អង្គការ ជាង៥០ ទាមទារ ឲ្យរដ្ឋាភិបាល បើកចំហ ព័ត៌មាន ពីសេចក្ដី ព្រាងច្បាប់នានា
RFA / វិទ្យុ អាស៊ី សេរី | ៤ វិច្ឆិកា ២០១៤
ក្រុមអង្គការ សង្គមស៊ីវិល ស្នើជាថ្មី ឲ្យរដ្ឋាភិបាល បើកចំហ ព័ត៌មាន ស្ដីពី សេចក្តីព្រាងច្បាប់ ចំនួន៦ មុននឹងច្បាប់ ទាំងនោះ ត្រូវ បញ្ជូន ឲ្យគណៈរដ្ឋមន្ត្រី ពិនិត្យ និងសម្រេច។ ការស្នើ បែបនេះ ធ្វើឡើង ក្នុងលិខិត ចំហមួយ ចុះថ្ងៃ ទី៤ ខែវិច្ឆិកា ផ្ញើជូន រដ្ឋាភិបាលកម្ពុជា ដើម្បី សូម ចូលរួម ផ្តល់មតិយោបល់ លើការបង្កើតច្បាប់ ទាំងនោះ។
លិខិតចំហ ផ្ញើជូន រដ្ឋាភិបាលនោះ ចុះហត្ថលេខា ដោយតំណាង អង្គការ សង្គមស៊ីវិល ចំនួន ជាង៥០។ សង្គមស៊ីវិលទាំងអស់ ទាមទារឲ្យរដ្ឋាភិបាលផ្តល់សេចក្តីព្រាងច្បាប់ចំនួន៦ រួមមាន សេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត (Cyber Crime Law or Internet Law) សេចក្តីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍ សេចក្តីព្រាងច្បាប់ស្ដីពីសហជីព សេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសេចក្តីព្រាងច្បាប់ស្ដីពីការប្រើប្រាស់ និងគ្រប់គ្រងដីកសិកម្ម ជាដើម។
សង្គមស៊ីវិល ថែមទាំងស្នើសុំឲ្យរដ្ឋាភិបាលផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ទាំង នេះជាសាធារណៈ មុនពេលដាក់ជូនគណៈរដ្ឋមន្ត្រីពេញអង្គពិនិត្យ និងអនុម័ត ហើយនិងបញ្ជូនទៅកាន់រដ្ឋសភា។ សង្គមស៊ីវិល ក៏ចាត់ទុកថា ការបើកចំហព័ត៌មានជាបទដ្ឋានមួយដែលរដ្ឋាភិបាលត្រូវតែធ្វើ ដើម្បីពង្រឹងអភិបាលកិច្ច។
ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគម ការពារសិទ្ធិមនុស្សហៅកាត់ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងសង្គមស៊ីវិលចូលរួមផ្តល់យោបល់លើការអនុម័តសេចក្តីព្រាងច្បាប់ ជាប្រការប្រសើរបំផុតដែលអាចធ្វើឲ្យច្បាប់ទាំងនោះមានលក្ខណៈគ្រប់ ជ្រុងជ្រោយ និងបម្រើប្រជាពលរដ្ឋទាំងអស់មិនប្រកាន់និន្នាការណាមួយទេ។ លោកបន្តថា គណបក្សកាន់អំណាចមិនគួរណាប្រកាន់ជំហរត្បិតត្បៀតព័ត៌មានតទៅទៀត ឡើយ៖ «មធ្យោបាយដែលប្រសើរនោះ គឺបក្សណាដែលដឹកនាំរដ្ឋាភិបាល បក្សនោះត្រូវតែធ្វើគោលនយោបាយឲ្យល្អ ហើយបើគោលនយោបាយមិនល្អ នៅតែរឹតត្បិតព័ត៌មានដដែល បក្សនោះនឹងដាំក្បាលចុះមិនខាន ឬបាត់បង់ប្រជាប្រិយភាពជៀសមិនរួច។»
ប្រទេសកម្ពុជា ធ្លាប់សន្យាចំពោះអន្តរជាតិ ក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសកលកាលពីឆ្នាំ២០០៩ ស្តីអំពីសិទ្ធិមនុស្សថា កម្ពុជា នឹងពង្រីកដំណើរការពិគ្រោះយោបល់លើការបង្កើតគោលនយោបាយ ការតាក់តែងច្បាប់ ដើម្បីធានាថា រាល់លិខិតទាំងនោះត្រូវបានវាយតម្លៃរួចរាល់លើផលប៉ះពាល់ទាំង វិជ្ជមាន និងអវិជ្ជមានលើបញ្ហាសិទ្ធិមនុស្ស។ ក្នុងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលតាំងពីឆ្នាំ២០០៣ មកនោះ បានយកអភិបាលកិច្ចល្អ ឬការគ្រប់គ្រងល្អជាគោល។ គោលការណ៍អភិបាលកិច្ចល្អ អាចប្រព្រឹត្តទៅបាន លុះណាតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្តែ ការរៀបចំសេចក្តីព្រាងច្បាប់នាពេលកន្លងទៅ មិនបានផ្តល់ឱកាសឲ្យសាធារណជនចូលរួមពេញលេញទេ។ ច្បាប់បីពាក់ព័ន្ធនឹងវិស័យតុលាការ ដែលគណបក្សប្រជាជនកម្ពុជា រៀបចំ និងអនុម័តដោយឯកបក្សនោះ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់សង្គមស៊ីវិល ថាច្បាប់ទាំងនោះនឹងផ្តល់អំណាចឲ្យក្រសួងយុត្តិធម៌ មានឥទ្ធិពលលើប្រព័ន្ធតុលាការ។
ទោះជាបែបណាក្តី មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា សុំមិនធ្វើអត្ថាធិប្បាយឡើយចំពោះលិខិតចំហរបស់សង្គមស៊ីវិល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤។ ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ ក៏បដិសេធមិនឆ្លើយសំណួររបស់វិទ្យុអាស៊ីសេរី ដែរ។
បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ទាំង៦ កំពុងឋិតក្នុងដៃក្រសួងសាមីនីមួយៗនៅឡើយ ប៉ុន្តែសេចក្តីព្រាងច្បាប់ក្រៅផ្លូវការដែលសង្គមស៊ីវិលទទួលបាន បង្ហាញថា ច្បាប់រសើបទាំងអស់នេះត្រូវបានរដ្ឋាភិបាលបង្កើតឡើងក្នុងបំណង បំបាក់សំឡេងប្រឆាំង៕
No comments:
Post a Comment