ពលរដ្ឋ នៅរតនគិរី អះអាង ថា, ជនជាតិ វៀតណាម ចូលកាប់ឈើ ក្បែរប៉ុស្តិ៍ការពារ ព្រំដែនខ្មែរ
RFA / វិទ្យុ អាស៊ី សេរី | ៥ វិច្ឆិកា ២០១៤
ក្រុមសហគមន៍ ជនជាតិដើម ចារ៉ាយ ភូមិកែត ស្នើសុំ ឲ្យអាជ្ញាធរ ខេត្តរ តនគិរី ចាត់វិធានការ បង្ក្រាបករណី ជនជាតិ វៀតណាម ឆ្លងដែន ចូលកាប់ឈើ ក្នុងទឹកដី ខ្មែរ ជាបន្ទាន់ និងទាមទារ ឲ្យស៊ើបអង្កេត រកមន្ត្រីពាក់ព័ន្ធ ក្នុងរឿងនេះ។
ការទាមទារនេះ កើតឡើង បន្ទាប់ ពីសហគមន៍ មានគ្នា ៩នាក់ រួមជាមួយ ប្រជាការពារភូមិ កាលពីដើម ខែវិច្ឆិកា បានប្រទះឃើញ ពលរដ្ឋវៀតណាម មានគ្នា ៨នាក់ ប្រដាប់ ដោយម៉ាស៊ីន កាត់ឈើ ស្វ័យប្រវត្តិ ៦គ្រឿង និងអាវុធវែង មួយដើម បានឆ្លងកាត់ ខ្សែបន្ទាត់ ព្រំដែន ក្បែរប៉ុស្តិ៍ប៉ូលិស ការពារព្រំដែន អូរសេដ្ឋី មកអាររំលំ ឈើមូល, រួមទាំង ប្រើប្រាស់ រថយន្ត ពីរគ្រឿង, ដឹកជញ្ជូន ឈើ ទៅទឹកដី វៀតណាម វិញ។ ក្នុងហេតុការណ៍នេះ ក្រុមល្បាត សហគមន៍ បានរឹបអូស ម៉ាស៊ីន កាត់ឈើ ពីរគ្រឿង មករក្សាទុក នៅសាលាភូមិ របស់ សហគមន៍។
បញ្ជាក់ពីហេតុការណ៍នេះ ប្រធានភូមិកែត លោក រចំ ពៀន ឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ថា សហគមន៍មិនមានលទ្ធភាពទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើនេះបាន ទេ ពីព្រោះពលរដ្ឋវៀតណាម ទាំងនោះមានអាវុធការពារខ្លួន។ ហេតុនេះ សហគមន៍ខ្លាចប៉ះទង្គិចគ្នាដោយអំពើហិង្សា ទើបដកខ្លួនមកផ្តល់ព័ត៌មានជូនអាជ្ញាធរឃុំ។ លោកបន្តថា អ្នកភូមិសង្ស័យទៅលើមន្ត្រីតម្រួតការពារព្រំដែននៅតំបន់នោះ ឃុបឃិតជាមួយពលរដ្ឋវៀតណាម ទើបមិនឃើញសមត្ថកិច្ចការពារព្រំដែនទាំងនោះបង្ក្រាបសកម្មភាពខុស ច្បាប់នេះឡើយ៖ «គាត់កាប់ដើមស្រឡៅ ដើមគគីរ ដើមឈើក្រំ ដើមផ្ដៀក។ គេទៅថ្ងៃម្សិលមិញ គេថាបើឃើញអ្នកភូមិឈ្លោះគ្នា ប្រកែកគ្នា វាយតប់គ្នា ខាងសហគមន៍គេអត់ហ៊ានទៅទេ ប៉ុន្តែខាងមេឃុំគេថាផ្អាកសិនទៅ យើងទៅរាយការណ៍ឲ្យថ្នាក់លើទៅ។»
នេះជាលើកទី១ហើយក្នុងឆ្នាំ២០១៤ ដែលសហគមន៍រកឃើញពលរដ្ឋវៀតណាម ចូលមកកាប់ឈើជាថ្មីក្នុងទឹកដីខ្មែរ នៅឃុំញ៉ាង ស្រុកអណ្ដូងមាស។ ករណីដូចគ្នានេះ ធ្លាប់កើតមានច្រើនលើកកាលពីឆ្នាំ២០១២ គឺពលរដ្ឋវៀតណាម ចូលកាប់ឈើ ហើយប្រើប្រាស់ម៉ូតូកែច្នៃដឹកជញ្ជូនឈើទៅប្រទេសវៀតណាម។
ទាក់ទិនសេចក្តីរាយការណ៍នេះដែរ អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ ទទួលស្គាល់ថា មេឃុំញ៉ាង បានរាយការណ៍តាមទូរស័ព្ទមកអាជ្ញាធរស្រុក ពីករណីពលរដ្ឋវៀតណាម ចូលកាប់ឈើនេះហើយ ក៏ប៉ុន្តែលោកសុំឲ្យអាជ្ញាធរឃុំ ធ្វើរបាយការណ៍ជាក់លាក់ដើម្បីអាជ្ញាធរស្រុកចាត់វិធានការបង្ក្រាប ករណីនេះ៖ «កំពុងមើល ចាំពេលស្ងាត់ទៅក្រញឹបតែម្តង មានតែប៉ុណ្ណឹងទេ មិនបាច់ទៅណែនាំស្អីច្រើនទេ។ ចាំមើលខ្ញុំឲ្យឃុំធ្វើរបាយការណ៍ឲ្យខ្ញុំមក បានខ្ញុំចាត់កម្លាំងចុះទៅពិនិត្យជាក់ស្តែងសិន មែនឬអត់ ដើម្បីយករបាយការណ៍មកវិញធ្វើតែម្តង។»
ផ្ទុយពីការអះអាងរបស់អភិបាលស្រុកអណ្ដូងមាស មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (adhoc) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា មិនមានតែឃុំញ៉ាង ទេ នៅប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ក៏មានពលរដ្ឋវៀតណាម ចូលកាប់ឈើក្នុងដីខ្មែរជាច្រើនក្រុម។ ចំណែកសហគមន៍ ក៏បានឃាត់ខ្លួនពលរដ្ឋវៀតណាម និងសម្ភារៈប្រព្រឹត្តបទល្មើសបានជាបន្តបន្ទាប់ ប្រគល់ជូនស្ថាប័នជំនាញព្រៃឈើ ក៏ប៉ុន្តែ សមត្ថកិច្ចជំនាញមិនបានស្រាវជ្រាវរកឃើញមន្ត្រីការពារព្រំដែនណា ម្នាក់ធ្វេសប្រហែស ឬបណ្តែតបណ្តោយឲ្យពលរដ្ឋវៀតណាម ចូលកាប់ឈើខ្មែរជាថ្នូរនឹងអំពើពុករលួយឡើយ។ លោកសម្ដែងទុទ្ទិដ្ឋិនិយមថា និទ្ទណ្ឌភាព គឺជាមូលហេតុធ្វើឲ្យបទល្មើសព្រៃឈើនៅតែបន្តកើតមាន៖ «ច្បាប់ ព្រៃឈើ គឺមន្ត្រីនគរបាលយុត្តិធម៌ឃុំ នគរបាលប៉ុស្តិ៍ គឺជាអ្នកចូលរួមក្នុងកិច្ចការពារព្រៃឈើ។ ទោះបីសហគមន៍គាត់ប្រឹងប្រែងយ៉ាងណា ក៏យើង ប៉ុន្តែការព្រងើយកន្តើយរបស់មន្ត្រីជំនាញ បានធ្វើឲ្យបទល្មើសចេះតែកើនរហូត។ រដ្ឋយើងមិនទាន់បានប្រើវិធានការផ្លូវច្បាប់បានគ្រប់គ្រាន់។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីប៉ូលិសព្រំដែនប៉ុស្តិ៍អូរសេដ្ឋី សុំអធិប្បាយបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៥ ខែវិច្ឆិកា៕
No comments:
Post a Comment