Paris Peace Accords 23 Oct. 1991

Sunday, November 9, 2014

បណ្ដាញ​សង្គម ពលរដ្ឋ​ ជួបជុំ​គ្នា​ ដើម្បី​ ចង់​ក្រង​ ព័ត៌មាន​ ផ្ដល់​ជូន​ គណបក្ស​ នយោបាយ | Civil society network met to consolidate info to forward to political parties

បណ្ដាញ​សង្គម ពលរដ្ឋ​ ជួបជុំ​គ្នា​ ដើម្បី​ ចង់​ក្រង​ ព័ត៌មាន​ ផ្ដល់​ជូន​ គណបក្ស​ នយោបាយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៩ វិច្ឆិកា ២០១៤

សាម អ៊ីន កែម ឡី ៦២០
អតីត ​នាយក​ប្រតិបត្តិ​ អង្គការ ​ជីវិត​ថ្លៃថ្នូរ លោក​បណ្ឌិត សាម អ៊ីន (ឆ្វេង) និង​អ្នក​ស្រាវជ្រាវ ​ការ​អភិវឌ្ឍ​ សង្គម និង​ជា​អ្នក​វិភាគ​ ឯករាជ្យ លោក​បណ្ឌិត កែម ឡី ក្នុង​វេទិកា ​អ្នក​ស្ដាប់ ​វិទ្យុ ​អាស៊ី សេរី នៅ​យប់​ថ្ងៃ​ ទី​៣១ ខែ​តុលា ឆ្នាំ​២០១៤។  Photo: RFA

នៅ​ថ្ងៃ ​ទី៩ វិច្ឆិកា នេះ,​ ប្រជាពលរដ្ឋ​ ដែល​ជា​បណ្ដាញ​ សង្គម ប្រមាណ ជាង២រយនាក់ (២០០) បាន​ជួបជុំ​គ្នា ​ដើម្បី ​រិះរក​ វិធីសាស្ត្រ​ តាម​បែប ​លទ្ធិប្រជាធិបតេយ្យ ដើម្បី​ រៀបចំ ​ឲ្យ​ទៅ​ ជា​គោលនយោបាយ ​មួយ មុន ​នឹង​ដាក់​ជូន ​គណបក្ស​ នយោបាយ និង​រដ្ឋាភិបាល។

មូលហេតុ​ ដែល​ជំរុញ​ ឲ្យ​ក្រុម​ការងារ ​ឃ្លាំមើល​សង្គម ពង្រឹង​គោលការណ៍ ​ដើម្បី​ សង្កេត ​ពី​អ្នកនយោបាយ ​វិញ​ នៅ​ពេល​នេះ បន្ទាប់​ ពី​ពិនិត្យ​ឃើញ​ ថា, អ្នក​នយោបាយ ​តែង​ មិន​អនុវត្ត​ ដូច​ការ​សន្យា ច្រើន​អាណត្តិ​ ណាស់​ មក​ហើយ។

អ្នក​ចាត់​ការ ​ទូទៅ​ នៃ​បណ្ដាញ​សង្គម​នេះ ចាត់​ទុក​ ថា, ចំណុច​សំខាន់ ​នៅ​ពេល​នេះ គឺ ​ធ្វើ​យ៉ាងណា រៀបចំ និង​ប្រមូល​ ព័ត៌មាន​ ឲ្យ​បាន​គ្រប់ ជ្រុងជ្រោយ​ ជាមុន​សិន មុន ​នឹង​ចេញ​ គោលការណ៍​ រួម​មួយ ដើម្បី​ ដាក់​ជូន​គ្រប់​ គណបក្ស នយោបាយ, ព្រម​ទាំង​ រដ្ឋាភិបាល​ផង, ដែល​គោល នយោបាយ ត្រូវ ​បាន​តាក់តែង ​ឡើង​នេះ គឺ ជា​គោលការណ៍​ ដឹកនាំ​ តាម​បែប​ ប្រជាធិបតេយ្យ ​មួយ ​ដ៏​ជាក់លាក់។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​បណ្ដាញ​សង្គម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៩ វិច្ឆិកា ថា ការ​បង្កើត​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​​តប​មួយ​ដ៏​មាន​ប្រសិទ្ធភាព នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​ចាត់​ទុក​ថា​មាន​តែ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ ទើប​អាច​ជំរុញ​ឲ្យ​សង្គម​មួយ ធ្វើ​ដំណើរ​លើ​​មាគ៌ា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ថា​ផ្លាស់ប្ដូរ​ទម្លាប់​របស់​អ្នក​នយោបាយ​បាន។  

ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​បណ្ដាញ​សង្គម​នេះ អាច​នឹង​បង្កើត​ជា​គណបក្ស​នយោបាយ​មួយ​ដែរ​ទេ​នៅ​ថ្ងៃ​ខាងមុខ។ លោក កែវ ឡី ឆ្លើយ​បដិសេធ​វិញ​ភ្លាម​ថា ចរន្ត​ដែល​ធ្វើ​នេះ​គឺ​មិន​មែន​ដើម្បី​បម្លែង​ខ្លួន​ទៅ​ជា​បក្ស​នយោបាយ​ទេ។ ក៏ប៉ុន្តែ​គឺ​ជា​ការ​ជួយ​ជ្រោមជ្រែង ផ្នែក​កម្មវិធី​នយោបាយ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ឲ្យ​គណបក្ស​នយោបាយ​ទៅ​វិញ។ បន្ថែម​ពី​លើ​នេះ​លោក​ព្រមាន​ថា តែ​បើ​គណបក្ស​នយោបាយ​ណាមួយ ដែល​ទទួល​បាន​គោលការណ៍​ហើយ មិន​អាច​អនុវត្ត​តាម​ទេ ជម្រើស​បន្ទាប់​បណ្ដាញ​សង្គម អាច​នឹង​បង្កើត​ជា​បក្ស​នយោបាយ​ដែរ ដើម្បី​ប្រកួតប្រជែង​ដោយ​យុត្តិធម៌។

ការ​ចូលរួម​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា នៅ​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ជាទី​ដែល​មាន​រៀបចំ​ពិធី មាន​មនុស្ស​ជាង២រយនាក់។ ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​ជា​គ្រូបង្រៀន អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ កសិករ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​សង្ឃ គណបក្ស​ហ្វុនស៊ិនប៉ិច និង​សមាជិក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ។

ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង ជា​អ្នក​សារព័ត៌មាន​ជិត ៣០ឆ្នាំ​មក​នេះ លោក ហែង កូយ ដែល​បាន​ចូល​រួម​ផង​ដែរ​នោះ យល់​ឃើញ​ថា ការ​បង្កើត​បណ្ដាញ​នៅ​ពេល​នេះ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ចំពោះ​បរិបទ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន។ ក្រៅ​ពី​នេះ​លោក ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ថា​បក្ស​នយោបាយ​សព្វថ្ងៃ អាច​កែប្រែ​ចរិត​នយោបាយ ដោយ​អនុវត្ត​តាម​​គោលការណ៍​ដែល​បណ្ដាញ​សង្គម នឹង​ដាក់​ជូន​នៅ​ពេល​ខាងមុខ​នេះ ដើម្បី​ជំរុញ​ឲ្យ​ធ្វើ​ដំណើរ​លើ​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ​បាន។

សង្កេត​ឃើញ​ថា សមាសភាព​សំខាន់​ៗ​នៃ​ថ្នាក់​ដឹកនាំ​នៃ​បណ្តាញ​សង្គម​នៅ​ពេល​នេះ ក្រៅ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម​ហើយ ក្នុង​នោះ​មាន​លោក យ៉េង វីរៈ ប្រធាន​​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគន៍ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក កែម ឡី លោក យ៉ង់ សាំងកុមារ ប្រធាន​អង្គការ​សេដាក និង លោក សាម អ៊ីន អតីត​នាយក​ប្រតបត្តិ​នៃ​អង្គការជីវិតថ្លៃថ្នូរ។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន ពី​គណបក្ស​នយោបាយ​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ។ ក៏ប៉ុន្តែ​ក្នុង​ ពេល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រតិកម្ម​ម្ដង​ជា​ពីរ​ដង​មក​ហើយ ប្រឆាំង​ចលនា​នៃ​បណ្ដាញ​សង្គម​នេះ។ រហូត​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​សេចក្ដី​អំពាវនាវ មិន​អនុញ្ញាត​ឲ្យ​សកម្មជន​របស់​ខ្លួន​ចូល​រួម​ស្ដាប់​ឡើយ។
បណ្ដាញ​សង្គម​នេះ​ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ ថា បណ្ដាញ​ពលរដ្ឋ​សកម្ម​បណ្ដាញ​នេះ បាន​កើត​ឡើង​តាំង​ពី​មុន​បោះឆ្នោត​ឆ្នាំ២០១២។ បន្ទាប់​មក​បាន​វិវត្តន៍ តាមរយៈ​ការ​ជួបជុំ​ទ្រង់ទ្រាយ​តូច និង​ធំ​ រហូត​មក​ដល់​បច្ចុប្បន្ន។ តាម​គម្រោង​នៅ​ចុង​ខែ​ធ្នូ​ឆ្នាំ​នេះ បណ្ដាញ​ដែល​មាន​ឈ្មោះ​ថា បណ្ដាញ​ពលរដ្ឋ​សកម្ម នឹង​រៀបចំ​ឲ្យ​មាន​ស្ថាបនិក​ពិត​ប្រាក់​ចំនួន ១៥០នាក់៕


No comments:

Post a Comment