Paris Peace Accords 23 Oct. 1991

Saturday, October 4, 2014

លោក ឱម យ៉ិនទៀង រង​ការ​ចោទ​ ថា, ​មាន​ជាប់ ​ពាក់ព័ន្ធ ​នឹង​ការ​ប្រព្រឹត្ត​ អំពើ ​ពុក​រលួយ | Om Yentieng accused of corruption

លោក ឱម យ៉ិនទៀង រង​ការ​ចោទ​ ថា, ​មាន​ជាប់ ​ពាក់ព័ន្ធ ​នឹង​ការ​ប្រព្រឹត្ត​ អំពើ ​ពុក​រលួយ [this is new news?!]

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣ តុលា ២០១៤

ឱម យ៉ិនទៀង ៦១០
ប្រធាន​ អង្គភាព ​ប្រឆាំង​ អំពើ ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ក្នុង ​ពិធី ​សម្ពោធ ​អង្គការ​ច្បាប់​ នៃ​កម្ពុជា នា​រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ ​២៣ មីនា ឆ្នាំ​២០១៤។  RFA/Van Vichar

ក្រុម​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​ អំពើ ​ពុក​រលួយ ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា, ក្នុង​រយៈពេល ​បួន​ឆ្នាំ​ ក្នុង​យុទ្ធនាការ ​ប្រឆាំង ​អំពើ​ ពុក​រលួយ បាន​ធ្វើ​ ឲ្យ​មេ​ដឹក​នាំ​ នៃ​ស្ថាប័ន​ ប្រឆាំង ​អំពើ​ ពុក​រលួយ កាន់​តែ ​មាន​ បាន​ជាង​មុន។

ពួក​គេ ​ជំរុញ​ ឲ្យ​រដ្ឋាភិបាល បង្កើត​ ក្រុម​ស៊ើប​អង្កេត ​ឯករាជ្យ​ ពិសេស​មួយ ដើម្បី​ តាម​ដាន និង​កែ​ទម្រង់​ ពី​ភាព ​មិន​ប្រក្រតី​ នៃ​ដំណើរ​ការ​ ប្រព្រឹត្ត​ទៅ​ របស់​ អង្គភាព​ មួយ​នេះ។

ក្រុម​សមាជិក ​រដ្ឋសភា​ មក​ពី​ខាង​ បក្ស​ប្រឆាំង ទាមទារ ​ឲ្យ​រដ្ឋាភិបាល​ បង្កើត​គណៈកម្មការ ​ឯករាជ្យ​មួយ ដើម្បី​ ស៊ើប​អង្កេត​ ទ្រព្យ​សម្បត្តិ ​របស់​ មេ​ដឹក​នាំ​ នៃ​ស្ថាប័ន ​ប្រឆាំង​ អំពើ​ ពុក​រលួយ និង​រដ្ឋមន្ត្រី ​មួយ​ចំនួន ដែល​លោក​ អះអាង​ ថា, កំពុង ​តម្កល់​លុយ​ រាប់​រយ​លាន ​ដុល្លារ​ សហរដ្ឋ​ អាមេរិក នៅ​តាម​ធនាគារ​ អន្តរជាតិ។

អនុប្រធាន ​គណៈកម្មការ​ ទី​២ ទទួល​បន្ទុក ​ហិរញ្ញវត្ថុ និង​ធនាគារ លោក សុន ឆ័យ បាន​បង្ហើប ត្រួសៗ​ ថា, ប្រធាន​ អង្គភាព ​ប្រឆាំង​ អំពើ ​ពុក​រលួយ លោក ឱម យ៉ិនទៀង ជា​មនុស្ស​ មិន​ស្អាតស្អំ ជា​មនុស្ស​ ជំនិត ​របស់លោក ហ៊ុន សែន និង​ជា​សេដ្ឋី​ ដែល​មាន​លុយ, ហើយ ​មាន​ផ្ទះ​ តម្លៃ​រាប់​លាន​ ដុល្លារ​ សហរដ្ឋ​ អាមេរិក។  លោក ​បន្ត​ថា, លោក ឱម យ៉ិនទៀង ត្រូវ​ ធ្វើ​ការ ​ប្រកាស ​ទ្រព្យ​សម្បត្តិ​ មុន​គេ។

តំណាង​រាស្ត្រ ​បក្ស​ប្រឆាំង លោក សុន ឆ័យ អះអាង​ ថា, សូម្បី​តែ​ ម៉ាស៊ីន​បោះពុម្ព (ឬ​ហៅ​ ថា, ​ម៉ាស៊ីន​ព្រីនធើ, printer) មួយ​ នៅ​ក្នុង​រដ្ឋសភា​ មាន​តម្លៃ ៣​ម៉ឺន ​ដុល្លារ​ ទៅ​ហើយ ដែល​ជា​តម្លៃ​ មាន​ភាព​ ខុស​គ្នា​ រាប់​សិប​ដង​ ឯណោះ បើ ​ប្រៀបធៀប ​ទៅ​នឹង​តម្លៃ​ ម៉ាស៊ីន​ ព្រីនធើ​ ដាក់​លក់​ នៅ​តាម​ទីផ្សារ។  លោក ​បន្ត​ថា, តម្លៃ​បំប៉ោង​ ឧបករណ៍​ ការិយាល័យ​នេះ មិន​មែន​ មាន​តែ​ នៅ​ក្នុង​អាគា​ រដ្ឋសភា​ ប៉ុណ្ណោះ​ទេ, ប៉ុន្តែ ​គេ​ ឃើញ​មាន ​នៅ​តាម​មន្ទីរ ​ក្រសួង​ របស់​រដ្ឋ​ ផ្សេងៗ ​ជាច្រើន​ទៀត។  លោក​ បន្ត​ថា, អ្វី​ ដែល​ជា​បរាជ័យ ​ធំ​បំផុត​នោះ គឺ ​អង្គភាព​ ប្រឆាំង​ អំពើ ​ពុក​រលួយ​ នៅ​តែ​ ខកខាន ​មិន​បាន​ ចាត់​វិធានការ​ ទៅ​លើ ​អង្គភាព និង​ស្ថាប័ន​រដ្ឋ​ ជាច្រើន ដែល​មាន​តែ ​ឈ្មោះ​បុគ្គលិក, ប៉ុន្តែ ​គ្មាន ​អ្នក​ធ្វើ​ការ។

ក្រុម​អ្នក​រិះគន់​ និយាយ​ថា, ប្រាក់​ចំណូល ​ចំណាយ ​របស់​រដ្ឋ នៅ​តាម​ក្រសួង ​មន្ទីរ​ ជាច្រើន បាន​បាត់​ យ៉ាង​ហោច​ណាស់ ៣០% នៃ​ថវិកា​ ជាតិ​ សរុប។  ការ​បាត់​នោះ អាច​បណ្ដាល ​មក​ពី​ការ​បំប៉ោង ឬ​ការ​បន្ថយ ​នៃ​វិក្កយបត្រ ​ចំណូល​ចំណាយ ដែល​ជា​ហេតុ​ ធ្វើ​ ឲ្យ​រដ្ឋមន្ត្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ប្រធាន​ នាយកដ្ឋាន ឬ​ប្រធាន ​ការិយាល័យ ​ជាច្រើន កាន់​តែ​ មាន​ទ្រព្យ​សម្បត្តិ​ សម្បូរ​ ហូរហៀរ សឹង​តែ​ យក​ឡាន​ ទំនើបៗ ​ថ្លៃ​កប់​ពពក ធ្វើ​ជា​របង​ផ្ទះ​ ទៅ​ហើយ។

ជាង​នេះ ​ទៅ​ទៀត លោក សុន ឆ័យ ថ្លែង​ថា ក្នុង​ពេល​ថ្មីៗ ក្រុម​ប្រឆាំង​កំពុង​តាម​ដាន​រដ្ឋមន្ត្រី​មួយ​ចំនួន ដែល​កំពុង​ដាក់​តម្កល់​លុយ​រាប់​រយ​លាន​ដុល្លារ​ក្នុង​សហរដ្ឋ​អាមេរិក។

រហូត​មក​ទល់​ពេល​នេះ ពុំ​មាន​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ណា​មួយ អាច​ឆ្លើយ​បំភ្លឺ​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ឡើយ ដោយសារ​ទូរស័ព្ទ​របស់​ពួក​គេ​រោទ៍​តែ​គ្មាន​អ្នក​ទទួល។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​ធ្លាប់​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា​មាន​ភាព​មិន​ប្រក្រតី​ដែរ​នោះ ប្រតិកម្ម​ថា ការ​អះអាង​របស់ លោក សុន ឆ័យ គឺ​គ្រាន់​តែ​ដើម្បី​ស្វែងរក​ប្រជាប្រិយភាព​តាម​បណ្ដាញ​សារព័ត៌មាន​ ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន​រិះគន់​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា ដែល​ជា​ប្រទេស​ស្ថិត​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​មួយ​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន ហើយ​ដែល​កំពុង​បំផ្លាញ​ដល់​ដំណើរ​ការ​យុត្តិធម៌​សង្គម និង​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ។

សន្ទស្សន៍​ប្រចាំ​ឆ្នាំ​២០១៣ របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បង្ហាញ​ថា កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៦០ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៧ លើ​ពិភពលោក ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ។ ចំណាត់​ថ្នាក់​របស់​កម្ពុជា នៅ​អន់​ជាង​វៀតណាម ថៃ ឡាវ ភូមា ចិន និង​ប្រទេស​បង់ក្លាដេស (Bangladesh)។ សម្រាប់​ឆ្នាំ​២០១៤ នេះ អង្គការ​តម្លាភាព​កម្ពុជា រក​ឃើញ​ថា បណ្ដា​ក្រសួង​មន្ទីរ​របស់​រដ្ឋ​ជាច្រើន សឹង​ពាសពេញ​ប្រទេស​ទៅ​ហើយ គឺ​ខ្វះខាត​នូវ​ប្រព័ន្ធ​សុចរិត​ភាព រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ខ្លួន​ឯង។

ទំព័រ​ទី​១៣៥ នៃ​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា បង្ហាញ​ថា ក្នុង​ចំណោម​ពិន្ទុ​លេខ​១០០ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ដឹក​នាំ​ដោយ លោក ឱម យ៉ិនទៀង បាន​តែ ៣៤​ពិន្ទុ ដែល​ជា​ពិន្ទុ​មួយ​ខ្សោយ ហើយ​ធ្លាក់​ចំណាត់​ថ្នាក់។ ប៉ុន្តែ​នៅ​ល្អ​ជាង​ប្រព័ន្ធ​តុលាការ ដែល​មាន ១៦​ពិន្ទុ ជា​ពិន្ទុ​មួយ​ដ៏​ខ្សោយ​ជា​ទីបំផុត​ស្រង់​មិន​រួច។

ការ​ឲ្យ​ពិន្ទុ​ទាប​នេះ ដោយសារ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ មាន​កម្រិត ពីព្រោះ​គ្មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ធំៗ​មួយ​ចំនួន ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ។ ជាក់ស្តែង​ដូចជា ករណី​សង្ស័យ​មាន​អំពើ​ពុក​រលួយ​ក្នុង​មូលនិធិ​សកល និង​ការ​សង្ស័យ​អំពើ​ពុក​រលួយ​នៃ​ស្ថាប័ន​ទូរគមនាគមន៍ ជាដើម។

ក្រុម​អ្នក​ធ្វើ​សវនកម្ម​អន្តរជាតិ​ឯករាជ្យ​មួយ​ឈ្មោះ ខេ.ភី.អិម.ជី (KPMG) រក​ឃើញ​ថា មាន​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​លទ្ធកម្ម​ដែល​មាន​ទឹក​ប្រាក់​ជាង ៤០​ម៉ឺន​ដុល្លារ។ ទឹក​ប្រាក់​ជាង ៤០​ម៉ឺន​ដុល្លារ​នេះ ត្រូវ​បាន​ប្រគល់​ជូន​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ របេង គ្រុនឈាម និង​គ្រុនចាញ់ ហើយ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ចាន់​វិធានការ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ចុង​ខែ​កញ្ញា ថា ភស្តុតាង​នៃ​ករណី​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​សុខាភិបាល និង​ស្ថាប័ន​ទូរគមនាគមន៍​មាន​មិន​ខ្វះ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ចាត់​វិធានការ​បាន ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ករណី​ទាំង​ពីរ​បាន​ស្ងាត់​កប់​បាត់​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ព្រាប កុល បាន​បដិសេធ​លាត​ត្រដាង​ភស្តុតាង​ករណី​រសើប​ធំៗ​ជាច្រើន​ទៀត ដោយសារ​រង់ចាំ​បញ្ជូន​ឯកសារ​ទាំង​នោះ​ទៅ​គណៈកម្មការ​ទី​១០ ទទួល​បន្ទុក​បោស​សម្អាត​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។

លើស​ពី​នេះ​ទៅ​ទៀត អង្គការ​តម្លាភាព​កម្ពុជា បាន​វាយ​តម្លៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថា​មាន​ភាព​ទន់​ខ្សោយ។ ភាព​ទន់​ខ្សោយ​ទាំង​នោះ ដោយសារ​មាត្រា​១១ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ចែង​ថា ប្រធាន និង​អនុប្រធាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ការ​តែង​តាំង​ដោយ​នាយក​រដ្ឋមន្ត្រី ហើយ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ។ ចំណុច​នេះ​ហើយ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះ​ទន់​ខ្សោយ ហើយ​រង​ឥទ្ធិពល​នយោបាយ​យ៉ាង​ជោគជាំ ពីព្រោះ​មេ​ដឹក​នាំ​នៃ​ស្ថាប័ន​មួយ​នេះ​ជា​មនុស្ស​ជំនិត​របស់​នាយក​ រដ្ឋមន្ត្រី ហើយ​ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​ប្រជាជន​កម្ពុជា ថែម​ទៀត។

កត្តា​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ទន់​ខ្សោយ​ដែរ ដោយសារ​មាត្រា​២០ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ចែង​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្វើ​ឡើង​ដោយ​សម្ងាត់​បំផុត និង​គ្មាន​ការ​បើក​ចំហ​ជា​សាធារណៈ​នៃ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ជាន់​ ខ្ពស់​របស់​រដ្ឋាភិបាល។ ហើយ​រីឯ​មាត្រា​៤១ នៃ​ច្បាប់​នេះ​ផង​ដែរ អាច​ធ្វើ​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ប្ដឹង ឬ​សាក្សី ករណី​លាត​ត្រដាង​អំពើ​ពុក​រលួយ ប្រសិន​បើ​គេ​រក​ឃើញ​ថា អ្នក​ប្ដឹង ឬ​សាក្សី​ទាំង​នោះ​កុហក។ មាត្រា​នេះ ជា​ចំណុច​គន្លឹះ​មួយ​ក្នុង​ការ​គំរាម​កំហែង​ដល់​ជន​រងគ្រោះ ហើយ​អាច​ធ្វើ​ឲ្យ​ពួក​គេ​លែង​ហ៊ាន​ប្ដឹង ដោយសារ​ខ្លាច​មាន​បណ្ដឹង​ប្រឆាំង​តបត​លើ​ខ្លួន​វិញ។

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​សុចរិត​ភាព​សង្គម វាយ​តម្លៃ​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​កម្រិត​នោះ ដោយសារ​កម្ពុជា ពុំ​ទាន់​មាន​ច្បាប់​សំខាន់​ពីរ គឺ​ច្បាប់​ស្តី​អំពី​ការ​ការពារ​សាក្សី និង​ច្បាប់​ស្ដីពី​ការ​ទទួល​បាន​ព័ត៌មាន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បង្កើត​ឡើង​តាំង​ពី​ខែ​មិថុនា ឆ្នាំ​២០១០ មក បាន​ខិតខំ​ប្រឹងប្រែង​ខ្លះ​ដែរ​ក្នុង​ការ​បំបាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា ដូចជា ការ​ចាប់​ខ្លួន​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទសេរីវុធ ពី​បទ​ទទួល​សំណូក បទ​ជំរិត​ទារ​ប្រាក់ និង​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់។ ការ​ចាប់​មេ​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន លោក មឹក តារា និង​គូកន នៅ​ដើម​ឆ្នាំ​២០១១ ពី​បទ​ពុក​រលួយ​ទាក់ទង​នឹង​គ្រឿង​ញៀន។ ការ​ចាប់​ខ្លួន​អ្នក​កាសែត​បី​នាក់​ក្នុង​ខេត្ត​កំពត ពី​បទ​ជំរិត​ទារ​ប្រាក់ នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៤ និង​ការ​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​មូលដ្ឋាន ២​នាក់ ពី​បទ​កិបកេង​ប្រាក់​ខែ​របស់​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ។

ប៉ុន្តែ អ្នក​ឃ្លាំ​មើល​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បាន​ប្រៀបធៀប​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​នឹង​ការ​នេសាទ​ដោយ​ប្រើ​សំណាញ់​ក្រឡា​ល្អិត​ដ៏​ផុយ​ទ្រុឌទ្រោម​មួយ ដែល​អាច​ចាប់​បាន​តែ​ត្រី​កំភ្លាញ ត្រី​ចង្វា ឬ​ត្រី​កញ្ចុះ តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា មនុស្ស​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​ចាត់​វិធានការ​មុន​គេ គឺ​នាយក​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬ​ក្រុម​ឧត្តមសេនីយ៍​គ្រាក់ៗ​ជាច្រើន​ទៀត។

លោក​បន្ត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​មិន​អាច​សម្រេច​គោល​បំណង​ធំ​ក្នុង​ការ​បំបាត់​អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ ប្រព័ន្ធ​ចាក់​ក្រឡា​ស្អេកស្កះ​នៅ​កម្ពុជា បាន​ទេ ដោយសារ​អ្នក​ប្រឆាំង​នឹង​អ្នក​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ជា​មនុស្ស​តែ​ម្នាក់។

គិត​មក​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០០៩ អំពើ​ពុក​រលួយ​ធ្វើ​អោយ​កម្ពុជា បាត់​បង់​ថវិកា​ជាតិ ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​ថា កម្មវិធី​បាតដៃ​ស្អាតស្អំ នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០០៩ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោកស្រី ខារ៉ល រ៉តលី (Carol Rodley) បាន​ប្រកាស​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​នានា កម្ពុជា ខាត​បង់​ទឹក​ប្រាក់ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ទៅ​ក្នុង​អំពើ​ពុក​រលួយ។ លោកស្រី ខារ៉ល រ៉តលី បាន​មាន​ប្រសាសន៍​បញ្ជាក់​តាម​រយៈ​អ្នក​បកប្រែ​យ៉ាង​ដូច្នេះ៖ «ដោយ​ផ្អែក ​ទៅ​លើ​ការ​សិក្សា​ជាច្រើន បាន​បង្ហាញ​ថា អំពើ​ពុក​រលួយ​បាន​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ចំណូល​ជាតិ​ដល់​ទៅ ៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដែល​ចំណូល​នេះ​អាច​ជួយ​ដល់​ការ​ចំណាយ​ផ្សេងៗ​ទៅ​លើ​សេវា​អប់រំ​សាធារណៈ សេវា​ថែទាំ​សុខភាព និង​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា។ ថវិកា ៥០០​លាន​ដុល្លារ គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​សាងសង់​អគារ​ដែល​មាន​បន្ទប់​ចំនួន ២​ម៉ឺន ឬ​មាន​លទ្ធភាព​ផ្ដល់​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​កម្ពុជា បន្ថែ​ម​ចំនួន ២៦០​ដុល្លារ​ក្នុង​មួយ​ខែ។»

ភ្លាមៗ​ក្រោយ​ការ​ប្រកាស​នេះ លោក ឱម យ៉ិនទៀង ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ថា នោះ​ជា​បទ​អត្ថាធិប្បាយ​តែ​ម្ខាង ខ្វះ​ការ​ពិត និង​បាន​ព្រមាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​រូប​នេះ​ថា មិន​ត្រូវ​លូក​ដៃ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា៕



No comments:

Post a Comment