រដ្ឋសភា នឹងកោះហៅ មន្ត្រី រដ្ឋាភិបាល បំភ្លឺករណី សង្ស័យពុករលួយ នៅសប្ដាហ៍ក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ៦ វិច្ឆិកា ២០១៤
គណៈកម្មការ ថ្មី នៃរដ្ឋសភា ដែលទើប តែបង្កើត នៅអាណត្តិ ទី៥នេះ គ្រោងកោះហៅ តំណាង ក្រសួង-ស្ថាប័ន មួយចំនួន ឲ្យចូលបំភ្លឺ ពីបញ្ហាពុករលួយ នៅសប្ដាហ៍ ក្រោយ។ ការកោះហៅនេះ ធ្វើឡើង តាមបណ្ដឹង របស់ ប្រជាពលរដ្ឋ និងមន្ត្រី ពាក់ព័ន្ធ រាជការ ដែលបានប្ដឹង ពីករណី ប្រព្រឹត្តិ អំពើពុករលួយ របស់មន្ត្រី ថ្នាក់ធំ ក្នុងជួរ រដ្ឋាភិបាល។
គណៈកម្មការ ទី១០ នៃរដ្ឋសភា នៅសប្ដាហ៍ក្រោយ នឹងរៀបចំ លិខិតមន្ត្រី ជំនាញ យ៉ាងតិច ២អង្គភាព ដើម្បី សូម ពិនិត្យ លើលទ្ធភាព ក្នុងការប្រយុទ្ធ ប្រឆាំង អំពើ ពុករលួយ។ ស្ថាប័ន ទាំងនោះ រួមមាន ក្រុមប្រឹក្សា ជាតិ ប្រឆាំង អំពើពុករលួយ និងអង្គភាព ប្រឆាំង អំពើពុករលួយ។ គណៈកម្មការនេះ ចង់ដឹង ថា ស្ថាប័នប្រឆាំងអំពើពុករលួយទាំងពីរនេះបានធ្វើអ្វីខ្លះ ហើយនិងមិនទាន់បានធ្វើអ្វីខ្លះ។ បន្ទាប់មកទៀត គណៈកម្មការជំនាញនឹងកោះហៅក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ឲ្យបំភ្លឺបញ្ហាពុករលួយពីរផ្សេងគ្នា។
ក្រសួង សុខាភិបាល នឹងត្រូវ ចោទសួរពីការលក់ទីស្ដីការក្រសួង និងការដោះដូរមន្ទីរពេទ្យមួយចំនួនទៀតនៅរាជធានីភ្នំពេញ។ ចំណែកសាលារាជធានីភ្នំពេញ នឹងត្រូវហៅឲ្យឆ្លើយពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចនៅតំបន់ បុរីកីឡា។
ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា លោក ហូរ វ៉ាន់ មានប្រសាសន៍ថា គណៈកម្មការនេះបានទទួលព័ត៌មានច្រើនពីបញ្ហាពុករលួយក្នុងសង្គម កម្ពុជា ជាពិសេសការលក់ដូរទ្រព្យសម្បត្តិរដ្ឋ និងការរំលោភអំណាច។ ប៉ុន្តែដើមបណ្ដឹងភាគច្រើនមិនហ៊ានចេញមុខឡើយ។
លោកបន្តថា គណៈកម្មការនេះនឹងជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តតួនាទី របស់ខ្លួនដើម្បីទទួលបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយគណៈកម្មការទី១០នៃរដ្ឋសភានឹងកោះហៅក្រសួងស្ថាប័ននានាមកសួរ នាំបន្ថែមទៀត៖ «មានមួយចំនួនខ្ញុំត្រូវផ្ញើទៅ មានមួយចំនួនខ្ញុំត្រូវស៊ើបអង្កេតដែរ ព្រោះឥឡូវហ្នឹងកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ ចាំអុំទូកហើយយើងនឹងធ្វើ។»
គណៈកម្មការទី១០ នៃរដ្ឋសភា បានទទួលពាក្យបណ្ដឹងទាក់ទងនឹងបញ្ហាពុករលួយប្រមាណ ២០ ក្នុងរយៈពេលជាង ២ខែ បន្ទាប់ពីបក្សប្រឆាំងចូលទៅអង្គុយក្នុងរដ្ឋសភា។
ក្រសួងសុខាភិបាលបានលក់អគារទីស្ដីការក្រសួងដែលមានទីតាំងស្ថិត នៅផ្លូវកម្ពុជាក្រោម ទៅអោយឧកញ៉ាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់នៅភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៤នេះ។
មន្ត្រីនៅក្រសួងសុខាភិបាលបញ្ជាក់ថា បុគ្គលិកទាំងអស់ធ្វើការនៅក្រសួងនេះ ត្រូវបានគេចែកប្រាក់ឲ្យសមាមាត្រនឹងតំណែងនីមួយៗ។ ចំពោះករណីដីធ្លីនៅតំបន់បុរីកីឡាវិញ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) បានធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ ថានឹងសាងសង់អគារស្នាក់នៅឲ្យប្រជាពលរដ្ឋបុរីកីឡាចំនួន ១០អគារ។ ប៉ុន្តែពេលសាងសង់ជាក់ស្ដែងក្រុមហ៊ុននេះសាងសង់អគារតែ ៨អគារប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះពលរដ្ឋរកឃើញថា អាជ្ញាធរថែមទាំងយកបន្ទប់មួយចំនួនដែលក្រុមហ៊ុនសាងសង់រួចយកទៅលក់ ថែមទៀតផង។
គណៈកម្មការទី១០ នៃរដ្ឋសភា ទើបបានដោះស្រាយបញ្ចប់ទំនាស់មួយនៅក្នុងក្រសួងការពារជាតិ ពាក់ព័ន្ធនឹងបណ្ដឹងបញ្ហាពុករលួយ។ លោក ហូរ វ៉ាន់ ប្រាប់ថា នៅដើមសប្ដាហ៍នេះ សាស្ត្រាចារ្យ ៤នាក់នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ បានប្ដឹងមកកាន់គណៈកម្មការទី១០ នៃរដ្ឋសភា ជុំវិញភាពមិនប្រក្រតីក្នុងការចាត់ចែងការងារសាស្ត្រាចារ្យទាំងនោះ ដោយសារថ្នាក់ដឹកនាំសកលវិទ្យាល័យនេះសង្ស័យថា សាស្ត្រាចារ្យទាំងបួននាក់ជាអ្នកប្ដឹងករណីពុករលួយនៅសកលវិទ្យាល័យ នេះទៅអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ហូរ វ៉ាន់ ស្នើឲ្យមន្ត្រីរាជការដែលមានបំណងចង់ប្ដឹងពីករណីពុករលួយ សូមប្ដឹងទៅកាន់គណៈកម្មការទី១០ នៃរដ្ឋសភា ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីរដ្ឋាភិបាលជុំវិញបញ្ហានេះបាន នៅឡើយទេ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤៕
No comments:
Post a Comment