តើ ក្រសួងអប់រំ អាចលុបបំបាត់ បញ្ហាគ្រូ ទារប្រាក់ ពីសិស្ស សាលាបឋមសិក្សា បានដែរទេ?
RFA / វិទ្យុ អាស៊ី សេរី | ៣១ តុលា ២០១៤
រដ្ឋាភិបាល កម្ពុជា បានកំណត់ ថា, ការអប់រំ នៅកម្រិត បឋមសិក្សា និងមធ្យមសិក្សា គឺ ពុំមាន បង់ប្រាក់ទេ។ ប៉ុន្តែ ជារឿយៗ ឪពុកម្ដាយ ឬអាណាព្យាបាល សិស្ស, ជាពិសេស នៅតាមសាលា បឋមសិក្សា របស់រដ្ឋ ក្នុងក្រុងភ្នំពេញ, រអ៊ូរទាំ ថា, ត្រូវ បង់ប្រាក់ ឲ្យគ្រូបង្រៀន ជារៀងរាល់ថ្ងៃ គឺ ហាក់ដូច ជាបង់ថ្លៃ បង្រៀន ឲ្យគ្រូ នៅក្នុងម៉ោងរដ្ឋ ដូច្នោះដែរ។
ឆ្នាំសិក្សាថ្មីនេះ សាលាបឋមសិក្សា ជាច្រើន បានឲ្យសិស្ស ចូលរៀន មុនកាលកំណត់ របស់ក្រសួង, ព្រមទាំង លេចចេញ ព័ត៌មាន ថា, គ្រូបង្រៀន ចាប់ផ្ដើម យកប្រាក់ ពីសិស្សដែរ។
តើ ក្រសួងអប់រំ ដែលបានអះអាង ពីកំណែទម្រង់ វិស័យអប់រំ នឹងដោះស្រាយ យ៉ាងណា ចំពោះ បញ្ហានេះ?
ស្ទើរតែ ក្លាយទៅ ជាទម្លាប់ មួយហើយ ដែលសិស្ស នៅតាមសាលារដ្ឋ ក្នុ រាជធានីភ្នំពេញ ត្រូវ បង់ប្រាក់ ក្រៅផ្លូវការ ទៅឲ្យ គ្រូបង្រៀន ជារៀងរាល់ថ្ងៃ។
នៅដើមឆ្នាំ សិក្សា ២០៤-២០១៥ នេះ គឺ រយៈពេល ១ឆ្នាំ ក្រោយពេល រដ្ឋាភិបាល ប្រកាស ពីកំណែទម្រង់ ស៊ីជម្រៅ, ប៉ុន្តែ ការតម្រូវអោយសិស្សបង់ប្រាក់អោយគ្រូបង្រៀនក្រៅផ្លូវការនៅ តែបន្តកើតមាន។
សិស្សសាលាបឋមសិក្សាជាច្រើននាក់បាននិយាយថា គ្រូបង្រៀនរបស់ពួកគេប្រាប់ថា ពួកគេអាចបង់ប្រាក់តាមជម្រើសចំនួន២ គឺបង់ជារៀងរាល់ថ្ងៃ ឬបង់មួយខែម្ដងក៏បាន។ ក្នុងនោះ ពួកគេត្រូវបង់ ១ពាន់រៀល បើជ្រើសរើសបង់រាល់ថ្ងៃ ឬពី ៣ម៉ឺន ទៅ ៤ម៉ឺនរៀល សម្រាប់បង់ក្នុងមួយខែម្តង។ សិស្សបឋមសិក្សាទាំងនោះបញ្ជាក់ថា នៅមុនពេល បើកបវេសនកាល ផ្លូវការនេះ គ្រូបង្រៀនខ្លះ មិនទាន់ រឹតបន្តឹង ចំពោះ សិស្ស ដែលមិនបាន បង់ប្រាក់ ទេ, ប៉ុន្តែ ចាប់ពីខែ វិច្ឆិកា ការទារប្រាក់នោះ នឹងធ្វើពេញលេញ។ ប្រាក់នោះ មិនមែន ប្រាក់ថ្លៃរៀនគួរ ក្រៅម៉ោងទេ, គឺ ប្រាក់បង់ ឲ្យគ្រូបង្រៀន ក្នុងម៉ោង របស់រដ្ឋ។
ចំណែកឪពុកម្ដាយនៃសិស្សនៅមធ្យមសិក្សាមួយចំនួន ក៏រំឭកដែរថា ក្នុងមួយថ្ងៃសិស្សត្រូវចំណាយប្រាក់ពី ២.០០០រៀល ទៅ ២.៥០០រៀល ក្នុងនោះត្រូវបង់ទៅគ្រូបង្រៀនតាមមុខវិជ្ជាតាមរយៈការទិញមេរៀន ដែលគ្រូបង្រៀន របស់ ពួកគេ រៀបរៀងរួច ជាស្រេច និងថតចម្លងលក់ ឲ្យសិស្ស។
ស្ត្រី ជាម្ដាយ ដែលមាន កូនរៀន នៅអនុវិទ្យាល័យ ម្នាក់ ថ្លែងថា, កូន របស់ អ្នកស្រី មិនបាន ចំណាយប្រាក់ លើអាហារ សម្រន់ទេ, ប៉ុន្តែ បានចំណាយប្រាក់ ទាំងអស់ ដែលម្ដាយ ឲ្យបង់បន្ត ទៅឲ្យគ្រូ។ អ្នកស្រី សំណូមពរ ឲ្យគ្រប់ភាគី ពាក់ព័ន្ធ ដោះស្រាយ បញ្ហានេះ ប្រសិនបើ មានបំណង ពង្រឹងគុណភាព អប់រំ ដ៏ពិតប្រាកដ៖ «យើងត្រូវតាម ដានមើលគាត់យកលុយពីសិស្សទៀតឬអត់? បើរៀនគួរ យើងច្បាស់ថារៀនគួរ កុំ ឲ្យម៉ោងរដ្ឋ ហើយឆ្លៀតឱកាស ទៅយកលុយហ្នឹង ទៀតណាស់, វា អត់ត្រូវ។ វា ទៅជាទម្លាប់អាក្រក់ណាស់ ឥឡូវមើលទៅ។ ចឹងបានខ្ញុំសំណូមពរធ្វើម៉េចរដ្ឋាភិបាលចាត់ចែងដោះស្រាយ ដើម្បីអោយវិស័យអប់រំរបស់យើងវាល្បីល្បាញដូចគេទៅ។»
នៅតាមសាលា មួយចំនួន ការប្រមូលប្រាក់ ពីសិស្ស ត្រូវ បានដឹងឮ ពីនាយកសាលាដែរ។ នាយកសាលាខ្លះ ក៏បានប្រាក់ ភាគរយពីគ្រូបង្រៀន ដែលតែងតែផ្ដល់អោយជាប្រចាំ។ នេះមិនមែនជារឿងថ្មីទេ ប៉ុន្តែហេតុអ្វីករណីនេះនៅតែកើតមាន នៅក្រោយពេល ដែលរដ្ឋាភិបាល អះអាងថា នឹងធ្វើ កំណែទម្រង់ និងស្របពេល ដែលក្រសួងអប់រំ ចាប់ផ្ដើម ពង្រឹងគុណភាព អប់រំ?
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរ សម្រាប់ ការអភិវឌ្ឍជាតិ លោក សេង ឫទ្ធី មានប្រសាសន៍ ថា, ប្រសិនបើ បញ្ហា នៃភាព មិនប្រក្រតី ទាំងនោះ មិនអាច ដោះស្រាយទេ, ការពង្រឹង គុណភាព អប់រំ នឹងមិនអាច សម្រេចបានដែរ៖ «ព្រោះ សិស្សគាត់ អាងថា,មានលុយ ឲ្យគ្រូ, គាត់ អត់ខ្វល់អី។ យើង ឃើញទៀត ថា, គ្រូ គាត់ ប្រមូលលុយហើយ ជាក់ស្តែងខ្ញុំ តែងតែ បានសួរក្មេង សួរអី គាត់ថា, គ្រូ ហាក់ដូច ជាមិនសូវ ប្រឹងបង្រៀន, គ្រាន់តែ ប្រមូលលុយហើយ គាត់ដាក់កិច្ចការ ឬសរសេរអក្សរនៅលើក្តារខៀនតិចតួចអី គាត់មិនបង្កើននូវអាការខិតខំរបស់គាត់ ដូចដែលអ្វីដែលក្រសួងអប់រំ បានប្ដេជ្ញាចិត្ត។»
ជារឿយៗ មន្ត្រីក្រសួងអប់រំ អះអាងថា ក្រសួងពុំមានគោលការណ៍អោយសិស្សបង់ប្រាក់អោយគ្រូបង្រៀនក្នុងម៉ោង រដ្ឋទេ។ លើសពីនេះ ក្រសួងក៏បានចេញសេចក្ដីណែនាំហាមប្រាមការទារប្រាក់នេះជាច្រើនលើក ច្រើនសាហើយដែរ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បញ្ជាក់ថា បញ្ហាចម្បងដែលធ្វើ ឲ្យគ្រូបង្រៀនបន្តយកប្រាក់ពីសិស្ស គឺបញ្ហាក្រពះ។ លោក រ៉ុង ឈុន បន្តថា ប្រាក់ដែលប្រមូលបានពីសិស្ស បានជួយជីវភាពគ្រូបង្រៀនបានគ្រាន់បើជាងរង់ចាំតែប្រាក់ខែ៖ «យើង ត្រូវតែធ្វើការទាមទារអោយរដ្ឋាភិបាលដំឡើងជាប្រាក់ខែប្រចាំខែ វិញ ដើម្បីកុំ ឲ្យប៉ះពាល់ នូវសេចក្តីថ្លៃថ្នូរ និងកិត្តិយស ជាគ្រូបង្រៀន។ វា ឥទ្ធិពល អាក្រក់ មួយទៀត; វា ធ្វើឲ្យដូច ជាមេរៀនថ្មី សម្រាប់ សិស្សានុសិស្ស ដែលគាត់ ដិតដាមជាប់ នូវអារម្មណ៍ ថា, ពេលគាត់ ជាប់ នៅកំពុងរៀន ពេលគាត់រៀនចប់ គាត់អាចយកមេរៀនហ្នឹងទៅអនុវត្តនៅកន្លែងធ្វើការ ឬនៅកន្លែងផ្សេងៗទៀត។»
តាមការសាកល្បងគន់គូរ គ្រូបង្រៀនដែលប្រមូលពីសិស្សអាចរកប្រាក់បានជាមធ្យមពី ១០០ ទៅ ១២០ដុល្លារក្នុងមួយខែ។ ប្រសិនបើយកប្រាក់នោះបូកផ្សំនឹងប្រាក់ខែ គឺ អាច ឲ្យគ្រូបង្រៀន ទ្រទ្រង់ ជីវភាព ក្នុងក្រុងស៊ីវិល័យ នេះបាន។
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ការអភិវឌ្ឍជាតិ លោក សេង ឫទី្ធ មានប្រសាសន៍បន្ថែមថា ចាំបាច់ណាស់ដែលត្រូវមានក្រុមការងារពង្រឹងបទបញ្ជារបស់ក្រសួង ឲ្យបានត្រឹមត្រូវ៖ «រឿងនេះគេដឹងជាទូទៅ ប៉ុន្តែអាណត្តិមុនៗរដ្ឋមន្ត្រីមួយចំនួន ថាអត់ដឹងមិនដក់ថារហូតដល់គេយកលុយ ប៉ុន្តែនរណាក៏ដឹងដែរ នរណាមិនមានកូនទៅសាលា? ដឹងជាទូទៅ ប៉ុន្តែធ្វើតែមិនដឹង។ ប៉ុន្តែអាណត្តិនេះ ប្រសិនឯកឧត្តមគាត់មានវិធានការតឹងរ៉ឹងខ្ញុំជឿថាអាចលុបបំបាត់បាន ជាពិសេសតាមដានជាមួយនាយក ហើយនិងគ្រូដែលឃុបឃិតគ្នាយកភាគរយអីហ្នឹង កើតយូរហើយរហូតមានការរអ៊ូរទាំ។»
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា ដែលធ្វើអោយអាណត្តិរបស់លោកល្បីល្បាញក្នុងការរឹតបន្តឹងការប្រឡង បាក់ឌុប មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងគិតគូរដំឡើងប្រាក់ខែគ្រូបង្រៀន។ លោកបន្តថា ក្រសួងនឹងរឹតបន្តឹងផ្នែកអធិការកិច្ច៖ «រាជរដ្ឋាភិបាលក៏បានដាក់ ចេញនូវហៅថាការដំឡើងប្រាក់បៀវត្សរ៍ ជួយពង្រឹងការរៀននៅសាលា ធ្វើម៉េច ឲ្យសិស្ស ដែលគាត់ អត់មាន លទ្ធភាព ក៏គាត់ បានរៀន ដែរនៅក្នុងសាលា។ ធ្វើម៉េចគោលការណ៍នៃអធិការកិច្ចនៅតាមសាលាមានសារសំខាន់។»
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់ការអភិវឌ្ឍជាតិ លោក សេង ឫទី្ធ មានប្រសាសន៍ថា រឹតបន្តឹងអធិការកិច្ចជាមធ្យោបាយល្អមួយ ប៉ុន្តែចាំបាច់ត្រូវតែបើកចំហ ឲ្យគ្រប់ភាគី ចូលរួម តាមដាន៖ «ទោះ បីជាប្រាក់ខែឡើងដល់កម្រិតណាក៏ដោយ បើគ្មានការតាមដានទេ កាន់តែ ផ្តល់ឱកាស ឲ្យនៅតែ ប្រព្រឹត្តបែបហ្នឹង កាន់តែ ថែមទៀត គឺ បានទាំង លុយប្រាក់ខែ ឡើងបានទាំង ការរកស៊ី ខាងក្រៅ ទៀតហ្នឹង បើ គ្មាន ការពិនិត្យ ដិតដល់។ ប្រសិនបើ ឯកឧត្តម បើកឱកាស ឲ្យអង្គការណា ក៏គាត់អាចចូលទៅ គាត់ក៏ផ្តល់នូវការឆែក ការត្រួតពិនិត្យសព្វបែបយ៉ាងពីភាពមិនប្រក្រតីនានា ហើយគាត់ទទួលយកមកពិនិត្យមកពិចារណា, ហើយ តាមដានអ្វី ដែលយើង រកឃើញហ្នឹង, យើង ជឿថា នឹងអាចជួយ ឲ្យមាន ភាពប្រសើរ។»
បន្ទាប់ ពីបានឃើញ ស្នាដៃ ក្នុងការរឹតបន្តឹងការប្រឡងបាក់ឌុប ក្រុមអង្គការមិនមែនរដ្ឋាភិបាលរំពឹងថា លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន នឹងអាចកាត់បន្ថយ ឬលុបបំបាត់ការទារប្រាក់ពីសិស្សនេះបាន ដោយមានការចូលរួមសកម្មភាពរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ៕
No comments:
Post a Comment