន្តិចទៀត ឬយូរទៀតក្ដី, ទូលបង្គំ អង្វរព្រះជាម្ចាស់,
សូម ទ្រង់ ប្រោសប្រណី មិនត្រឹមតែ ដល់ព្រះរាជា ប៉ុណ្ណោះទេ,
គឺ ដល់អស់លោក ដែលកំពុងស្ដាប់ ទូលបង្គំ នៅថ្ងៃនេះ, សូម ឲ្យព្រះរាជា និងអស់លោក បានដូចទូលបង្គំ ដែរ, លើកលែងតែ ការជាប់ច្រវាក់ នេះចេញ។»
ព្រះរាជា,
លោក ទេសាភិបាល, ព្រមទាំង ម្ចាស់ក្សត្រីយ៍ បេរេនីស, និងអ្នក ឯទៀតៗ ដែលអង្គុយ នៅទីនោះ,
បាននាំគ្នា ក្រោកឡើង, ហើយ ចាកចេញទៅ, ទាំងនិយាយគ្នា ថា៖ «បុរសនេះ ពុំបាន ធ្វើអ្វីខុស
ដែលត្រូវ មានទោស ដល់ជីវិត ឬត្រូវ ជាប់ច្រវាក់ ឡើយ។»
ព្រះបាទ អគ្រីប៉ា
មានរាជឱង្ការ ទៅកាន់លោក ភេស្ទុស ថា៖ «ប្រសិនបើ បុរសនេះ មិនបានសូម
ឡើង ទៅដល់ ព្រះចៅ អធិរាជទេនោះ, យើង អាចដោះលែង គាត់បាន។»
No comments:
Post a Comment