Paris Peace Accords 23 Oct. 1991

Monday, October 13, 2014

នាយក​រដ្ឋមន្ត្រី ​ប្រកាស​ ឲ្យ​ពលរដ្ឋ​ ស្វែង​យល់ ​ពី​សមាហរណកម្ម​ អាស៊ាន | PM urges for people to understand ASEAN integration

នាយក​រដ្ឋមន្ត្រី ​ប្រកាស​ ឲ្យ​ពលរដ្ឋ​ ស្វែង​យល់ ​ពី​សមាហរណកម្ម​ អាស៊ាន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ តុលា ២០១៤
ហ៊ុន សែន ៦២០
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ ពាណិជ្ជកម្ម នា​រាជធានី​ ភ្នំពេញ កាល​ពី​ព្រឹក ​ថ្ងៃ ទី​៦ តុលា ២០១៤។  RFA/An Sithav

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស ​ឲ្យ​ប្រជាពលរដ្ឋ​ កម្ពុជា ត្រូវ​ ស្វែង​យល់ ពី​កិច្ចការ​ អាស៊ាន(ASEAN) ស្រប​ពេល​  ប្រទេស​ ទាំង​១០ នឹង​​​ធ្វើ​ សមាហរណកម្ម បង្កើត​ ជា​តំបន់​ សេដ្ឋកិច្ច​ តែ​មួយ​ នៅ​ចុង​ឆ្នាំ​ ២០១៥។

ប៉ុន្តែ ​អ្នក​វិភាគ ​កិច្ចការ​សង្គម​ យល់​ឃើញ​ ថា, សមាហរណកម្ម​ សេដ្ឋកិច្ច​ អាស៊ាន​ នៅ​ឆ្នាំ ​២០១៥ នឹង​ធ្វើ ​ឲ្យ​​ប្រទេស ​កម្ពុជា ជួប​ឧបសគ្គ​ ច្រើន ជាង​ផល​ចំណេញ​ ដោយ​សារ​តែ រដ្ឋាភិបាល ​កម្ពុជា បាន​ចំណាយ​ ពេល​វេលា​ និង​ធនធាន​ តិច​តួច​ ក្នុង​ការ​ បណ្ដុះបណ្ដាល ប្រជាពលរដ្ឋ​ កម្ពុជា​ ឲ្យ​យល់​ដឹង ​អំពី ​កិច្ច​ការ​ អាស៊ាន។

បច្ចុប្បន្ន​ ការ​បង្កើត​ តំបន់​ សេដ្ឋកិច្ច​ អាស៊ាន​ នៅ​ឆ្នាំ​២០១៥ គឺ​ ជា​ប្រធាន​​បទ​ ដែល​មជ្ឈដ្ឋាន​​​នានា ​រួម​ទាំង ​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ ទូទៅ​ យក​មក ​ជជែក​គ្នា​ មិន​ដាច់ ​ពី​មាត់​​ ថា, តើ ​រួម​បញ្ជូន​ សេដ្ឋកិច្ច​គ្នា ​តែ​មួយ នឹង​ផ្ដល់ ​ប្រយោជន៍ ​ដល់​​កម្ពុជា ឬ​យ៉ាង​ណា?

ឯកសារ​គោល ​របស់​ អាស៊ាន​ បាន​សរសេរ​ ថា, ​​គោល​បំណង​ នៃ​ការ​បង្កើត​ សហគមន៍​ សេដ្ឋកិច្ច​ អាស៊ាន និង​បង្កើត​ ឲ្យ​ទីផ្សារ ​រួម​មួយ​ ដែល​ប្រកប​ ដោយ​ភាព​ ប្រកួត​ប្រជែង ដើម្បី ​លើក​កម្ពស់​ ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ ប្រកប​ ដោយ​ស្មើ​ ភាព​គ្នា ​រវាង​ ប្រទេស ​នៅ​ក្នុង​តំបន់​ អាស៊ាន​នោះ, រួម​ទាំង ការ​ធ្វើ​ សមាហរណកម្ម​​ សេដ្ឋកិច្ច​ ទៅ​ក្នុង​ពិភពលោក​​ ផង​ដែរ។

គោល​បំណង​នេះ ​គឺ ​ផ្ទុយ​ ពី​គោល​បំណង​ ដំបូង​ របស់ ​​សមាគម​ អាស៊ាន​ នៅ​ឆ្នាំ១៩៦៧ ដែល​ប្រទេស ​ស្ថាបនិក, រួម​មាន ​ថៃ (Thailand), ម៉ាឡេស៊ី (Malaysia), ឥណ្ឌូណេស៊ី (Indonesia), សិង្ហបុរី (Singapore), និង​​ហ្វីលីពីន (the Philippine) បង្កើត​ សម្រាប់​ ទប់​ស្កាត់​ ការ​រីក ​រាល​ដាល ​នៃ​សង្គ្រាម​ ត្រជាក់​​​ ប៉ុណ្ណោះ ។

ប៉ុន្តែ ​​បច្ចុប្បន្ន, ​ប្រទេស​ សមាជិក​ អាស៊ាន ​នីមួយៗ ចង់​បាន​ នូវ​គោល​បំណង​ សំខាន់​បី ​ផ្សេង​ទៀត,​ រួម​មាន៖ ​ទី​មួយ, ​អភិវឌ្ឍ​ តំបន់​ ​ឲ្យ​ក្លាយ​ ជា​មូលដ្ឋាន​ ផលិតកម្ម​; ទីពីរ, ដើម្បី​ លើក​កម្ពស់​ ប្រសិទ្ធភាព​ ខាង​ផ្នែក​ ឧស្សាហកម្ម តាម​រយៈ​ ការ​ប្រមូល​ផ្ដុំ​ នូវ​ធនធាន និង​ការ​ចែក ​រំលែក​ ទីផ្សារ; ទី​បី​, ឲ្យ​ក្លាយ​ ជា​តំបន់ ​​​ដែល​ប្រកប​ ដោយ​សក្ដានុពល​ ទាក់ទាញ ​វិនិយោគ​ បរទេស និង​ជា​តំបន់​ ទេសចរណ៍។

បញ្ហា​នេះ ​ប្រមុខ​រដ្ឋាភិបាល ​កម្ពុជា បាន​​ប្រកាស ​ឲ្យ​ប្រជាជន ​ខ្មែរ​ត្រៀមខ្លួន​ចូល​សមាហរណកម្ម​អាស៊ាន នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ រវាង​ប្រទេស​អាស៊ាន​ទាំង ១០ ក្នុង​ការ​​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា​ផល​ប្រយោជន៍​នៃ​ការ​ធ្វើ​សមាហរណកម្ម គឺ​មិន​មែន​សម្រាប់​អ្នក​មាន​​អំណាច​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល មន្ត្រី​រាជការ ឬ​​​សម្រាប់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​វិញ​ ក៏​ត្រូវ​យល់​ដឹង​ថា អាស៊ាន​នឹង​ផ្ដល់​ប្រយោជន៍​​ដល់​ពួក​គេ នៅ​ពេល​ដែល​​សមាគម​អាស៊ាន នឹង​បង្កើត​ជា​តំបន់​​សេដ្ឋកិច្ច​តែ​មួយ នៅ​ពេល​​ដ៏​ខ្លី​ខាង​មុខ។
 
អ្នក​វិភាគ​សេដ្ឋកិច្ច និង​សង្គម​មួយ​ចំនួន​យល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​​​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ ​កម្ពុជា បាន​ចំណាយ​ពេល​វេលា​និង​ធនធាន​ ដើម្បី​ផ្សព្វផ្សាយ​ពី​កិច្ច​អាស៊ាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ បាន​តិច​តួច​ប៉ុណ្ណោះ។ ម៉្យាង​​វិញ​ទៀត​ការ​ចូល​ជា​សមាជិក​កន្លង​មក​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ច្រើន លើ​ផ្នែក​កិច្ច​​ការ​បរទេស ​និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​នៅ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​ភាព​ជា​សមាជិក​អាស៊ាន​ មិន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​លើ​ផ្នែក​សេដ្ឋកិច្ច​ឡើយ។ ឧបសគ្គ​នោះ គឺ​ដោយសារ ​ប្រទេស​កម្ពុជាធ្វើការ​អភិវឌ្ឍ​ធនធានមនុស្ស មាន​កម្រិត​ទាប និង​មូលដ្ឋាន​ផលិតកម្ម​​មិន​មាន​ភាព​ប្រកួតប្រជែង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចូល​ជា​សមាជិក​អាស៊ាន និង​ការ​ធ្វើ​សមាហរណកម្ម​​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥​នោះ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា អាច​រៀន​សូត្រ​ពី​ភាព​ជឿន​លឿន​ ពី​​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន។

ប្រធាន​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា ផល​​​​ចំណេញ​​សម្រាប់​ប្រទេស​កម្ពុជា​គឺ​ការ​ស្វែង​យល់​អំពីយន្តការ​អភិវឌ្ឍ ​សេដ្ឋកិច្ច របស់​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ ដើម្បី​ផ្សារ​ភ្ជាប់​​កម្លាំង​ពលកម្ម​កម្ពុជា ទៅ​នឹង​ទីផ្សារ​ការងារ​អាស៊ាន នៅ​​តំបន់​សេដ្ឋកិច្ច​បាន​បង្កើត​ឡើង។ ប៉ុន្តែ​ផល​ប្រយោជន៍​​សម្រាប់​យុវជន​ ទៅ​នឹង​ការ​បើក​ចំហ​សេដ្ឋកិច្ច ហាក់​​​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។
 
ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​កម្ពុជា គឺ​ជា​ឧបសគ្គ​ចម្បង​មួយ​ក្នុង​​ចំណោម​ឧបសគ្គ​ជា​​ច្រើន​ទៀត​ ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​កម្ពុជា បាន​រក​ឃើញ​​ថា​ត្រូវ​ដោះស្រាយ​​ឲ្យ​បាន មុន​នឹង​ឈាន​ជើង​​​ចូល​រួម​ដល់​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ប្រកប​ដោយ​ភាព​ប្រកួតប្រជែង​ជា​មួយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត។

ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB) ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ បច្ចុប្បន្ន ប្រទេស​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​បាន​យ៉ាង​ប្រសើរ សម្រាប់​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​បំណាច់​ឆ្នាំ ២០១៥ ប៉ុន្តែ​ប្រទេស​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ ពន្លឿន​កំណែ​ទម្រង់​របស់​ខ្លួន ដើម្បី​លើក​កម្ពស់​តម្លាភាព និង​ភាព​អាច​ជឿ​ជាក់​បាន​នៃ​ប្រព័ន្ធ​ច្បាប់​របស់​ខ្លួន ដើម្បី​លើក​ទឹក​ចិត្ត ដល់​ការ​វិនិយោគ។

ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​អះអាង​ទៀត​ថា ដើម្បី​ទាញ​ប្រយោជន៍​ពី​កាលានុវត្តនភាព​នានា ដែល​ផ្ដល់​ដោយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ប្រទេស​កម្ពុជា​ចាំ​ បាច់​ត្រូវ​តែ​វិនិយោគ​បន្ថែម​ទៀត លើ​ការ​អប់រំ និង​សុខភាព។ ការ​កាត់​បន្ថយ​វិសមភាព​ផ្នែក​សង្គម និង​វិសមភាព​ផ្នែក​ទ្រព្យធន ក៏​ជា​ការ​ចូលរួម​យ៉ាង​សកម្ម នៅ​ក្នុង​ដំណើរការ ដើម្បី​សម្រេច​កំណើន និង​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​តាម​​ការ​ផ្លាស់​​ប្ដូរ​សំខាន់ៗ នានា​ដែល​អាច​កើត​ឡើង ដោយ​សារ​តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

ម៉្យាង​វិញ​ទៀត​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​​​បន្ថយ​ការ​ពឹង​អាស្រ័យ​លើ​វិស័យ​កាត់​ដេរ ដោយ​​បង្កើន​ទំនាក់​ទំនង​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ចាំបាច់​ត្រូវ​តែ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ទំនិញ សម្រាប់​នាំចេញ​របស់​ខ្លួន។  កសិផល ​សេវា​ ទេសចរណ៍ និង​សេវា​ទំនើប​នានា​ សុទ្ធ​តែ​ជា​កាលានុវត្តនភាព ដែល​ផ្ដល់​ដោយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន៕


1 comment:

  1. កុំយកកូនយួនមកជំនួសកូនខ្មែរ នៅពេលសហគមន៍អាស៊ាន ឲ្យមានសមាហរណកម្មនៅក្នុងតំបន់៕

    ReplyDelete