Paris Peace Accords 23 Oct. 1991

Wednesday, October 1, 2014

ក្រសួង​រ៉ែ​ ចោទ​អ្នក​ប្រឆាំង​ នឹង​គម្រោង ​សង់​ទំនប់ ​វារីអគ្គិសនី ​អារ៉ែង​ ថា, ​ជា​អ្នក​ រាំង​ស្ទះ​ ការ​អភិវឌ្ឍ​ជាតិ | Mines Ministry: Those who opposed plan for dam in Areng oppose national development

ក្រសួង​រ៉ែ​ ចោទ​អ្នក​ប្រឆាំង​ នឹង​គម្រោង ​សង់​ទំនប់ ​វារីអគ្គិសនី ​អារ៉ែង​ ថា, ​ជា​អ្នក​ រាំង​ស្ទះ​ ការ​អភិវឌ្ឍ​ជាតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣០ កញ្ញា ២០១៤

អ៊ិត ប្រាំង ៦២០
រដ្ឋលេខាធិការ ​ក្រសួង ​រ៉ែ និង​ថាមពល លោក អ៊ិត ប្រាំង បង្ហាញ ​របាយការណ៍ ​សិក្សា​ស្រាវជ្រាវ ​ពី​ផល​ប៉ះពាល់​ នៃ​គម្រោង​ សាងសង់​ ទំនប់​ វារីអគ្គិសនី​ ស្ទឹង​ជាយ ​អារ៉ែង ក្នុង​សន្និសីទ​ កាសែត​ នា​ទីស្ដីការ ​ក្រសួង ​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤។  RFA/Vann Vichar

ក្រសួង ​រ៉ែ និង​ថាមពល ចោទ​ថា, អ្នក​ ដែល​ប្រឆាំង ​នឹង​គម្រោង​ សង់​ទំនប់ ​វារីអគ្គិសនី ​ស្ទឹង​ជាយ ​អារ៉ែង ថា​, ជា​អ្នក ​រាំង​ស្ទះ ​ការ​អភិវឌ្ឍ​ ជាតិ។  ការ​ថ្លែង​ បែប​នេះ ធ្វើ​ឡើង ​ក្នុង​សន្និសីទ ​កាសែត​មួយ​ នា​ព្រឹក​ថ្ងៃ ​ទី​៣០ ខែ​កញ្ញា ដើម្បី​ បកស្រាយ​លម្អិត​ ពី​គម្រោង​ សាងសង់ ​ទំនប់ ​វារីអគ្គិសនី ​ជាយ​ អារ៉ែង ស្ថិត​នៅ​ជួរ ​ភ្នំ​ក្រវាញ ខេត្ត​ កោះកុង

ក្រសួង ​រ៉ែ និង​ថាមពល ច្រាន​ចោល ​របាយការណ៍ ​របស់​ សង្គម​ស៊ីវិល និង​សមាជិក​ សភា​ បក្ស​ប្រឆាំង ស្ដីពី​ ផល​ប៉ះពាល់ ​នៃ​គម្រោង​ ការ​សាងសង់ ​ទំនប់​ វារីអគ្គិសនី​ ស្ទឹង​ជាយ​ អារ៉ែង។

រដ្ឋលេខាធិការ និង​ជា​ប្រធាន​ គម្រោង​សាងសង់ ​ទំនប់​នេះ លោក អ៊ិត ប្រាំង ចាត់​ទុក​ ថា, អ្នក ​ដែល​នាំ​គ្នា​ ប្រឆាំង​ នឹង​គម្រោង​នេះ ជា​អ្នក ​ដែល​មិន​យល់​ច្បាស់ ​ពី​គម្រោង និង​មាន ​ចេតនា ​កេង​យក​ ផល​ចំណេញ​ផ្ទាល់។  លោក អ៊ិត ប្រាំង មាន​ប្រសាសន៍​ សំដៅ​ប្រធាន​ អង្គការ​ មាតា​ ធម្មជាតិ គឺ​ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដាវិតសឹន (Alejandro Gonzalez Davidson) ដែល​ចេញ​មុខ ​ការពារ​ ធម្មជាតិ​ នៅ​ទីនោះ ថា, ​ធ្វើ​សកម្មភាព​ ដើម្បី​ បំពេញ​ចិត្ត​ ម្ចាស់​ជំនួយ។

លោក​ បន្ត​ថា តំបន់​ ជាយ ​អារ៉ែង ជា​តំបន់ ​ដ៏​សក្ដិសម​ បំផុត ​របស់​ ប្រទេស​កម្ពុជា ដែល​អំណោយ​ផល​ ដល់​ការ​សាងសង់​ ទំនប់​ វារីអគ្គិសនី៖ «អង្គការ ​ហ្នឹង​ បើ​ មិន​ធ្វើ​ សកម្មភាព​ចឹង មិន​យក​ ប្រជាជន​ នៅ​ពី​មុខ​ ធ្វើ​ជា​ខែល​ ចឹង​ទេ, តើ បាន​លុយ​ ពី​ណា​មក។  ខ្ញុំ​ អាណិត​ ប្រជាជន​យើង ​ដែល​ចាញ់​បោក​គេ, ហើយ ​មក​បំផ្លាញ​ ការ​អភិវឌ្ឍ​ របស់​ជាតិ។»

ក្នុង​សេចក្តី​ បំភ្លឺ ​របស់​ ក្រសួង​ រ៉ែ និង​ថាមពល បង្ហាញ​ថា, ទំនប់​ វារីអគ្គិសនី ​ស្ទឹង​ជាយ ​អារ៉ែង នេះ ប៉ះពាល់ ​លើ​បញ្ហា​ មួយ​ចំនួន ដូចជា ប៉ះពាល់ ​ព្រៃ​ឈើ, ​សត្វ​ព្រៃ, និង​​ការ​រស់នៅ ​របស់​ ប្រជាពលរដ្ឋ។   របាយការណ៍​ សិក្សា​ ពី​ផល​ប៉ះពាល់ ​ជំហាន​ដំបូង ​ឆ្នាំ​២០០៦ បង្ហាញ ​ថា, ផ្ទៃ​ដី ​ដែល​ត្រូវ​ការ ​សម្រាប់ ​ធ្វើ​អាង​ទឹក​ គម្រោង ​មាន​ប្រមាណ ​ជាង ៩​ពាន់​ ហិកតារ (៩.៤៧៤​ហិកតារ) ដែល​ក្នុង​នោះ​ មាន​ព្រៃ​ស្រោង ​ប្រមាណ ៨៧៤​ហិកតារ និង​ព្រៃ​ ពាក់​កណ្ដាល ​ស្រោង​ជិត ៤​ពាន់​ហិកតារ (៣.៧៩០​ហិកតារ)។  ក្រៅ​ពី​នោះ គឺ ​ជា​ដី​ព្រៃ,​ ស្ទឹង, អូរ, ដី​កសិកម្ម​ បោះ​បង់​ចោល, វាល​ស្មៅ, ​ព្រៃ​ដុះ​ឡើង​វិញ, និង​ដី​ចម្ការ ជាដើម។  ការ​សិក្សា​ ប៉ះពាល់ ​ជំហាន​ដំបូង​ បាន​រក​ឃើញ​ ថា, នៅ​ក្នុង​តំបន់ ​នៃ​គម្រោង​ មាន​បក្សី​ ប្រមាណ ១១៣​ប្រភេទ, ថនិកសត្វ ៥៣​ប្រភេទ, ល្មូន ៣១​ប្រភេទ, និង​មច្ឆជាតិ ៤៣​ប្រភេទ, ហើយ ​ថា ការ​សិក្សា​ ជំហាន​បន្ទាប់ នឹង​ពិនិត្យ​ អំពី​ លក្ខខណ្ឌ ​រស់នៅ​ របស់​ សត្វ​ទាំង​នោះ ដើម្បី​ រក​វិធី​ ធ្វើ​ការ​អភិរក្ស និង​កាត់​បន្ថយ ​ផល​ប៉ះពាល់ ​ឲ្យ​នៅ​តិច ​បំផុត។

របាយការណ៍ ​ឆ្នាំ​២០១៣ របស់ ​ក្រសួង ​រ៉ែ និង​ថាមពល បញ្ជាក់​ទៀត ​ថា, គម្រោង​នេះ ​ប៉ះពាល់ ​ដល់​ប្រជាពលរដ្ឋ ​ចំនួន ៣៤៩​គ្រួសារ, គិត​ជា​មនុស្ស​ មាន​ចំនួន​ ជាង ១​ពាន់​ នាក់ រស់នៅ​ ឃុំ​ចំនួន​បី ស្មើ​ នឹង៧​ភូមិ និង៣៣១​ផ្ទះ, ប៉ះពាល់ ​សាលា​រៀន ​ចំនួន ​៦, វត្ត​អារាម ​៣, ស្រះ​ទឹក​ សហគមន៍​ ៦, និង​ហេដ្ឋារចនាសម្ព័ន្ធ​ មួយ​ចំនួន​ទៀត។

របាយការណ៍​ របស់​ ក្រសួង​ រ៉ែ និង​ថាមពល និង​របាយការណ៍​ របស់ ​គណៈកម្មការ​ ទី​៣ ​រដ្ឋសភា ខុស​គ្នា​ នៅ​ត្រង់ ​ផល​ប៉ះពាល់​ នៃ​គម្រោង។  របាយការណ៍​ គណៈកម្មការ​ ទី​៣ ​រដ្ឋសភា ដែល​ផ្ញើ​ទៅ លោក ហ៊ុន សែន ទាមទារ​ ឲ្យ​ផ្អាក​ គម្រោង​នេះ​ បង្ហាញ​ ថា, ព្រៃ​ឈើ​ នឹង​បាត់​បង់ ​ប្រមាណ ២​ម៉ឺន​ ហិកតារ, ធ្វើ​ឲ្យ​សត្វ​ កម្រ​ ពីរ​ ប្រភេទ, ​រួម​មាន ត្រី​នាគ និង​ក្រពើ​ភ្នំ, ផុត​ពូជ។  ម្យ៉ាង​ទៀត ក្រុម​តំណាង​រាស្ត្រ ​របស់ ​បក្ស​ប្រឆាំង ថែម​ទាំង ​បញ្ជាក់​ថា, ការ​សាងសង់ ​ទំនប់​ វារីអគ្គិសនី​នេះ ខាត​ ជាង​អភិវឌ្ឍ​ តំបន់​នេះ ​ទៅ​ជា​តំបន់​ អេកូ​ ទេសចរណ៍។

ត្រង់​ចំណុច​នេះ លោក អ៊ិត ប្រាំង បញ្ជាក់​ថា គម្រោង​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ ព្រម​ទាំង​រក្សា​លំនឹង​ធម្មជាតិ​ទៀត​ផង។ ហើយ​រដ្ឋាភិបាល​កម្ពុជា នឹង​ព្យាយាម​កាត់​បន្ថយ​ផល​ប៉ះពាល់​ឲ្យ​នៅ​កម្រិត​តិច​បំផុត៖ «សត្វ​មាន​ អី​ខ្លះ ត្រី​មាន​អី​ខ្លះ ចឹង​អ្នក​បច្ចេកទេស​ហ្នឹង​សឹង​តែ​ចុះ​ទៅ​រាប់​ថា​ត្រូវ​ដាក់​យ៉ាង​ម៉េច ដាក់​ទឹក​ជ្រៅ​ទៅ​វា​រស់​បាន​អត់? ហើយ​បាន​សិក្សា​ពី​លក្ខខណ្ឌ​នៃ​ការ​រស់នៅ​របស់​សត្វ​ទាំង​នោះ។»

តាម​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​អាច​នឹង​ចំណាយ​ប្រាក់ ៤០០​លាន​ដុល្លារ។ ប៉ុន្តែ ក្រសួង​រ៉ែ និង​ថាមពល មិន​បាន​បកស្រាយ​ឲ្យ​ច្បាស់​ថា ថវិកា​បាន​មក​ពី​គម្រោង​នេះ នឹង​ដាក់​ចូល​ថវិកា​ជាតិ​ប៉ុន្មាន​ទេ។ ក្រសួង​រ៉ែ និង​ថាមពល ក៏​មិន​ទាន់​បាន​សិក្សា​ពី​ធនធាន​រ៉ែ​នៅ​តំបន់​នោះ​នៅ​ឡើយ​ដែរ ខណៈ​ដែល​សង្គម​ស៊ីវិល​ធ្លាប់​ចោទ​ថា ក្រុមហ៊ុន​ចិន សំឡឹង​ឃើញ​រ៉ែ​ជា​ជាង​ចង់​ធ្វើ​ទំនប់​យក​អគ្គិសនី​លក់៕


No comments:

Post a Comment