សង្គមស៊ីវិល រិះគន់ ការបង្កើន ចំនួន គណៈអភិបាល ខេត្ត និងស្រុក ថា, ជាការចែក អំណាច
RFA / វិទ្យុ អាស៊ី សេរី | ២១ វិច្ឆិកា ២០១៤
សង្គមស៊ីវិល រិះគន់ អនុក្រឹត្យ ស្ដីពី ការកែសម្រួល ចំនួន គណៈអភិបាល ខេត្ត និងស្រុក មួយចំនួន ថា, ជាយន្តការ ចែកអំណាចគ្នា។ អនុក្រឹត្យនេះ សម្រេចបន្ថែម ចំនួន គណៈអភិបាល ខេត្ត ៨ និងបង្កើន ចំនួន គណៈអភិបាល ស្រុក ៣៦ នៅទូទាំង ប្រទេស។
អនុក្រឹត្យ ត្រូវបានចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកក្កដា និងបានផ្សព្វផ្សាយជាសាធារណៈនៅសប្ដាហ៍ទី៣ នៃខែវិច្ឆិកា នេះ។
សង្គមស៊ីវិល ចាត់ទុកថា ការបង្កើនចំនួនមន្ត្រីរាជការឲ្យកាន់តំណែងជាអភិបាលរងស្រុក អភិបាលរងខេត្តឲ្យកាន់តែច្រើននាក់នោះ គឺជាយន្តការចែកអំណាចគ្នារបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបន្ថែមចំណាយថវិកាជាតិថែមទៀត។
មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា បច្ចុប្បន្ននេះអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្តបំពេញការងារមិនមានប្រសិទ្ធភាពឡើយ។ ប្រសិទ្ធភាពការងារនោះ មិនទាក់ទងនឹងចំនួននៃគណៈអភិបាលខេត្តឡើយ ប៉ុន្តែវាទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងទាំងមូល ព្រមទាំងសមត្ថភាពរបស់មន្ត្រីរាជការទាំងអស់នោះតែម្តង។ លោកបន្តថា អាជ្ញាធរមិនអាចដោះស្រាយបញ្ហាចំណាកស្រុក បញ្ហាទំនាស់ដីធ្លី បញ្ហាស្វែងរកការងារធ្វើជូនពលរដ្ឋបានទេ បើទោះបីជាបង្កើនចំនួនគណៈអភិបាលស្រុក ខេត្តក៏ដោយចុះ៖ «ខាត ថវិកាជាតិផង គេមើលឃើញពីរដ្ឋាភិបាលហ្នឹងកាន់តែធំកាន់តែសម្បូរមនុស្សហូរហៀរ ខណៈដែលប្រជាពលរដ្ឋនៅមូលដ្ឋានហ្នឹងមានបញ្ហាជាច្រើន តែប្រសិទ្ធភាពនៃការដោះស្រាយមានកម្រិត។»
អនុក្រឹត្យកែសម្រួលចំនួនអភិបាលខេត្ត និងស្រុក បង្គាប់ឲ្យខេត្តចំនួន៨ បង្កើនចំនួនគណៈអភិបាលខេត្តពីចំនួន ៦នាក់ ទៅចំនួន ៧នាក់។ ខេត្តទាំងនោះរួមមាន ព្រះវិហារ រតនគិរី កោះកុង ស្ទឹងត្រែង មណ្ឌលគិរី កែប និងខេត្តប៉ៃលិន។ ចំពោះស្រុកទាំង៣៦ វិញ ត្រូវបានរាជរដ្ឋាភិបាលបង្កើនចំនួនគណៈអភិបាលស្រុកពី ៤នាក់ក្នុង១ស្រុក ទៅ ៥នាក់ក្នុង១ស្រុក។ ក្នុងអនុក្រឹត្យបញ្ជាក់ថា ការសម្រេចបែបនេះ ធ្វើឡើងតាមសំណើរបស់ក្រសួងមហាផ្ទៃ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ លើកឡើងថា រាជរដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញអនុក្រឹត្យនានា។ ប៉ុន្តែលោកគិតថា រដ្ឋាភិបាលត្រូវបោសសម្អាតមន្ត្រីខ្មោចជាមុនសិន ព្រោះអ្នកស៊ីប្រាក់ខែរដ្ឋ ហើយមិនធ្វើការមានចំនួនច្រើនណាស់។ លោកបន្ថែមថា បើសិនគណបក្សសង្គ្រោះជាតិ កាន់អំណាច នោះតំណែងគណៈអភិបាលស្រុក ខេត្ត នឹងកំណត់ឲ្យមានតែ ៣នាក់ប៉ុណ្ណោះ៖ «មន្ត្រី ខ្លះអត់ធ្វើការអត់កន្លែងធ្វើ អត់មានសមត្ថភាព ការបង្កើតតំណែងច្រើនទៀតហ្នឹង កាន់តែបង្កើតការិយាធិបតេយ្យប៉ុណ្ណោះ បង្កើតឲ្យមានការស្មុគស្មាញកាន់តែច្រើនឡើង ហើយបង្កើនចំណាយតែប៉ុណ្ណោះ។»
ទោះជាបែបណាក៏ដោយ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសរួចហើយថា នឹងបោសសម្អាតមន្ត្រីខ្មោចឲ្យអស់នៅគ្រប់ក្រសួងទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ក៏ប៉ុន្តែ យុទ្ធនាការនេះមិនទាន់បានអនុវត្តឲ្យមានប្រសិទ្ធភាពនៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីមន្ត្រីរដ្ឋាភិបាលបានទេ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤៕
No comments:
Post a Comment