Paris Peace Accords 23 Oct. 1991

Sunday, October 12, 2014

មេធាវី​ អន្តរជាតិ​ ដាក់​ញត្តិ​ ទៅ​ធនាគារ​ ពិភពលោក​ សូម ឲ្យ​បន្ត​ផ្អាក​ ប្រាក់​កម្ចី​ ទៅ​កម្ពុជា | International lawyer files complaint with World Bank to halt funds to Cambodia

មេធាវី​ អន្តរជាតិ​ ដាក់​ញត្តិ​ ទៅ​ធនាគារ​ ពិភពលោក​ សូម ឲ្យ​បន្ត​ផ្អាក​ ប្រាក់​កម្ចី​ ទៅ​កម្ពុជា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១១ តុលា ២០១៤
មេធាវី មូរតុន ក្លា ៦១០
មេធាវី​ តំណាង ​ឲ្យ​ជន​រងគ្រោះ និង​អង្គការ សង្គម​ស៊ីវិល លោក មូរតុន ក្លា (Morton Sklar)។  RFA

មេធាវី​ អាមេរិកាំង តំណាង​ ឲ្យ​ជន​រងគ្រោះ ​នៃ​ការ​រំលោភ​ ដីធ្លី ​នៅ​កម្ពុជា បាន​ដាក់​ញត្តិ​ ទៅ​ធនាគារ​ ពិភពលោក (World Bank) ស្នើសុំ​ ឲ្យ​ធនាគារ​នេះ​ បន្ត​ផ្អាក​ ប្រាក់​កម្ចី ​ទៅ​រដ្ឋាភិបាល ​កម្ពុជា ដោយសារ​ តែ ​វិបត្តិ​ដីធ្លី និង​ការ​បង្ខំ​ចេញ​ នៅ​កម្ពុជា កំពុង​បន្ត ​កើត​ មាន​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ឡើយ។

ធនាគារ​ ពិភពលោក បាន​ផ្អាក​ ផ្តល់​ប្រាក់​កម្ចី​ ឲ្យ​កម្ពុជា កាល​ពី​ខែ​ សីហា ឆ្នាំ​២០១១ ពីព្រោះ ​តែ គោល​នយោបាយ​ បង្ខំ​បណ្ដេញ​ ពលរដ្ឋ​ ចេញ ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​ របស់ ​រដ្ឋាភិបាល លោក ហ៊ុន សែន។  ប៉ុន្តែ​ នៅ​ពេល ​ថ្មីៗ​នេះ, ធនាគារ ​បាន​ប្រកាស ​ចង់​ផ្តល់​ ប្រាក់​កម្ចី ​ឲ្យ​កម្ពុជា ឡើង​វិញ។

សកម្មជន​ ការពារ​ សិទ្ធិ​មនុស្ស និង​ជា​មេធាវី​ អាមេរិក លោក មូរតុន ក្លា (Morton Sklar) ដាក់​ញត្តិ​ ទៅ​ប្រធាន ​ធនាគារ​ ពិភពលោក លោក ជីម យ៉ុងគីម (Jim Yong Kim) កាល​ពី​ចុង​ សប្ដាហ៍​នេះ ឲ្យ​ផ្អាក​ គម្រោង​ អភិវឌ្ឍន៍​ នៅ​ប្រទេស ​កម្ពុជា ដែល​មាន​ ទឹក​ប្រាក់​កម្ចី​ ប្រមាណ ២៥​លាន ​ដុល្លារ។

លោក មូរតុន ក្លា៖ «ញត្តិ​នេះ​ ធ្វើ​ឡើង​ ក្រោយ​ពេល​ ធនាគារ​ ពិភពលោក កំពុង​ពិចារណា​ លើក​លែង​ ការ​ដាក់​ទណ្ឌកម្ម ​ប្រឆាំង​ នឹង​រដ្ឋាភិបាល ​កម្ពុជា ដែល​ត្រូវ​ បាន​ដាក់​ កាល​ពី​ឆ្នាំ​ ២០១១។  មូលហេតុ​ នៃ​ការ​ដាក់​ ទណ្ឌកម្ម​នោះ ដោយសារ​ តែ​ ធនាគារ​ ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង​ គោល​នយោបាយ​ បង្ខំ​បណ្ដេញ​ របស់​ រដ្ឋាភិបាល​ កម្ពុជា។  ប៉ុន្តែ ​នៅ​ពេល​ថ្មី​នេះ, ធនាគារ​ ពិចារណា​ ចង់​លើក​លែង​ ទណ្ឌកម្ម​ នេះ​វិញ ទោះ​បី​ គ្មាន​ កែប្រែ​ ណា​មួយ​ ជុំវិញ​ ការ​បង្ខំ​ បណ្ដេញ​ចេញ។  ហើយ ​ថែម​ពី​លើ​នេះ ​ទៅ​ទៀត, កាល​ពី​ពេល ​ថ្មីៗ​នេះ បង្ហាញ​ថា, ស្ថានភាព​ នៃ​ការ​បង្ខំ ​បណ្ដេញ​ចេញ​ ពី​ផ្ទះ​សម្បែង និង​ដីធ្លី កំពុង​ មាន​លក្ខណៈ​ ធ្ងន់ធ្ងរ​ ថែម​ទៀត។  គ្មាន​ មូលហេតុ​អ្វី​ ទាំងអស់​ ដែល​ត្រូវ​ ឲ្យ​ធនាគារ​ លើក​លែង ទណ្ឌកម្ម​ នេះ​ឡើយ។»

លោក​ បញ្ជាក់​ បន្ថែម​ទៀត​ ថា, រដ្ឋាភិបាល ​កម្ពុជា នៅ​តែ​ បន្ត​ គោល​នយោបាយ ​បង្ខំ​ បណ្ដេញ​ចេញ​ ពី​ផ្ទះ​សម្បែង​ ជា​លក្ខណៈ​ ទ្រង់ទ្រាយ​ធំ ដើម្បី​ យក​ដីធ្លី​ ទាំង​នោះ ​ទៅ​ឲ្យ​ក្រុមហ៊ុន​ អភិវឌ្ឍ និង​មន្ត្រី​ មាន​អំណាច​ ក្នុង​រដ្ឋាភិបាល។  រដ្ឋាភិបាល លោក ហ៊ុន សែន បន្ត​ប ដិសេធ​ មិន​ផ្តល់​សំណង​ ត្រឹមត្រូវ​ ជូន​ពលរដ្ឋ​ ជា​ជន​រងគ្រោះ និង​ជំនួយ ​ក្នុង​ការ​សាងសង់​ លំនៅឋាន​ថ្មី។

ញត្តិ ​របស់ លោក មូរតុន ក្លា ធ្វើ​ឡើង​ ចំ​ថ្ងៃ ​ដែល​មេធាវី​ អង់គ្លេស លោក រីឆាត រ៉ូជើ (Richard Rogers) បាន​ដាក់​ បណ្ដឹង​មួយ ​ទៅ​កាន់ ​តុលាការ​ ព្រហ្មទណ្ឌ ​អន្តរជាតិ ស្នើសុំ​ ឲ្យ​ស៊ើប​អង្កេត ​មន្ត្រី​ រដ្ឋាភិបាល​ កម្ពុជា ពី​បទល្មើស​ ប្រឆាំង នឹង​មនុស្ស​ជាតិ ពាក់ព័ន្ធ​ នឹង​ការ​បង្ខំ​ បណ្ដេញ​ ពលរដ្ឋ​ចេញ​ ពី​លំនៅឋាន​ ដោយ​បង្ខំ។  ពាក្យ​បណ្ដឹង​នេះ មិន​បាន​ចោទ​ ចំ​ឈ្មោះ​ មន្ត្រី​ រដ្ឋាភិបាល​ឡើយ ដោយ​ស្នើ​ ឲ្យ​តុលាការ​ ស៊ើប​អង្កេត​ ដោយ​ឯករាជ្យ។

កាល​ពី​ខែ​ មីនា ឆ្នាំ​២០១៣ លោក មូរតុន ក្លា ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ប្រឆាំង​នឹង លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​បាតុករ និង​ការ​បង្ខំ​បណ្ដេញ។ បច្ចុប្បន្ន តុលាការ​កំពុង​ពិនិត្យ​បណ្ដឹង​នេះ​មុខ​នឹង​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ។

លោក មូរតុន ក្លា បន្ថែម​ទៀត​ថា បញ្ហា​បង្ខំ​បណ្ដេញ​នៅ​កម្ពុជា ត្រូវ​ការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​សំណាក់​សហគមន៍​អន្តរជាតិ មិន​មែន​ត្រឹម​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​ធនាគារ​ពិភពលោក មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ញត្តិ​របស់ លោក មូរតុន ក្លា នៅ​ឡើយ​ទេ។

ឯកសារ​សិក្សា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧​សែន ៧​ម៉ឺន​នាក់ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​ពី​ផ្ទៃដី​ប្រមាណ ៤៩​លាន​ហិកតារ ស្មើ​នឹង​ទំហំ​នឹង​ប្រទេស​អេស្ប៉ាញ (Spain)។ ឯកសារ​បង្ហាញ​ទៀត​ថា មន្ត្រី​មាន​អំណាច​រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រួម​មាន ការ​ធ្វើ​ឃាត ការ​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ រំលោភ​ផ្លូវ​ភេទ និង​គំរាម​កំហែង​ប្រឆាំង​ទៅ​នឹង​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ពី​ការ​ បង្ខំ​បណ្ដេញ​ចេញ៕




1 comment:

  1. Anonymous10:15 PM

    ធានាគារពិភពលោក​ដែលមានបុគ្គលិកមួយចំនួនចូលចិត្តឲរដ្ឋាភិបាលខ្មែរខ្ចីប្រាក់ណាស់ ទោះមាន
    ការជំទាស់ ការតវ៉ា និង​ ប្រឆាំងពីព្រភពណាក៍ដោយ ព្រោះវាមានផលប្រយោជន៍អ្វីមួយដល់ពួកគេ ។
    ធ្លាប់ដឹងមក មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលគ្រប់រូប សុទ្ធតែមានទំនាក់ទំនងពិសេសម្យ៉ាងជាមួយពួក
    អ្នកធ្វើការគ្រប់ជាន់ថ្នាក់នៅក្នុងធានាគារអស់ទាំងហ្នឹង ។ ដូច្នេះហើយ ធានាគារអស់ទាំងហ្នឹងចូល
    ចិត្តឲប្រាក់កំចីដល់ពួករដ្ឋាភិបាលហ្នឹងណាស់ ទោះរដ្ឋាភិបាលហ្នឹងប្រព្រឹត្តខុសធ្ងន់ធ្ងរប៉ុណ្ណាក៍ដោយ ក៍មិនចង់បង្កកប្រាក់កំចី ឬ ប្រាក់ជំនួយដែរ ។ សូមលោកមេធាវីអន្តរជាតិ និង​ អស់លោកដែលស្អាតស្អំ និង មានយុត្តិធម៌ពិតប្រាកដមេត្តាពិនិត្យរឿងហ្នឹងឲបានម៉ត់ចត់ផង ។

    ReplyDelete