គណៈកម្មការ ហិរញ្ញវត្ថុ នៃរដ្ឋសភា គ្រោងផ្សព្វផ្សាយ សេចក្ដីព្រាងច្បាប់ ថវិកាជាតិ ឲ្យទូលំទូលាយ
RFA / វិទ្យុ អាស៊ី សេរី | ២៦ តុលា ២០១៤
មន្ត្រីជាន់ខ្ពស់ គណៈកម្មការ ហិរញ្ញវត្ថុ, ធនាគារ, សវនកម្ម រដ្ឋសភា មានគម្រោង ផ្សព្វផ្សាយ សេចក្ដីព្រាងច្បាប់ ថវិកាជាតិ ឲ្យបាន ទូលំទូលាយ។ គម្រោងនេះ កើតឡើង បន្ទាប់ ពី គណៈរដ្ឋមន្ត្រី អនុម័ត សេចក្ដីព្រាងច្បាប់ ថវិកាជាតិ ដោយគ្រោង ចំណាយ ចំនួន ជិត៤ពាន់លាន ដុល្លារ សហរដ្ឋ អាមេរិក ក្នុងឆ្នាំ២០១៤ លើសថវិកា ជាតិ ឆ្នាំ២០១៣ ជិត១១% ។ សេចក្ដីព្រាងច្បាប់ ស្ដីពី ថវិកានេះ នឹងត្រូវ បញ្ជូនទៅកាន់ គណៈកម្មការ ធនាគារ, ហិរញ្ញវត្ថុ, និងសវនកម្ម រដ្ឋសភា នៅសប្ដាហ៍ក្រោយ។
តំណាងរាស្ត្រ គណបក្សប្រឆាំង ដែលកំពុង កាន់តំណែង អនុប្រធាន គណៈកម្មការ ធនាគារ, ហិរញ្ញវត្ថុ, សវនកម្ម រដ្ឋសភា លោក សុន ឆ័យ សន្យាថា នឹងត្រួសត្រាយផ្លូវ បើក ឲ្យសង្គម ស៊ីវិល និងពលរដ្ឋ បានចូលរួម ពិនិត្យ និងបញ្ចេញយោបល់ ទាក់ទង នឹងច្បាប់ ថវិកាជាតិ។ លោក សុន ឆ័យ នៅថ្ងៃ ទី២៥ ខែតុលា មានប្រសាសន៍ ថា, នាពេល កន្លងទៅ ច្បាប់ថវិកាជាតិ ត្រូវ បានរៀបចំឡើង ជាប្រយោជន៍ សម្រាប់ គណបក្ស ប្រជាជនកម្ពុជា យកទៅ ប្រើប្រាស់ ដោយមិនមាន គោលដៅ ច្បាស់លាស់ និងពុករលួយ, ប៉ុន្តែ ឆ្នាំនេះ មិនដូច មុនៗឡើយ។
ទោះ ជាបែបណាក្ដី គណៈរដ្ឋមន្ត្រី រំពឹងថា, ថវិកា ទាំងនោះ នឹងបង្កើន ប្រសិទ្ធភាព លើចំណាយ ប្រតិបត្តិការ ជាសាធារណៈនានា និងធ្វើ កំណែទម្រង់ លើវិស័យ អាទិភាព សំខាន់ៗ, រួមមាន៖វិស័យ អប់រំ, សន្តិសុខ, ការពារជាតិ, ពាណិជ្ជកម្ម, បរិស្ថាន, និងជំរុញ អភិបាលកិច្ច ល្អ។ ម្យ៉ាងទៀត រដ្ឋាភិបាល ដាក់ទិស ដៅធានា កំណើន សេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយ ដើម្បី បង្កើតការងារ ជូនពលរដ្ឋ, កាត់បន្ថយ ភាពក្រីក្រ, និងបង្កើន ទំនុកចិត្ត របស់ ប្រជាពលរដ្ឋ លើស្ថាប័នរដ្ឋ។ រដ្ឋាភិបាល ក៏រំពឹងដែរ ថា, ទុនបម្រុង អន្តរជាតិ របស់ កម្ពុជា នឹងកើនដល់ ជាង៥ពាន់លាន [5,000,000,000?] ដុល្លារ ក្នុងឆ្នាំ២០១៥ ខណៈ ដែលឆ្នាំ២០១៤ ទុនបម្រុងនេះ មានចំនួន ជាង៤ពាន់ ៥រយលាន [4,500,000,000?] ដុល្លារ។ ទុនបម្រុងនេះ អាចធានា ឲ្យការ នាំចូល ប្រមាណ ៤ខែ កន្លះ, និយាយ ឲ្យស្រួលស្ដាប់ បើ សេដ្ឋកិច្ច កម្ពុជា គាំងទុន បម្រុងនេះ អាចចិញ្ចឹម ពលរដ្ឋ បាន៤ខែ កន្លះ។
កាលពីឆ្នាំ២០១៣ សេចក្ដីព្រាងច្បាប់ថវិកាជាតិ ត្រូវបានអនុម័តដោយរដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា។ ច្បាប់ថវិកាឆ្នាំនោះអនុម័តដោយឆាប់រហ័ស និង មិនមានការចូលរួមយោបល់ពីសំណាក់សង្គមស៊ីវិល និង ពលរដ្ឋឡើយ។ កាលពីឆ្នាំ២០១២ តំណាងរាស្ត្រគណបក្សប្រឆាំងដឹកនាំដោយលោក សុន ឆ័យ បានសួរនាំមន្ត្រីរដ្ឋាភិបាលពីចំណូលបានមកពីលក់សំបុត្រ ប្រាសាទអង្គរវត្ត ដែលគ្រប់គ្រងដោយក្រុមហ៊ុនរបស់លោក សុក គង់។ លោក សុន ឆ័យ បានបង្ហាញភស្តុតាង មួយចំនួនធំដែល ជាទឡ្ហីករណ៍បញ្ជាក់ថាក្រុមហ៊ុននេះកិបកេងថវិកាជាតិ តែមន្ត្រីរដ្ឋាភិបាល ធ្វើមិនតបលើចំណុចនេះឡើយ។
លោក សុន ឆ័យ ប្រាប់វិទ្យុអាស៊ីសេរីថា គណៈកម្មការ ធនាគារហិរញ្ញវត្ថុសវនកម្មរដ្ឋសភានឹង ទៅត្រួតពិនិត្យក្រុមហ៊ុន លក់សំបុត្រចូលមើលប្រាសាទអង្គរវត្ត នៅពេលដែលសេចក្តីព្រាងច្បាប់ថវិកានេះចូលដល់ដៃរដ្ឋសភា។
ចំណែកឯអ្នកស្រាវជ្រាវ ការអភិវឌ្ឍន៍សង្គម លោក កែម ឡី វិញលើកឡើងថា ការចងក្រងច្បាប់ថវិកាជាតិនេះ មិនមានការចូលរួមតាំងពីដំបូងមកម្ល៉េះ ជាហេតុធ្វើឲ្យការចាយវាយថវិកាជាតិលើខ្ទង់មួយចំនួននោះខ្ជះខ្ជាយ និងឥតប្រយោជន៍។
ទោះជាបែបណាក្ដី រដ្ឋាភិបាលប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ។ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើនប្រមាណជាង៩% ដោយការនាំចេញផលិតផលកាត់ដេរនិងកំណើនផ្នែកសំណង់។ វិស័យសេវា កើនឡើង ៧,៥%ដោយសារ កំណើនផ្នែកពាណិជ្ជកម្មសណ្ឋាគារ និង ភោជនីយដ្ឋាន ផ្នែកអចលនទ្រព្យ ផ្នែកធនាគារ និងភាពប្រសើរឡើងនៃប្រព័ន្ធ នៃការផ្គត់ផ្គង់សម្ភារៈ។ កំណើនវិស័យកសិកម្ម មានចំនួន២,៦% ដោយសារការដាំដុះ និងការកើនឡើងនៃផលិតភាព៕
No comments:
Post a Comment