ក្រសួង យុត្តិធម៌ បដិសេធ សំណើលោក សម រង្ស៊ី សុំដោះលែងលោក មាជ សុវណ្ណារ៉ា
RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៤
ក្រសួង យុត្តិធម៌ បានបដិសេធលិខិត របស់លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ដែលសូម ឲ្យក្រសួង យុត្តិធម៌ ដោះលែង លោក មាជ សុវណ្ណារ៉ា នៅក្រៅឃុំ។ ក្រសួង បានលើកហេតុផល ថា, ការចាប់ឃុំខ្លួន សកម្មជន គណបក្ស នយោបាយ ជាសមត្ថកិច្ច របស់ តុលាការ; ក្រសួង យុត្តិធម៌ មិនមានសិទ្ធិ លូកដៃ លើកិច្ចការ របស់ តុលាការទេ។
យ៉ាងណា ក៏ដោយ អ្នកវិភាគ ចាត់ទុក សកម្មភាព ចាប់ខ្លួន សកម្មជន គណបក្ស នយោបាយនេះ ជារឿង នយោបាយ ព្រោះ ករណីនេះ ធ្លាប់បាន កើតមាន នៅមុន គណបក្ស ទាំងពីរ បានចរចា បញ្ចប់វិបត្តិ នយោបាយ កាលពីខែ កក្កដា នោះ។
លោក មាជ សុវណ្ណារ៉ា មិនអាច ដោះលែង តាមរយៈ លិខិតសុំ អន្តរាគមន៍ របស់លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ដាក់ទៅ ក្រសួង មហាផ្ទៃ បានទេ។
មន្ត្រី នាំពាក្យ ក្រសួង យុត្តិធម៌ លោក គឹម សន្តិភាព និងជាអនុ រដ្ឋលេខាធិការ មានប្រសាសន៍ ថា, ក្រសួង យុត្តិធម៌ បានផ្ញើលិខិត ឆ្លើយតប ទៅក្រសួង មហាផ្ទៃ វិញហើយ នៅថ្ងៃ ទី១៨ វិច្ឆិកា ចំពោះ សំណើសុំ ជួយធ្វើអន្តរាគមន៍ បញ្ចប់នីតិវិធី និងលើកលែង ការចោទប្រកាន់ លោក មាជ សុវណ្ណារ៉ា ទាក់ទង នឹងអំពើហិង្សា នៅស្ពាននាគ ជិតទីលាន ប្រជាធិបតេយ្យនោះ។
លោក គឹម សន្តិភាព បញ្ជាក់ថា, ការសម្រេច ដោះលែង ឬឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ឬយ៉ាងណានោះ គឺ ជាអំណាច របស់ តុលាការ; ក្រសួង យុត្តិធម៌ គ្មានសិទ្ធិ លូកដៃ ក្នុងករណីនេះទេ។ បន្ថែម ពីនេះទៀត, លោក គឹម សន្តិភាព អះអាង ថា, ករណី ចាប់ខ្លួន លោក មាជ សុវណ្ណារ៉ា នេះ មិនមែន ជារឿង នយោបាយ នោះឡើយ។
លោក សម រង្ស៊ី បានដាក់លិខិត ស្នើសុំ អន្តរាគមន៍នេះ ទៅលោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ កាលពីថ្ងៃ ទី១៤ វិច្ឆិកា ដើម្បី សុំបញ្ចប់ នីតិវិធី និងលើកលែង ការចោទប្រកាន់ លើលោក មាជ សុវណ្ណារ៉ា ទាក់ទង នឹងហិង្សា នៅស្ពាននាគ ជិតទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៤។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់ថា ករណីនេះជារឿងនយោបាយសុទ្ធសាធ ព្រោះថា សំណុំរឿង លោក មាជ សុវណ្ណារ៉ា នេះ ជាសំណុំរឿងចាស់ ដែលតុលាការធ្លាប់បានចាប់ខ្លួនអ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីមុនដែរ តែនៅពេលគណបក្សទាំងពីរបានសម្របសម្រួលលើរឿងនយោបាយ ក៏មានការដោះលែងវិញ។
នៅក្រោយពេលតុលាការបានដោះលែងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ កក្កដា ដែលគេដោះលែងភ្លាមៗបន្ទាប់ពីគណបក្សទាំងពីរចរចាត្រូវរ៉ូវគ្នានោះ គឺតុលាការក៏បានចាប់សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៣រូបទៀតដាក់ពន្ធនាគារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤។
តែអ្នកទាំង ៣រូបនេះ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំឲ្យដោះលែងវិញតាមរយៈក្រសួងមហាផ្ទៃ។ នៅពេលនោះ ក្រសួងមហាផ្ទៃ ក៏បញ្ជូនលិខិតរបស់គណបក្សសង្គ្រោះជាតិ ទៅក្រសួងយុត្តិធម៌ ដូចគ្នា។ បន្ទាប់មក ក្រសួងយុត្តិធម៌ ក៏ឯកភាពលើសំណើសុំដោះលែងនេះ។ ចុះករណី លោក មាជ សុវណ្ណារ៉ា នេះមានអ្វីខុសប្លែកគ្នា ព្រោះសំណុំរឿងចោទប្រកាន់ទាក់ទងនឹងករណីបង្កហិង្សានៅស្ពាននាគ កាលពីថ្ងៃទី១៥ កក្កដា ដូចគ្នានោះ?
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ វិច្ឆិកា បានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ជាខ្មែរអាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថា ខុមហ្វែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា វប្បធម៌ចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងត្រូវតែបញ្ចប់ ព្រោះធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ កក្កដា ហើយគណបក្សទាំងពីរ ត្រូវតែបង្កើតទំនាក់ទំនងគ្នាល្អ ដើម្បីអនុវត្តិកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយនោះវិញប្រសើរជាង។
ទោះជាយ៉ាងណាក៏ដោយ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងនៅក្រោយពេលលោកបានទៅសួរសុខទុក្ខ លោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃទី១៧ វិច្ឆិកា ថា គណបក្សសង្គ្រោះជាតិ នឹងរកវិធីដើម្បីជួបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការរកដំណោះស្រាយចំពោះករណីចាប់ឃុំខ្លួនសកម្មជនគណបក្ស សង្គ្រោះជាតិ នេះ៕
That's pretty much expected. That one-eye viper, Hun Sen, armed with his one-sided legal systems which is under the watchful eyes of Hanoi, is never going to give the CNRP any break. At the end of the day, that will be the Cambodian people who is suffering to no end. Ultimately, I hope and pray that the world justice will get a chance to convict that sick one-eye viper soon!
ReplyDeleteWe've been wasting time and efforts playing Hun Sen-Hanoi's games.
ReplyDelete