តំណាងរាស្ត្រ បក្សប្រឆាំង ស្នើដល់រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ឯកសារ មកសភា
RFI / វិទ្យុ បារាំង អន្តរជាតិ | ៣ វិច្ឆិកា ២០១៤
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
@RFI/ Siv Channa
លោក សុន ឆ័យ តំណាងរាស្ត្រ មណ្ឌលភ្នំពេញ
និងជាអនុប្រធាន គណៈកម្មការ ទី២ នៃរដ្ឋសភា បានសរសេរ លិខិតមួយច្បាប់
ចុះថ្ងៃ ទី៣ ខែវិច្ឆិកានេះ ជូនទៅលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី
ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ស្នើដល់លោក រដ្ឋមន្ត្រី
ផ្ញើមក រដ្ឋសភា នូវឯកសារ មួយចំនួន ពាក់ព័ន្ធ នឹងរបាយការណ៍ សេដ្ឋកិច្ច
ព្រមទាំង ចំណូល និងចំណាយ តាមក្រសួង, មន្ទីរ, សហគ្រាស សាធារណៈ របស់រដ្ឋ
ជាដើម។ តាមលោក សុន ឆ័យ រដ្ឋសភា ត្រូវការ ឯកសារ ទាំងនោះ
សម្រាប់ បំពេញតួនាទី របស់ខ្លួន ក្នុងការត្រួតពិនិត្យ ការអនុវត្តច្បាប់
ហិរញ្ញវត្ថុ ឆ្នាំ ២០១៣, ២០១៤ និង២០១៥។
គឺ នៅថ្ងៃ ទី៣ វិច្ឆិកានេះ តែម្តង ដែលលោក សុន ឆ័យ អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជាអនុប្រធាន គណៈកម្មការ ទី២ នៃរដ្ឋសភា បានសរសេរ លិខិតមួយច្បាប់ ជូនលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងលិខិត លោក សុន ឆ័យ ដែលជាតំណាងរាស្ត្រ យូរឆ្នាំ មកពីគណបក្ស ប្រឆាំង បានស្នើ ដល់លោក រដ្ឋមន្ត្រី ឲ្យផ្ញើមកកាន់ រដ្ឋសភា នូវរបាយការណ៍ អំពី ស្ថានភាព ម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាព ហិរញ្ញវត្ថុ សាធារណៈ របាយការណ៍ វិភាគ ពីនិន្នាការ និងការវិវត្តរួម នៃស្ថានភាព សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈ បច្ចុប្បន្ន, កម្រងកម្មវិធី, និងគម្រោងចំណាយ មូលធនលម្អិត ដែលរំលេច នូវឥណទាន វិនិយោគឥណទាន ភ្ជាប់កិច្ចសន្យា និងឥណទាន ទូទាត់ សម្រាប់ កម្មវិធី និងគម្រោង ក្នុងឆ្នាំ ការគ្រោងបម្រុង ឥណទាន ដែលមាន ប្រភេទដូចគ្នា ចាំបាច់ បន្តកម្មវិធី។
លោក សុន ឆ័យ ក៏បានស្នើដល់លោករដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជូនមករដ្ឋសភានូវឯកសារពាក់ព័ន្ធទាំងឡាយ ដែលចាំបាច់សម្រាប់ជាព័ត៌មាន និងសម្រាប់ការត្រួតពិនិត្យរបស់រដ្ឋសភា រួមមាន៖ ឯកសារលម្អិតនៃការរកចំណូល និងការចំណាយតាមក្រសួងមន្ទីរសហគ្រាសសាធារណៈរបស់រដ្ឋ និងការរកចំណូលពីការលក់សំបុត្រដល់ទេសចរណ៍ ដែលទៅទស្សនាប្រាសាទក្នុងខេត្តសៀមរាប។ល។ ក្នុងនោះ រដ្ឋសភាក៏ត្រូវការកំណត់ត្រាចំណូល និងចំណាយរបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១៤ ផងដែរ។
លោកសុនឆ័យ បានលើកឡើងថា រដ្ឋសភា ពុំទាន់ទទួលនូវឯកសារចាំបាច់ទាំងឡាយ ដែលតម្រូវដោយច្បាប់សម្រាប់បំពេញតួនាទីរបស់ខ្លួន ក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ រួមមាន ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៣ និងរបាយការណ៍នៃការអនុវត្តច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៤ ក្នុងរយៈពេល ៩ ខែកន្លងទៅទេ។ ម្យ៉ាងទៀត ឯកសារហិរញ្ញវត្ថុខាងលើ ដែលរដ្ឋសភា ចង់បាននោះ ក៏ដើម្បីជាមធ្យោបាយក្នុងការពិនិត្យ និងអនុម័តច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១។
ជាការកត់សម្គាល់ លិខិតរបស់លោកសុនឆ័យ ដែលបានផ្សព្វផ្សាយដល់អ្នកកាសែត នៅថ្ងៃចន្ទនេះ មិនទាន់ត្រូវបានចុះហត្ថលេខា និងបោះត្រា ពីប្រធានរដ្ឋសភា ដើម្បីបញ្ជូនទៅកាន់លោករដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឡើយទេ៕
No comments:
Post a Comment