ក្លឹប អ្នកកាសែត ជំរុញ ឲ្យមហាជន ប្រើប្រាស់ បណ្ដាញសង្គម ប្រកប ដោយក្រមសីលធម៌
RFA / វិទ្យុ អាស៊ី សេរី | ១១ តុលា ២០១៤
ក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលមួយស្ដីអំពីយុវជនកម្ពុជា បណ្ដាញព័ត៌មានសង្គម និងនយោបាយ ក្នុងគោលបំណងជំរុញឲ្យអ្នកសារព័ត៌មាន យុវជន និងអ្នកសកម្មក្នុងការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ប្រើប្រាស់បណ្ដាញនេះឲ្យបានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ជាផលប្រយោជន៍និងកុំឲ្យខ្មែរបែកបាក់គ្នា។
បណ្ដាញសង្គមកំពុងតែមានប្រជាប្រិយភាពខ្លាំងសម្រាប់ការប្រើប្រាស់ ក្នុងគោលដៅនយោបាយដែលគេមើលឃើញថា អ្នកប្រើប្រាស់មួយចំនួនកំពុងបំពុលសង្គមតាមរយៈបណ្ដាញនេះ ដោយសារការប្រើប្រាស់មិនបានត្រឹមត្រូវ បង្កឲ្យក្លាយជាគំនុំគុំកួន ជេរប្រមាថ និងប្រើពាក្យអសុរោះដាក់គ្នាទៅវិញទៅមក។
ប្រធានរដ្ឋបាលក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានកត់សម្គាល់នៅថ្ងៃទី១១ តុលា ថា បច្ចុប្បន្នការប្រើប្រាស់បណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក នៅតែមានតួនាទីសំខាន់ទៅដល់ការសម្រេចចិត្តក្នុងការបោះឆ្នោតនៅ អាណត្តិបន្ទាប់ ស្របពេលដែលបណ្ដាញនេះត្រូវបានគេមើលឃើញថា ប្រើប្រាស់បម្រើឲ្យនិន្នាការនយោបាយលេចធ្លោជាងគេ ក្នុងចំណោមប្រើប្រាស់សម្រាប់គោលដៅសង្គមផ្សេងៗ ចាប់តាំងពីមុនការបោះឆ្នោតអាណត្តិទី៥មកនោះ។
លោក ប៉ែន បូណា បានស្នើឲ្យយុវជនទាំងអស់ដែលសកម្មក្នុងការប្រើប្រាស់បណ្ដាញសង្គម សំខាន់ៗ មកជួបជុំគ្នារកវិធីដែលប្រើប្រាស់ឲ្យមានប្រយោជន៍ជាងយកវេទិកា បណ្ដាញសង្គមនេះប្រើប្រាស់អវិជ្ជមាន៖ «ក្លឹបអ្នកកាសែតកម្ពុជា ចង់ប្រមូលផ្ដុំអ្នកដែលប្រើប្រាស់បណ្ដាញសង្គមសំខាន់ៗមកជជែកគ្នា ពីព្រោះការប្រើប្រាស់ហ្នឹងវាមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន។ ចំណុចវិជ្ជមានយើងឃើញថា មានការរួមចំណែកចែករំលែកព័ត៌មានសេរីភាពសម្ដែងមតិអីគ្រប់យ៉ាង ដើរទូលំទូលាយ ធ្វើឲ្យប្រជាជន យុវជនមានសេរីភាព មានការយល់ដឹងព័ត៌មានទូលំទូលាយជាងមុន។ ប៉ុន្តែគ្រាន់តែថា ចំណុចអវិជ្ជមានការប្រើប្រាស់វេទិកាបណ្ដាញសង្គមហ្នឹង ដើម្បីជេរប្រមាថដើម្បីបរិហារកេរ្តិ៍ ដូចជាបង្ហោះរូបភាពមិនសមរម្យ ការកាត់តអ៊ីចឹង វាជាចំណុចអវិជ្ជមានមួយដែលធ្វើឲ្យបរិយាកាសក្នុងបណ្ដាញសង្គមពុល។»
លោកថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីយុវជនកម្ពុជា បណ្ដាញសង្គម និងនយោបាយដែលរៀបចំដោយក្លឹបអ្នកកាសែត នៅថ្ងៃទី១១ ខែតុលា ក្រោមការឧបត្ថម្ភរបស់មូលនិធិ ខនរ៉ាត អាឌិនណាអ៊ែរ ប្រចាំកម្ពុជា (Konrad Adenauer)។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមពីយុវជនមកពីសាកលវិទ្យាល័យផ្នែកប្រព័ន្ធ ផ្សព្វផ្សាយ អ្នកសារព័ត៌មាន ក្រុមយុវជនកាហ្វេនយោបាយ និងយុវជនដែលមាននិន្នាការគាំទ្របក្សនយោបាយ រួមទាំងសង្គមស៊ីវិលផងដែរ។
កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ជាសកម្មជននយោបាយក្នុងបណ្ដាញសង្គមគាំទ្របក្សសង្គ្រោះ ជាតិ ថ្លែងថា អ្វីដែលនាងបានបង្ហោះនៅក្នុងបណ្ដាញសង្គមគឺសកម្មភាពសង្គម ការងារមនុស្សធម៌ និងឆន្ទៈនយោបាយដែលនាងទទួលបាននូវការគាំទ្ររហូតដល់ ៤៤ម៉ឺន ៥ពាន់នាក់ ថ្វីត្បិតតែទន្ទឹមនឹងគ្នានោះមានការរិះគន់នាងជាច្រើនក៏ដោយ។
កញ្ញា ធី សុវណ្ណថា៖ «នាងខ្ញុំសូមបញ្ជាក់ឲ្យពួកគាត់ជារឿយៗថា នៅពេលដែលយើងជាយុវជនម្នាក់នៅក្នុងសង្គម យើងតែងតែបង្ហោះអ្វីមួយទៅដល់រដ្ឋាភិបាល រិះគន់ ឬក៏គាំទ្រ នេះក៏ជាឆន្ទៈ ឬក៏គោលជំហរយើងផ្ទាល់ មិនអាចទៅថា ខ្ញុំអាចបង្ខំអ្នកនៅក្នុងហ្វេសប៊ុកឲ្យគាត់មកគាំទ្រគណបក្សនេះ ទាំងអស់ ឬក៏ឲ្យគាត់គាំទ្ររដ្ឋាភិបាលទាំងអស់នោះទេ ប៉ុន្តែនេះគឺជាសិទ្ធិបុគ្គលផ្ទាល់ខ្លួនឲ្យយុវជនយើងឲ្យគាត់ប្រើ ប្រាស់ហ្វេសប៊ុកក្នុងផ្លូវមួយដ៏ត្រឹមត្រូវ ជៀសវាងការបែកបាក់រវាងខ្មែរនិងខ្មែរ។»
ក៏ប៉ុន្តែយុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា លោក សូ តារា មានទស្សនៈផ្ទុយពីកញ្ញា ធី សុវណ្ណថា ត្រង់ការប្រើប្រាស់បណ្ដាញសង្គមនេះមិនមែនសម្រាប់គោលដៅនយោបាយនោះ ទេ។ ប៉ុន្តែថាត្រូវតែប្រើក្នុងអត្ថប្រយោជន៍រួមដើម្បីអភិវឌ្ឍន៍សង្គម លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសម្រាប់ផ្សព្វផ្សាយការអប់រំល្អៗ។
អ្នកសម្របសម្រួលគម្រោងសេរីភាពនៃការបញ្ចេញមតិរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា មានមតិថា ការប្រើប្រាស់បណ្ដាញនេះគឺជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិដែលគួរ តែមានដែនកំណត់នឹងមិនត្រូវឲ្យប៉ះពាល់ទៅដល់សេរីភាពអ្នកដទៃ។ កញ្ញាស្នើឲ្យអ្នកប្រើប្រាស់មានការពិចារណាខ្ពស់។ រីឯការបញ្ចេញមតិ ឬខមមិន (Comment) គួរប្រើពេលវេលាគិតនិងវិភាគជាមុន។
កញ្ញា សន រ៉ាមណា៖ «អ្វីដែលសំខាន់របស់សេរីភាពបញ្ចេញមតិគឺទាក់ទងរឿងថា គំនិតផ្សេងៗ គំនិតចម្រុះរបស់អ្នកបញ្ចេញមតិ បើសិនជាគំនិតស្របគ្នាទាំងស្រុងក៏វាអត់មានអីគួរឲ្យចាប់ អារម្មណ៍ដែរ។ ការបញ្ចេញមតិហ្នឹងវាអត់មានភាពស៊ិចស៊ី មតិច្រើន ប៉ុន្តែយើងត្រូវធ្វើយ៉ាងម៉េចឲ្យវាបញ្ចេញមតិទៅឲ្យយើងទទួលយក បាន ហើយអ្នកដទៃក៏ទទួលយកបាន។ ខ្ញុំឃើញថា ក្មេងៗមួយចំនួនគាត់ប្រើប្រាស់ ពេលខ្លះគាត់ប្រើប្រាស់ទាំងកំហឹង ប្រើប្រាស់ទាំងភាពស្អប់ខ្ពើម គាត់មិនចាប់អារម្មណ៍ពិចារណាទៅលើស្ថានភាពជាមុនសិនមុននឹងនិយាយ ស្ដីទេ។»
កន្លងមកអ្នកនយោបាយក៏ធ្លាប់លើកឡើងពីការ កាត់តរូបភាពរបស់ថ្នាក់ដឹកនាំប្រទេស ឬអ្នកនយោបាយបង្ហោះតាមបណ្ដាញសង្គម គឺជារូបភាពអសីលធម៌។ ថ្មីៗនេះរដ្ឋាភិបាលមានគម្រោងបង្កើតច្បាប់ស្ដីពីឧក្រិដ្ឋកម្ម អ៊ីនធឺណិត។ ប៉ុន្តែសង្គមស៊ីវិលក៏បានទាមទារមានការចូលរួមពិភាក្សាឲ្យបាន ទូលំទូលាយ ជៀសវាងការយកច្បាប់នេះទៅរឹតបណ្ដឹងទៅលើសិទ្ធិសេរីភាពសម្ដែងមតិ៕
No comments:
Post a Comment