Paris Peace Accords 23 Oct. 1991

Thursday, October 16, 2014

គូកន ​លោក ផៃ ស៊ីផាន ដែល​ជាប់​ចោទ ​រឿង​ឆបោក​ លុយ​១​លាន​ ដុល្លារ ​ប្ដឹង​បក​​ ដើម​​ចោទ | Phay Siphan's friend accused of USD 1 M fraud countersues

គូកន ​លោក ផៃ ស៊ីផាន ដែល​ជាប់​ចោទ ​រឿង​ឆបោក​ លុយ​១​លាន​ ដុល្លារ ​ប្ដឹង​បក​​ ដើម​​ចោទ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ តុលា ២០១៤
 
សាន រីច្ឆឺ (Richer San) ៦២០
(ពី​ឆ្វេង) សមាជិក ក្រុមប្រឹក្សា​ ក្រុមហ៊ុន ​ក្លែងក្លាយ ​ឈ្មោះ អាក្រា (Akra) លោក សាន រីច្ឆឺ (Richer San) អ្នក​ចាត់​ការ​ ទូទៅ ​ធនាគារ អង្គរ ​ខាប់ភីថល (Angkor Capital Bank), លោក ហឺវ ឡាខន (Herve Lacorne) និង​មន្ត្រី​ នាំ​ពាក្យ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថត​រូប​ នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ ទី​៣១ ខែ​មករា ឆ្នាំ​២០១៣។  Photo Courtesy of Cambodian American Chamber of Commerce

ករណី​ ឆបោក ​ប្រាក់​មួយ​លាន ​ដុល្លារ ​ដែល​មាន​ ពាក់ព័ន្ធ​ នឹង​មនុស្ស​ មាន​មុខ ​មាន​មាត់​ មួយ​ចំនួន, ដូចជា​លោក ស៊ីវ ស៊ីចាន់ និង​លោក ផៃ ស៊ីផាន ជាដើម​នោះ, ឥឡូវ​នេះ ​ឈាន​ចូល ​របត់​ថ្មី​ មួយ​ទៀត​ហើយ។  នៅ​ក្នុង​ការ វិវត្តន៍ ចុង​ក្រោយ​នេះ ភាគី​ ចុងចោទ​ ដែល​ជា​មិត្តភ័ក្ដិ ​របស់​លោក ផៃ ស៊ីផាន, គឺ ​លោក សាន រីច្ឆឺ (San Richer) បាន​ប្ដឹង​ បក​ទៅ​ភាគី ​ដើម​ចោទ លោកស្រី អេង លីគង់ ពី​បទ​បរិហារកេរ្តិ៍ និង​គំរាម​ ទារ​ប្រាក់។  ឥឡូវ​នេះ​  តុលាការ​ រាជធានី​ភ្នំពេញ គ្រោង​ នឹង​សាកសួរ​ លោកស្រី អេង លីគង់ នៅ​ថ្ងៃ​ ទី​២២ ខែ​តុលា ខាង​មុខ។  ការ​កោះ​ហៅ​នេះ ធ្វើ​ឡើង ​បន្ទាប់ ពី​សាលាឧទ្ធរណ៍​ បដិសេធ​ មិន​ដោះលែង​ លោក សាន រីច្ឆឺ ឲ្យ​នៅ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន​ ដើម្បី ​រង់ចាំ​ សវនាការ។

សាលាដំបូង ​រាជធានី ​ភ្នំពេញ ដែល​ធ្លាប់​ចេញ​ដីកា​ចាប់​ខ្លួន​លោក សាន រិច្ឆឺ ជា​ស្ថាបនិក​ក្រុមហ៊ុន​ក្លែងក្លាយ ឈ្មោះ អាក្រា (Akra) ដែល​បង្កើត​ឡើង​ដើម្បី​បោកប្រាស់​លោកស្រី អេង លីគង់ មួយ​លាន​ដុល្លារ​នោះ ឥឡូវ​នេះ បែរ​ជា​កោះ​ហៅ​លោកស្រី អេង លីគង់ ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង បរិហារកេរ្តិ៍ និង​គំរាម​ទារ​ប្រាក់​ទៅ​វិញ។

ឯកសារ​ដីកា​របស់​ព្រះរាជអាជ្ញា​រង ហៀង សុភក្ត្រ បាន​ចោទ​ប្រកាន់​លោកស្រី អេង លីគង់ ពី​បទ​បរិហារកេរ្តិ៍ និង​គំរាម​ទារ​ប្រាក់​តាម​បណ្ដឹង​របស់​លោក សាន រិច្ឆឺ។ ពាក្យ​បណ្ដឹង​លោក សាន រីច្ឆឺ ដាក់​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ចោទ​ប្រកាន់​លោកស្រី អេង លីគង់ ពី​បទ​សក្ខីកម្ម​ក្លែងក្លាយ​ដែល​បណ្ដាល​ឲ្យ​ចៅក្រម​យល់​ច្រឡំ ទើប​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន និង​បន្ត​ឃុំឃាំង​លោក​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ។

​លោក សាន រីច្ឆឺ បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ឆបោក​ទឹក​ប្រាក់​លោកស្រី អេង លីគង់ មួយ​លាន​ដុល្លារ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​ពី​បទ​ឆបោក។

ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​របស់​លោក សាន រីច្ឆឺ នោះ លោកស្រី អេង លីគង់ កាល​ពី​ថ្ងៃ​ទី​១៣ តុលា អះអាង​ថា លោកស្រី​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា លោក សាន រិច្ឆឺ ជា​អ្នក​រៀបចំ​គម្រោង​ផែនការ​បោកប្រាស់​អ្នកស្រី​អស់​ទឹក​ប្រាក់ ១​លាន​ដុល្លារ៖ «មែនទែន​ទៅ គឺ​លោក ស៊ីវ ស៊ីចាន់ និង សាន រីច្ឆឺ ដែល​ជា​អ្នក​ធ្វើ​ការងារ​ហ្នឹង​សំបើម​ជាង​គេ បាន​សេចក្ដី​ថា គាត់​ខ្មែរ​គាត់​មក​បញ្ចុះបញ្ចូល​ខ្មែរ​ក្នុង​នាម​គាត់​ជោគជ័យ គាត់​ចង់​កសាង​អ្វី​ដើម្បី​ជួយ​ខ្មែរ។»

​ឯកសារ​មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​បញ្ជាក់​ថា លោក សាន រីច្ឆឺ បាន​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​ក្លែងក្លាយ​នេះ​តាំងពី​ដំបូង​ទី។ ក្នុង​ឯកសារ​អនុស្សរណៈ​យោគយល់​គ្នា​បង្កើត​ក្រុមហ៊ុន អាក្រា កាល​ពី​ឆ្នាំ​២០១២ បង្ហាញ​ថា ស្ថាបនិក​ដំបូង​ក្នុង​ក្រុមហ៊ុន​នេះ មាន​បួន​នាក់ រួម​មាន លោក ស៊ីវ ស៊ីចាន់ អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ជា​ខ្មែរ-​អាមេរិកាំង លោក ថូម៉ាស វីលីម (Thomas Willems) វីល្លៀម ណូចាយ (William Nojay) និង​លោក សាន រិច្ឆឺ។

ក្រុមហ៊ុន​នេះ​ត្រូវ​មាន​ដើម​ទុន​សរុប ៤​លាន​ដុល្លារ ដោយ​សមាជិក​ម្នាក់​ត្រូវ​តម្រូវ​ឲ្យ​បង់​ថវិកា ១​លាន​ដុល្លារ​ក្នុង​ភាគហ៊ុន។ លោកស្រី អេង លីគង់ អះអាង​ថា លោកស្រី​បាន​បង់​ប្រាក់ ១​លាន​ដុល្លារ ដើម្បី​ក្លាយ​ជា​ក្រុមប្រឹក្សា​ក្រុមហ៊ុន​នេះ ប៉ុន្តែ​ក្រោយ​ពេល​លោកស្រី​បង់​លុយ​ហើយ ក្រុមហ៊ុន​នេះ​មិន​មាន​ដំណើរ​ការ ហើយ​អ្នក​ទាំង​បួន​នាក់ បដិសេធ​រៀងៗ​ខ្លួន​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នេះ​ទៅ​វិញ​។

ចំណែក​ឯកសារ​អេឡិចត្រូនិក (Email) នៃ​ទំនាក់ទំនង​រវាង​លោកស្រី អេង លីគង់ និង​លោក សាន រិច្ឆឺ កាល​ពី​ថ្ងៃ​ទី​២៤ សីហា ឆ្នាំ​២០១២ បង្ហាញ​ថា លោក សាន រិច្ឆឺ បាន​សរសេរ​សារ​មួយ​ណែនាំ​ដោយ​ផ្ទាល់​ទៅ​លោកស្រី អេង លីគង់ ថា លោក​ឈ្មោះ សាន រិច្ឆឺ ជា​ដៃគូ​ពាណិជ្ជកម្ម​ម្នាក់​ក្នុង​ក្រុមហ៊ុន អាក្រា ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ លោក​បាន​ស្វាគមន៍​លោកស្រី អេង លីគង់ ដោយ​រៀបចំ​ឲ្យ​លោកស្រី​ជួប​នឹង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​នៅ​ សហរដ្ឋអាមេរិក កាល​ពី​ខែ​តុលា ឆ្នាំ​២០១២។ ក្នុង​សារ​ដដែល​នោះ លោក សាន រីច្ឆឺ ក៏​ស្នើ​ឲ្យ​លោកស្រី អេង លីគង់ បញ្ជូន​ព័ត៌មាន​បន្ថែម​ទៀត​ពី​រូប​លោកស្រី​ផ្ទាល់​ទៅ​ឲ្យ​លោក។

ក្រោយពី​បាន​ផ្លាស់ប្ដូរ​ព័ត៌មាន​រួច​មក លោក សាន រិច្ឆឺ ក៏​បាន​ណែនាំ​លោកស្រី អេង លីគង់ ពី​របៀប​ផ្ញើ​ប្រាក់​មួយ​លាន​ដុល្លារ​ទៅ​ធនាគារ​មួយ​ឈ្មោះ​ថា First Niagara Bank ដែល​មាន​ទីតាំង​នៅ​រដ្ឋ​ញីវយ៉ក (New York) សហរដ្ឋអាមេរិក។ លោក សាន រិច្ឆឺ  ​អះអាង​ថា ក្រុមហ៊ុន អាក្រា នឹង​ជួយ​រត់​ឯកសារ​ឲ្យ​លោកស្រី អេង លីគង់ ទទួល​បាន Green card ឬ​លិខិត​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​នៅ​សហរដ្ឋអាមេរិក។

ឯកសារ​អេឡិចត្រូនិក​មួយ​ចុង​ក្រោយ​របស់​លោក សាន រិច្ឆឺ បាន​បញ្ជាក់​ថា ​លោក​បាន​ទទួល​ប្រាក់​ទាំង​គ្រប់​ចំនួន​ពី​លោកស្រី អេង លីគង់ ហើយ។

លោកស្រី អេង លីគង់ បញ្ជាក់​បន្ថែម​ទៀត​ថា លោក សាន រិច្ឆឺ ជា​មនុស្ស​ដំបូង​គេ​បង្អស់​ដែល​ទាក់ទង​រូប​លោកស្រី​ឲ្យ​ចូល​នឹង​ភាគហ៊ុន​ ក្លែងក្លាយ​នេះ។ ប៉ុន្តែ​ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​រូប​លោក​រួច​មក លោក​បដិសេធ​ថា លោក​ជា​សមាជិក​ធម្មតា ហើយ​បញ្ជាក់​ថា ប្រាក់​ដែល​លោកស្រី អេង លីគង់ បាន​ដាក់​ទុន​នោះ បាន​ខាត​បង់​អស់​ទៅ​ហើយ។

លោកស្រី អេង លីគង់ អះអាង​ថា ក្រុមហ៊ុន​ក្លែងក្លាយ​នេះ មិន​ទាន់​បាន​ដំណើរការ ហើយ​ក៏​គ្មាន​ឯកសារ​ណា​បញ្ជាក់​ថា ក្រុមហ៊ុន​នោះ​ខាត​បង់​ក្នុង​ពាណិជ្ជកម្ម​ឡើយ គឺ​អ្នក​ទាំង​បួន​នោះ បង្កើត​គម្រោង​ឆបោក​អ្នកស្រី​ទាំង​ស្រុង៖ «ខ្ញុំ​មើល​តាម​អ្វី​ដែល​គាត់​ ដែល​គាត់​ធ្វើ តាំង​ពី​ខ្ញុំ​ស្គាល់​គាត់ ទាំង​អស់​ អ្នក​ទាំង​បួន សហការ​ដើម្បី​រៀប​គម្រោង​បោកប្រាស់​វិនិយោគិន​ក្នុង​ប្រទេស​ក្រីក្រ​ដែល​ចង់ ​វិនិយោគ​ប៉ុន្តែ​ចំណោះ​ដឹង​ទាប​ជាង​ពួកគេ។»

លោក សាន រីច្ឆឺ មុន​ពេល​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​សោកស្ដាយ​ដែល​លោកស្រី អេង លីគង់ ប្ដឹង​គាត់។ លោក​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​ការ​ចោទ​ប្រកាន់​នេះ​ទេ ដោយ​អះអាង​ថា មេធាវី​លោក​មិន​អនុញ្ញាត​ឲ្យ​និយាយ។ មេធាវី​លោក សាន រិច្ឆឺ គឺ​លោក អ៊ិន កាយា ក៏​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​របស់​លោកស្រី អេង លីគង់ ដែរ។

ឯកសារ​ចុង​ក្រោយ​ដែល​លោក សាន រីច្ឆឺ បាន​ដាក់​ទៅ​ឲ្យ​តុលាការ​ដើម្បី​បង្ហាញ​ថា លោក​គ្មាន​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន អាក្រា នោះ គឺ​ជា​ឯកសារ​ចុះ​បញ្ជិកា​​ក្រុមហ៊ុន អាក្រា នៅ​ក្រសួង​ពាណិជ្ជកម្ម​ដែល​បង្ហាញ​ថា អភិបាល​ក្រុមហ៊ុន​នេះ មាន​ចំនួន​បី​នាក់ ដោយ​គ្មាន​ឈ្មោះ​លោក​ទេ។ ប៉ុន្តែ​ឯកសារ​ចុះ​បញ្ជី​នោះ ក៏​បង្ហាញ​ថា ឈ្មោះ​អ្នក​ទាំង​បី​នាក់​ក្នុង​បញ្ជី​នោះ ជា​ឈ្មោះ​ក្លែងក្លាយ​ពី​ឈ្មោះ​ដើម ​ផ្ទុយ​ទៅ​នឹង​ឯកសារ​នៃ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) រវាង​លោក ស៊ីវ ស៊ីចាន់ ជា​តំណាង​ក្រុមហ៊ុន និង​លោកស្រី អេង លីគង់។

អ្នក​ផ្ដើម​បង្កើត​ក្រុមហ៊ុន អាក្រា ដំបូង ក្នុង​អនុស្សរណៈ​រួម​មាន លោក ស៊ីវ ស៊ីចាន់ ជា​ប្រធាន ថូម៉ាស វីលីម នាយក​ប្រតិបត្តិ វិល្លៀម ណូចាយ ជា​ហិរញ្ញិក និង​លោក សាន រីច្ឆឺ ជា​អនុប្រធាន​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន ប៉ុន្តែ​នៅ​ពេល​ក្រុមហ៊ុន​នេះ​ចុះ​បញ្ជី​នៅ​ឯ​ក្រសួង​ពាណិជ្ជកម្ម​វិញ បាន​ប្ដូរ​ឈ្មោះ​លោក ស៊ីវ ស៊ីចាន់ ទៅ​ជា ស៊ី ស៊ីចាន់ អូន (Siv sichan Aun) លោក ថូម៉ាស វីលីម ទៅ​ជា​ឈ្មោះ វីលីម ថូម៉ាស អាល្លិន (Willems Thomas Allen) លោក វិល្លៀម ណូចាយ ទៅ​ជា វិល្លៀម ណូចាយ រីឆាដ (William Nojay Richard) ហើយ​មិន​បាន​បញ្ចូល​ឈ្មោះ Richer San ឡើយ។

ការ​ចោទ​ប្រកាន់​របស់​លោក សាន រីច្ឆឺ ធ្វើ​ឡើង​បន្ទាប់ពី​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​៩ តុលា បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក សាន រិច្ឆឺ បើ​ទោះបី​ជា​មាន​អន្តរាគមន៍​ពី​លោ ​ផៃ ស៊ីផាន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក៏​ដោយ។

​លិខិត​សុំ​ធានា​ឲ្យ​លោក សាន រីច្ឆឺ នៅ​ក្រៅ​ឃុំ​របស់​លោក ផៃ ស៊ីផាន ដាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៤ សរសេរ​ថា ក្នុង​នាម​លោក​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​  លោក​សូម​ការ​អនុញ្ញាត​ពី​ឯកឧត្ដម​ប្រធាន​តុលាការ​ដើម្បី​ឲ្យ​លោក សាន រីច្ឆឺ ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

លិខិត​លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា ហេតុផល​ដែល​ត្រូវ​តុលាការ​ដោះលែង​លោក សាន រីច្ឆឺ គឺ​មក​ពី​លោក សាន រីច្ឆឺ ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម និង​ជា​សមាជិក​សហគមន៍​ខ្មែរ-​អាមេរិកាំង​នៅ​កម្ពុជា ជា​ចុង​ក្រោយ​លោក ផៃ ស៊ីផាន បន្ថែម​ទៀត​ថា លោក​សុំ​អនុញ្ញាត​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ផ្ដល់​នូវ​កិត្តិយស​ឲ្យ​លោក​ជា​សមាជិក​រាជរដ្ឋាភិបាល ក៏ដូចជា​លោក សាន រីច្ឆឺ ជា​ទីប្រឹក្សា​លោក ជា ស៊ីម ទទួល​បាន​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​កិច្ច​បម្រើ​ការងារ​រដ្ឋ។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់​ថា ការ​ដាក់​លិខិត​ធានា​ជនសង្ស័យ​ដោយ​ប្រើប្រាស់​តំណាង​ក្នុង​រដ្ឋាភិបាល​ជា​ ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​របស់​តុលាការ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវតែ​តាមដាន​ទង្វើ​របស់​លោក ផៃ ស៊ីផាន ដើម្បី​ធានា​ថា លោក​គោរព​ទៅ​តាម​ក្រម​សីលធម៌​របស់​មន្ត្រី​រាជការ។

​លោក អំ សំអាត៖ «ប្រសិនបើ​ក្នុង​នាម​គាត់​ជា​មិត្ត ឬ​តាម​រយៈ​មេធាវី​ជា​ការ​ត្រឹមត្រូវ​ក្នុង​ការ​ធានា ប៉ុន្តែ​បើ​គាត់​យក​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង​ការ​ធានា​នឹង​នាំ​ ឲ្យ​មាន​ការ​រិះគន់​ថា ពាក់ព័ន្ធ​គ្នា ពីព្រោះ​គេ​គិត​ថា តុលាការ​មិន​ឯកសារ​ផង។ នៅ​ពេល​ដាក់​តួនាទី​ជា​រដ្ឋលេខាធិការ​ដាក់​ធានា​នាំ​ឲ្យ​គេ​មើល​ថា តុលាការ​និង​នីតិប្រតិបត្តិ​ហាក់​ប្រឡាក់ប្រឡូស​នឹង​គ្នា។»

លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ការពារ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្ដឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា​មាន​ប្រសាសន៍​ថា លិខិត​របស់​លោក ផៃ ស៊ីផាន អាច​ប៉ះពាល់​ដល់​ឯករាជ្យ​របស់​តុលាការ។

លោក​អះអាង​ថា គណៈកម្មការ​របស់​លោក​នឹង​តាមដាន​ករណី​ជ្រៀតជ្រែក​ចូល​កិច្ចការ​តុលាការ​របស់​មន្ត្រី​​រដ្ឋាភិបាល​នេះ៖ «ធម្មតា ​ការ​សុំ​ធានា​យន្តការ​តុលាការ គឺ​មេធាវី​ជា​អ្នក​ដាក់​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ដោយ​ដាក់​ហេតុផល ប៉ុន្តែ​លិខិត​របស់​គាត់​ហាក់​បី​ដូច​ជា​គាត់​បញ្ជា​ប្រើ​អំណាច​របស់​គាត់​ ទៅ​តុលាការ។ យើង​រង់​ចាំ​មើល​តុលាការ នឹង​ដោះស្រាយ​បែប​ណា តុលាការ​ធ្វើតាម​សំណើ​របស់​លោក ផៃ ស៊ីផាន ឬ​តុលាការ​គោរព​នៅ​ក្នុង​សមត្ថកិច្ច​របស់​ខ្លួន​ឯង។»

​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិន​បាន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី ជុំវិញ​លិខិត​ស្នើសុំ​​អន្តរាគមន៍​ឲ្យ​ដោះលែង​លោក សាន រីច្ឆឺ ឡើយ កាល​ពី​ថ្ងៃ​ទី​១៤ តុលា។ ប៉ុន្តែ​កន្លង​មក​លោក​អះអាង​ថា លោក​ជួយ​អន្តរាគមន៍​លោក សាន រីច្ឆឺ ដោយសារ​លោក​ជា​មិត្ត​នឹង​គ្នា។

រូបភាព​ឯកសារ​ជា​ច្រើន​ដែល​ដាក់​នៅ​លើ​គេហទំព័រ​សភា​ពាណិជ្ជកម្ម​ខ្មែរ-​ អាមេរិកាំង ដែល​លោក សាន រីច្ឆឺ ជា​ស្ថាបនិក​នោះ​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​រវាង លោក ផៃ ស៊ីផាន និង​លោក សាន រីច្ឆឺ ព្រម​ទាំង​លោក ស៊ីវ ស៊ីចាន់ ក្នុង​កិច្ចប្រជុំ​សាធារណៈ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​មួយ​ចំនួន។ ពាក់ព័ន្ធ​នឹង​លោក ផៃ ស៊ីផាន ដែរ លោកស្រី អេង លីគង់ អះអាង​ថា លោក ផៃ ស៊ីផាន នៅ​មិន​ទាន់​បាន​សង​បំណុល​ជិត​មួយ​ពាន់​ដុល្លារ​ដែល​លោក​បាន​ធ្វើ​ធ្មេញ​បី ដាក់​បង្គោល​មាស​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​លោក​ធ្លាប់​អះអាង​ថា លោក​នឹង​សង​ក៏ដោយ។

មក​ទល់​ពេល​នេះ លោក ស៊ីវ ស៊ីចាន់ និង​ជនជាតិ​អាមេរិក ពីរ​នាក់​ផ្សេង​ទៀត ក៏​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តុលាការ​រាជធានី​ភ្នំពេញ ដែល​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ឆបោក​នៅ​ឡើយ​ដែរ៕



No comments:

Post a Comment