Paris Peace Accords 23 Oct. 1991

Thursday, October 30, 2014

រដ្ឋមន្ត្រី​ ក្រសួង​អប់រំ ​អះអាង​ថា​, សិស្ស ​ប្រឡង​បាក់​ឌុប ​លើក​ទី​២ ​ជាប់​តិច​ ជាង​លើក ​ទី​១ | Education Minister: Less students who took Bac exam 2nd time pass

រដ្ឋមន្ត្រី​ ក្រសួង​អប់រំ ​អះអាង​ថា​, សិស្ស ​ប្រឡង​បាក់​ឌុប ​លើក​ទី​២ ​ជាប់​តិច​ ជាង​លើក ​ទី​១

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៩ តុលា ២០១៤
 
ប្រឡង​បាក់​ឌុប​លើក​ទី​២ ៦២០
បេក្ខជន​ប្រឡង​បាក់​ឌុប​លើក​ទី​២​ចេញ​ពី​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤។  RFA/Tep Soravy

ប្រមុខ​ដឹក​នាំ​ ក្រសួង​អប់រំ ឲ្យ​ដឹង​ថា, សិស្ស ​ប្រឡង​បាក់​ឌុប ​លើក​ទី​២​ ជាប់​តិច​ ជាង​ប្រឡង​ លើក​ទី​១។  លោក​រដ្ឋមន្ត្រី ​បញ្ជាក់​ថា, លទ្ធផល​ ប្រឡង​បាក់​ឌុប​ លើក​ទី​២​នេះ ផ្ទុយ ​នឹង​ការ​រំពឹង​ទុក​ របស់ ​ក្រសួង​អប់រំ, ប៉ុន្តែ ​ក្រសួង​ មិន​មាន ​គោលការណ៍​ ណា​មួយ​ បន្ធូរបន្ថយ​ពិន្ទុ ដើម្បី ​ឲ្យ​ចំនួន​សិស្ស ​ប្រឡង​ជាប់​ កើន​ឡើង ​នោះ​ឡើយ។

លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃ​ ទី​២៨ ខែ​តុលា បញ្ជាក់​ថា, បេក្ខជន ​ប្រឡង​បាក់​ឌុប ​លើក​ទី​២ សម័យ​ប្រឡង ​ថ្ងៃ​ទី​១៣ ខែ​តុលា មាន​ចំនួន​ ជាង៦​ម៉ឺន​នាក់។  ប៉ុន្តែ តាម​ការ​ប៉ាន់ស្មាន សិស្ស​ ដែល​ប្រឡង​ជាប់​ មាន​មិន​ដល់ ២៥% នោះ​ទេ។  លោក​ មាន​ប្រសាសន៍ ​ថា, សិស្ស​ ដែល​ប្រឡង​ធ្លាក់​ ទាំងអស់ អាច​បន្ត​រៀន ថ្នាក់​បរិញ្ញាបត្រ​ រង ឬ​ចូល​រៀន ​ក្នុង​មធ្យម​សិក្សា បច្ចេកទេស​ បាន, តែ ​បើ ​ចង់​ប្រឡង​ជាប់​ បាក់​ឌុប ចាំបាច់​ ត្រូវ​តែ​ ខិតខំ​រៀន​សូត្រ​ បន្ត​ទៀត។

លោក ​បន្ថែម​ថា លទ្ធផល​ ប្រឡង​បាក់​ឌុប​ លើក​ទី​២​នេះ នឹង​ប្រកាស មុន​កាល​កំណត់៖ «តាមផែនការ​ នៅ​ថ្ងៃ​៣ ឬ​ថ្ងៃ​៤ ចឹង,​ យើង​ អាច​ប្រកាស​ មុនការងារ​ហ្នឹង​ សល់​មួយ​ថ្ងៃ​ ពីរ​ ទៀត ​រួច​ហើយ។  ឥឡូវ​ហ្នឹង ​យើង​ ក៏​អត់​ទាន់​ ដឹង​ដែរ ព្រោះ ​យើង​ នៅ​សម្អាត ​តួលេខ, ហើយ​ ផ្ទៀងផ្ទាត់​អី​ បាន​ត្រឹមត្រូវ​ហើយ, អាច​ថា​ ថ្ងៃ​៣០ ឬ​៣១ អី​ហ្នឹង, អាច​ដឹង​ហើយ។  វា ​ត្រូវ​ហើយ​ មុន​២ ឬ៣​ថ្ងៃ។»

លោក ហង់ ជួនណារ៉ុន បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​ក្រោយ ក្រសួង​នឹង​ពង្រឹង​អធិការកិច្ច ដើម្បី​ពង្រឹង​គុណភាព​វិស័យ​របស់​គ្រូ និង​សិស្ស បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​គ្រូបង្រៀន ពង្រាយ​គ្រូបង្រៀន​ឲ្យ​ដល់​គ្រប់​គោលដៅ ស្វែងរក​សម្ភារៈ​ឧទ្ទេស​សម្រាប់​បង្រៀន កែ​ទម្រង់​កម្មវិធី​សិក្សា និង​បន្ថែម​ប្រាក់​លើក​ទឹក​ចិត្ត​ចំពោះ​គ្រូបង្រៀន ជាដើម។ ចំណែក​ឯ​ការ​ប្រឡង នៅ​តែ​រឹត​បន្តឹង​ដដែល។

ចំណែក​ឯ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន វិញ​រក​ឃើញ​ថា សិស្ស​ប្រឡង​បាក់​ឌុប​ជាប់​លើក​ទី​២​នេះ បាន​ត្រឹម​តែ​ជាង ១០% ប៉ុណ្ណោះ។ លោក​បន្ត​ថា រយៈពេល​រៀន​បំប៉ន​ជាង ១​ខែ​មិន​គ្រប់គ្រាន់​ឲ្យ​សិស្ស​ប្រឡង​ជាប់​បាន​ឡើយ ព្រោះ​សិស្ស​ដែល​នៅ​សល់ ភាគ​ច្រើន​ជា​សិស្ស​ដែល​ខ្សោយ​ស្រាប់។ លោក​ស្នើ​ឲ្យ​ក្រសួង​អប់រំ កែ​ទម្រង់​វិស័យ​អប់រំ​ទាំង​មូល​តែ​ម្តង កុំ​ឲ្យ​កែ​ទម្រង់​យក​មុខ​តែ​មួយ​រយៈពេល​ខ្លី​នោះ៖ «កំណែ​ទម្រង់​តែ​ ថ្នាក់​ទី​១២ មិន​មែន​ជា​ជម្រើស​ល្អ​ទេ គ្រាន់​តែ​ជា​សារ​មួយ​ដល់​យុវជន​ដល់​ថ្នាក់​ទី​១១ ទី​១០ អី​ថា ពេល​ប្រឡង​បើក​មើល​មិន​បាន​នោះ​ទេ តែ​អ្វី​ដែល​ត្រូវ​ធ្វើ គឺ​ត្រូវ​កំណែ​ទម្រង់​តាំង​ពី​ថ្នាក់​មត្តេយ្យ​តែ​ម្តង។»

នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប ចំនួន​ជាង ៩​ម៉ឺន​នាក់។ បេក្ខជន​ប្រឡង​ជាប់​លើក​ទី​១ មាន​ចំនួន​ជាង ២​ម៉ឺន​នាក់។ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​សង្គម​ស៊ីវិល និង​ការ​អះអាង​របស់​ក្រសួង​អប់រំ សិស្ស​ប្រឡង​ជាប់​លើក​ទី​២ អាច​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់។ កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ ត្រូវ​បាន​ស្វាគមន៍​ពី​សំណាក់​មនុស្ស​មួយ​ចំនួន​ធំ​ក្នុង​សង្គម​កម្ពុជា ប៉ុន្តែ​ក៏​មាន​អ្នក​រិះគន់​ដែរ​ថា កំណែ​ទម្រង់​នេះ​ដូចជា​លឿន​ពេក៕



No comments:

Post a Comment