រដ្ឋសភា មិនទាន់ ចាត់វិធានការ ករណី អំពើពុករលួយ និងការតែងតាំង ក្រុមគ្រួសារ
RFA / វិទ្យុ អាស៊ី សេរី | ២៩ តុលា ២០១៤
កិច្ចប្រជុំ សភា អនុម័ត សេចក្តីព្រាងច្បាប់ ចំនួន៣ ពាក់ព័ន្ធ នឹងប្រព័ន្ធ តុលាការ កាលពីថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០១៤។ RFA/Yeang Socheametta
រដ្ឋសភា មិនទាន់ចាត់ វិធានការ តាមសំណើ របស់ តំណាងរាស្ត្រ លោក ស៊ុន ឆ័យ អនុប្រធាន គណៈកម្មការ ទី២ នៃរដ្ឋសភា ដែលបានស្នើសុំ ឲ្យរដ្ឋសភា ស៊ើបអង្កេត ករណី អំពើពុករលួយ និងការតែងតាំង ក្រុមគ្រួសារ ដើម្បី លួចបំបាត់ ថវិកា រដ្ឋសភា នៅឡើយ។ មន្ត្រីជាន់ខ្ពស់ រដ្ឋសភា បដិសេធ ធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធទៅ នឹងករណី អំពើពុករលួយនេះ។
លោក ស៊ុន ឆ័យ បញ្ជាក់ថា, លោក នឹងដាក់ពាក្យបណ្ដឹង មួយទៀត នៅពេល ឆាប់ៗ ខាងមុខនេះ ទៅប្រធាន រដ្ឋសភា លោក ហេង សំរិន និងអនុប្រធាន រដ្ឋសភា លោក កឹម សុខា ចាត់វិធានការ លើបណ្ដឹង ពុករលួយនេះ។
លោក ស៊ុន ឆ័យ កាលពីថ្ងៃ ទី២១ តុលា បានផ្ញើលិខិត មួយច្បាប់ ទៅលោក ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ឲ្យផ្តល់បញ្ជី បុគ្គលិក នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងពន្យល់ ពីការគ្រប់គ្រង បុគ្គលិក និងការចំណាយ មិនត្រឹមត្រូវ។
លិខិត របស់លោក ស៊ុន ឆ័យ បញ្ជាក់ថា លោក មិត្ត ការ៉េន អគ្គលេខាធិការរងនៃរដ្ឋសភា ដែលធ្លាប់មានតួនាទីជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានយកឥទ្ធិពល តែងតាំងក្រុមគ្រួសារជាច្រើននាក់ឲ្យបម្រើការ និងផ្តល់តួនាទីសំខាន់ៗក្នុងរដ្ឋសភាថែមទៀត។
លិខិតនោះរៀបរាប់ថា លោក មិត្ត ការ៉េន មានកូនប្រសា និងកូនស្រីបង្កើត បម្រើការងារនៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។ ចំណែកកូនប្រុសបង្កើត និងក្មួយ ធ្វើជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រធានការិយាល័យសវនកម្មទី២ ហើយប្អូនថ្លៃពីរនាក់ និងកូនប្រសាម្នាក់ផ្សេងទៀត មានតួនាទីជាន់ខ្ពស់ក្នុងនាយកដ្ឋានបុគ្គលិក និងគ្រប់គ្រងប្រាក់បៀវត្សតំណាងរាស្ត្រ។
លោក ស៊ុន ឆ័យ បញ្ជាក់បន្ថែមទៀតថា ការតែងតាំងកូន និងក្មួយនេះ ប្រសិនបើជាការពិតនោះ ជាអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធទ្រង់ទ្រាយធំ ដែលរដ្ឋសភាចាំបាច់ចាត់វិធានការបន្ទាន់ ដើម្បីបញ្ចប់តួនាទីទាំងនោះ៖ «ទីមួយ ជម្លោះផលប្រយោជន៍ការដាក់រៀបចំគ្រួសារនោះ ដើម្បីប្រព្រឹត្តបទល្មើសតែម្តង។ មកទល់ថ្ងៃនេះ ដូចជាគ្មានស្ថាប័នណាដែលរៀបចំគ្រប់គ្រងចេញពីគ្រួសារមួយដូច រដ្ឋសភានេះទេ យើងមានភស្តុតាងរួចទៅហើយពីការលួចបំបាត់លុយ។»
លោក ស៊ុន ឆ័យ កាលពីខែតុលា ក៏បានស្នើឲ្យរដ្ឋសភា បង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតការប្រើប្រាស់ថវិការដ្ឋសភាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ សំណើនេះ ធ្វើឡើងបន្ទាប់ពីលោករកឃើញថា រដ្ឋសភាបានចំណាយថវិកាប្រមាណ ៣ម៉ឺន ៥ពាន់ដុល្លារ ទិញម៉ាស៊ីនថតចម្លងមួយគ្រឿង។
របាយការណ៍ចំណាយឆ្នាំ២០១៤ និងគ្រោងចំណាយឆ្នាំ២០១៥ ដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា ថវិកាដែលសភាប្រើប្រាស់ឆ្នាំ២០១៤ មានជាង ២៩លានដុល្លារសហរដ្ឋអាមេរិក និងគ្រោងចំណាយក្នុងឆ្នាំ២០១៥ មានជាង ៤៣លានដុល្លារសហរដ្ឋអាមេរិក។
មន្ត្រីនាំពាក្យរដ្ឋសភា លោក ឈាង វុន បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់ លោក សុន ឆ័យ នោះទេ កាលពីថ្ងៃទី២៨ តុលា៖ «ខ្ញុំមិនដឹងអ្វីទាំងអស់ ខ្ញុំឃើញឯកសារសិន ចាំគេយកដាក់ឯកសារលើតុខ្ញុំដឹងហើយ។»
ចំណែក លោក គាំម កុសល មន្ត្រីជាន់ខ្ពស់អធិការកិច្ចរដ្ឋសភា ក៏បដិសេធមិនធ្វើអត្ថាធិប្បាយនឹងករណីអំពើពុករលួយក្នុងរដ្ឋសភានេះ ដែរ។
ដោយឡែក លោក មិត្ត ការ៉េន បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការតែងតាំងក្រុមគ្រួសាររបស់លោក ធ្វើឡើងស្របច្បាប់ និងមានការវាយតម្លៃត្រឹមត្រូវ។ លោក មិត្ត ការ៉េន អះអាងថា មន្ត្រីទាំងនោះត្រូវបានតែងតាំងកាលពីសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាប្រធានរដ្ឋសភាម្ល៉េះ។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ប្រធានខុទ្ទកាល័យសម្ដេចក្រុមព្រះ លោក ម៉ា ជន បញ្ជាក់ថា សម្ដេចក្រុមព្រះ មិនជាប់ពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ឡើយ។ លោកបន្តថា កាលពីសម្ដេចក្រុមព្រះ ជាប្រធានរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានតែងតាំងមន្ត្រីបក្សកាន់អំណាចគ្រប់គ្រងថវិការដ្ឋសភា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បញ្ជាក់ថា ការតែងតាំងក្រុមគ្រួសារក្នុងស្ថាប័នកំពូលរបស់ជាតិនេះ ជាជម្លោះផលប្រយោជន៍បណ្ដាលឲ្យកើតមានអំពើពុករលួយធ្ងន់ធ្ងរ។ លោកស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវធ្វើការស៊ើបអង្កេតករណីនេះជាបន្ទាន់៖ «នៅក្នុងប្រទេស កម្ពុជា យើងមានទម្លាប់ និងការអនុវត្តខ្លះ ដែលយើងមើលពីស្តង់ដារអន្តរជាតិទៅវាខុសឆ្គងទាំងស្រុង។ ក៏ប៉ុន្តែនៅកម្ពុជា យកតាមទម្លាប់យកតាមគ្នា គាត់ថាស្ថាប័នក្រសួងរដ្ឋផ្សេងទៀត គាត់ធ្វើបាន ស្ថាប័នរដ្ឋសភាក៏ជាស្ថាប័នជាតិដែរក៏តាមគ្នា។ តែយើងមើលស្តង់ដារអន្តរជាតិ ជាទំនាស់ផលប្រយោជន៍ មិនអាចទទួលយកបានទេ។»
អំពើពុករលួយក្នុងរដ្ឋសភា មិនមែនជារឿងចម្លែកទេ។ អំពើពុករលួយបានកើតឡើងមុនពេលអគាររដ្ឋសភាថ្មីសាងសង់ទៅទៀត។ កាលពីឆ្នាំ២០០៣ ក្រុមហ៊ុនក្នុងស្រុកសហការនឹងក្រុមហ៊ុនអូស្ត្រាលី ឈ្មោះ យ៉ាងស៊ី (Giang Shi) បានប្ដឹង លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការសាងសង់សភា អំពីអំពើពុករលួយ ក្រោយពេលលោកបញ្ឈប់ក្រុមហ៊ុនយ៉ាងស៊ី ដែលបានដេញថ្លៃសាងសង់រដ្ឋសភា ទៅឲ្យក្រុមហ៊ុនក្នុងស្រុកមួយដែលកូនប្រសារបស់លោកជានាយក។ កាលនោះ ក្រុមហ៊ុនយ៉ាងស៊ី មានគម្រោងប្រើប្រាស់ថវិកា ២៥លានដុល្លារសាងសង់អគារ ដោយមិនប្រើប្រាស់ថវិការដ្ឋឡើយ ប៉ុន្តែក្រុមហ៊ុនកូនប្រសា លោក ជាម យៀប វិញ បានយកថវិកាជាតិ ដើម្បីសាងសង់អគាររដ្ឋសភា៕
No comments:
Post a Comment