សហគមន៍ ជនជាតិ កួយ ខេត្តស្ទឹងត្រែង ស្នើសុំ អាជ្ញាធរ ទប់ស្កាត់ បទល្មើស ព្រៃឈើ
RFA / វិទ្យុ អាស៊ី សេរី | ១៩ វិច្ឆិកា ២០១៤
ក្រុមសហគមន៍ ការពារ ព្រៃឈើ ភូមិ អន្លង់ក្រមួន, ឃុំ ស្រែឫស្សី, ស្រុក ថាឡាបរិវ៉ាត់, ខេត្ត ស្ទឹងត្រែង បារម្ភ ពីវិនាសកម្ម ព្រៃឈើ ធនធានធម្មជាតិ ដែលអ្នកភូមិ រស់អាស្រ័យផល ជាលក្ខណៈ ប្រពៃណី ជនជាតិដើម ភាគតិច គួយ ច្រើនជំនាន់ មកហើយ។
អ្នកភូមិ និយាយ ថា, ព្រៃឈើ សហគមន៍ ការពារ កំពុង រងការ កាប់រានយកដី, ប៉ុន្តែ មន្ត្រីមូលដ្ឋាន មិនបាន យកចិត្ត ទុកដាក់ សហការ ការពារ ជាមួយ សហគមន៍ នោះឡើយ។
អ្នកភូមិ អន្លង់ក្រមួន អំពាវនាវ សូម ឲ្យអាជ្ញាធរ ខេត្ត ចាត់វិធានការ ជួយទប់ស្កាត់ សកម្មភាព កាប់រាន ព្រៃឈើ សហគមន៍ យកដី ដើម្បី រក្សាធនធាន ធម្មជាតិ ឲ្យបាននៅ គង់វង្ស និងដើម្បី ក្រុមអ្នកភូមិ នៅតំបន់នោះ អាស្រ័យផល អនុផល ព្រៃឈើ បម្រើ ជីវភាពរស់នៅ របស់ ជនជាតិដើម ភាគតិច។
ការអំពាវនាវនេះ ធ្វើឡើង នៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា បន្ទាប់ ពីព្រៃសហគមន៍ ការពារ ជាង១០ ហិកតារ បន្ថែមទៀត ត្រូវ បានគេ កាប់រាន ដើម្បី យកដី នៅឆ្នាំ ២០១៤។
ប្រធាន សហគមន៍ អន្លង់ក្រមួន លោក ខៀវ ច័ន្ទ ទម្លាក់ការទទួលខុសត្រូវបទល្មើសព្រៃឈើសហគមន៍ទៅលើអាជ្ញាធរ មូលដ្ឋាន ដែលមិនបានយកចិត្តទុកដាក់សហការការពារជាមួយសហគមន៍ ហើយជំរុញឲ្យសហគមន៍បញ្ឈប់កិច្ចការពារព្រៃឈើ។ លោកចោទថា មន្ត្រីអាជ្ញាធរមូលដ្ឋានមានចេតនាឃុបឃិតជាមួយឈ្មួញទិញលក់ដីព្រៃ ហើយកាប់រានយកដីជាកម្មសិទ្ធិឯកជនដោយបំពានច្បាប់៖ «ជនល្មើសមួយ ចំនួនវាមកកាប់ព្រៃ ហើយអាជ្ញាធរកាន់ជើងពួកវា ហើយមកធ្វើបាបចាស់ទុំយើង។ គេកាប់ព្រៃដប់ម្ភៃហិកតារ ដល់យើងទៅហាមឃាត់ធ្វើរបាយការណ៍ឲ្យមេឃុំទៅ គាត់មកប្រកាសរំលាយសហគមន៍ចោល ហើយឲ្យដីទៅគេទៅ។ យើងរាយការណ៍ដល់តុលាការ ឥឡូវធ្វើហើយគេអត់ធ្វើឲ្យយើងជាងមួយឆ្នាំហើយ អ្នកល្មើសចេះតែធ្វើកាប់ព្រៃបានចេះតែបន្ត។»
ព្រៃសហគមន៍ការពារអន្លង់ក្រមួន មានទំហំជាង ៨០០ហិកតារ ឋិតនៅភូមិអន្លង់ក្រមួន។ កាលពីឆ្នាំ២០១៣ ព្រៃនោះត្រូវគេទិញលក់។ បន្ទាប់មក ព្រៃឈើប្រមាណជាង ២០ហិកតារ ត្រូវគេកាប់រានយកដី។ ចំណែកសហគមន៍ការពារព្រៃឈើ មិនមានលទ្ធភាពទប់ស្កាត់បាន ក៏ប៉ុន្តែសហគមន៍បានដាក់ពាក្យប្ដឹងមន្ត្រីមូលដ្ឋានភូមិឃុំ និងអ្នកពាក់ព័ន្ធទិញលក់ដីព្រៃរហូតស្ថាប័នតុលាការ។ បច្ចុប្បន្ន សំណុំរឿងក្តីនេះឋិតក្នុងចំណាត់ការរបស់មន្ត្រីតុលាការខេត្តនៅ ឡើយ។
សកម្មជនការពារព្រៃឈើជនជាតិកួយ ភូមិអន្លង់ក្រមួន លោក ផាន់ វ៉ន ហៅការអូសបន្លាយដោះស្រាយរឿងក្តីនេះ បង្កឲ្យធនធានធម្មជាតិសហគមន៍រងការបំផ្លាញបន្តទៀត ជាពិសេស អនុផលព្រៃឈើ រួមទាំងឈើមានតម្លៃ ដូចជាដើមឈើផលិតជ័រទឹកដែលគេនិយមហៅថាជាឈើច្បោះ សម្រាប់មុខរបរប្រពៃណីអ្នកភូមិ ក៏រងការបំផ្លាញ។ លោកសម្ដែងទុទ្ទិដ្ឋិនិយមថា វិនាសកម្មព្រៃសហគមន៍ គឺជាកត្តាធ្វើឲ្យប៉ះពាល់ប្រពៃណី វប្បធម៌ និងជីវភាពរស់នៅជនជាតិដើមនៅតំបន់នោះទៀតផង៖ «ពួកអស់ខ្ញុំនេះ ការពារមិនបានទេ រុករានអស់ហើយ មិនតែប៉ុណ្ណឹងទៀត មន្ត្រីរាជការក្នុងភូមិរបស់ខ្ញុំផ្ទាល់ អត់មានទទួលស្គាល់រឿងព្រៃឈើទេ។ ពួកគាត់បង្កើតឲ្យពួកខ្ញុំធ្វើសហគមន៍ ដល់ពួកខ្ញុំធ្វើបានហើយ ចង់រំលាយវិញ ដើម្បីយកព្រៃនោះប្រើប្រាស់ជាឯកជនរបស់គេ។ ត្រង់ហ្នឹងហើយដែលពួកខ្ញុំកំពុងព្រួយចិត្ត។»
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែវិច្ឆិកា មិនអាចទាក់ទងប្រធានភូមិអន្លង់ក្រមួន និងមេឃុំស្រែឫស្សី សុំអធិប្បាយបញ្ហានេះបាននៅឡើយ។
យ៉ាងនេះក្តី ប្រធានក្រុមប្រឹក្សាស្រុកថាឡាបរិវ៉ាត់ លោក សួន ផុន ទទួលស្គាល់ថា ព្រៃឈើសហគមន៍អន្លង់ក្រមួន ពិតជារងការកាប់រាន ក៏ប៉ុន្តែមន្ត្រីអាជ្ញាធរស្រុកតែងប្រជុំណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ជួយទប់ស្កាត់ និងមិនបានឃុបឃិត ឬបណ្តែតបណ្តោយឲ្យបទល្មើសព្រៃឈើនេះកើតមាននោះទេ។ លោកកត់សម្គាល់ថា កន្លងទៅ សហគមន៍បែកបាក់គ្នាជាពីរក្រុម។ ចំណែកការចុះបញ្ជីបង្កើតសហគមន៍ក៏យឺតយ៉ាវ ហេតុនេះធ្វើឲ្យសកម្មភាពការពារព្រៃសហគមន៍ចុះខ្សោយ។ យ៉ាងណា លោកសន្យាថា ក្នុងអាណត្តិដឹកនាំនៅមូលដ្ឋាន លោកនឹងជំរុញឲ្យមានវិធានការទប់ស្កាត់បទល្មើសព្រៃឈើទូទៅក្នុង មូលដ្ឋានឲ្យបានប្រសើរឡើងវិញ៖ «ផ្ទៃក្នុងគណៈអភិបាលស្រុកតែងតែ ប្រជុំបំផុសចលនាដល់រដ្ឋអំណាចភូមិឃុំ ទប់ស្កាត់ការកាប់រានដីព្រៃ ការណែនាំដល់រដ្ឋបាលព្រៃឈើ ទាំងផ្នែកទាំងសង្កាត់ អាជ្ញាធរគ្រប់បែបយ៉ាង។ ដោយឡែកនៅអន្លង់ក្រមួន សភាពការណ៍កើតឡើងមានបញ្ហាពីរ ប្រជាពលរដ្ឋមួយចំនួនថាចង់បង្កើតសហគមន៍ ប្រជាពលរដ្ឋមួយចំនួនថាចង់រំសាយ អ៊ីចឹងបានថាមានការប្រទ្រូសប្រទ្រាស់ដែរ។ ជាទស្សនៈរបស់ខ្ញុំ ទៅប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាលក្តី ខ្ញុំមានគំនិតជួយជ្រោមជ្រែងណាស់ការបង្កើតសហគមន៍។»
កាលពីថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា តំណាងសហគមន៍អន្លង់ក្រមួន ៦នាក់ បាននាំគ្នាមកការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុក សុំឲ្យមន្ត្រីសមាគមនេះអន្តរាគមន៍ទៅអាជ្ញាធរខេត្តស្ទឹងត្រែង ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃសហគមន៍ឲ្យមានប្រសិទ្ធភាព។
ទាក់ទិនបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា នៅស្រុកថាឡាបរិវ៉ាត់ បញ្ហាកាប់រានព្រៃមិនមែនកើតមានតែឃុំស្រែឫស្សី នោះទេ។ លោកថា បទល្មើសកាប់ព្រៃឈើយកដីលក់កើតមានគ្រប់ឃុំ បើទោះបីអាជ្ញាធរនៅតំបន់នោះអះអាងថា បានជួយទប់ស្កាត់យ៉ាងណាក្តី។ លោកអំពាវនាវសុំឲ្យអាជ្ញាធរ យកចិត្តទុកដាក់ការពារព្រៃឈើឡើងវិញ។ បើមិនដូច្នេះ ធនធានធម្មជាតិជាទ្រព្យសម្បត្តិជាតិ ពិតជាវិនាសបាត់បង់អស់នាពេលខាងមុខ។ ដោយឡែកការបាត់បង់ព្រៃឈើ គឺជាកត្តាធ្វើឲ្យបាត់បង់អត្តសញ្ញាណជនជាតិដើមភាគតិច និងប្រពៃណី វប្បធម៌ពួកគេទៀតផង៖ «គឺមានការឲ្យដៃពីអាជ្ញាធរហ្នឹង បានឧក្រិដ្ឋជនអាចកាប់ព្រៃឈើហ្នឹងបាន។ មិនបាច់ត្រឹមរដ្ឋបាលព្រៃឈើទេ ត្រឹមឃុំហាមក៏មិនមានអ្នកណាហ៊ានកាប់ដែរ ឈប់ឃុបឃិតគ្នាទុកធនធានធម្មជាតិឲ្យក្មេងជំនាន់ក្រោយបានដឹងបានឮ បានមើលផង។»
ទោះជាយ៉ាងនេះក្តី តំណាងសហគមន៍ លោក ខៀវ ច័ន្ទ អំពាវនាវសុំឲ្យមន្ត្រីតុលាការខេត្តស្ទឹងត្រែង ចាត់ការពាក្យប្ដឹងរបស់សហគមន៍ឲ្យបានឆាប់ ដើម្បីរកជនពាក់ព័ន្ធកាប់ព្រៃឈើមកផ្ដន្ទាទោសតាមច្បាប់។
ប្រពៃណីជនជាតិដើមភាគតិច គឺរស់អាស្រ័យអនុផលព្រៃឈើ ដូចជា ការរកវល្លិ ផ្ដៅ បន្ថែ ផ្លែឈើព្រៃដងជ័រ និងប្រមាញ់សត្វ ជាដើម។ ម្យ៉ាងវិញទៀត អ្នកភូមិអភិរក្សព្រៃឈើទុកជាកន្លែងជំនឿសក្ការៈ ដែលជាផ្នែកមួយនៃការរួមចំណែកកិច្ចការពារបរិស្ថាន និងជម្រកសត្វព្រៃ៕
No comments:
Post a Comment