សម្ភាស មេធាវី អន្តរជាតិ ជុំវិញ ពាក្យបណ្ដឹង ទៅតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៩ តុលា ២០១៤
ស្ត្រីអ្នកភូមិឡពាង សន្លប់ ក្នុងពេលតវ៉ានៅក្បែរខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៣ សីហា ២០១៤។ RFA/Uon Chhin
លោក រីឆាដ រ៉ូជើរ (Richard Rogers) នៃក្រុមហ៊ុន មេធាវី Global Diligence ដែលមាន ទីតាំង នៅប្រទេស អង់គ្លេស បានដាក់ពាក្យបណ្ដឹង មួយច្បាប់ ទៅតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ (ICC) នៅដើមសប្ដាហ៍នេះ តំណាង ឲ្យដើមបណ្ដឹង ប្រជាពលរដ្ឋខ្មែរ ដែលជាជនរងគ្រោះ នៃការរំលោភ បំពាន និងបង្ខំបណ្ដេញ ពីផ្ទះសម្បែង និងដីធ្លី។
ពាក្យបណ្ដឹងនោះ ចោទប្រកាន់ មន្ត្រីមានអំណាច ក្នុងជួររដ្ឋាភិបាល កម្ពុជា ពីបទឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ ដែលបានប្រព្រឹត្ត ក្នុងរយៈពេល ជាង១២ឆ្នាំ ចុងក្រោយនេះ។ លោក រីឆាដ រ៉ូជើរ សំដែងក្តីសង្ឃឹម ថា, តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ នឹងពិនិត្យមើល, ហើយ ស៊ើបអង្កេត លើបណ្ដឹងនេះ ដើម្បី ផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ។
សូម ស្ដាប់ ការបកស្រាយ របស់លោក រីឆាដ រ៉ចជើរ ជុំវិញ ពាក្យបណ្ដឹងនេះ តាមរយៈ ការសាកសួរ របស់លោក យន់ សាមៀន ដូចតទៅ៖
សំណួរ៖ ជម្រាបសួរ, លោក រ៉ូជើរ។ តើ បណ្ដឹង របស់លោក ផ្ដោតទៅលើ បទល្មើសអ្វីខ្លះ ដែរ, បាទ?
ចម្លើយ៖ ពាក្យបណ្ដឹងនេះ ចោទប្រកាន់ មន្ត្រីមានអំណាច នៅប្រទេស កម្ពុជា ដែលអនុវត្ត យុទ្ធនាការ ទន្ទ្រានយកដី ប្រជាពលរដ្ឋ មានលក្ខណៈ ជាទ្រង់ទ្រាយធំ ដែលបាន រឹបអូសដី ពីពលរដ្ឋ ក្រីក្រ ដោយខុសច្បាប់ ជាច្រើនលាន ហិកតារ, ប្រើប្រាស់ សម្រាប់ ពាណិជ្ជកម្ម ផ្ទាល់ខ្លួន ដើម្បី បម្រើផលប្រយោជន៍ របស់ ពួកគេ ឬក៏លក់ ទៅអ្នកវិនិយោគទុន បរទេស។ ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ យ៉ាងហោចណាស់ ក៏មានដី ទំហំ ជាង៤៩លាន ហិកតារ ដែលមានទំហំ ស្មើ នឹងប្រទេស អេស្ប៉ាញ ត្រូវ បានរឹបអូស ដោយសារតែ យុទ្ធនាការ មន្ត្រី មានអំណាច ទាំងនោះ។ អំពើទន្ទ្រាន យកដីខុសច្បាប់នោះ បានប៉ះពាល់ ទៅដល់ ប្រជាពលរដ្ឋ ប្រមាណ ៧.៧សែននាក់ នៅទូទាំងប្រទេស កម្ពុជា។ ពលរដ្ឋ ភាគច្រើន ត្រូវ បានបង្ខំបណ្ដេញ ពីដី និងផ្ទះសម្បែង ដោយបង្ខំ។ នៅពេល ដែលពលរដ្ឋ ទាំងនោះ ជំទាស់ ឬតវ៉ា ពីការបង្ខំ បណ្ដេញចេញនោះ ពលរដ្ឋ ទាំងនោះ រងការបាញ់ប្រហារ, ចាប់រំលោភ, វាយប្រហារ, ហើយ និងត្រូវ បានដាក់ទោស និងចាប់ ដាក់ពន្ធនាគារ ទាំងអយុត្តិធម៌, ហើយ ជាញឹកញយ ផ្ទះសម្បែង របស់ ពលរដ្ឋ ទាំងនោះ ត្រូវ បានដុតបំផ្លាញ រាបដល់ដី។ ដូច្នោះ ពាក្យបណ្ដឹងនេះ បញ្ជាក់ស្ថានភាព បទល្មើស នៅកម្ពុជា ស្របទៅលើកត្តា ទាំងពីរ នៃឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ, ហើយ កម្រិត នៃបទល្មើសនេះ បានឈាន ទៅដល់ កម្រិតមួយ ដែលត្រូវ ពិនិត្យ ដោយច្បាប់ អន្តរជាតិ, ហើយ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ត្រូវតែ ពិនិត្យ និងចាត់វិធានការ លើករណីនេះ។
សំណួរ៖ តើ ក្នុងពាក្យបណ្ដឹងនោះ, លោក ប្ដឹងបុគ្គល ណាដែរ?
ចម្លើយ៖ ពាក្យបណ្ដឹងនេះ ចោទប្រកាន់ មន្ត្រីមានអំណាច ជាអ្នកទទួល ខុសត្រូវ ចំពោះ ការទន្ទ្រាន, យកដី មានលក្ខណៈ ជាទ្រង់ទ្រាយធំ។ មន្ត្រីមានអំណាច ទាំងនោះ ភាគច្រើន ជាមន្ត្រី ជាន់ខ្ពស់ ក្នុងជួរ រដ្ឋាភិបាល, ហើយ ខ្លះទៀត ជាមន្ត្រីជាន់ខ្ពស់ ក្នុងជួរកងទ័ព និងក្រុមសន្តិសុខ, ដូចជា ប៉ូលិស, កងរាជអាវុធហត្ថ, និងកងទ័ព ជាដើម, ហើយ និងពាណិជ្ជករ មានទំនាក់ទំនង ស្និទ្ធ នឹងថ្នាក់ដឹកនាំ រដ្ឋាភិបាល។
យើង មិនបាន ស្នើសុំ ឲ្យតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ស៊ើបអង្កេត ឲ្យចំឈ្មោះ បុគ្គលណាម្នាក់ ឡើយ នៅពេលនេះ។ យើង គ្រាន់តែ បង្ហាញ និងរៀបចំ ព័ត៌មាន ជាក់ស្ដែង មួយចំនួន តែប៉ុណ្ណោះ, ហើយ បន្ទាប់មក វា អាស្រ័យ តែ ទៅលើតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ដើម្បី កំណត់ ថា, តើ បុគ្គលណាខ្លះ ដែលតុលាការនេះ ត្រូវ ធ្វើការ ស៊ើបអង្កេត? ដូច្នោះ បណ្ដឹងនេះ មិនមែន ជាបណ្ដឹង ប្រឆាំង រដ្ឋាភិបាលឡើយ, ហើយ បណ្ដឹងនេះ ក៏មិនប្ដឹងលោក ហ៊ុន សែន ដោយចំៗ ឈ្មោះនោះដែរ។ បណ្ដឹងនេះ បានបញ្ជាក់ និងបង្ហាញ ពីអ្វី ដែលបាន កើតឡើង នៅកម្ពុជា, ហើយ បានស្នើ ឲ្យតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ពិនិត្យ, ចាត់វិធានការ សមស្របមួយ ចំពោះ បណ្ដឹងនេះ តែប៉ុណ្ណោះ។
សំណួរ៖ មកទល់ ពេលនេះ មានបណ្ដឹង ពីរ ត្រូវ បានតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ បដិសេធ មិនទទួលយក។ តើ លោក មានសុទិដ្ឋិនិយម ថា, តុលាការ ពិតជាទទួលយក បណ្ដឹងលោក ទេ?
ចម្លើយ៖ ពាក្យបណ្ដឹង របស់យើង បានពិនិត្យ ទៅលើ ការរំលោភ សិទ្ធិមនុស្ស ធ្ងន់ធ្ងរ ចំពោះ ព្រឹត្តិការណ៍ ដែលបាន កើតឡើង រយៈ ១២ឆ្នាំ។ ព្រឹត្តិការណ៍ បង្ហាញពិតប្រាកដ ថា, អំពើ រំលោភបំពាន ក្នុងរយៈពេល ១២ឆ្នាំនោះ បានកើនឡើង ធ្ងន់ធ្ងរៗ ទៅ រហូត ក្លាយទៅ ជាបទល្មើស ប្រឆាំង នឹងមនុស្សជាតិ។ បណ្ដឹងផ្សេងទៀត ដែលមាន ដើមបណ្ដឹង មួយចំនួន បានប្ដឹងនោះ គឺ បានពិនិត្យបញ្ហា ជាក់លាក់ មួយចំនួន, ប៉ុន្តែ ពាក្យបណ្ដឹង របស់ យើងវិញ ផ្ដោតលើបញ្ហា មួយចំនួន ដែលមាន វិសាលភាព ធំធេង ជាងដើមបណ្ដឹង ផ្សេងៗ ទៀត។ នៅពេល ដែលអ្នក ពិនិត្យមើល ភស្តុតាង ទាំងមូល, អ្នក នឹងឃើញ ថា, បទល្មើស ទាំងនោះ មានលក្ខណៈ ធ្ងន់ធ្ងរ ដែលទាមទារ ឲ្យតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ត្រូវតែ ធ្វើការ ស៊ើបអង្កេត។
យើងខ្ញុំ សូម បញ្ជាក់ថា, ពាក្យបណ្ដឹងនេះ មិនមែន សំដៅតែ លើបទល្មើស នៃការទន្ទ្រាន យកដី ពលរដ្ឋ ដោយខុសច្បាប់ តែប៉ុណ្ណោះទេ។ ពាក្យបណ្ដឹងនេះ ក៏បង្ហាញ ពីរបៀប ដែលមន្ត្រី មានអំណាច ប្រើប្រាស់ ចាត់វិធានការ ទៅលើ ពលរដ្ឋ ដែលប្រឆាំង នឹងការបង្ខំ បណ្ដេញចេញ។ វិធានការ ទាំងនោះ រួមមាន៖ ការធ្វើឃាត ការសម្លុត គំរាមកំហែង ការបំភ្លៃបទចោទប្រកាន់ដោយគ្មានការពិត ដើម្បីធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋទាំងឡាយដែលហ៊ានប្រឆាំងនឹង ប្រព័ន្ធនៃការរំលោភបំពានពីសំណាក់អ្នកមានអំណាច។ ដូច្នេះ ពាក្យបណ្ដឹងនេះរួមបញ្ចូលទាំងបញ្ហារំលោភបំពានដីធ្លី និងវិធីសាស្ត្រដែលមន្ត្រីមានអំណាចប្រើប្រាស់រំលោភទៅអ្នកដែលហ៊ាន ចេញមុខប្រឆាំងនឹងមន្ត្រីមានអំណាចទាំងនោះ។ បទល្មើសទាំងនេះ យើងអាចនិយាយបានថា ជាបទល្មើសធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សំណួរ៖ មន្ត្រីរដ្ឋាភិបាលធ្លាប់លើកឡើងថា បណ្ដឹងនេះជាយុទ្ធនាការនយោបាយប្រឆាំងរបបលោក ហ៊ុន សែន ហើយដើម្បីគាំទ្រគណបក្សប្រឆាំង។ តើលោកយល់យ៉ាងណាដែរ?
ចម្លើយ៖ បាទ! ពាក្យបណ្ដឹងនេះ មិនមែនជាពាក្យបណ្ដឹងប្រឆាំងលោក ហ៊ុន សែន ឡើយ ពីព្រោះយើងមិនបានស្នើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេតទៅ លើបុគ្គលលោកជាឯកជននោះទេ។ បើបណ្ដឹងនេះធ្វើឡើងដើម្បីប្រឆាំងនឹងលោក ហ៊ុន សែន យើងនឹងស្នើឲ្យតុលាការស៊ើបអង្កេតលោក ហ៊ុន សែន ហើយ។ ពាក្យបណ្ដឹងនេះធ្វើឡើងដើម្បីជនរងគ្រោះ មិនមែនជាបណ្ដឹងនយោបាយឡើយ។ ការដោះសានេះជាការងាយស្រួលយល់ណាស់ គឺរដ្ឋាភិបាលចង់បង្វែរការចាប់អារម្មណ៍របស់យើងមិនឲ្យចាប់ អារម្មណ៍ពីការពិត។ រដ្ឋាភិបាលចង់លាក់ពុត ដោយបង្វែរថា ពាក្យបណ្ដឹងនេះជារឿងនយោបាយ ប៉ុន្តែការពិតមិនមែនដូច្នោះទេ។ ពាក្យបណ្ដឹងនេះជាបញ្ហាផ្លូវច្បាប់ ធ្វើឡើងដើម្បីពលរដ្ឋជាជនរងគ្រោះដែលទទួលការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរ។ យើងសង្ឃឹមថា យ៉ាងហោចណាស់រដ្ឋាភិបាលគួរយកចិត្តទុកដាក់ដល់ជនរងគ្រោះបន្តិចបន្តួច ដែរ ជាជាងដោះសាថា បញ្ហានេះជារឿងនយោបាយទៅវិញ។
សំណួរ៖ តើ លោក មានសង្ឃឹមអ្វី ក្រោយពេល លោក ដាក់ពាក្យបណ្ដឹងនេះ រួចហើយ?
ចម្លើយ៖ អ្វីដែលអាចកើតឡើងក្រោយពាក្យបណ្ដឹងត្រូវបានដាក់ដល់តុលាការ អន្តរជាតិរួចមកហើយនោះ គឺវានឹងប្រើប្រាស់រយៈពេលប៉ុន្មានពី ៣ ទៅ ៦ខែ ដើម្បីឲ្យតុលាការពិចារណា ថាតើត្រូវចាប់ផ្ដើមពិនិត្យជាបឋម ឬទេ? ប្រសិនបើតុលាការសម្រេចយល់ព្រមពិនិត្យពាក្យបណ្ដឹងនេះ តុលាការនឹងវិនិច្ឆ័យ រួចស៊ើបអង្កេតបន្ថែមទៀតទៅលើបទចោទទាំងនោះ ម្ដងជាពីរដងទៀត។ ប្រសិនបើតុលាការមានភស្តុតាងគ្រប់គ្រាន់មែននោះ មន្ត្រីតុលាការនឹងស្នើឲ្យចៅក្រមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតជាផ្លូវការ។ ការស៊ើបអង្កេតនេះ អាចកើតឡើងក្នុងរយៈពេលចន្លោះពីមួយឆ្នាំទៅពីរឆ្នាំ។
សំណួរ៖ តើ លោក មានភស្តុតាង អ្វីខ្លះ ក្នុងពាក្យបណ្ដឹង របស់លោក?
ចម្លើយ៖ ភស្តុតាងដែលយើងបានប្រមូលផ្តុំក្នុងរយៈពេល ១២ឆ្នាំពីអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅកម្ពុជា ហើយនិងអង្គការអន្តរជាតិមួយចំនួនទៀត។ អង្គការទាំងនោះបានតាមដានឃ្លាំមើលបញ្ហាក្នុងបទចោទប្រកាន់របស់យើង ជាលក្ខណៈលម្អិតក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ។ យើងយោងទៅលើឯកសារទាំងនោះ ហើយនឹងប្រើប្រាស់ភស្តុតាងទាំងនោះដើម្បីធ្វើការដេញដោលស្វែងរក ហេតុផលបញ្ជាក់ថា ឧក្រិដ្ឋកម្មទាំងឡាយដែលយើងបានចោទប្រកាន់នេះ គឺស្មើទៅនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ដូចដែលខ្ញុំបានបញ្ជាក់រួចហើយថា អង្គការទាំងនោះដែលយើងបានប្រមូលភស្តុតាងនោះ ជាអង្គការមានអព្យាក្រឹត អង្គការទាំងនោះឯករាជ្យ ហើយមិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។ យើងមិនបានធ្វើការស៊ើបអង្កេតដោយផ្ទាល់ខ្លួនរបស់យើងឡើយ យើងមិនបានបង្កើតតួលេខដោយខ្លួនឯងទេ យើងប្រើប្រាស់ភស្តុតាង និងឯកសារដែលមានស្រាប់តែប៉ុណ្ណោះ ហើយឯកសារទាំងនោះអាចស្វែងរកបានតាមប្រព័ន្ធអ៊ីនធឺណិត។
សំណួរ៖ ខ្ញុំ ដឹងថា, លោក ជាមេធាវី តំណាង ឲ្យពលរដ្ឋ ជាអ្នករងគ្រោះ។ ប៉ុន្តែ ខ្ញុំ ទទួលដំណឹង ថា, គណបក្ស សង្គ្រោះជាតិ ជួលលោក ឲ្យដាក់ពាក្យបណ្ដឹង នៅតុលាការ។ តើ រឿងនេះ ពិត ឬទេ?
ចម្លើយ៖ គណបក្ស សង្គ្រោះជាតិ បានជួយ សម្របសម្រួល ការស៊ើបអង្កេត របស់យើង។ គណបក្សនេះ ដំបូងឡើយ ស្នើ ឲ្យសុំស៊ើបអង្កេត ករណី សម្លាប់បាតុករ កាលពីខែមករា ឆ្នាំ២០១៤។ ប៉ុន្តែក្រោយមកទៀត ជនរងគ្រោះទាំងនោះទៅវិញទេដែលជាអ្នកបានស្នើសុំឲ្យខ្ញុំឲ្យ ពង្រីកការស៊ើបអង្កេតបន្ថែមទៀត ហើយការស៊ើបអង្កេតនោះ រួមទាំងមានបទល្មើសជាច្រើនបន្ថែមទៀតដែលត្រូវបានដាក់បញ្ចូលក្នុង បណ្ដឹងរបស់យើង។
ដំបូងឡើយ គណបក្សសង្គ្រោះជាតិព្រួយបារម្ភថា មន្ត្រីអាវុធហត្ថនិងប៉ូលិសបាញ់សម្លាប់បាតុករ ហើយគណបក្សនេះបានជួយរៀបចំកិច្ចប្រជុំខ្លះៗ កាលពីខ្ញុំធ្វើការនៅកម្ពុជា។ ក្រៅពីនេះ គណបក្សនេះគ្មានពាក់ព័ន្ធនឹងបណ្ដឹងនេះទេ។ ខ្ញុំដាក់បណ្ដឹងជំនួសមុខឲ្យជនរងគ្រោះ ហើយបណ្ដឹងនេះបញ្ជាក់ច្បាស់ថា មិនបានរៀបចំដោយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើបាបរដ្ឋាភិបាលកម្ពុជាឡើយ។ ខ្ញុំទទួលបានថវិកាខ្លះពីខ្មែររស់នៅបរទេសជាអ្នកដែលព្រួយបារម្ភ អំពីបទល្មើសមួយចំនួន ហើយមានបងប្អូនសាច់ញាតិដែលមិនអាចស្វែងរកយុត្តិធម៌ពីតុលាការ កម្ពុជា បាន។
សំណួរ៖ តើ ហេតុអ្វី បានជាលោក មិនដាក់បណ្ដឹង ពីបទឧក្រិដ្ឋ ទាំងនេះ នៅកម្ពុជា?
ចម្លើយ៖ វាមិនអាចស្វែងរកយុត្តិធម៌ចំពោះបទឧក្រិដ្ឋកម្មទាំងឡាយដែលយើងបាន ចោទប្រកាន់នៅកម្ពុជាឡើយ ពីព្រោះអ្នកប្រព្រឹត្តបទល្មើសទាំងនោះសុទ្ធសឹងតែជាមន្ត្រីជាន់ ខ្ពស់កម្ពុជា។ ដោយសារតែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានភាពលំអៀង ហើយបម្រើឲ្យតែអ្នកមានអំណាចនៅកម្ពុជា ជនរងគ្រោះនៅកម្ពុជា គ្មានឱកាសទាល់តែសោះក្នុងការស្វែងរកយុត្តិធម៌នៅកម្ពុជា។
សំណួរ៖ តើ លោក មានអ្វី បន្ថែម ចុងក្រោយ ទេ?
ចម្លើយ៖ អ្វីដែលខ្ញុំចង់និយាយបន្ថែមនោះ គឺមិនគួរមានមនុស្សណាម្នាក់គួរព្រួយបារម្ភឡើយ លុះត្រាតែពួកគេបានប្រព្រឹត្តបទល្មើស។ ខ្ញុំសង្ឃឹមថា មន្ត្រីរដ្ឋាភិបាលនៅកម្ពុជា នឹងសហការនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប្រសិនបើពួកគាត់ជឿជាក់ថា ពួកគេគ្មានអ្វីដើម្បីលាក់លៀមនោះ ពួកគេត្រូវតែអញ្ជើញមន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិទៅកម្ពុជា ហើយអនុញ្ញាតឲ្យមានការស៊ើបអង្កេត៕
No comments:
Post a Comment