Paris Peace Accords 23 Oct. 1991

Wednesday, October 1, 2014

លោក សម រង្ស៊ី ជួប​ពិភាក្សា​ ជាមួយ ​លោក ហ៊ុន សែន ស្ងាត់ៗ​ នៅ​រដ្ឋសភា | Sam Rainsy quietly met with Hun sen at NatAss

លោក សម រង្ស៊ី ជួប​ពិភាក្សា​ ជាមួយ ​លោក ហ៊ុន សែន ស្ងាត់ៗ​ នៅ​រដ្ឋសភា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១ តុលា ២០១៤

ហ៊ុន សែន សម រង្ស៊ី ៦១០
លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់ ​អ្នក​កាសែត បន្ទាប់​ ពី​ប្រជុំ នៅ​មន្ទីរ​ រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤។  RFA/Yeang Socheametta

មេ​ដឹក​នាំ​ កំពូល ​នៃ​គណបក្ស ​ទាំង​ពីរ ជួប​គ្នា​ ស្ងាត់ៗ ​នៅ​ក្រៅ​ កិច្ច​ប្រជុំ​ សភា។  មន្ត្រី​ បក្ស​ប្រឆាំង​ បញ្ជាក់​ថា, លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៉ី ពិភាក្សា​គ្នា ​ក្នុង​បំណង​ ជំរុញ​ ស្មារតី នៃ​ការ​អនុវត្ត ​កិច្ច​ព្រមព្រៀង រវាង ​គណបក្ស​ ទាំង​ពីរ កាល​ពី​ថ្ងៃ ​ទី​២២ ខែ​កក្កដា ស្រប​ពេល ​ដែល​សកម្មជន ​បក្ស​ប្រឆាំង​ម្នាក់​ ត្រូវ​ បាន​ចាប់​ខ្លួន ​រួច​មក​នោះ។

ជំនួប ​ក្រៅ​ផ្លូវ​ការ​ ជាង១​ម៉ោង ​រវាង លោក សម រង្ស៉ី និង​លោក ហ៊ុន សែន ប្រព្រឹត្ត​ទៅ ​ក្នុង​បន្ទប់​ ពិសេស​មួយ ​នា​បរិវេណ​ រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ ​ទី​១ ខែ​តុលា។  ថ្ងៃ​នេះ​ ជា​ថ្ងៃ​ បវេសនកាល​ ដំបូង ​នៃ​រដ្ឋសភា ​ជាតិ​ ក្នុង​អាណត្តិ​ ទី​៥​នេះ។   មូលហេតុ​ ដែល​មេ​ដឹក​នាំ​ នយោបាយ​ ទាំង​ពីរ​ ជជែក​គ្នា​នេះ ត្រូវ​ បានលោក សម រង្ស៉ី ពិពណ៌នា​ ថា, ធ្វើ​ឡើង ​ក្នុង​បំណង ​ពង្រឹង​ស្មារតី​ អនុវត្ត​ កិច្ច​ព្រមព្រៀង​ កាល​ពី​ថ្ងៃ​ ទី​២២ ខែ​កក្កដា ក្នុង​ការ​បញ្ចប់​ ទំនាស់​ នយោបាយ។

លោក សម រង្ស៉ី មាន​ប្រសាសន៍​ ថា, លោក​ បាន​ស្នើ ​ឲ្យ​មាន​ជំនួប​ ក្រៅ​ផ្លូវ​ការ​នេះ ក្នុង​បំណង​ ពង្រឹង​ ការ​អនុវត្ត ​កិច្ច​ព្រមព្រៀង​ នយោបាយ, ព្រម​ទាំង ​នាំ​ក្តី​កង្វល់ ​របស់​ ពលរដ្ឋ​ ប្រាប់​ទៅលោក ហ៊ុន សែន។  លោក ​បន្ត​ថា, លោក ​បាន​លើក​ឡើង​ ពី​ក្តី​កង្វល់ ​នៃ​ការ​រំលោភ ​បំពាន សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា, ក្តី​កង្វល់ ​នៃ​ការ​ ទទួល​យក​ ជន​ភៀស​ខ្លួន​ មក​កម្ពុជា, ផល​ប៉ះពាល់ ​ពី​ការ​សាងសង់​ ទំនប់ ​វារីអគ្គិសនី ​អារ៉ែង, និង​ជាពិសេស, គឺ​ ការ​ចាប់​ខ្លួន​ យុវជន​ គណបក្ស​ សង្គ្រោះ​ជាតិ។  លោក ​បញ្ជាក់​ថា, លោក ហ៊ុន សែន  បាន​បំភ្លឺ​លោក ​នូវ​បញ្ហា ​មួយ​ចំនួន ​រួច​ហើយ, ហើយ​ អ្វីៗ​ ដែល​នៅ​ សេសសល់ គណបក្ស​ ទាំង​ពីរ​ នឹង​បន្ត​ ដោះស្រាយ​ទៀត៖ «បញ្ហា​ផ្សេង​ទៀត​ ដែល​ជា​កង្វល់ ​របស់ ​ប្រជាពលរដ្ឋ, ហើយ​ យើង​ នឹង​ស្នើ និង​ជំរុញ ​ឲ្យ​បំភ្លឺ​ ឲ្យ​ប្រជាពលរដ្ឋ​ បាន​ដឹង។»

ទោះ ​ជា​បែប​ណា​ក្តី លោក សម រង្ស៉ី មិន​បាន​ បកស្រាយ​លម្អិត ពី​ចំណុច​ នីមួយៗ ឲ្យ​​អ្នក​កាសែត ​បាន​ដឹង​ច្បាស់ ​នោះ​ទេ។  ចំណែក​ ឯ​មន្ត្រី​ គណបក្ស ​ប្រជាជន​ កម្ពុជាវិញ មិន​មាន ​អ្នក​ណា​ម្នាក់ ​ចេញ​មុខ​ បកស្រាយ​ ចំពោះ ​កិច្ច​ពិភាក្សា ​រវាង ​ភាគី​ ទាំង​ពីរ​ ឡើយ។  លោក ហ៊ុន សែន ចាក​ចេញ ​ពី​កិច្ច​ប្រជុំ​ សភា តាម​ផ្លូវ​ក្រោយ នៅ​ពេល​ ដែល​អ្នក​កាសែត ​កំពុង ស្ទាក់​សួរ លោក សម រង្ស៉ី នៅ​ខាង​មុខ ​អគារ ​រដ្ឋសភា។

យ៉ាង​ណា ​ក៏ដោយ មន្ត្រី ​អ្នក​នាំ​ពាក្យ ​រដ្ឋសភា លោក ឈាង វុន ឡើង​ថ្លែង ​សរសើរ ​ពី​ដំណើរ​ការ​ វិវឌ្ឍ​ នយោបាយ៖ «ព្រឹក​មិញ​នេះ​, ថ្នាក់​ដឹក​នាំ​ បាន​ជួប​ ពិភាក្សា​គ្នា​ហ្នឹង, ប្ដូរ​យោបល់​គ្នា។  នេះ​ មាន​សារសំខាន់​ ណាស់​ សម្រាប់​ ប្រជាពលរដ្ឋ​យើង។»

ជំនួប ​រវាង លោក ហ៊ុន សែន និង​លោក សម រង្ស៉ី កើត​ឡើង ​នៅ​ក្រោយ​ពេល ​ដែល​អាជ្ញាធរ​ បាន​ចាប់​ខ្លួន​ សមាជិក ​ក្រុមប្រឹក្សា​ ខណ្ឌ ​គណបក្ស​ ប្រឆាំង​ម្នាក់ យក​ទៅ​ ដាក់​គុក ក្នុង​សំណុំ​រឿង​ ហិង្សា​ នៅ​ស្ពាន​នាគ កាល​ពី​ថ្ងៃ ​ទី​១៥ កក្កដា។  ព្រះរាជ​អាជ្ញា​ អម​សាលា​ដំបូង ​រាជធានី​ភ្នំពេញ ក៏​ថែម​ ទាំង​ចេញ​ដីកា ​កោះ​ហៅ​ យុវជន​ ទាំង​បី​នាក់ ដែល​ធ្លាប់​ ជាប់​គុក ​អស់​ជាច្រើន​ថ្ងៃ ឲ្យ​ចូល​ខ្លួន ​បំភ្លឺ​ ក្នុង​សំណុំ​រឿង​ ដដែល​នេះ ​ទៀត​ផង។

គណបក្ស​ ទាំង​ពីរ ​ព្រមព្រៀង​គ្នា ៧​ប្រការ​ សំខាន់ៗ, រួម​មាន៖ រួម​គ្នា ​ដោះស្រាយ​ បញ្ហា​នយោបាយ, កែ​ទម្រង់ ​ស្ថាប័ន​ រៀបចំ​ ការ​បោះ​ឆ្នោត និង​សមាសភាព​ គណៈកម្មាធិការ ជាតិ ​រៀបចំ ​ការ​បោះ​ឆ្នោត, កំណត់​ ឡើង​វិញ​ នូវ​កាល​បរិច្ឆេទ ​រៀបចំ ​ការ​បោះ​ឆ្នោត, កែប្រែ ​តួនាទី ក្នុង​គណៈកម្មការ ​ជំនាញ ​រដ្ឋសភា, ពិនិត្យ​ ក្បាល​ម៉ាស៊ីន​ ដឹក​នាំ ​ព្រឹទ្ធសភា, និង​កែ​ទម្រង់​ ស្ថាប័ន​ជាតិ​ ឯករាជ្យ ​សំខាន់ៗ។

ក្នុង​ការ​អនុវត្ត​ កិច្ច​ព្រមព្រៀង​ កាល​ពី​ថ្ងៃ​ ទី​២២ ខែ​កក្កដា វិញ, គណបក្ស​ ទាំង​ពីរ​ កំពុង​ពិនិត្យ ​ធ្វើ​វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោត និង​ច្បាប់ ​ស្តី​ពី ​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ ​របស់​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត។  ប៉ុន្តែ អ្វី​ ដែល​គណបក្ស​ ប្រជាជន​កម្ពុជា មិន​ទាន់ ​អនុវត្ត​ តាម​កិច្ច​ព្រមព្រៀង​នោះ គឺ​ ជា​ការ​កែ​ទម្រង់​ ស្ថាប័ន ​ឯករាជ្យ​ របស់​ជាតិ​ សំខាន់ៗ​នោះ។

រដ្ឋសភា ​នៅ​ព្រឹក​ថ្ងៃ ​ទី​១ ខែ​តុលា បាន​អនុម័ត ​ធ្វើ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​ បន្ថែម ​១​ជំពូក, មាន​ខ្លឹមសារ និយាយ ​ពី​ការ​ដាក់​បញ្ចូល​ ស្ថាប័ន គ.ជ.ប. ក្នុង​រដ្ឋធម្មនុញ្ញ និង​អនុម័ត ​ផ្តល់​ការ​យល់​ព្រម ​លើ​ពិធីសារ​ ពិភាក្សា និង​អនុម័ត ​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី ការ​អនុម័ត​ យល់ព្រម​ លើ​ពិធី សារ​ណា ហ្គូយ៉ា ស្ដីពី ​សិទ្ធិ​ទទួល​ផល ​ពី​ធនធាន ​សេនេទិច និង​ការ​បែង​ចែក​ ផល​ប្រយោជន៍ ​ពី​ការ​ប្រើប្រាស់ ​ធនធាន​ សេនេទិច ដោយ​ស្មើ​ភាព និង​សមធម៌ នៃ​អនុសញ្ញា​ សហប្រជាជាតិ ស្ដីពី ​ជីវចម្រុះ។  រដ្ឋសភា នឹង​បន្ត ​កិច្ច​ប្រជុំ​ សាមញ្ញ ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ ទី​២ ខែ​តុលា បន្ត​ទៀត៕



1 comment:

  1. Anonymous11:06 AM

    Do not trust these two traiters. They are two together; Hun Sen has directly worked for Yuon, San Rainsy has destroyed other parties including his own party in order to let Hun Sen won. This Sam Rainsy is triple traitors, worst than his father; like father, like son and he is the worst.

    ReplyDelete