Paris Peace Accords 23 Oct. 1991

Sunday, October 26, 2014

ពលរដ្ឋ ​នៅ​ព្រៃវែង​ អះអាង​ថា, ​ជនជាតិ​ វៀតណាម ​ប្រើ​ឧបករណ៍ ​នេសាទ ​ខុស​ច្បាប់ | Prey Veng villagers said Vietnamese fishermen are using unlawful tools to fish

ពលរដ្ឋ ​នៅ​ព្រៃវែង​ អះអាង​ថា, ​ជនជាតិ​ វៀតណាម ​ប្រើ​ឧបករណ៍ ​នេសាទ ​ខុស​ច្បាប់

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៤ តុលា ២០១៤
នេសាទ​ខុស​ច្បាប់ ព្រៃវែង ៦១០
សកម្មភាព ​នេសាទ​ត្រី ​របស់​ ជនជាតិ ​វៀតណាម នៅ​ខាង លិច ​វត្ត​ពោធិ៍ថ្មី ភូមិ​ពោធិ៍ថ្មី ឃុំ​កោះសំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣។  RFA/Hum Chamroeun

នៅ​ឯ​ស្រុក​ ពាមជរ ខេត្ត​ ព្រៃវែង មាន​សេចក្ដី​ រាយការណ៍​មក​ ថា, ជនជាតិ ​វៀតណាម ដែល​រស់នៅ ​ក្នុង​ទឹក​ដី​ នៃ​តំបន់​នោះ គឺ​ បាន​ប្រើ​ឧបករណ៍ ​នេសាទ​ ខុស​ច្បាប់ ធ្វើ​ឲ្យ​ពលរដ្ឋ ​ផ្សេង​ទៀត ​មិន​អាច​រក ​ផល​នេសាទ​បាន។  ប៉ុន្តែ​ អាជ្ញាធរ ​មូលដ្ឋាន ​អះអាង​ថា, ពុំ​មាន ​ករណី​នេសាទ​ ខុស​ច្បាប់ ​ទ្រង់ទ្រាយ​ ធំ​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤ ថា ជនជាតិ​វៀតណាម បាន​នេសាទ​ដោយ​ដាក់​ព្រួល និង​ស្បៃ​មុង​បាំង​ដៃ​ទន្លេ​ក្បែរ​កោះ​ថ្មី ព្រំប្រទល់​ឃុំ​ព្រែកសំបួរ និង​ឃុំ​កោះរកា។

លោក ហ៊ុន សាមុត ជា​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​នេសាទ​ជនជាតិ​វៀតណាម នោះ គឺ​ដាក់​របាំង​ព្រួល និង​ស្បៃ​មុង​ប្រហែង ១០០​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ជា​អ្នក​ធ្វើ​នេសាទ​លក្ខណៈ​គ្រួសារ​មិន​អាច​រក​ត្រី​ បាន​ឡើយ៖ «គាត់​ដាក់​ឧបករណ៍​ហ្នឹង​ជា​ឧបករណ៍​មួយ ដែល​ធ្វើ​ឲ្យ​មច្ឆជាតិ​ហិនហោច​ទៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ឧបករណ៍​ហ្នឹង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ហើយ​មិន​អាច​ឲ្យ​ត្រី​ចរាចរ​ចេញ​ចូល​បាន​ទេ ព្រោះ​ខែ​នេះ​ជា​ខែ​ត្រី​ចុះ​ទៅ​ទន្លេ ធ្វើ​ឲ្យ​ត្រី​ចូល​ស្បៃ​ជា​ឧបករណ៍​របស់​គាត់​ហ្នឹង​តែ​ម្ដង ចេញ​មិន​រួច​ទេ ព្រោះ​មក​មូល​នៅ​ទីនោះ​តែ​ម្ដង ព្រោះ​ថា ច្រក​មាន​តែ​មួយ​មិន​អាច​ចេញ​ទៅ​ណា​រួច​ទេ។»

ពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​នេសាទ​ល្មើស​នេះ​ទើប​តែ​ធ្វើ​បាន​រយៈពេល ២ ឬ ៣​ថ្ងៃ​មក​នេះ។ ពលរដ្ឋ​បាន​ចោទ​ប្រកាន់​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកសំបួរ ថា​ជា​អ្នក​នៅ​ពី​ខាង​ក្រោយ​នៃ​សកម្មភាព​នេសាទ​បាំង​ដៃ​ទន្លេ​នោះ។

ប៉ុន្តែ លោក មាន ចន្ថា មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែកសំបួរ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ថា មិន​មែន​ជា​ការ​ពិត ដោយ​រូប​គាត់​មិន​ជាប់​ពាក់ព័ន្ធ​ការ​ធ្វើ​នេសាទ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ការ​នេសាទ​របស់​ពលរដ្ឋ​ទូទៅ​នៅ​តាម​ព្រែក ឬ​ដៃ​ទន្លេ​មេគង្គ​នោះ គឺ​មាន​ខ្លះ​មែន ដោយ​ធ្វើ​នេសាទ​ជា​គ្រួសារ ទាំង​ពលរដ្ឋ​ខ្មែរ និង​វៀតណាម ប៉ុន្តែ​មិន​មាន​ទ្រង់ទ្រាយ​ធំ​នោះ​ទេ៖ «ខ្មែរ​យើង​ក៏​មាន​ដាក់​ដែរ ប៉ុន្តែ​គេ​ដាក់​ហ្នឹង គឺ​គេ​ដាក់​បន្តិចៗ​កែង​ទន្លេ​មេគង្គ​យើង​ហ្នឹង ៤ ឬ ១០​ម៉ែត្រ ដោយ​គេ​ដាក់​ព្រួល​ឫស្សី ដោយ​ព្រួល​ឫស្សី​នោះ​គេ​រាំង​មិន​មែន​គេ​រាំង​អួន​ស្បៃ​មុង​នេះ​ទេ។ មិន​មែន​កាត់​ទន្លេ​ដូច​ជា​ក្នុង​ឡូ​នេសាទ​នោះ​ទេ។ នេះ​គេ​ដាក់ ៤ ឬ ១០​ម៉ែត្រ​នៅ​តាម​ដៃ​ទន្លេ។»

ទោះ​យ៉ាង​ណា មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​អំពើ​ល្មើស​ច្បាប់​ក្នុង​របរ​នេសាទ​នេះ គឺ​មាន​ក្រុម​អាជ្ញាធរ​ដែន​ដី ឬ​មន្ត្រី​មាន​ជំនាញ​ជា​អ្នក​ធ្វើ​ខ្នង​បង្អែក​នៃ​ការ​ប្រមូល​ផល​នោះ។ អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ជា​អ្នក​អនុវត្តន៍​ច្បាប់ គួរ​តែ​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រង់​នេះ។

លោក ឆេង សុភ័ស្ត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ថ្លែង​ថា សមត្ថកិច្ច​ជំនាញ​គួរ​តែ​ទៅ​ពិនិត្យ​មើល​ចំពោះ​ឧបករណ៍​នេសាទ​ដែល​រដ្ឋ​បាន​ អនុញ្ញាត​ឲ្យ​នេសាទ​ទៅ​តាម​តំបន់ ឬ​តាម​កម្រិត​នៃ​ការ​នេសាទ​នោះ ថា​ត្រឹមត្រូវ ឬ​ផ្ទុយ​នឹង​ច្បាប់​កំណត់​ឲ្យ៖ «ស្ថាប័ន​ផ្សេង ជាពិសេស​ស្ថាប័ន​ជលផល ឬ​ខាង​នេសាទ​ហ្នឹង គួរ​តែ​សម្លឹង​មើល​ករណី​ហ្នឹង ហើយ​ស្រាវជ្រាវ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​តំបន់​ហ្នឹង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុស​ច្បាប់ ហើយ​គ្មាន​នរណា​ចាប់ ឬ​ហាម​ឃាត់ ព្រោះ​នៅ​តំបន់​ផ្សេងៗ មាន​គេ​ចាប់​គេ​ហាម​ឃាត់ មាន​ទាំង​គេ​ដុត​ចោល​នូវ​សម្ភារៈ​ដែល​ខុស​ច្បាប់​ហ្នឹង។ អ៊ីចឹង​យើង​អាច​មើល​ថា តើ​នៅ​តំបន់​ហ្នឹង តើ​អ្នក​ណា​ខ្លះ​ដែល​បើក​ដៃ​ឲ្យ​អ៊ីចឹង អ្នក​ដែល​ចូលរួម​ប្រព្រឹត្ត​បទល្មើស ក៏​ត្រូវ​ទទួល​ទោស​ដែរ។»

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នេសាទ​នោះ ថ្លែង​ឲ្យ​ដឹង​ថា ការ​ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នោះ គឺ​កើត​មាន​ឡើង​ជា​រឿយៗ ប៉ុន្តែ​មិន​សូវ​ឃើញ​មាន​អាជ្ញាធរ​ដែន​ដី ឬ​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ឡើយ។

ទាក់ទង​ករណី​នេសាទ​នេះ​ដែរ នៅ​ក្នុង​ស្រុក​ពាមជរ ដដែល គឺ​មាន​ក្រុម​មន្ត្រី​សង្កាត់​រដ្ឋបាល​ជលផល អាជ្ញាធរ​ដែន​ដី ព្រម​ទាំង​សហគមន៍​នេសាទ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ក្នុង​ឃុំ​ព្រែកក្របៅ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។ ប៉ុន្តែ ក្រុម​អ្នក​ភូមិ​ដែល​មាន​របរ​នេសាទ​នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នោះ គឺ​មិន​ស្មើភាព​គ្នា​ទេ ដោយ​ចុះ​ទៅ​បង្ក្រាប​តាម​កន្លែង​ខ្លះ​តែ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា យើង​ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ណា​មួយ​ពី​លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​លើក​នេះ​នៅ​ឡើយ៕


No comments:

Post a Comment