Paris Peace Accords 23 Oct. 1991

Thursday, November 6, 2014

មន្ត្រី​ បក្ស​ប្រឆាំង​ សង្ស័យ​ការ​ស្លាប់ ​សកម្មជន​ ម្នាក់​ នៅ​តាកែវ​ ថា, ​ជា​គំនុំ​រឿង ​នយោបាយ | Opposition official suspects murder of activist in Takeo is political

មន្ត្រី​ បក្ស​ប្រឆាំង​ សង្ស័យ​ការ​ស្លាប់ ​សកម្មជន​ ម្នាក់​ នៅ​តាកែវ​ ថា, ​ជា​គំនុំ​រឿង​ នយោបាយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ វិច្ឆិកា ២០១៤

មន្ត្រី​ គណបក្ស ​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ បាន​ដាក់​ ការ​ចោទ​ប្រកាន់​ នៃ​ការ​ស្លាប់ ​របស់ ​សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ ម្នាក់ ​ឈ្មោះ ខាំ សារិទ្ធិ នៅ​ភូមិ ​កណ្ដឹង, ឃុំ​ កណ្ដឹង, ស្រុក​ បាទី, ខេត្ត ​តាកែវ កាល​ពី​ពេល ​ថ្មីៗ​នេះ ​ថា, ជា​គំនុំ​រឿង​ នយោបាយ។

មន្ត្រី​ គណបក្ស ​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ តាកែវ លោក ណុប សុវណ្ណ ឲ្យ​ដឹង ​នៅ​ថ្ងៃ ​ទី​៥ វិច្ឆិកា ថា, លោក​ កំពុង​ពិចារណា​ រៀបចំ ​ពាក្យ​បណ្ដឹង, ប្ដឹង ​មេ​ប៉ូលិស​ ប៉ុស្តិ៍​ឃុំ​កណ្ដឹង លោក គុយ សំណាង និង​ជន​ពាក់ព័ន្ធ ​ដទៃ​ទៀត, ទាក់ទង​ នឹង​ឃាតកម្ម ​លើ លោក ខាំ សារិទ្ធិ ជំទប់​ឃុំ​កណ្ដឹង មក​ពី​គណបក្ស ​សង្គ្រោះ​ជាតិ ដែល​បាន​ស្លាប់​ ក្រោយ​ពេល ​អ្នក​ទាំង​ពីរ និង​អ្នក​ផ្សេង​ទៀត បាន​ជួប​ជុំ​គ្នា​ ស៊ី​ផឹក ​នៅ​ហាង​មួយ ​ក្នុង​មូលដ្ឋាន​នោះ កាល​ពី​យប់ ​ថ្ងៃ​ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក ណុប សុវណ្ណ បាន​បញ្ជាក់​ថា លោក ខាំ សារិទ្ធិ មាន​របួស​ធ្ងន់​ដេក​ដួល​នៅ​លើ​ផ្លូវ​មួយ​នា​ពេល​យប់ ដែល​ពេល​នោះ​មាន​វត្តមាន​មេ​ប៉ូលិស​ប៉ុស្តិ៍​កណ្ដឹង លោក គុយ សំណាង នៅ​ជាមួយ៖ «បើ​ តាម​គំនិត​ខ្ញុំ, រួម​ទាំង ​ប្រជាពលរដ្ឋ​ ដទៃ​ទៀត​ នៅ​ក្នុង​មូលដ្ឋាន, គឺ​ ប៉ះពាល់​ ខាង​ផ្នែក​ នយោបាយ​ ទាំង​ស្រុង ​តែ​ម្ដង, មិន​មែន​ ជា​រឿង​គំនុំ​ អី​ទេ។»


រីឯ ​មន្ត្រី​អង្គការ​ អាដហុក (Adhoc) ប្រចាំ​ខេត្ត​ តាកែវ លោក គុយ ណូន ដែល​បាន ​ចុះ​អង្កេត ​រឿង​នេះ ក៏​បាន​អះអាង ​ប្រហាក់​ប្រហែល​គ្នា ​នេះ​ដែរ៖ «សាក្សីហ្នឹង​ គេ​ អត់​បញ្ចេញ​ ឈ្មោះ​ទេ; គេ​ គ្រាន់​ឃើញ​ មក​ដល់, មនុស្ស​ហ្នឹង ​ប្រហែល​ ជា​គេ ​វាយ​សម្លាប់​ហើយ។  តែ​ គាត់​ មិន​ហ៊ាន​ សន្និដ្ឋាន​ ទៅ​អ្នក​ណា​ម្នាក់ អ៊ីចឹង​ ទៅ​ណា។»

ទាំង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​សិទ្ធិ​មនុស្ស និង​ប៉ូលិស​ប៉ុស្តិ៍​កណ្ដឹង សុទ្ធតែ​អះអាង​ថា មុន​ស្លាប់​ប្រហែល​ជា ១០​នាទី លោក ខាំ សារិទ្ធិ បាន​ស៊ី​ផឹក​ជាមួយ លោក គុយ សំណាង មេ​ប៉ុស្តិ៍​ឃុំ​កណ្ដឹង និង​ម្ចាស់​ហាង​ឈ្មោះ ប៉ា​ភី។ បន្ទាប់​ពី​ស៊ី​ផឹក​រួច លោក ខាំ សារិទ្ធិ ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​មុន​គេ ចំណែក​លោក​មេ​ប៉ុស្តិ៍ គុយ សំណាង នៅ​ចាំ​គិត​លុយ​សិន ទើប​ចេញ​ដំណើរ​តាម​ក្រោយ​តាម​ផ្លូវ​តែ​មួយ។ ប្រភព​ដដែល​បន្ត​ថា លោក ខាំ សារិទ្ធិ បាន​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ចេញ​ពី​ហាង​បាន​ប្រមាណ ១០០​ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ដួល​នៅ​លើ​ថ្នល់ មាន​របួស​ក្បាល​ខាង​ក្រោយ និង​ជាំ​ភ្នែក​ម្ខាង។ ពេល​នោះ មាន​លោក​មេ​ប៉ុស្តិ៍ គុយ សំណាង នៅ​ជាមួយ​ដែរ ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សង្ស័យ​ថា លោក​មេ​ប៉ុស្តិ៍​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ពាក់ព័ន្ធ​ការ​ស្លាប់​នេះ។

ចំណែក លោក គុយ សំណាង បញ្ជាក់​ថា លោក ខាំ សារិទ្ធិ ស្លាប់​ដោយសារ​ស្រវឹង​ស្រា ជិះ​ម៉ូតូ​ធ្លាក់​កន្លុក​ដួល​ខ្លួន​ឯង។ លោក​ថា លោក​បាន​ឃាត់ លោក ខាំ សារិទ្ធិ ឲ្យ​ចាំ​គិត​លុយ​ថ្លៃ​ស៊ី​ផឹក​ហើយ​សិន ចាំ​ចេញ​ទៅ​ទាំងអស់​គ្នា តែ លោក ខាំ សារិទ្ធិ មិន​ព្រម។ លោក​ថា នៅ​ពេល​លោក​គិត​លុយ​ឲ្យ​ម្ចាស់​ហាង​ហើយ ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​តាម​ក្រោយ ក៏​ប្រទះ​ឃើញ លោក ខាំ សារិទ្ធិ ដេក​ដួល​ចម្ងាយ​ប្រហែល ២​ម៉ែត្រ​ពី​ម៉ូតូ​គាត់ លើ​ចិញ្ចើម​ថ្នល់​កៅស៊ូ​ក្បែរ​កន្លុក​មួយ។ ឃើញ​ដូច្នេះ លោក​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ក្រុម​គ្រួសារ និង​ហៅ​ប៉ូលិស​ចរាចរណ៍ ឡាន​ពេទ្យ ដឹក​ទៅ​សង្គ្រោះ​បន្ទាន់៖ «ចំពោះ​ខ្ញុំ ​ទេ តែ​ចំពោះ​បង​ប្អូន​យើង​គាត់​គិត​យ៉ាង​ម៉េច ឲ្យ​គាត់​ស្រាវជ្រាវ​តាម​នីតិវិធី​ទៀត​ទៅ ខ្ញុំ​មិន​ដឹង​ទេ​ណា។ ខ្ញុំ​គិត​ថា កន្លែង​ដែល​គាត់​ដួល​ហ្នឹង គឺ​ម៉ូតូ​គាត់​ដួល​នៅ​កន្លែង​ជង្ហុក​មួយ ជង្ហុក​ហ្នឹង​គឺ​កន្លែង​ឡាន​ធំ​មួយ​ផុង អ៊ីចឹង​ពេល​ម៉ូតូ​គាត់​ជិះ​មក ក៏​ក្រឡាច់​ជើង​កន្លែង​ហ្នឹង គឺ​កន្លុក​ហ្នឹង កន្លុក​តូច​មួយ​ខាង​កើត​ផ្លូវ កន្លែង​ឡាន​ផុង​ហ្នឹង។»

លោក គុយ សំណាង បន្ថែម​ថា លោក ខាំ សារិទ្ធិ បាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ហើយ​ការ​ស្លាប់​នេះ មិន​ពាក់ព័ន្ធ​នយោបាយ​ទេ។ លោក​បញ្ជាក់​ថា មន្ត្រី​ឃុំ​កណ្ដឹង​ទាំងអស់​រាប់​អាន​គ្នា​មិន​ប្រកាន់​បក្ស​នយោបាយ អ៊ីចឹង​ហើយ​ទើប​លោក និង​លោក ខាំ សារិទ្ធិ អាច​អង្គុយ​ស៊ី​ផឹក​ជាមួយ​គ្នា​បាន​ដូច្នេះ៕


No comments:

Post a Comment