អ្នកជំនាញ ថា, ពលរដ្ឋខ្មែរ ២លាន ៤សែននាក់ កំពុងជួបប្រទះ នឹងភាពអត់ឃ្លាន
ABC Australia / វិទ្យុ អូស្ត្រាលី | ១៧ តុលា ២០១៤
ថ្ងៃទី១៦ ខែតុលា ម្សិលមិញនេះ គឺ ជាទិវា ស្បៀង ពិភពលោក, ហើយ លោកស្រី Edith Heines នាយិការង នៃកម្មវិធី ស្បៀងអាហារ ពិភពលោក ប្រចាំកម្ពុជា (World Food Program Cambodia) មានប្រសាសន៍ ថា, ទោះបី ជាកម្ពុជា កន្លងទៅនេះ បានមានការ រីកចម្រើន ល្អ ក៏ដោយ ក្នុងការកាត់បន្ថយ បញ្ហាកង្វះ អាហារ ក៏គេ មិនត្រូវ ភ្លេចដែរ ថា, ពលរដ្ឋខ្មែរ ប្រហែល ១៦% នៅតែ រងគ្រោះ ដោយសារ ភាពអត់ឃ្លាន។ ពួកគេភាគច្រើន ជាជនក្រីក្រ រស់នៅ តាមជនបទ។
អង្គការ ស្បៀងអាហារ ពិភពលោក ប្រចាំកម្ពុជា និយាយ ថា, ទូទាំងប្រទេសកម្ពុជាមានពលរដ្ឋខ្មែរដល់ទៅ៥លាននាក់ កំពុងតែរងផលប៉ះពាល់ដោយសារតែកង្វះអាហារូបត្ថម្ភ និងជីវជាតិអាហារ ដោយធ្វើឲ្យសេដ្ឋកិច្ចខ្មែរខាតបង់ថវិកាចន្លោះពី១.៥%-២.៥% នៃផលិតផលសរុប (GDP) ប្រចាំឆ្នាំ។
លោកស្រី Edith Heines បន្ដឲ្យដឹងថា នៅក្នុងខណៈពេលដែលគេអបអរចំពោះការចុះថយនៃអត្រាអត់ឃ្លាន និងអសន្ដិសុខស្បៀង នៅពេលដំណាលគ្នា គេក៏ត្រូវជំរុញឲ្យខ្លាំងក្លាផងដែរដើម្បីកាត់បន្ថយអត្រានេះឲ្យ បានកាន់តែច្រើនថែមទៀត ដើម្បីសម្រេចបាននូវគោលដៅ "គ្មានភាពអត់ឃ្លាន" របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។
លោកស្រី នាយិការងរូបនេះបន្ដទៀតថា សមាជិកក្រុមគ្រួសារជាពិសេសស្រ្ដីជនបទ ដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាព អត់ឃ្លាន ក៏ដូចជាភាពក្រីក្រនៅកម្ពុជា ដែលសព្វថ្ងៃមានគ្រួសារកសិករដល់ទៅ២លានគ្រួសារ ដែលជាអ្នកផលិតស្បៀងដ៏ចម្បងជាពិសេសគឺស្រូវអង្ករ ដែលពលរដ្ឋខ្មែរដទៃទៀតទទួលទានរាល់ថ្ងៃ៕
No comments:
Post a Comment