Paris Peace Accords 23 Oct. 1991

Friday, October 17, 2014

ក្រុម​ឃ្លាំ​មើល ​ព្រំដែន ​បារម្ភ​បាត់​បង់​ ទឹក​ដី​ ដោយសារ​ ការ​ផ្តល់​ដី​ សម្បទាន​ សេដ្ឋកិច្ច ​ឲ្យ​វៀតណាម | Border watchdog concerned about land concessions given to Vietnam

ក្រុម​ឃ្លាំ​មើល ​ព្រំដែន ​បារម្ភ​បាត់​បង់​ ទឹក​ដី​ ដោយសារ​ ការ​ផ្តល់​ដី​ សម្បទាន​ សេដ្ឋកិច្ច ​ឲ្យ​វៀតណាម


RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ តុលា ២០១៤
កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។  Global Witness Photo

មេ​ដឹក​នាំ​ ជនជាតិ​ដើម ​ភាគ​តិច និង​ក្រុម​ សកម្មជន​ ឃ្លាំ​មើល​ ព្រំដែន ដែល​កំពុង ​រស់នៅ​ និរទេស បង្ហាញ​ ការ​ព្រួយ​បារម្ភ ​ដល់​កម្ពុជា ថា​, កំពុង​បរាជ័យ ​ក្នុង​ការ​គ្រប់គ្រង​ អធិបតេយ្យភាព និង​បូរណភាព​ ទឹក​ដី​ របស់​ខ្លួន នៅ​ខណៈ ​រដ្ឋាភិបាល ​កម្ពុជា បាន​ផ្តល់ ​ដី​សម្បទាន ​សេដ្ឋកិច្ច​ ដែល​មាន ​រយៈពេល​យូរ​ ទៅ​ឲ្យ​ ក្រុមហ៊ុន​ វៀតណាម ដើម្បី ​វិនិយោគ​ នៅ​តាម​ខេត្ត​ ជាប់​ព្រំដែន។

ទោះ​បី​ ជា​យ៉ាង​ណា​ ក៏ដោយ មន្ត្រី ​ខាង​កិច្ចការ​ ព្រំដែន​ អះអាង ​ថា, កម្ពុជា កំពុង​ ខិតខំ​ប្រឹងប្រែង ​ការពារ​ ទឹក​ដី​ របស់​ខ្លួន​ តាម​ផ្លូវ​ច្បាប់​ ពី​ការ​បាត់​បង់ ​ទៅ​ប្រទេស ​ជិត​ខាង។

មេ​ដឹក​នាំ​ សហគមន៍​ ពលរដ្ឋ​ ដេហ្កា (Dega) ឬ​ហៅ​ ថា, ម៉ុងតាញ៉ាត (Montagnard) ក្នុង​សហរដ្ឋ​ អាមេរិក បាន​ចាត់​ទុក​ ការ​ធ្វើ ​វិនិយោគ ​របស់ ​ក្រុមហ៊ុន ​វៀតណាម លើ​ដី​សម្បទាន​ សេដ្ឋកិច្ច ​រយៈពេល​ យូរ​ឆ្នាំ ​នៅ​តាម​ខេត្ត​ ជាប់​ព្រំដែន​ កម្ពុជា-វៀតណាម គឺ​ ជា​រូបមន្ត​ ថ្មី​មួយ​ក្ នុង​ការ​ឈ្លាន​ពាន​ ព្រំដែន​ កម្ពុជា។

លោក កុក សរ ដែល​ជា​ប្រធាន ​មូលនិធិ ​ដេហ្កា ឬ​ជា​មេ​ដឹក​នាំ​ របស់ក្រុម​ ជនជាតិ​ដើម ​ភាគ​តិច ​ម៉ុងតាញ៉ាត ដែល​កំពុង​ រស់នៅ​ និរទេស អះអាង ​ថា, វៀតណាម មិន​ត្រឹម​តែ​ បាន​ទទួល ​ដី​សម្បទាន​ ដ៏​ច្រើន​ សម្បើម ​នោះ​ទេ, ប៉ុន្តែ ​ពួក​គេ​ នឹង​ដឹក​ជញ្ជូន​ ជនជាតិ​ វៀតណាម ជាច្រើន​ទៀត ដើម្បី មក​រស់នៅ​ លើ​ដី​សម្បទាន​ សេដ្ឋកិច្ច​ ក្នុង​ប្រទេស​ កម្ពុជា។  មិន​យូរ​ មិន​ឆាប់ ពលរដ្ឋ ​វៀតណាម ទាំង​នោះ ​នឹង​ស្វែងរក ​សិទ្ធិ​រស់នៅ ​ដោយ​ស្រប​ច្បាប់ ​នៅ​កម្ពុជា តែ​ម្តង។

លោក កុក សរ«យើង​ ចាត់​ទុក​ ថា, កម្ពុជា បរាជ័យ​ បាត់​ទៅ​ហើយ​ ចំពោះ​ ការ​ផ្តល់​ សម្បទាន​ ទៅ​ឲ្យ ​ក្រុមហ៊ុន ​វៀតណាម។  ការ​ផ្តល់​ ដី​សម្បទាន​នោះ មិន​ត្រឹម​តែ​ ធ្វើ​ឲ្យ​ពួក​គេ​ ទទួល​បាន​ដី​ ដ៏​សន្ធឹកសន្ធាប់​ ប៉ុណ្ណោះ​ទេ, តែ​ ពួក​គេ​ នឹង​នាំ​ពលរដ្ឋ ​វៀតណាម ជាច្រើន​ទៀត​ មក​រស់នៅ​ ក្នុង​ដី​នោះ​ ថែម​ទៀត។  ច្បាប់​ នៅ​កម្ពុជា ស្រដៀង​ អាមេរិក ដែរ, ប្រសិន ​ពួក​គេ ​រស់នៅ​ ក្នុង​ប្រទេស ​កម្ពុជា អស់​រយៈពេល​ ប្រាំ​ឆ្នាំ​ ឡើង​ទៅ, ពួក​គេ​ អាច​មាន​សិទ្ធិ​ ស្វែងរក​ សញ្ជាតិ​កម្ពុជា បាន។  នៅ​ពេល​ ពួក​គេ​ បាន​សញ្ជាតិ​ហើយ, ពួក​គេ ​អាច​មាន​សិទ្ធិ​ បោះ​ឆ្នោត។  ហើយ​ ប្រសិន​បើ​ ពួក​គេ​ ឈ្នះ​ឆ្នោត​ទៀត, ពេល​នោះ​នឹង​លែង​មាន ​អ្នក​ដឹក​នាំ​ ជា​ពលរដ្ឋ​ ខ្មែរ ​ទៀត​ហើយ, គឺ​ មាន​តែ​ ជនជាតិ​ វៀតណាម ប៉ុណ្ណោះ។  ពេល​នោះ ពលរដ្ឋ​វៀតណាម នឹង​ចូល​មក​ ប្រទេស​កម្ពុជា ដើម្បី​ ក្ដោបក្ដាប់​ តែ​ម្តង»

ការ​ថ្លែង​របស់ លោក កុក សរ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ក្តី​បារម្ភ​អំពី​ឥទ្ធិពល​វៀតណាម មក​លើ​កម្ពុជា និង​ឡាវ ក្នុង​សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ខែ​តុលា កន្លង​ទៅ​នេះ។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​របស់ លោក កុក ស បែប​នេះ​ក្តី តែ​ច្បាប់​អន្តោប្រវេសន៍​របស់​អាមេរិក អាច​ផ្តល់​សញ្ជាតិ​ឲ្យ​ជនជាតិ​ដទៃ​បាន លុះត្រា​តែ​ជន​នោះ​រស់នៅ​ស្រប​ច្បាប់​ក្នុង​សហរដ្ឋ​អាមេរិក ចាប់​ពី​ប្រាំ​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​ទទួល​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឬ​ហៅ​ថា​ហ្គ្រីនខាត (Greencard)។ លក្ខខណ្ឌ​ដែល​អាច​ចូល​ជា​សញ្ជាតិ​អាមេរិក បាន លុះត្រា​ជន​នោះ​ជា​មនុស្ស​ស្អាតស្អំ ចេះ​និយាយ ចេះ​សរសេរ និង​ចេះ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​របស់​អាមេរិក។

ចំណែក​ច្បាប់​សញ្ជាតិ​របស់​កម្ពុជា ត្រង់​មាត្រា​៨ ចែង​ថា ជន​បរទេស​អាច​សុំ​សញ្ជាតិ​កម្ពុជា បាន លុះត្រា​តែ​ជន​នោះ​បាន​រស់នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី ៧​ឆ្នាំ​ឡើង​ទៅ ហើយ​បាន​ទទួល​ប័ណ្ណ​ពលរដ្ឋ។ ជន​នោះ​ត្រូវ​ចេះ​សរសេរ ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​ដឹង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ និង​មិន​ធ្លាប់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ។

ក្រុម​កុលសម្ព័ន្ធ​ម៉ុងតាញ៉ាត ត្រូវ​បាន​បារាំង ដាក់​ឲ្យ​រស់នៅ​ជា​ស្វយ័ត​ក្នុង​ភូមិ​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។ នៅ​ឆ្នាំ​១៩៥៥ ទឹក​ដី​ស្វយ័ត​នេះ ត្រូវ​បាន​បារាំង លុប​ចោល​ទាំង​ស្រុង ហើយ​កាត់​ទៅ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង ដែល​ដឹក​នាំ​ដោយ​លោក​ប្រធានាធិបតី ងូវ ដីញយៀម (Ngo Dinh Diem)។ មួយ​ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង បាន​ប្ដូរ​មេ​ដឹក​នាំ​របស់​កុលសម្ព័ន្ធ​ម៉ុងតាញ៉ាត ដាក់​ជំនួស​ដោយ​ជនជាតិ​វៀតណាម ធ្វើ​ជា​មេ​ដឹក​នាំ​វិញ។ វៀតណាម មិន​ត្រឹម​តែ​គ្រប់គ្រង​កងទ័ព​ទាំង​មូល​របស់​កុលសម្ព័ន្ធ​ម៉ុងតាញ៉ាត ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ប្ដូរ​ឈ្មោះ​របស់​ជនជាតិ​ដើម​ភាគ​តិច​មួយ​នេះ ឲ្យ​ទៅ​ជា​ឈ្មោះ​វៀតណាម ទាំងអស់។ ក្រោយ​មក​ទៀត រដ្ឋាភិបាល​របស់ លោក ងូវ ដីញយៀម (Ngo Dinh Diem) នៃ​រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង បាន​បញ្ចូល​ជន​ភៀស​ខ្លួន​វៀតណាម​ខាង​ជើង ១​លាន​នាក់ ឲ្យ​ទៅ​រស់នៅ​ក្នុង​ទឹក​ដី​ភូមិ​ភាគ​កណ្ដាល​នៃ​ក្រុម​កុលសម្ព័ន្ធ​ ម៉ុងតាញ៉ាត ថែម​ទៀត។ ពេល​នោះ សាសនា ប្រពៃណី ទំនៀម​ទម្លាប់ និង​វប្បធម៌​របស់​ពួក​គេ ត្រូវ​បាន​បំផ្លាញ និង​សាប​រលាប។
«យើង​មើល​ទៅ​តំបន់​ណា​ដែល​យើង​សម្បទាន​ទៅ ​ឲ្យ​ក្រុមហ៊ុន​វៀតណាម តើ​ប្រជាពលរដ្ឋ​សាមញ្ញ​យើង​អាច​ចូល​បាន​ទេ? គឺ​អត់​បាន​ទេ ដូចជា​ប្រគល់​ឲ្យ​គេ​ដាច់​អ៊ីចឹង។ អា​ហ្នឹង​ដែល​យើង​គួរ​បារម្ភ​ទាំងអស់​គ្នា​ហ្នឹង។ ខ្ញុំ​បារម្ភ​បំផុត គឺ​ខេត្ត​រតនគិរី  មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ដែល​នៅ​ជាប់​នឹង​ព្រំដែន​ហ្នឹង គឺ​បារម្ភ​មែន​ទែន​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី​សម្បទាន​ហ្នឹង។ ងាក​ទៅ​កន្លែង​ណា​ក៏​ក្រុមហ៊ុន​វៀតណាមៗ ងាក​ទៅ​កន្លែង​ណា​ក៏​ប្រជាពលរដ្ឋ​វៀតណាម សូម្បី​តែ​ព្រៃ​ឈើ​ក្នុង​ប្រទេស​ខ្មែរ ក៏​វៀតណាម ចូល​មក​កាប់​ទន្ទ្រាន​គ្រប់​កន្លែង​ទាំងអស់។»
លោក កុក សរ អះអាង​ថា វៀតណាម កំពុង​ប្រើ​រូបមន្ត​ថ្មី​តាម​រយៈ​ការ​បញ្ជូន​ពលរដ្ឋ​របស់​គេ​មក​កម្ពុជា ឲ្យ​បាន​ច្រើន ដើម្បី​គ្រប់គ្រង​កម្ពុជា តាម​រយៈ​ល្បែង​ប្រជាធិបតេយ្យ​ដែល​ដូច​គ្នា​ទៅ​នឹង​ស្ថានការណ៍​នៅ​តំបន់​ ស្វយ័ត​គ្រីមៀរ (Crimea) ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ត្រូវ​រុស្ស៊ី រំលោភ​យក​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បន្ត​ថា ល្បែង​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺ​ជា​ការ​បង្កើន​ចំនួន​ពលរដ្ឋ​វៀតណាម ក្នុង​ប្រទេស​កម្ពុជា ការ​ខិតខំ​ឲ្យ​បាន​ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជាជន​កម្ពុជា ការ​ធ្វើ​ឲ្យ​រដ្ឋាភិបាល ឬ​មន្ត្រី​ជាន់​ខ្ពស់​របស់​កម្ពុជា ជំពាក់​គុណ​ស្រាយ​មិន​រួច ការ​ធ្វើ​ឲ្យ​កម្ពុជា រស់នៅ​ដោយ​ការ​ពឹង​ផ្អែក​លើ​វៀតណាម និង​ការ​យក​ឈ្នះ​លើ​ការ​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម ជាដើម។

លោក កុក សរ៖ «បើ​ទោះ​បី​ជា​កម្ពុជា មាន​រដ្ឋាភិបាល​របស់​ខ្លួន​ក៏ដោយ ក៏​រដ្ឋាភិបាល​មួយ​នេះ​គ្មាន​សិទ្ធិ​អំណាច​អ្វី​ទាំងអស់​ក្នុង​ការ​ គ្រប់គ្រង​មនុស្ស​ទាំង​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម ប៉ុណ្ណោះ ដែល​ជា​អ្នក​បញ្ជា​លើ​ពួក​គេ​ឲ្យ​កាប់​សម្លាប់​ប្រជាជន​ខ្លួន​ឯង។ ពលរដ្ឋ​កម្ពុជា ត្រូវ​តែ​យល់​ដឹង​អំពី​បញ្ហា​នេះ ដើម្បី​ការពារ​ខ្លួន​កុំ​រដ្ឋាភិបាល​វៀតណាម គ្រប់គ្រង​លើ​ខ្លួន​ជ្រុល​ហួស​ហេតុ​ពេក។ ដើម្បី​ធ្វើ​ដូច្នេះ​បាន លោក​អ្នក​ត្រូវ​តែ​ខ្លាំង​ត្រូវ​តែ​ឯករាជ្យ»

លើស​ពី​នេះ​ទៅ​ទៀត លោក​ថា ការ​ផ្តល់​ដី​សម្បទាន​ដែល​មាន​រយៈពេល​យូរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វៀតណាម តាម​បណ្តោយ​ព្រំដែន គឺ​ជា​គ្រោះ​កាច​សម្រាប់​បូរណភាព​ទឹក​ដី​កម្ពុជា។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម គឺ​ធ្វើ​ឡើង​ក្នុង​ចម្ងាយ​មួយ​គីឡូ​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ ប្រទេស​ទាំង​ពីរ៖ «យើង​មិន​ដែល​ឲ្យ​ធ្វើ​ជាប់​ខ្សែ​ព្រំដែន​ទេ គឺ​យើង​តែង​តែ​ឲ្យ​មាន​គម្លាត​ឆ្ងាយ។ ប្រសិន​ជា​ឲ្យ​ធ្វើ​ទៀតសោត ទាល់​តែ​កន្លែង​ហ្នឹង​វា​បាន​កំណត់​រួច​ហើយ បើ​មិន​ទាន់​រួច​ទេ អា​ហ្នឹង​យើង​ឲ្យ​ឃ្លាត​មិន​តិច​ជាង​មួយ​គីឡូ​ម៉ែត្រ ទៅ​ពីរ​គីឡូ​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន»

ប៉ុន្តែ ក្រុម​សកម្មជន​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា​វៀតណាម និយាយ​ថា ពលរដ្ឋ​វៀតណាម ប្រើ​រូបភាព​ជួល​ដី​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន ភ្ជាប់​ជាមួយ​ដី​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​រហូត​មក​ទល់​ពេល​នេះ គ្មាន​ពលរដ្ឋ​ខ្មែរ ឬ​អាជ្ញាធរ​ខ្មែរ​ណា​មួយ​អាច​ចេញ​ចូល​ដី​ដែល​ក្រុមហ៊ុន​នោះ​កំពុង​កាន់​កាប់ ​នោះ​ឡើយ។
ប្រធាន​អង្គការ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ដែល​កំពុង​រស់នៅ​និរទេស លោក មឿង សុន មាន​ប្រសាសន៍​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ថា ក្រុមហ៊ុន​វៀតណាម ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា មិន​ត្រឹម​តែ​កាប់​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​អាច​ជីក​រ៉ែ​ក្រោម​ដី​ដឹក​ជញ្ជូន​ជា​សម្ងាត់​ទៅ​កាន់​ប្រទេស​ វៀតណាម ថែម​ទៀត៖ «យួន គេ​ធ្វើ​ដី​ក្រោម​ដី​ដល់​ទៅ​រាប់​រយ​គីឡូ មិន​មែន​ពិបាក​ត្រឹម​តែ​មួយ​គីឡូ​នោះ​ទេ ហើយ​អា​ជាប់​ហ្នឹង គេ​អាច​ជីក​ធ្វើ​ជា​ផ្លូវ​លំ​ហូជីមិញ ដឹក​ជញ្ជូន​រ៉ែ​នៅ​ក្រោម​ដី​មាន​មាស​មាន​អី​ណា ក៏​យើង​អត់​អាច​ដឹង​បាន​ដែរ។ ហើយ​គេ​អាច​បញ្ជូន​សកម្មជន​ចារកម្ម​យួន មក​គ្រប់​បែប​យ៉ាង​ក្នុង​សង្គម​នោះ គេ​បាន​ធ្វើ​រួច​ទៅ​ហើយ អា​ហ្នឹង​ប្រវត្តិសាស្ត្រ​ដែល​យើង​ត្រូវ​គិត​ផង កុំ​គិត​ថា​ត្រង់​មួយ​គីឡូ​ដី​ហ្នឹង​បាន​សុវត្ថិភាព​សម្រាប់​ប្រទេស​ជាតិ»

ស្ថិតិ​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១២ បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ដី​ទំហំ​ប្រហែល ១​លាន​ហិកតារ កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០ នៅ​តាម​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ព្រះវិហារ ដែល​ភាគ​ច្រើន​ចុះ​កិច្ចសន្យា ៩៩​ឆ្នាំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ក្រុមហ៊ុន​វៀតណាម ទាំង​នោះ​រួម​មាន ភូ រៀង ក្រចេះ​អភិវឌ្ឍន៍ ក្រុមហ៊ុន ដុង ណាយ ដុង ភូ ដាយ​ដុង​យឿង ដូវ ទៀង ប៊ិញ​ហ្វឿក និង​ក្រុមហ៊ុន​វៀតណាម​ជាច្រើន​ទៀត។ ក្រុមហ៊ុន​ទាំង​នេះ​បាន​ទទួល​សម្បទាន​ដី​សេដ្ឋកិច្ច​ចាប់​ពី ៥​ពាន់​ហិកតារ ១​ម៉ឺន​ហិកតារ ហើយ​ខ្លះ​រហូត​ដល់​ទៅ ៧​ម៉ឺន​ហិកតារ ក្នុង​ការ​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម រួម​មាន កៅស៊ូ ដំឡូងមី និង​ដូង​ប្រេង ជាដើម។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​កិច្ចការ ឬ​ល្បិច​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា ក្រុមហ៊ុន​បរទេស​ខ្លះ​ធ្វើ​ឡើង​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល ហើយ​ខ្លះ​ទៀត​ធ្វើ​ឡើង​តាម​រយៈ​ឈ្មួញ​កណ្ដាល។

វិទ្យុ​អាស៊ីសេរី បាន​ទទួល​ឯកសារ​ផ្ទេរ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មីនា ឆ្នាំ​២០០៨ រវាង​ក្រុមហ៊ុន ភីស៊ីខូ ពាណិជ្ជ (P.C.Co Peanich Ltd) របស់ លោក ឆាយ វ៉ិត ជា​ជនជាតិ​ខ្មែរ និង​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ប្រេសស្ទ៊ីច ហ្វាញណាន់ អ៊ែន អ៊ីនវេសមែន ភីធីវ៉ាយ (Prestige Finance & Investments Pty, Ltd) របស់ អ្នកស្រី ហេណា ង្វៀង (Hannah Nguyen) ហៅ តុង មីហាញ់ (Tong My Hanh) នៅ​ទឹក​ប្រាក់ ៣២០​ដុល្លារ​ក្នុង​១​ហិកតារ ស្មើ​នឹង ១១២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ផ្ទៃ​ដី​សរុប​ទំហំ ៣​សែន ៥​ម៉ឺន​ហិកតារ ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​កាង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​និយាយ​ថា ក្រុមហ៊ុន​វៀតណាម មួយ​នេះ អាច​កាប់​ព្រៃ​ឈើ​ប្រណីត​របស់​ខ្មែរ​តែ ១០​ហិកតារ​លក់​ប៉ុណ្ណោះ អាច​បង្គ្រប់​ទូទាត់​ទៅ​នឹង​តម្លៃ​ចំណាយ ១១២​លាន​ដុល្លារ​ពី​ការ​ទិញ​ដី​សម្បទាន​នេះ​បាត់​ទៅ​ហើយ។

កាប់​ឈើ មណ្ឌលគិរី ៦១០
៣០-តុលា-២០១៣៖ គំនរ​ឈើ​របស់​ក្រុមហ៊ុន ខេ ភីស អ៊ិនវេសមែន (K Peace Investment) នៅ​តំបន់​អភិរក្ស​ភ្នំ​ណាំលា ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។ Adhoc Photo

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ និយាយ​ថា ការ​សុំ​ដី​សម្បទាន​ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម​របស់​ក្រុមហ៊ុន​វៀតណាម ឬ​ក្រុមហ៊ុន​ចិន ផ្សេង​ទៀត គ្រាន់​តែ​ជា​រូបភាព​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ការ​ពិត ក្រុមហ៊ុន​ទាំង​នោះ​បាន​ដក​យក​ព្រៃ​ឈើ និង​រ៉ែ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​រាប់​ពាន់​លាន​ដុល្លារ ធ្វើ​អាជីវកម្ម​យ៉ាង​ហិនហោច​តែ​ម្តង៖ «អ៊ីចឹង​យើង​អត់​ដឹង​ថា​សម្បទាន​ សេដ្ឋកិច្ច​ឲ្យ​តែ​វៀតណាម ដាំ​កៅស៊ូ​ហ្នឹង ប៉ុន្តែ​អត់​ដឹង​ថា​ក្នុង​ហ្នឹង​គេ​រុក​រក​រ៉ែ គេ​ប្រមូល​ធនធាន​រ៉ែ គេ​កាប់​ឈើ និយាយ​ទៅ​វា​មាន​អាថ៌កំបាំង​ច្រើន​ដែល​យើង​គិត​ថា​រដ្ឋាភិបាល​បាន​លាក់​ កំបាំង​ច្រើន​មែន​ទែន។ ហើយ​បើ​សិន​ជា​យើង​គិត​ថា គ្រាន់​តែ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ធ្វើ​តាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ​នោះ វា​អត់​អី​ទេ តែ​ទំហំ​ដី​សម្បទាន​ដែល​ឲ្យ​នេះ​វា​ច្រើន​ពេក។»

លោក​បន្ត​ថា ក្រៅ​ពី​ក្រុមហ៊ុន​វៀតណាម បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា រាប់​សែន​ហិកតារ ដើម្បី​កាប់​ព្រៃ​ឈើ និង​ជីក​រ៉ែ​ធ្វើ​អាជីវកម្ម​ទៅ​ក្រៅ​ប្រទេស ដែល​ចំណេញ​កប់​ក្តោង​រាប់​ពាន់​លាន​ដុល្លារ​ហើយ​នោះ ពួក​ក្រុមហ៊ុន​ទាំង​នេះ​ក៏​បាន​នាំ​ពលរដ្ឋ​របស់​ខ្លួន មក​ដាំ​កៅស៊ូ​ក្នុង​ទឹក​ដី​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ ព្រំដែន​កម្ពុជា​វៀតណាម ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត លោក ឈឹម សាវុធ បារម្ភ​ថា​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី អាច​នឹង​បាត់​បង់​ថ្ងៃ​អនាគត ប្រសិន​រដ្ឋាភិបាល​កម្ពុជា មិន​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ។

លោក ឈឹម សាវុធ៖ «យើង​មើល​ទៅ​តំបន់​ណា​ដែល​យើង​សម្បទាន​ទៅ​ឲ្យ​ ក្រុមហ៊ុន​វៀតណាម តើ​ប្រជាពលរដ្ឋ​សាមញ្ញ​យើង​អាច​ចូល​បាន​ទេ? គឺ​អត់​បាន​ទេ ដូចជា​ប្រគល់​ឲ្យ​គេ​ដាច់​អ៊ីចឹង។ អា​ហ្នឹង​ដែល​យើង​គួរ​បារម្ភ​ទាំងអស់​គ្នា​ហ្នឹង។ ខ្ញុំ​បារម្ភ​បំផុត គឺ​ខេត្ត​រតនគិរី  មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ដែល​នៅ​ជាប់​នឹង​ព្រំដែន​ហ្នឹង គឺ​បារម្ភ​មែន​ទែន​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី​សម្បទាន​ហ្នឹង។ ងាក​ទៅ​កន្លែង​ណា​ក៏​ក្រុមហ៊ុន​វៀតណាមៗ ងាក​ទៅ​កន្លែង​ណា​ក៏​ប្រជាពលរដ្ឋ​វៀតណាម សូម្បី​តែ​ព្រៃ​ឈើ​ក្នុង​ប្រទេស​ខ្មែរ ក៏​វៀតណាម ចូល​មក​កាប់​ទន្ទ្រាន​គ្រប់​កន្លែង​ទាំងអស់។»

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ព្រំដែន​និយាយ​ថា ទឹក​ដី​កម្ពុជា អាច​បាត់​បង់​ដូច​តំបន់​ស្វយ័ត​គ្រីមៀរ (Crimea) របស់​ប្រទេស​អ៊ុយក្រែន (Ukraine) ទៅ​ប្រទេស​រុស្ស៊ី ប្រសិន​បើ​កម្ពុជា មិន​បញ្ឈប់​កុងត្រា​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​សែន​ហិកតារ​ទៅ​ឲ្យ​ប្រទេស​ វៀតណាម នោះ។

សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ទាមទារ​ឲ្យ​វៀតណាម បញ្ឈប់​មហិច្ឆតា​យក​ទឹក​ដី​កម្ពុជា បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​លើ​សិទ្ធិ​ក្នុង​ជំនឿ​សាសនា។ ពួក​គេ​ទាមទារ​ឲ្យ​បណ្ដា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ សន្តិភាព​ទីក្រុង​ប៉ារីស ទាំងអស់ បើក​កិច្ច​ប្រជុំ​ឡើង​វិញ ដើម្បី​ផ្ទៀងផ្ទាត់​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង៕


No comments:

Post a Comment