Paris Peace Accords 23 Oct. 1991

Monday, November 10, 2014

វិភាគ ៖ តើ អ្វី ជាឧបសគ្គ ដល់ការធ្វើ បញ្ជីឈ្មោះ បោះឆ្នោត ថ្មី?​ Analysis: What are the obstacles to creating new voters' list

វិភាគ ៖ តើ អ្វី ជាឧបសគ្គ ដល់ការធ្វើ បញ្ជីឈ្មោះ បោះឆ្នោត ថ្មី?​

ស្តាប់សំឡេង៖​

ចម្លងទុក
បញ្ជីឈ្មោះ ​អ្នក​បោះ​ឆ្នោត ដែល​បិទ ​នៅ​តាម​សាលា ឃុំ​/សង្កាត់ (រូបថត៖ ម៉េង)
មុនពេល គណបក្ស​ សង្គ្រោះជាតិ ចូលសភា, គណបក្ស​​ ប្រជាជន​ កម្ពុជា បាន​ព្រម​ព្រៀង​ ថា, ត្រូវ​ ធ្វើបញ្ជីឈ្មោះ ​បោះ​ឆ្នោត ថ្មី។

ប៉ុន្តែ នៅដើមខែ វិច្ឆិកានេះ ក្នុងកម្មវិធី ​អ្នកស្ដាប់ វិទ្យុ អាស៊ី សេរី ដែល​ពិភាក្សា​ អំពី «ជំហរ​ របស់​ បក្ស​ប្រជាជន​ កម្ពុជា ​ក្នុង​ការ​ កែ​ទម្រង់​ ការ​បោះឆ្នោត», លោក ព្រំ សុខា  ដែលជាមន្ត្រី ជាន់ខ្ពស់ម្នាក់ ក្នុងក្រុម ​កែ​ទម្រង់​ ការ​បោះឆ្នោត​ មក​ពី​គណបក្ស​ ប្រជា​ជន​ កម្ពុជា មានប្រសាសន៍ ថា, បញ្ជីឈ្មោះ បោះឆ្នោត ថ្មី មិនមែន​ មានន័យ ថា, ត្រូវ ធ្វើបញ្ជី ចុះឈ្មោះ ជាថ្មី នោះទេ៖ «បញ្ជី ឈ្មោះ​ បោះ​ឆ្នោត ឥឡូវ​ហ្នឹង​ កិច្ច​ព្រមព្រៀង ​នយោបាយ​ បាន​ព្រម​ព្រៀង គ្នា​ហើយ, ​ឯកភាព ​ថា, ​ត្រូវ ​ធ្វើ​បញ្ជី​ថ្មី។  បញ្ជី​​ថ្មី​ហ្នឹង​ មិនមែន ​មានន័យ​ ថា, ​ត្រូវ​ ចុះ​ឈ្មោះ​ សាជា​ថ្មី​ទេ។   អានេះ ជាជម្រើស​មួយ, បាទ, ជាជម្រើស​មួយ។  ហើយ និយាយ អ៊ីចឹង​ មិនមែន​ ថា, ហឺ ខ្ញុំ ​និយាយ​អ៊ីចឹង;​​ គណបក្ស​ ប្រជាជន​ មិន​ចង់​​ ឲ្យ​ចុះ​បញ្ជី​ ថ្មីទេ។  យើង​ ត្រូវ​​ ធ្វើ​អី​ លើ​ប្រាកដ​និយម។  បើ​ មិន​ស្រួល​ គឺ ​យើង ​ធ្វើ​មិន​បាន។  ហើយ ​វា​ មិន​ទាំង​ ដល់​គោល​ដៅ; ​វា ខុសទៀត។  ទី២, បញ្ជី​ថ្មី​នេះ​ អាច​ប្រើ​ ទិន្ន​ន័យ​ ដែល​មាន ​បច្ចុប្បន្ន, ហើយ ​យើង​ មើល​ ទាំង​អស់​គ្នា​ ទៅ!  បើ ថា ,អ្ហេ ​វា ខុស​ ដោយសារ​ ស្ទួន, លុប​ អាស្ទួន​ចោល។  បើ ខ្វះអ្នក​ ដែលខ្វះ, បាត់​អី​ហ្នឹង បំពេញ​ បន្ថែម​មក។»


តាមខ្លឹមសារ ឃើញថា បញ្ជីឈ្មោះ បោះឆ្នោត ថ្មីនោះ គឺ ត្រូវ យកបញ្ជីចាស់ មកពិនិត្យ​ ពិភាក្សា និងកែ ​ឲ្យទៅ​ ជា​ថ្មី, ប៉ុន្តែ មិនមែន មានន័យ ថា ធ្វើ​ឡើង ​ដោយ​ថ្មី​ សន្លាង​តែម្ដង​ នោះ​ទេ។ ទោះយ៉ាងណា លោក ​ព្រំ សុខា​ បន្ថែម​ថា និយាយ​បែប​នេះមិនមែន​មាន​ន័យ​ថា គណបក្ស​ប្រជា​ជនកម្ពុជា ឬ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​បដិសេធមិនឲ្យ​ធ្វើ​បញ្ជី​ចុះ​ឈ្មោះ​ថ្មី ​នោះ​ទេ។ លោកថា បើ​ធ្វើ​ទាន់ធ្វើ ប៉ុន្តែ​បើ​ធ្វើ​មិន​ទាន់ប្រហែល​ជា​ត្រូវ​យក​បញ្ជីចាស់។

លោក ព្រំ សុខា ក៏ពន្យល់​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ផង​ ដែរ ដោយប្រៀប​ធៀប​ទៅ​នឹង​ការ​លំបាក​ក្នុង​ការ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​នា​ពេល​ បច្ចុប្បន្ន​នេះ។ លោក​ថា បញ្ជី​ឈ្មោះ​ដែល​សុក្រឹត​មាន​​លេខ​កូដ​តែ​មួយ​សម្រាប់​ទូ​ទាំង​ប្រទេស​នោះ ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​៥ ទៅ​១០​ឆ្នាំឯណោះ។ ប៉ុន្តែ សម្រាប់​សង្គម​ស៊ីវិល និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​វិញ​ តើយល់​ឃើញ​បែប​ណា​ចំពោះ​ការ​លើក​ឡើង​បែប​នេះ? តើអ្វី​ជា​ឧបសគ្គ​ពិត​ប្រាកដ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ នោះ?

អ្នកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ លោក សុខ ទូច មានប្រសាសន៍ថា នៅសម័យនេះហើយ គ្រាន់​តែ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​អ្នក​បោះ​ឆ្នោត​ប្រហែល​១០​លាន​នាក់​នោះ គ្មានអ្វី​ជា​ការ​លំបាក​នោះ​ទេ។ លោកថា អ្វី​ដែល​អ្នក​នយោបាយ​ថា​លំបាក​នោះ គ្រាន់​តែ​ជា​លេស​បិទ​បាំង​ការ​ព្រួយ​បារម្ភ​របស់ខ្លួន​តែប៉ុណ្ណោះ។

លោក ​សុខ ទូច បន្ថែមថា តាមលោក​ដឹង មាន​ប្រទេស​បី​​ព្រម​ទទួល​ការលំបាក ដែល​អ្នក​នយោបាយ​កំពុង​លើក​ឡើង​នោះ គឺ​ប្រទេស​ជប៉ុន អូស្ត្រាលី និងសហគមន៍អឺរ៉ុប ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​នយោបាយ​នៃបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ មាន​សុឆន្ទៈពិត​ប្រាកដ ស្មោះ​ត្រង់​ជា​មួយ​ប្រជាពលរដ្ឋ ហើយទទួល​ឲ្យ​ប្រទេស​ទាំងនោះ​ជួយក្នុង​ការ​កែ​ទម្រង់​នេះ វា​នឹង​បាន​ជោគជ័យ «លំបាក ​តែ​គណបក្ស​ទាំង​ពីរ​ហ្នឹង​បារម្ភ​ឆ្ពិន​ភ្នែក​ប្រជា​ជន​មិន​បាន​តែ​ ប៉ុណ្ណឹង​ទេ។ អាហ្នឹង​ដែល​ជា​ការ​លំបាក។ ​ដែល​លំបាក​គ្រាន់​តែ​ចុះ​ឈ្មោះ​សាថ្មី​ប្រជា​ជន​១៤លាននាក់ យ៉ាង​ច្រើន​តែ​១០លាន់នាក់ ខ្ញុំ​ជឿជា​ក់​ថា មិន​លំបាក​សម្រាប់​បច្ចេក​ទេស​ទំនើប​របស់​ប្រទេស​ជប៉ុន ដែល​គេមាន​ប្រជា​ជន​ដល់​ទៅ​១៥០​លាននាក់​​​​​ឯណោះ​ ខ្ញុំជឿជាក់​ថាមិន​ជា​លំបាក​ទេ។ សូមឲ្យ​អ្នក​នយោបាយ​កុំ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​លំបាក​នៅ​ក្នុង​សតវត្សរ៍​ ទី​២១ បើលំបាក​សូម​ចុះ​ចេញ មាន​អ្នក​មិន​ចង់​លំបាក​គេនឹង​ជំនួស​វិញ។»

សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត លោក ​យង់ គិមអេង មានប្រសាសន៍ថា កិច្ចការងារ​បោះឆ្នោត​ដែល​សំខាន់នោះ​គឺអាស្រ័យ​លើ​ឆន្ទៈអ្នក​នយោបាយ​ បើ​អ្នកនយោបាយ​​ព្រម​ព្រៀង​គ្នា​ថា​ធ្វើ​យ៉ាង​ម៉េច​ហើយ អ្នក​ច្បាប់ អ្នក​បច្ចេក​ទេស​ត្រូវ​តែ​តម្រូវ​ទៅ​តាម​អ្នកនយោបាយ។

លោក​ យង់ គិមអេង​ បន្ត​ថាបញ្ហា​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ មានការ​ចម្រូង​ចម្រាស​គ្នា​យូរ​មកហើយ ដូច្នេះ​ហើយ​​គួរ​តែ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ​តាម​ឆន្ទៈ​អ្នក​នយោបាយ។ លោកថា បញ្ហាធ្វើ​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ថ្មី​​នោះ​ វា​គ្មាន​អ្វី​លំបាក​ទេ ប៉ុន្តែ​សំខាន់​បំផុតគឺ​មានភាគី​ណាមួយ​មិន​ចង់​ធ្វើ​ «បើរឿង​ពិបាក វាមិន​ពិបាក​ទេ ប៉ុន្តែ​គ្រាន់​ថា​យើង​ធ្វើ​ឲ្យវា​ល្អ ឲ្យ​វា​សុក្រឹត វា​អាច​ចំណាយ​ពេល​យូរ​បន្តិច។ តើ​យើង​ទុក​អាហ្នឹង​ដើម្បី​ឈ្លោះ​គ្នា ឬក៏​យើង​ចង់​បញ្ចប់​ អា​រឿង​វិវាទ ឬក៏​ការ​រិះគន់​គ្នា​ទៅវិញ​ទៅមក​ ដោយសារ​តែ​បញ្ហា​បញ្ជី​ឈ្មោះ​ហ្នឹង? បាទ​នេះ​ជា​បញ្ហា​។ ហើយម្យ៉ាង​វិញ​ទៀត ស្រុក​គេ​ក្រ​ជាង​យើង​ទៅ​ទៀត ស្រុកខ្លះ​ក៏​គេ​សុខ​ចិត្ត​បញ្ជូន​ឲ្យ​​អ្នក​​បច្ចេក​ទេស​ បរទេស​អី​គេ​ទៅ​ជួយ​ធ្វើ​រឿង​ហ្នឹង​ដែរ គេ​សុខចិត្ត​ប្ដេជ្ញា​ចិត្ត​ធ្វើ។ ចុះ​កម្ពុជា ហេតុអី​បាន​មិន​ធ្វើ​បាទ?»

ជារួម ទាំង​អ្នក​វិទ្យាសាស្ត្រន​យោបាយ ទាំង​អ្នក​ធ្វើការ​លើការ​បោះឆ្នោត​ យល់ឃើញ​ដូចៗគ្នា​ថា អ្វី​ដែល​ជា​ឧបសគ្គ​​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី មិនមែន​ការ​លំបាក​ដូច​ការ​លើក​ឡើង​ខាង​លើ​នោះឡើយ ប៉ុន្តែ​គឺ​ការ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ​​​ក្នុងការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មីទៅវិញទេ ទើប​ជា​​ឧបសគ្គ​ធំ​បំផុត៕


1 comment: