លោក ហ៊ុន សែន មិនទាន់ ឆ្លើយតប សំណើសុំ បកស្រាយ រឿងវៀតណាម ធ្វើផ្លូវ ចូលចំណុច ដាក់ដាំ
RFA / វិទ្យុ អាស៊ី សេរី | ១៦ តុលា ២០១៤
តំណាងរាស្ត្រ គណបក្សប្រឆាំង នៅមិនទាន់ ទទួលបាន ការឆ្លើយតប ពីលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ លិខិតស្នើ ឲ្យលោក ចូលសភា បកស្រាយ ពីការកសាងផ្លូវ របស់ ប្រទេស វៀតណាម ចូលក្នុងចំណុច ដាក់ដាំ ឋិតក្នុងឃុំ ដាក់ដាំ ស្រុក អូររាំង ខេត្ត មណ្ឌលគិរី ដែលមិនទាន់ ត្រូវ បានឯកភាពគ្នា ដាច់ស្រេច នៅឡើយ ទៅលើការ កំណត់ ខ្សែបន្ទាត់ ព្រំដែន រវាង ប្រទេសជិតខាង ទាំងពីរ នៅត្រង់តំបន់នោះ។ យ៉ាងណា ក៏ដោយ មន្ត្រី រដ្ឋាភិបាល អះអាង ថា, កម្ពុជា នឹងបន្តដោះស្រាយ ជាមួយ ភាគី វៀតណាម។
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មណ្ឌលកំពង់ចាម និងជាអនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ឲ្យដឹងនៅថ្ងៃទី១៦ តុលា ថា លោកកំពុងរង់ចាំការឆ្លើយតបផ្លូវការពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការស្នើសុំឲ្យប្រមុខរដ្ឋាភិបាលបកស្រាយ ឬបញ្ជាក់ឲ្យបានច្បាស់ពីការកសាងផ្លូវរបស់ប្រទេសវៀតណាម ចូលចំណុចដាក់ដាំ។
លោក ម៉ៅ មុនីវណ្ណ ដែលបានផ្ញើលិខិតទៅឲ្យ លោក ហ៊ុន សែន តាមរយៈប្រធានសភា លោក ហេង សំរិន កាលពីថ្ងៃទី១២ តុលា ថ្លែងថា លោកចង់ឲ្យ លោក ហ៊ុន សែន បកស្រាយឲ្យបានច្បាស់ពីបញ្ហានេះ ពីព្រោះលោកថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់នោះ សម្ដែងក្តីបារម្ភជាខ្លាំងអំពីការកសាងផ្លូវរបស់ប្រទេសវៀតណាម។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះដែលអះអាងថា បានចុះទៅពិនិត្យមើលផ្ទាល់នៅតំបន់ដាក់ដាំ កាលពីពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក្រោយពីលោកទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះ បញ្ជាក់ថា ប្រទេសវៀតណាម បានធ្វើផ្លូវចូលមកដល់មាត់ព្រែកដាក់ដាំ តែម្តង ហើយដែលសកម្មភាពនេះលោកយល់ថា ពុំគួរឲ្យកើតមានឡើយនៅពេលនេះ។ លោក ម៉ៅ មុនីវណ្ណ មានប្រសាសន៍ថា រដ្ឋាភិបាលគួរបកស្រាយឲ្យពលរដ្ឋខ្មែរអស់ចម្ងល់ពីបញ្ហានេះ។
លោក ម៉ៅ មុនីវណ្ណ៖ «នាយករដ្ឋមន្ត្រីមកឆ្លើយក្នុងសភានេះ ឬក៏ឆ្លើយបំភ្លឺតាមលិខិតជាលាយលក្ខណ៍អក្សរ មកជូនដល់អ្នកតំណាងរាស្ត្រដែលជាតំណាងប្រជាពលរដ្ឋទូទៅ ហើយជាពិសេស ប្រជាពលរដ្ឋខ្មែរលោកមានការព្រួយបារម្ភអំពីបញ្ហាព្រំដែននេះ ដែលយើងឃើញថា ប្រសិនបើដូចទិដ្ឋភាព ដូចដែលគេធ្វើមករាល់ថ្ងៃនេះ ត្រង់ចំណុចហ្នឹងវាមានការរំលោភចូលច្រើនគីឡូម៉ែត្រណាស់។»
«នាយករដ្ឋមន្ត្រីមក ឆ្លើយក្នុងសភា នេះ ឬក៏ឆ្លើយ បំភ្លឺ តាមលិខិត ជាលាយលក្ខណ៍អក្សរ មកជូន ដល់អ្នក តំណាងរាស្ត្រ ដែលជាតំណាង ប្រជាពលរដ្ឋ ទូទៅ, ហើយជាពិសេស ប្រជាពលរដ្ឋ ខ្មែរ, លោក មានការព្រួយបារម្ភ អំពី បញ្ហាព្រំដែននេះ ដែលយើង ឃើញថា, ប្រសិនបើ ដូចទិដ្ឋភាព ដូចដែលគេ ធ្វើមករាល់ថ្ងៃនេះ, ត្រង់ចំណុចហ្នឹង វា មានការរំលោភ ចូលច្រើន គីឡូម៉ែត្រ ណាស់។»
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាល និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ឆ្លើយតបថា ទាំងភាគីកម្ពុជា និងវៀតណាម សុទ្ធតែដឹងថាមិនទាន់មានការឯកភាពគ្នាលើការកំណត់ខ្សែបន្ទាត់ ព្រំដែនពិតប្រាកដនៅឡើយនៅចំណុចដាក់ដាំ។ លោកថា វាមិនសមហេតុផលឡើយ បើរដ្ឋាភិបាលវៀតណាម ធ្វើផ្លូវចូលតំបន់នោះ ព្រោះថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បញ្ជាក់យ៉ាងច្បាស់ពីការមិនឯកភាពនេះ។ យ៉ាងណា លោកថា ភាគីទាំងពីរបន្តដោះស្រាយបញ្ហានេះ។
លោក វ៉ា គឹមហុង៖ «ភាគីទាំងពីរមានកាតព្វកិច្ចរក្សាស្ថានភាពឲ្យ នៅដដែល ក្នុងករណីដែលយើងមិនទាន់ឯកភាពគ្នា អាហ្នឹងដែលយើងបញ្ជាក់ជាច្រើនដងហើយក្នុងករណីហ្នឹង យើងមានចេញប្រកាសព័ត៌មានរួមនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កាលពីឆ្នាំ១៩៩៧ ថាយើងត្រូវរក្សាស្ថានភាពដដែលក្នុងករណីដែលយើងមិនទាន់ឯកភាពគ្នា។»
កម្ពុជា និងវៀតណាម មានខ្សែបន្ទាត់ព្រំដែនរួមគ្នាប្រវែងជាង ១.២០០គីឡូម៉ែត្រ ហើយប្រទេសទាំងពីរក៏កំពុងបន្តអនុវត្តការបោះបង្គោលព្រំដែន អន្តរជាតិរហូតមកដល់បច្ចុប្បន្ន។
ទាក់ទងនឹងតំបន់ដាក់ដាំ នេះ ក្នុងពេលចូលបំភ្លឺនៅរដ្ឋសភាតាមការកោះហៅរបស់តំណាងរាស្ត្របក្ស ប្រឆាំង កាលពីខែសីហា ឆ្នាំ២០១២ លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជា និងវៀតណាម នៅមិនទាន់ឯកភាពគ្នាលើកំណាត់ព្រំដែននៅតំបន់ជាប់នឹងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខាងកម្ពុជា និងឃុំខ្វាងជិក ស្រុកដាក់ឡឹប ខេត្តដាក់ណុង ខាងវៀតណាម ដែលមានផ្ទៃក្រឡាដីប្រមាណជា ៥០គីឡូម៉ែត្រក្រឡានោះនៅឡើយទេ។
លោក ហ៊ុន សែន ថាមូលហេតុដែលមិនឯកភាពគ្នានោះ គឺដោយសារខាងភាគីកម្ពុជា ទាមទារយកខ្សែព្រំដែននៅកំណាត់នេះ តាមសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ ដែលបានបញ្ជាក់ថា ខ្សែព្រំដែននៅតំបន់នេះដើរតាមព្រែកដាក់ហ៊ូត រហូតដល់ប្រភពនៃព្រែកនោះ។ ប៉ុន្តែខាងភាគីវៀតណាម វិញ គេទាមទារយកខ្សែព្រំដែននៅកំណាត់នេះ ដើរតាមព្រែកដាក់ដាំ តាមផែនទីរបស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន (SIG) ខ្នាត ១/១០០.០០០ និងតាមការកាន់កាប់ជាក់ស្តែងរបស់ប្រជាជនវៀតណាម ដែលមានជាយូរមកហើយ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា ភាគីកម្ពុជា និងវៀតណាម បានឯកភាពគ្នាបន្តការពិភាក្សាទៀតលើចំណុចនេះ៕
No comments:
Post a Comment