រដ្ឋសភា នឹងបើក កិច្ចប្រជុំ ជ្រើសតាំង សមាជិក ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម មួយរូប នៅថ្ងៃស្អែក
RFA / វិទ្យុ អាស៊ី សេរី | ២ វិច្ឆិកា ២០១៤
លោក ហេង សំរិន ប្រធាន រដ្ឋសភា
និងជាប្រធាន កិត្តិយស នៃគណបក្ស ប្រជាជន កម្ពុជា
ក្នុងកិច្ចពិភាក្សា ស្ដីពី សេចក្ដីព្រាងច្បាប់ សាងសង់ទំនប់
វារីអគ្គិសនី សេសាន ក្រោម២ នារដ្ឋសភា កាលពីថ្ងៃទី១៥ ខែកុម្ភៈ
ឆ្នាំ២០១៣។ RFA/Sok Serey
រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា គ្រោងបើក សម័យប្រជុំ រដ្ឋសភា លើកទី៣ នីតិកាល ទី៥ នៅថ្ងៃចន្ទ ទី៣ វិច្ឆិកា ដើម្បី ធ្វើការបោះឆ្នោត ជ្រើសតាំង សមាជិក ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម មួយរូប។
សេចក្ដី ជូនដំណឹង របស់ រដ្ឋសភា ស្ដីពី លទ្ធផល កិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃ ទី៣០ តុលា ឲ្យដឹងថា, មានបេក្ខជន ៥រូប ដាក់ពាក្យ សុំឈរឈ្មោះ ជាសមាជិក ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់ អាណត្តិ ៥ឆ្នាំ លើកទី១។
ក្រៅពីពិភាក្សា អំពី ការរៀបចំ បោះឆ្នោត រើសសមាជិក ឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម, អង្គប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា បានពិភាក្សា លើសេចក្ដីព្រាង, សេចក្ដីសម្រេច ស្ដីពី តួនាទី ភារកិច្ច របស់ គណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំង អំពើពុករលួយ។ ពិភាក្សា ប្រគល់ សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៥ ទៅឲ្យ គណៈកម្មការ ជំនាញ សិក្សា និងរៀបចំ ជាសេចក្ដី សម្រេច របស់ រដ្ឋសភា និងប្រគល់ សេចក្ដីព្រាងច្បាប់ ស្ដីពី ការទូទាត់ ថវិកាទូទៅ របស់រដ្ឋ សម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៣ ជូនគណៈកម្មការ ជំនាញ រដ្ឋសភា ពិនិត្យសិក្សា និងរាយការណ៍ ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភាវិញ៕
No comments:
Post a Comment