សាលាឧទ្ធរណ៍ តម្កល់ដីកា សាលាដំបូង ឲ្យលោក សាន រីច្ឆឺ បន្តជាប់ពន្ធនាគារ
RFA / វិទ្យុ អាស៊ី សេរី | ១០ តុលា ២០១៤
(ពីឆ្វេង) សមាជិក ក្រុមប្រឹក្សា ក្រុមហ៊ុន ក្លែងក្លាយ ឈ្មោះ
អាក្រា (Akra) លោក សាន រីច្ឆឺ (Richer San) អ្នកចាត់ការ ទូទៅ ធនាគារ
អង្គរ ខាប់ភីថល (Angkor Capital Bank), លោក ហឺវ ឡាខន (Herve Lacorne)
និងមន្ត្រី នាំពាក្យ ទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
ថតរូប នៅភ្នំពេញ កាលពីថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០១៣។ Photo Courtesy of Cambodian American Chamber of Commerce
លោកស្រី អេង លីគង់ ដើមបណ្ដឹង និងជាជនរងគ្រោះ នៃអំពើ ឆបោក ទឹកប្រាក់ ១លាន ដុល្លារ ឲ្យចូលភាគហ៊ុន នឹងក្រុមហ៊ុន ក្លែងក្លាយមួយ ឈ្មោះ អាក្រា (Akra) បញ្ជាក់ ថា, លោកស្រី ស្វាគមន៍ សាលដីកា សាលាឧទ្ធរណ៍។ លោកស្រី បន្ថែមទៀត ថា, នេះ ជាជំហានមួយ ដែលអាចអនុញ្ញាត ឲ្យលោកស្រី ស្វែងរក យុត្តិធម៌ក្នុង ករណី ឆបោកនេះ។
លោកស្រី អេង លីគង់៖ «ខ្ញុំ គិតថា, សាលាដំបូង និងសាលាឧទ្ធរណ៍ ផ្តល់យុត្តិធម៌ ដល់ខ្ញុំ ពិតប្រាកដមែន។ ការបារម្ភ របស់ខ្ញុំ ដោយសារ គាត់ មានសញ្ជាតិពីរ។ ប្រសិនបើ ដោះលែង, គាត់ រត់ទៅអាមេរិក នឹងពិបាក ទទួលបាន យុត្តិធម៌, ពីព្រោះ ខ្ញុំ ចោទប្រកាន់នោះ មាន៤នាក់, មនុស្ស បីនាក់ នៅអាមេរិក, ស្រាប់មាន តែ ម្នាក់ទេ ដែលតុលាការ ដំបូង គាត់ ឃាត់បាន។ បើ លែងម្នាក់, គាត់ រត់បាត់ទៅ, អ្វី ដែលកន្លង គ្មាន ប្រយោជន៍អ្វី សម្រាប់ខ្ញុំ។»
លោក សាន រីច្ឆឺ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា គឺពីរខែក្រោយពេលចៅក្រមសាលាដំបូងរាជធានី ស្នើឲ្យសមត្ថកិច្ចឃាត់ខ្លួនលោកកាលពីខែកក្កដា ឆ្នាំ២០១៤។
កាលពីឆ្នាំ២០១២ លោកស្រី អេង លីគង់ ដែលជាម្ចាស់មន្ទីរព្យាបាលធ្មេញ ម៉ាស្ទើឃែរ (Master Care Dental) នៅរាជធានីភ្នំពេញ បានប្ដឹង លោក សាន រីច្ឆឺ និងលោក ស៊ីវ ស៊ីចាន់ ជាខ្មែរអាមេរិកាំង និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ព្រមទាំងជនជាតិអាមេរិកាំងពីរនាក់ផ្សេងទៀត ពីបទឆបោកទឹកប្រាក់មួយលានដុល្លារ ដោយបានបញ្ឆោតលោកស្រីឲ្យបង់ប្រាក់១លានដុល្លារបង្កើតក្រុមហ៊ុន ប៉ុន្តែក្រោយពេលលោកស្រីបង់លុយតាមរយៈ លោក សាន រីច្ឆឺ រួចហើយ អ្នកទាំងបួនបដិសេធមិនសងប្រាក់លោកស្រីវិញ។
លោកស្រី អេង លីគង់ បញ្ជាក់បន្ថែមទៀតថា សាលាឧទ្ធរណ៍ពិតជាបានផ្តល់យុត្តិធម៌ឲ្យលោកស្រីមែន ពីព្រោះករណី លោក សាន រីច្ឆឺ ជាប់ពន្ធនាគារនេះ ត្រូវបានមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជាគូកន លោក សាន រីច្ឆឺ គឺលោក ផៃ ស៊ីផាន ជួយរត់ការជ្រោមជ្រែង ដើម្បីសម្រួលដោះលែង លោក សាន រីច្ឆឺ។
លោក ផៃ ស៊ីផាន ធ្លាប់អះអាងថា លោក សាន រីច្ឆឺ ជាមិត្តនឹងលោក ប៉ុន្តែបដិសេធថា លោកមិនបានលូកដៃចូលកិច្ចការតុលាការឡើយ៕
No comments:
Post a Comment