Paris Peace Accords 23 Oct. 1991

Wednesday, October 15, 2014

ថ្ងៃ​ ១៧​ តុលា​ នឹង​មាន​ បាតុកម្ម​ ប្រឆាំង​ នឹង​ការ​អនុវត្ត ​កិច្ច​ព្រមព្រៀង​ នៃ​ការ​បញ្ជូន ​និង​ទទួល​ ជន​ភៀស​ខ្លួន ​ពី​អូស្ត្រាលី ​មក​រស់​នៅ​ កម្ពុជា | Demonstration on Oct. 17 against plan to settle refugees from Australia in Cambodia


ថ្ងៃ​ ១៧​ តុលា​ នឹង​មាន​ បាតុកម្ម​ ប្រឆាំង​ នឹង​ការ​អនុវត្ត ​កិច្ច​ព្រមព្រៀង​ នៃ​ការ​បញ្ជូន ​និង​ទទួល​ ជន​ភៀស​ខ្លួន ​ពី​អូស្ត្រាលី ​មក​រស់​នៅ​ កម្ពុជា

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ១៤ តុលា ២០១៤

បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា
បាតុកម្ម​ ប្រឆាំង ​នឹង​ការ​ចុះ កិច្ចព្រមព្រៀង ​បញ្ជូន​ ជនភៀសខ្លួន​ ពី​អូស្រ្តាលី ​មក​កម្ពុជា
REUTERS/Samrang Pring

សិស្ស​និស្សិត​, បញ្ញវន្ត​, ព្រះសង្ឃ, ​និង​ប្រជាពលរដ្ឋ​ មាន​បញ្ហា ដីធ្លី​ ប្រមាណ ​១០០០​ នាក់ ​គ្រោង​ នឹង​ជួបជុំ ​និង​ដង្ហែ​ញត្តិ ​ធ្វើ​បាតុកម្ម​ ក្នុង​គោល​បំណង​ ស្វែង​រក​ កិច្ច​អន្តរាគមន៍​ ដើម្បី​ ទប់ស្កាត់​ ការ​បញ្ជូន​ និង​ការ​ទទួល​ ជនភៀស​ខ្លួន​ ពី​ប្រទេស ​អូស្ត្រាលី ​មក​តាំង​ ទី​លំនៅ ​នៅ​ប្រទេស ​កម្ពុជា។​  បាតុកម្ម​ នៅ​ថ្ងៃ​សុក្រ ​ទី​១៧ ​ខែ​តុលា ​នឹង​ធ្វើ​ឡើង​ ចាប់​ពី​ម៉ោង ​៧​ព្រឹក​ ដល់​ម៉ោង​ ៥​ល្ងាច​ ដោយ​ចាប់​ផ្តើម ​ប្រមូល​ផ្តុំ​ នៅ​មុខ​ ស្ថានទូត​ សហរដ្ឋ អាមេរិក ​ហែ​ទៅ​ដាក់​ញត្តិ​ នៅ​វិមាន​ សន្តិភាព,​ អង្គការ​ សហប្រជាជាតិ​, ខាង​សិទ្ធិ​មនុស្ស, ​សហភាព​ អឺរ៉ុប,​ រដ្ឋសភា, ​និង​ទៅ​កាន់​ ស្ថានទូត ​អូស្ត្រាលី។

លិខិត ​អំពាវនាវ ធ្វើបាតុកម្ម ចុះហត្ថលេខា ដោយ​លោក ម៉ៅ ពិសេស ប្រធាន​ សហព័ន្ធ​ និស្សិត​បញ្ញវន្ត​ កម្ពុជា ចុះ​ថ្ងៃ ទី១៤ ខែតុលា បាន​លើកឡើង ថា, បាតុកម្ម នៅ​ថ្ងៃ​សុក្រ ទី១៧ តុលា ដើម្បី​ ជំរុញ ​ឲ្យ​រាជរដ្ឋាភិបាល​ កម្ពុជា និង​រដ្ឋាភិបាល ​អូស្ត្រាលី កុំ​អនុវត្ត​ កិច្ចព្រមព្រៀង ដែល​បាន​ចុះ ហត្ថលេខា កាលពី​ថ្ងៃ ទី២៦ ខែកញ្ញា ពីព្រោះ ​វា​ នឹងមិន​ផ្តល់ ផលប្រយោជន៍​អ្វី​ ដល់​ប្រជ​ពលរដ្ឋ ​កម្ពុជា និង​ជនភៀសខ្លួន​ ទាំង​នោះទេ។


មេដឹកនាំ​ បាតុកម្ម លោក ម៉ៅ ពិសេស ពន្យល់​ នៅ​ថ្ងៃ​អង្គារ​នេះ​ ថា, កម្ពុជា ជា​ប្រទេស ​ក្រីក្រ, វិស័យ​​ អប់រំ ​នៅ​ខ្សោយ, ប្រព័ន្ធ​ សុខាភិបាល និង​ការងារ​ សម្រាប់​ ប្រជាពលរដ្ឋ ក៏​មិនទាន់ ​ដោះ​ស្រាយ។  ក្រៅពីនោះ បញ្ហា​ រំលោភ​ សិទ្ធិមនុស្ស និង​បញ្ហាដីធ្លី ក៏​រដ្ឋាភិបាល​ កម្ពុជា មិនទាន់​បាន ​ដោះស្រាយ​ នៅឡើយ​ទេ។  ដូច្នេះ​ តាម​លោក ម៉ៅ ពិសេស, បើ​ កម្ពុជា ទទួលយក ​ជន​ភៀស​ខ្លួន ពី​ប្រទេស​ អូស្ត្រាលី មក​រស់នៅ​ កម្ពុជា ដូច​កិច្ចព្រមព្រៀង​ មែន​នោះ គឺ​ គ្រាន់តែ​ ជា​ការ​ដាក់បន្ទុក​ បន្ថែម​ លើ​កម្ពុជា​ ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ តំណាង​ រាជរដ្ឋាភិបាល​ កម្ពុជា តាមរយៈ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ ក្រសួង មហាផ្ទៃ បាន​យល់ឃើញ​ ខុសពី​នេះ។  តាម​លោក​ ឧ​ត្ត​ម​សេនីយ៍, ទោះ ជា​មាន ការ​តវ៉ា, ប៉ុន្តែ​ កិច្ចព្រមព្រៀង ​រវាង​ រាជរដ្ឋាភិបាល ​កម្ពុជា និង​អូស្ត្រាលី នៅតែ​ បន្ត ក្នុង​បញ្ហា ​ជន​ភៀស​ខ្លួន។  ប៉ុន្តែ​ កិច្ចព្រមព្រៀង​នោះ នឹងត្រូវ​ ធ្វើ​ ដោយ​ស្ម័គ្រចិត្ត, ហើយ ​ជា​លាយលក្ខណ៍។

លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ ថា, នៅ​ខែតុលា​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បញ្ជូន​មន្ត្រី ទៅកាន់​ជំរុំ​ភៀសខ្លួន ណៅ​រុ ក្នុងប្រទេស​អូស្ត្រាលី ដើម្បី​ពន្យល់​ពី​ស្ថានភាព​កម្ពុជា ដល់​ជនភៀសខ្លួន​ទាំងនោះ ហើយ​បើ​ពួកគេ ស្ម័គ្រចិត្ត​មក​រស់នៅ​កម្ពុជា នោះ​កម្ពុជា​នឹង​ទទួលយក តែបើ​ពួកគេ មិន​ព្រម​ទេ រដ្ឋាភិបាល ក៏​មិន​ចាប់បង្ខំ​នោះដែរ។

អំពី​គម្រោង​ជួបជុំ​ធ្វើបាតុកម្ម ពេញ​មួយថ្ងៃ នៅ​ថ្ងៃ​សុក្រ ទី១៧តុលា គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានទទួល​លិខិត​ជូនដំណឹង​រួចហើយ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង​ឌី​ម៉​ង់ បញ្ជាក់ថា អាជ្ញាធរ នឹង​ប្រជុំ​ជាមួយ​មេដឹកនាំ​បាតុកម្ម នៅ​ថ្ងៃទី១៥តុលា៕




No comments:

Post a Comment