បណ្ដាញ ព្រះសង្ឃ ឯករាជ្យ ព្រមាន ធ្វើធម្មយាត្រា ទាមទារ ឲ្យលោក ឈាង វុន សុំទោស
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៤
បណ្ដាញ ព្រះសង្ឃ ឯករាជ្យ ដើម្បី យុត្តិធម៌សង្គម និងប្រជាពលរដ្ឋ ប្រតិកម្ម ចំពោះ មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រ ដែលបាន ប្រមាថ ព្រះសង្ឃ និងបញ្ជា ឲ្យព្រះសង្ឃ នៅវត្ត ក្ដីចាស់ ឋិតនៅសង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោះស្បង់ ចីពរចេញ និងជូនលុយ ឲ្យក្រុមកីឡាករ ទូកង ទិញស្រាបៀហូប ក្នុងវត្ត ដែលជាទង្វើ រំលោភសាសនា។
បណ្ដាញ ព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម ទាមទារឲ្យ លោក ឈាង វុន ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា សុំទោសព្រះសង្ឃនៅទូទាំងប្រទេសចំពោះការប្រមាថព្រះសង្ឃ និងធ្វើសកម្មភាពរំលោភសាសនា។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនទិញ ជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម មានថេរដីកានៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ វិច្ឆិកា ថា ព្រះអង្គនឹងដឹកនាំព្រះសង្ឃធ្វើធម្មយាត្រាទៅរដ្ឋសភា នៅក្រោយព្រះរាជពិធីបុណ្យអុំទូក ទាមទារឲ្យ លោក ឈាង វុន ជាប្រធានកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន សុំទោសព្រះសង្ឃទាំងអស់ និងសងជំងឺចិត្តព្រះសង្ឃចំនួន ១ពាន់រៀល តាមក្រមព្រហ្មទណ្ឌថ្មីមាត្រា៥១៦ ដែលចែងអំពីការផ្ដន្ទាទោស និងផ្ដល់ជំងឺចិត្តចំពោះជនណាប្រមាថព្រះសង្ឃនោះ៖ «ឈាង វុន អត់មានសិទ្ធិឲ្យព្រះសង្ឃទៅផ្សឹក ដោះស្បង់ចីវរ ការប្រើប្រាស់សម្ដីរបស់អ្នកច្បាប់រួបនេះធ្វើឲ្យប៉ះពាល់ដល់ក្រមព្រហ្មទណ្ឌមាត្រា ៥១៦ ដែលសម្ដែងថា បុគ្គលណាធ្វើការប្រមាថដោយកាយវាចារចិត្តទៅលើព្រះសង្ឃ ដូនជីណាមួយត្រូវជាប់ពន្ធនាគារពី ១ថ្ងៃ ទៅ ១០ថ្ងៃ និងបង់ជំងឺចិត្តពី ១ពាន់រៀលទៅ ១សែនរៀល។»
ការបញ្ចេញប្រតិកម្មទាមទារឲ្យ លោក ឈាង វុន សុំទោសរបស់បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមនេះ នៅបន្ទាប់ពី លោក ឈាង វុន បានទៅសួរសុខទុក្ខកីឡាករទូកងរបស់លោកដែលស្នាក់នៅវត្តក្ដីចាស់ នៅសង្កាត់ជ្រោយចង្វារ។ ទន្ទឹមនឹងនោះ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង កំពុងជួបជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅបឹងប្រាំ មកពីខេត្តបាត់ដំបង ដែលស្នាក់នៅវត្តក្ដីចាស់ ភ្លាមៗនោះ លោក ឈាង វុន ក៏ស្ទុះទៅដណ្ដើមក្បាលមីក្រូហ្វូននិយាយពីការសន្យាដោះស្រាយរឿង ជម្លោះដីធ្លីនោះ៖ «ញោម អេង ឆៃអ៊ាង ថាជម្លោះដីធ្លីផ្ដើមមកពីលោក ឆេនី អ៊ីចឹងហើយបានធ្វើឲ្យបញ្ហាទំនាស់ដីធ្លីហ្នឹង មានបញ្ហាកាន់តែខ្លាំងទៅៗ ដោះស្រាយមិនចេញ។ ឈាង វុន ឮបុណ្ណឹងក៏ទៅឆក់មេក្រូ គាត់ថា អេង ឆៃអ៊ាង និយាយខុស ក្នុងនាមតំណាងរាស្រ្តគ្មានសិទ្ធិបកស្រាយ ព្រោះតំណាងរាស្រ្តមិនមែនតុលាការ មិនអាចបកស្រាយថា ឆេនី ខុសបានទេ អ៊ីចឹងគាត់បកស្រាយម្ដង អ៊ីចឹងមានបញ្ហាប៉ះគ្នាជាមួយព្រះសង្ឃ។»
នៅក្នុងសន្និសីទសារព័ត៌មាននេះ គេក៏បានចាក់សំឡេង លោក ឈាង វុន ប្រកែកជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លី និងបញ្ជាឲ្យព្រះសង្ឃដោះស្បង់ចីពរចេញដែរ។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពី លោក ឈាង វុន នៅថ្ងៃទី៤ វិច្ឆិកា ក៏ប៉ុន្តែលោកមិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់នេះទេ ដោយលោកប្រាប់ថាជាប់ប្រជុំ។
ពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តបាត់ដំបង មួយរូបឲ្យដឹងថា នៅពេលពួកគាត់ឃើញ លោក ឈាង វុន ទៅដល់វត្តក្ដីចាស់ ពួកគាត់សប្បាយចិត្ត ព្រោះរំពឹងថា លោក ឈាង វុន នឹងជួយដោះស្រាយរឿងដីធ្លីជូនពួកគាត់ ដោយសារ លោក ឈាង វុន ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង តែបែរជា លោក ឈាង វុន ទៅគាបសង្កត់ពួកគាត់វិញ៖ «ដោយសារព្រះសង្ឃគាត់ឃើញទង្វើដែលគាត់មានប្រសាសន៍លើប្រជាពលរដ្ឋដែលកំពុងរងទុក្ខ គាត់អត់មានគិតពីរឿងបញ្ហានេះទេ គិតតែពីរឿងជាន់ឈ្លីព្រះសង្ឃ គាត់មានសង្ឃដីកាមួយម៉ាត់ទៅ គាត់ដេញ ខឹងព្រះសង្ឃ ឲ្យព្រះសង្ឃដោះស្បង់ចីររ សួរថាគាត់គោរពសាសនាទេ? ចូលក្នុងវត្តអត់មានគោរពព្រះសង្ឃផងហ្នឹង។»
លោក ឈាង វុន ធ្លាប់បានជនជាតិដើមភាគតិចព្នង ទាមទារឲ្យសុំទោសម្ដងរួចហើយកាលពីឆ្នាំ២០១៣ ដោយលោកបានហៅ លោក កឹម សុខា នៅក្នុងរដ្ឋសភាថា មានចរិតដូចព្នង។ ប៉ុន្តែលើកនេះ ព្រះសង្ឃបានទាមទារឲ្យលោកសុំទោសព្រះសង្ឃនៅទូទាំងប្រទេសម្ដងទៀត ក្រោយពេលលោកបានប្រមាថព្រះសង្ឃ បញ្ជាឲ្យព្រះសង្ឃដោះស្បង់ចីពរ និងជូនលុយកីឡាករទូកងទិញស្រាបៀហូបក្នុងបរិវេណវត្តទៀតនោះ៕
No comments:
Post a Comment